១ សាំយូអែល 3
3
1រីឯសាំយូអែល ក្មេងនោះ ក៏ធ្វើការងារថ្វាយព្រះយេហូវ៉ា នៅចំពោះមុខអេលី ក្នុងគ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាកាន់តែក្រទៅ ឯការជាក់ស្តែងក៏មិនសូវមានជាញឹកញយដែរ 2នៅគ្រានោះឯង មានពេល១ដែលអេលីដេកនៅដំណេករបស់លោក (សម័យនោះភ្នែកលោកបានចាប់តាំងងងឹតទៅ មើលអ្វីមិនឃើញឡើយ) 3ហើយសាំយូអែលក៏ដេក នៅក្នុងព្រះវិហារព្រះយេហូវ៉ាដែរ ជាកន្លែងដែលមានហឹបនៃព្រះ ក្នុងកាលដែលចង្កៀងនៃព្រះមិនទាន់រលត់នៅឡើយ 4នោះព្រះយេហូវ៉ាទ្រង់ហៅមកសាំយូអែល ហើយសាំយូអែលតបថា ប្របាទ 5រួចក៏រត់ទៅឯអេលីសួរថា ខ្ញុំមកហើយ លោកមានការអី តែអេលីឆ្លើយទៅថា អញគ្មានហៅឯងទេ ចូរទៅដេកវិញទៅ សាំយូអែលក៏ទៅដេកវិញ 6នោះព្រះយេហូវ៉ាទ្រង់ហៅម្តងទៀតថា នែសាំយូអែល រួចសាំយូអែលក្រោកឡើង ទៅឯអេលីសួរថា ខ្ញុំមកហើយ លោកមានការអី តែអេលីឆ្លើយថា កូនអើយ អញគ្មានហៅឯងទេ ចូរទៅដេកវិញទៅ 7ឯសាំយូអែលមិនទាន់ស្គាល់ព្រះយេហូវ៉ានៅឡើយទេ ព្រះបន្ទូលនៃទ្រង់ក៏មិនទាន់បានសំដែងមកឲ្យដឹងដែរ 8រួចព្រះយេហូវ៉ាទ្រង់ហៅម្តងទៀតជាគំរប់៣ដងថា នែសាំយូអែលអើយ នោះសាំយូអែលក៏ក្រោកឡើង ទៅឯអេលីសួរថា ខ្ញុំមកហើយ លោកមានការអី ដូច្នេះអេលីក៏យល់ឃើញថា គឺជាព្រះយេហូវ៉ាហើយ ដែលបានហៅក្មេងនេះ 9លោកក៏ប្រាប់ដល់សាំយូអែលថា ចូរឯងដេកទៅ បើឮសូរហៅម្តងទៀត នោះត្រូវឆ្លើយថា បពិត្រ ព្រះយេហូវ៉ាអើយ សូមទ្រង់មានបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ ប្រុងស្តាប់ហើយ ដូច្នេះសាំយូអែលបានទៅដេកនៅដំណេកខ្លួនវិញទៅ។
10លំដាប់នោះ ព្រះយេហូវ៉ាទ្រង់យាងមកឈរ ហៅដូចជាជាន់មុនថា សាំយូអែល នែសាំយូអែលអើយ នោះសាំយូអែលទូលឆ្លើយថា សូមទ្រង់មានបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ប្រុងស្តាប់ហើយ 11ដូច្នេះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញរៀបនឹងធ្វើការ១នៅក្នុងសាសន៍អ៊ីស្រាអែល ដែលនឹងធ្វើឲ្យខ្ទរដល់ត្រចៀកទាំងសងខាង នៃអស់អ្នកណាដែលឮ 12នៅថ្ងៃនោះ អញនឹងសំរេចទាស់នឹងអេលី តាមគ្រប់ទាំងការដែលអញបាននិយាយពីពួកគ្រួលោកហើយ ចាប់តាំងពីដើម ដរាបដល់ចុងផង 13ដ្បិតអញបានប្រាប់លោកហើយថា អញនឹងជំនុំជំរះពួកគ្រួលោកជាដរាបទៅ ដោយព្រោះអំពើដ៏លាមកដែលលោកបានដឹងពីពួកកូនលោក ជាការដែលនាំឲ្យគេត្រូវបណ្តាសា ហើយលោកមិនបានហាមឃាត់ដល់គេទេ 14គឺដោយហេតុនោះ បានជាអញស្បថដល់ពួកគ្រួអេលីថា ទោះបើយកយញ្ញបូជា ឬដង្វាយណាមកថ្វាយក៏ដោយ គង់តែមិនបានធួននឹងអំពើដ៏លាមកដែលពួកគ្រួលោកបានប្រព្រឹត្តដែរ នៅជាដរាបតទៅ។
15ស្រេចហើយ សាំយូអែលក៏ដេកដល់ព្រឹក រួចបើកទ្វារដំណាក់នៃព្រះយេហូវ៉ា តែខ្លាចមិនហ៊ានជំរាបពីការជាក់ស្តែងនោះ ដល់អេលីទេ 16ដូច្នេះអេលីហៅសាំយូអែលមកថា សាំយូអែល កូនអើយ សាំយូអែលឆ្លើយថា ប្របាទ 17រួចអេលីសួរថា ព្រះទ្រង់បានមានបន្ទូលនឹងឯងយ៉ាងដូចម្តេចខ្លះ សូមកុំលាក់នឹងអញឡើយ បើឯងលាក់ការអ្វីនឹងអញ ពីគ្រប់ទាំងសេចក្ដីដែលទ្រង់បានមានបន្ទូលនឹងឯង នោះសូមឲ្យព្រះធ្វើដល់ឯងដូច្នោះដែរ ហើយលើសទៅទៀតផង 18សាំយូអែលក៏ជំរាបដល់លោកទាំងអស់ ឥតមានលាក់អ្វីឡើយ រួចអេលីនិយាយថា នោះគឺជាព្រះយេហូវ៉ាហើយ សូមឲ្យទ្រង់សំរេចតាមតែទ្រង់គិតឃើញថាល្អចុះ។
19សាំយូអែលកាន់តែធំឡើង ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយ ហើយមិនឲ្យពាក្យទំនាយណាមួយរបស់លោកជ្រុះធ្លាក់បាត់ឡើយ 20ឯសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបាក៏ដឹងថា សាំយូអែលបានតាំងឡើងជាហោរានៃព្រះយេហូវ៉ាហើយ 21ក្រោយមក ព្រះយេហូវ៉ាទ្រង់តែងលេចមកនៅត្រង់ស៊ីឡូរទៀត ដ្បិតបានសំដែងមកឲ្យសាំយូអែលស្គាល់នៅត្រង់ស៊ីឡូរ ដោយសារព្រះបន្ទូលនៃទ្រង់ ហើយពាក្យសំដីរបស់សាំយូអែលក៏ឮ ផ្សាយទៅដល់សាសន៍អ៊ីស្រាអែលទាំងអស់គ្នា។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 3: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.