១ សាំ‌យូ‌អែល 3:1-14

១ សាំ‌យូ‌អែល 3:1-14 គកស១៦

កុមារ​សាំយូ‌អែល​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​មុខ​លោកអេលី។ នៅ​គ្រា​នោះ​ព្រះ‌យេហូវ៉ា​កម្រ​នឹង​មាន​ព្រះ‌បន្ទូល​ណាស់ ឯ​និមិត្ត​ក៏​មិន​សូវ​មាន​ញឹក‌ញាប់​ដែរ។ នៅ​ពេល​នោះ ភ្នែក​របស់​លោក​អេលី​ចាប់​ផ្តើម​ស្រវាំង មើល​អ្វី​មិន​ឃើញ​ឡើយ លោកអេលី​សម្រាក​នៅ​ក្នុង​បន្ទប់​របស់​លោក ក្នុង​ពេល​ដែល​ចង្កៀង​នៃ​ព្រះ​មិន​ទាន់​រលត់​នៅ​ឡើយ កុមារសាំយូ‌អែល​ដេក​នៅ​ក្នុង​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ជា​កន្លែង​ដែល​មាន​ហិប​នៃ​ព្រះ ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ហៅ​ថា៖ «សាំយូ‌អែល! សាំយូ‌អែល​អើយ!» សាំយូ‌អែល​ឆ្លើយ​ថា៖ «បាទ!» រួច​ក៏​រត់​ទៅ​រក​លោក​អេលី សួរ​ថា៖ «ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី?» តែលោក​អេលី​ឆ្លើយ​ទៅ​ថា៖ «ខ្ញុំ​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ» សាំយូ‌អែល​ក៏​ទៅ​ដេក​វិញ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ហៅ​ម្តង​ទៀត៖ «នែ​សាំយូ‌អែល» រួច​សាំយូ‌អែល​ក្រោក​ឡើង ទៅ​រក​លោកអេលី​សួរ​ថា៖ «ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី» តែ​អេលី​ឆ្លើយ​ថា៖ «កូន​អើយ ខ្ញុំ​គ្មាន​ហៅ​ឯង​ទេ ចូរ​ទៅ​ដេក​វិញ​ទៅ»។ សាំយូ‌អែល​មិន​ទាន់​ស្គាល់​ព្រះ‌យេហូវ៉ា​នៅ​ឡើយ​ទេ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ក៏​មិន​ទាន់​បាន​សម្ដែង​មក​ឲ្យ​ដឹង​ដែរ។ រួច​ព្រះ‌យេហូវ៉ា​ហៅ​ម្តង​ទៀត ជា​លើក​ទី​បី​ថា៖ «នែ​សាំយូ‌អែល​អើយ!» សាំយូ‌អែល​ក៏​ក្រោក​ឡើង ទៅ​រក​លោកអេលី​សួរ​ថា៖ «ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី» ពេល​នោះ លោកអេលី​ក៏​យល់​ឃើញ​ថា គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ ដែល​បាន​ហៅ​ក្មេង​នេះ។ លោក​ក៏​ប្រាប់​ដល់​សាំយូ‌អែល​ថា៖ «ចូរ​ទៅ​ដេក​ទៅ បើ​ឮ​សូរ​ហៅ​ម្តង​ទៀត នោះ​ត្រូវ​ឆ្លើយ​ថា "បពិត្រ ព្រះ‌យេហូវ៉ា​អើយ សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ប្រុង​ស្តាប់​ហើយ"» ដូច្នេះ សាំយូ‌អែល​ក៏​ទៅ​ដេក​នៅ​កន្លែង​ខ្លួន​វិញ។ នៅ​យប់​នោះ ព្រះ‌យេហូវ៉ា​យាង​មក​ឈរ ហៅ​ដូច​ពី​មុន​ថា៖ «សាំយូ‌អែល នែ​សាំយូ‌អែល​អើយ!» សាំយូ‌អែល​ទូល​ឆ្លើយ​ថា៖ «សូម​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ចុះ ដ្បិត​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ប្រុង​ស្តាប់​ហើយ»។ ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! យើង​រៀប​នឹង​ធ្វើ​ការ​មួយ​នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល ដែល​នឹង​ធ្វើ​ឲ្យ​អស់​អ្នក​ណា​ដែល​ឮ ខ្ទរ​ត្រចៀក​ទាំង​សង​ខាង។ នៅ​ថ្ងៃ​នោះ យើង​សម្រេច​ទាស់​នឹង​អេលី តាម​គ្រប់​ការ​ដែល​យើង​បាន​ព្រមាន​គ្រួសារ​របស់​លោក​ហើយ តាំង​ពី​ដើម៊​រហូត​ដល់​ចុង​បញ្ចប់​ផង។ យើង​បាន​ប្រាប់​លោក​ហើយ​ថា យើង​នឹងដាក់​ទោស​គ្រួសារ​របស់​លោក​ជា​រៀង​រហូត ដោយ​ព្រោះ​កំហុស​ដែល​លោក​បាន​ដឹង​ពី​ពួក​កូន​របស់​លោក ដ្បិត​កូន​របស់​លោក​បាន​ប្រមាថ​ដល់​ព្រះ ហើយ​លោក​មិន​បាន​ហាម​ឃាត់​ដល់​គេ​សោះ។ ហេតុ​នោះ​ហើយ​បាន​ជា​យើង​ស្បថ​ដល់​គ្រួសារ​អេលី​ថា កំហុស​របស់​គ្រួសារ​អេលី​មិន​អាច​លើក​លែង​បាន​ទេ ទោះ​បើ​យក​យញ្ញ‌បូជា ឬ​តង្វាយ​ណា​មក​ថ្វាយ​ក៏​ដោយ»។