១ សាំយូអែល 20:24-34

១ សាំយូអែល 20:24-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ដាវីឌ​ក៏​ទៅ​ពួន​នៅ​ឯ​ទី​វាល លុះ​ដល់​ថ្ងៃ​ចូល​ខែ​ហើយ នោះ​ស្ដេច​ក៏​គង់​សោយ​ព្រះ‌ស្ងោយ ទ្រង់​ក៏​គង់​នៅ​លើ​អាសនា​ត្រង់​ជិត​ជញ្ជាំង ដូច​ជា​សព្វ​មួយ​ដង ឯ​យ៉ូណា‌ថាន​លោក​ឈរ​នៅ ហើយ​អ័ប៊ី‌នើរ​អង្គុយ​នៅ​ក្បែរ​សូល តែ​ឯ​កន្លែង​របស់​ដាវីឌ​នៅ​ជា​ទំនេរ​វិញ។ នៅ​ថ្ងៃ​នោះ ស្ដេច​សូល​មិន​បាន​មាន​រាជ‌ឱង្ការ​អ្វី​សោះ ដោយ​ស្មាន​ថា មាន​ការ​អ្វី​កើត​ឡើង​ហើយ ប្រាកដ​ជា​វា​មិន​ស្អាត​ទេ ។ លុះ​ស្អែក​ឡើង ក្រោយ​ថ្ងៃ​ចូល​ខែ គឺ​ជា​ថ្ងៃ​ទី​ពីរ កន្លែង​ដាវីឌ​នៅ​ក៏​តែ​ទំនេរ​ទៀត នោះ​សូល​មាន​រាជ‌ឱង្ការ​សួរ​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​អ៊ីសាយ​មិន​បាន​មក​បរិ‌ភោគ​ភោជ‌នាហារ ពី​ថ្ងៃ​ម្សិល‌មិញ ហើយ​ថ្ងៃ​នេះ​ផង?» យ៉ូណា‌ថាន​ទូល​ឆ្លើយ​ថា ដាវីឌ​បាន​អង្វរ សូម​ឲ្យ​ទូល‌បង្គំ​បើក​ឲ្យ​គាត់​ទៅ​ឯ​បេ‌ថ្លេ‌ហិម​ហើយ។ ដោយ​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ ដ្បិត​គ្រួសារ​របស់​យើង​ខ្ញុំ គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្នុង​ទី​ក្រុង ហើយ​បង​ខ្ញុំ​បាន​ផ្តាំ​ឲ្យ​ខ្ញុំ​ទៅ ដូច្នេះ បើ​អ្នក​អាណិត​មេត្តា​ដល់​ខ្ញុំ នោះ​សូម​ឲ្យ​ខ្ញុំ​ទៅ​សួរ​បង‌ប្អូន​ខ្ញុំ​បន្តិច គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គាត់​មិន​បាន​មក​បរិ‌ភោគ​ជា‌មួយ​បិតា​ទេ។ ខណៈ​នោះ ស្ដេច​សូល​ក៏​កើត​មាន​សេចក្ដី​ខ្ញាល់​នឹង​យ៉ូណា‌ថាន ហើយ​បន្ទោស​ថា៖ «នែ៎ អា​កូន​រឹង​ទទឹង មិន​ស្ដាប់​បង្គាប់ តើ​យើងមិន​ដឹង​ថា​ឯង​បាន​យក​កូន​អ៊ីសាយ​នេះ​ធ្វើ​ជា​មិត្ត​សម្លាញ់ ដែល​នាំ​ឲ្យ​ឯង​ត្រូវ​ខ្មាស​គេ ហើយ​ម្តាយ​ឯង​ក៏​ត្រូវ​ខ្មាស​គេ​ដែរ​ទេ​ឬ? ដ្បិត​ដែល​កូន​អ៊ីសាយ​នេះ​រស់​នៅ​ផែនដី​ដរាប​ណា នោះ​ឯង​មិន​បាន​ខ្ជាប់‌ខ្ជួន​ឡើយ ហើយ​រាជ្យ​ឯង​ក៏​មិន​បាន​តាំង​ឡើង​ដែរ ដូច្នេះ ចូរ​ឲ្យ​គេ​ទៅ​នាំ​យក​វា​មក​ឥឡូវ​នេះ ដ្បិត​វា​គួរ​ស្លាប់​ហើយ»។ តែ​យ៉ូណា‌ថាន​ទូល​ទាស់​ថា៖ «ហេតុ​អ្វី​បាន​ជា​គាត់​ត្រូវ​ស្លាប់ តើ​គាត់​បាន​ធ្វើ​អ្វី​ខ្លះ?» ស្ដេច​សូល​ពួយ​ដែក​ពួយ​ទៅ ដើម្បី​ប្រហារ​យ៉ូណា‌ថាន ដោយ​ហេតុ​នោះ លោក​ក៏​បាន​ជ្រាប​ថា បិតា​បាន​សម្រេច​ព្រះ‌ហឫ‌ទ័យ​នឹង​សម្លាប់​ដាវីឌ​ហើយ។ ដូច្នេះ យ៉ូណា‌ថាន​ក៏​ក្រោក​ចេញ​ពី​តុ ដោយ​មាន​កំហឹង​ជា​ខ្លាំង ហើយ​នៅ​ថ្ងៃ​ទី​ពីរ​នោះ លោក​មិន​បាន​បរិ‌ភោគ​អ្វី​សោះ ដោយ​មាន​ការ​ឈឺ‌ឆ្អាល​ចំពោះ​ដាវីឌ ហើយ​ព្រោះ​បិតា​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​ខ្មាស​ផង។

១ សាំយូអែល 20:24-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ដាវីឌ​ក៏​ចេញ​ទៅ​ពួន​នៅ​ឯ​វាល​ស្រែ។ លុះ​ដល់​ពេល​បុណ្យ​ដើម​ខែ ព្រះ‌បាទ​សូល​គង់​សោយ​ព្រះ‌ស្ងោយ​ក្នុង​ពិធី​ជប់‌លៀង។ ស្ដេច​គង់​នៅ​ជិត​ជញ្ជាំង​ដូច​សព្វ​មួយ​ដង សម្ដេច​យ៉ូណា‌ថាន​គង់​នៅ​ទល់​មុខ លោក​អប៊ី‌នើរ​អង្គុយ​នៅ​ក្បែរ​ស្ដេច តែ​កន្លែង​របស់​លោក​ដាវីឌ​នៅ​ទំនេរ។ នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​សូល​មិន​សួរ​នាំ​អ្វី​ឡើយ ដោយ​ស្ដេច​នឹក​ស្មាន​ថា មាន​ហេតុ​អ្វី​មួយ​កើត​ឡើង​ចំពោះ​លោក​ដាវីឌ ធ្វើ​ឲ្យ​លោក​ក្លាយ​ទៅ​មិន​បរិសុទ្ធ គឺ​លោក​ពិត​ជា​មិន​បរិសុទ្ធ​មែន ។ នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ដើម​ខែ កន្លែង​របស់​លោក​ដាវីឌ​នៅ​ទំនេរ​ដដែល។ ព្រះ‌បាទ​សូល​សួរ​សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​លោក​អ៊ីសាយ​មិន​មក​ជប់‌លៀង ទាំង​ម្សិល‌មិញ ទាំង​ថ្ងៃ​នេះ​ដូច្នេះ?»។ សម្ដេច​យ៉ូណា‌ថាន​ទូល​ថា៖ «ដាវីឌ​បាន​ទទូច​អង្វរ​សូម​អនុញ្ញាត​ពី​ទូលបង្គំ​ទៅ​ឯ​បេថ្លេ‌ហិម ដោយ​ប្រាប់​ថា “សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចេញ​ទៅ ដ្បិត​អំបូរ​របស់​យើង​ខ្ញុំ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​នៅ​ទី​នោះ ហើយ​បង​ប្រុស​ខ្ញុំ​បាន​ផ្ដាំ​ឲ្យ​ខ្ញុំ​ទៅ​ចូល​រួម។ បើ​សម្ដេច​យល់​អធ្យាស្រ័យ​ដល់​ខ្ញុំ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជួប‌ជុំ​បងប្អូន​ផង”។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​របស់​បិតា»។ ព្រះ‌បាទ​សូល​ខ្ញាល់​នឹង​សម្ដេច​យ៉ូណា‌ថាន​យ៉ាង​ខ្លាំង ស្ដេច​ស្រែក​ជេរ​ថា៖ «អា​កូន​ឥត​ពូជ ឥត​អំបូរ! អញ​ដឹង​ថា ឯង​កាន់​ជើង​កូន​របស់​លោក​អ៊ីសាយ។ ឯង​មុខ​ជា​ត្រូវ​អាម៉ាស់ ទាំង​កូន​ទាំង​ម្ដាយ​មិន​ខាន! តោង​ដឹង​ថា ដរាប​ណា​កូន​លោក​អ៊ីសាយ​នៅ​មាន​ជីវិត​លើ​ផែនដី នោះ​ឯង​ច្បាស់​ជា​មិន​អាច​ឡើង​សោយ​រាជ្យ​ឡើយ។ ដូច្នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ចាប់​វា​នាំ​មក​ឲ្យ​អញ​នៅ​ទី​នេះ ដ្បិត​វា​ត្រូវ​តែ​ស្លាប់»។ សម្ដេច​យ៉ូណា‌ថាន​ទូល​ព្រះ‌បាទ​សូល ជា​បិតា​ថា៖ «ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​ស្លាប់ តើ​គេ​បាន​ធ្វើ​អ្វី?»។ ព្រះ‌បាទ​សូល​ក៏​គប់​លំពែង​តម្រង់​ទៅ​សម្ដេច​យ៉ូណា‌ថាន ដើម្បី​ប្រហារ​ជីវិត។ ពេល​នោះ សម្ដេច​យ៉ូណា‌ថាន​ជ្រាប​ថា បិតា​ពិត​ជា​បាន​សម្រេច​ព្រះ‌ហឫទ័យ​សម្លាប់​លោក​ដាវីឌ។ សម្ដេច​ក្រោក​ចេញ​ពី​តុ ដោយ​ខ្ញាល់​យ៉ាង​ខ្លាំង ហើយ​មិន​ខ្ចី​សោយ​អាហារ​នៅ​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ដើម​ខែ​នោះ​ឡើយ ព្រោះ​សម្ដេច​ព្រួយ​បារម្ភ​អំពី​លោក​ដាវីឌ ដែល​បិតា​បាន​ជេរ​ប្រមាថ។

១ សាំយូអែល 20:24-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ដាវីឌ​ក៏​ទៅ​ពួន​នៅ​ឯ​ទី​វាល លុះ​ដល់​ថ្ងៃ​ចូល​ខែ​ហើយ នោះ​ស្តេច​ទ្រង់​ក៏​គង់​សោយ​ព្រះ‌ស្ងោយ ទ្រង់​ក៏​គង់​នៅ​លើ​អាសនៈ​ត្រង់​ជិត​ជញ្ជាំង ដូច​ជា​សព្វ​១​ដង ឯ​យ៉ូណា‌ថាន​លោក​ឈរ​នៅ ហើយ​អ័ប៊ី‌នើរ​អង្គុយ​នៅ​ក្បែរ​សូល តែ​ឯ​កន្លែង​របស់​ដាវីឌ​នៅ​ជា​ទំនេរ​វិញ ប៉ុន្តែនៅ​ថ្ងៃ​នោះ សូល​ទ្រង់​មិន​បាន​មាន​បន្ទូល​អ្វី​សោះ​ដោយ​ស្មាន​ថា មាន​ការ​អ្វី​កើត​ឡើង​ហើយ ប្រាកដ​ជា​វា​មិន​ស្អាត​ទេ។ លុះ​ស្អែក​ឡើង ក្រោយ​ថ្ងៃ​ចូល​ខែ គឺ​ជា​ថ្ងៃ​ទី​២ កន្លែង​ដាវីឌ​ក៏​នៅតែ​ទំនេរ​ទៀត នោះ​សូល​ទ្រង់​មាន​បន្ទូល​សួរ​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​កូន​អ៊ីសាយ​មិន​បាន​មក​បរិភោគ​ភោជ‌នាហារ ពី​ថ្ងៃ​ម្សិល‌មិញ ហើយ​ថ្ងៃ​នេះ​ផង យ៉ូណា‌ថាន​ទូល​ឆ្លើយ​ថា ដាវីឌ​បាន​អង្វរ សូម​ឲ្យ​ទូលបង្គំ​បើក​ឲ្យ​គាត់​ទៅ​ឯ​បេថ្លេ‌ហិម​ហើយ ដោយ​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ ដ្បិត​ពួក​គ្រួ​របស់​យើង​ខ្ញុំ គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្នុង​ទី​ក្រុង ហើយ​បង​ខ្ញុំ​បាន​ផ្តាំ​ឲ្យ​ខ្ញុំ​ទៅ ដូច្នេះ បើ​អ្នក​អាណិត​មេត្តា​ដល់​ខ្ញុំ នោះ​សូម​ឲ្យ​ខ្ញុំ​ទៅ​សួរ​បង​ប្អូន​ខ្ញុំ​បន្តិច គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គាត់​មិន​បាន​មក​បរិភោគ​ជា​មួយ​នឹង​បិតា​ទេ។ ខណ​នោះ សូល​ទ្រង់​ក៏​កើត​មាន​សេចក្ដី​ខ្ញាល់​នឹង​យ៉ូណា‌ថាន ហើយ​បន្ទោស​ថា នែ អា​កូន​ម្នោម្នះ ហើយ​រឹង‌ចចេស អញ​ដឹង​ហើយ​ថា ដែល​ឯង​បាន​រើស​យក​កូន​អ៊ីសាយ​នេះ ទុក​ជា​មិត្រ​សំឡាញ់ នោះ​នឹង​បាន​ជា​សេចក្ដី​ខ្មាស​ដល់​ឯង ហើយ​ជា​សេចក្ដី​ខ្មាស​ដល់​កេរខ្មាស​របស់​ម្តាយ​ឯង​ថែម​ទៀត ដ្បិត​ដែល​កូន​អ៊ីសាយ​នេះ​រស់​នៅ​ផែនដី​ដរាប​ណា នោះ​ឯង​មិន​បាន​ខ្ជាប់‌ខ្ជួន​ឡើយ ហើយ​រាជ្យ​ឯង​ក៏​មិន​បាន​តាំង​ឡើង​ដែរ ដូច្នេះ ចូរ​ឲ្យ​គេ​ទៅ​នាំ​យក​វា​មក​ឯ​អញ​ឥឡូវ​នេះ ដ្បិត​វា​គួរ​ស្លាប់​ហើយ តែ​យ៉ូណា‌ថាន​ទូល​ទាស់​ថា ហេតុ​អ្វី​បាន​ជា​គាត់​ត្រូវ​ស្លាប់ តើ​បាន​ធ្វើ​អ្វី​ខ្លះ នោះ​សូល​ទ្រង់​ពួយ​ដែក​ពួយ​ទៅ ដើម្បី​ប្រហារ​យ៉ូណា‌ថាន ដោយ​ហេតុ​នោះ លោក​ក៏​បាន​ជ្រាប​ថា បិតា​បាន​សំរេច​ព្រះ‌ទ័យ​នឹង​សំឡាប់​ដាវីឌ​ហើយ ដូច្នេះ យ៉ូណា‌ថាន​ក៏​ក្រោក​ពី​តុ​ឡើង ដោយ​មាន​សេចក្ដី​កំហឹង​ជា​ខ្លាំង ហើយ​នៅ​ថ្ងៃ​ទី​២​នោះ លោក​មិន​បាន​បរិភោគ​អ្វី​សោះ ដោយ​មាន​សេចក្ដី​ឈឺ‌ឆ្អាល​ចំពោះ​ដាវីឌ ហើយ​ពី​ព្រោះ​បិតា​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​ខ្មាស​ផង។