១ សាំ‌យូ‌អែល 20:24-34

១ សាំ‌យូ‌អែល 20:24-34 គកស១៦

ដូច្នេះ ដាវីឌ​ក៏​ទៅ​ពួន​នៅ​ឯ​ទី​វាល លុះ​ដល់​ថ្ងៃ​ចូល​ខែ​ហើយ នោះ​ស្ដេច​ក៏​គង់​សោយ​ព្រះ‌ស្ងោយ ទ្រង់​ក៏​គង់​នៅ​លើ​អាសនា​ត្រង់​ជិត​ជញ្ជាំង ដូច​ជា​សព្វ​មួយ​ដង ឯ​យ៉ូណា‌ថាន​លោក​ឈរ​នៅ ហើយ​អ័ប៊ី‌នើរ​អង្គុយ​នៅ​ក្បែរ​សូល តែ​ឯ​កន្លែង​របស់​ដាវីឌ​នៅ​ជា​ទំនេរ​វិញ។ នៅ​ថ្ងៃ​នោះ ស្ដេច​សូល​មិន​បាន​មាន​រាជ‌ឱង្ការ​អ្វី​សោះ ដោយ​ស្មាន​ថា មាន​ការ​អ្វី​កើត​ឡើង​ហើយ ប្រាកដ​ជា​វា​មិន​ស្អាត​ទេ ។ លុះ​ស្អែក​ឡើង ក្រោយ​ថ្ងៃ​ចូល​ខែ គឺ​ជា​ថ្ងៃ​ទី​ពីរ កន្លែង​ដាវីឌ​នៅ​ក៏​តែ​ទំនេរ​ទៀត នោះ​សូល​មាន​រាជ‌ឱង្ការ​សួរ​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​អ៊ីសាយ​មិន​បាន​មក​បរិ‌ភោគ​ភោជ‌នាហារ ពី​ថ្ងៃ​ម្សិល‌មិញ ហើយ​ថ្ងៃ​នេះ​ផង?» យ៉ូណា‌ថាន​ទូល​ឆ្លើយ​ថា ដាវីឌ​បាន​អង្វរ សូម​ឲ្យ​ទូល‌បង្គំ​បើក​ឲ្យ​គាត់​ទៅ​ឯ​បេ‌ថ្លេ‌ហិម​ហើយ។ ដោយ​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ ដ្បិត​គ្រួសារ​របស់​យើង​ខ្ញុំ គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្នុង​ទី​ក្រុង ហើយ​បង​ខ្ញុំ​បាន​ផ្តាំ​ឲ្យ​ខ្ញុំ​ទៅ ដូច្នេះ បើ​អ្នក​អាណិត​មេត្តា​ដល់​ខ្ញុំ នោះ​សូម​ឲ្យ​ខ្ញុំ​ទៅ​សួរ​បង‌ប្អូន​ខ្ញុំ​បន្តិច គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គាត់​មិន​បាន​មក​បរិ‌ភោគ​ជា‌មួយ​បិតា​ទេ។ ខណៈ​នោះ ស្ដេច​សូល​ក៏​កើត​មាន​សេចក្ដី​ខ្ញាល់​នឹង​យ៉ូណា‌ថាន ហើយ​បន្ទោស​ថា៖ «នែ៎ អា​កូន​រឹង​ទទឹង មិន​ស្ដាប់​បង្គាប់ តើ​យើងមិន​ដឹង​ថា​ឯង​បាន​យក​កូន​អ៊ីសាយ​នេះ​ធ្វើ​ជា​មិត្ត​សម្លាញ់ ដែល​នាំ​ឲ្យ​ឯង​ត្រូវ​ខ្មាស​គេ ហើយ​ម្តាយ​ឯង​ក៏​ត្រូវ​ខ្មាស​គេ​ដែរ​ទេ​ឬ? ដ្បិត​ដែល​កូន​អ៊ីសាយ​នេះ​រស់​នៅ​ផែនដី​ដរាប​ណា នោះ​ឯង​មិន​បាន​ខ្ជាប់‌ខ្ជួន​ឡើយ ហើយ​រាជ្យ​ឯង​ក៏​មិន​បាន​តាំង​ឡើង​ដែរ ដូច្នេះ ចូរ​ឲ្យ​គេ​ទៅ​នាំ​យក​វា​មក​ឥឡូវ​នេះ ដ្បិត​វា​គួរ​ស្លាប់​ហើយ»។ តែ​យ៉ូណា‌ថាន​ទូល​ទាស់​ថា៖ «ហេតុ​អ្វី​បាន​ជា​គាត់​ត្រូវ​ស្លាប់ តើ​គាត់​បាន​ធ្វើ​អ្វី​ខ្លះ?» ស្ដេច​សូល​ពួយ​ដែក​ពួយ​ទៅ ដើម្បី​ប្រហារ​យ៉ូណា‌ថាន ដោយ​ហេតុ​នោះ លោក​ក៏​បាន​ជ្រាប​ថា បិតា​បាន​សម្រេច​ព្រះ‌ហឫ‌ទ័យ​នឹង​សម្លាប់​ដាវីឌ​ហើយ។ ដូច្នេះ យ៉ូណា‌ថាន​ក៏​ក្រោក​ចេញ​ពី​តុ ដោយ​មាន​កំហឹង​ជា​ខ្លាំង ហើយ​នៅ​ថ្ងៃ​ទី​ពីរ​នោះ លោក​មិន​បាន​បរិ‌ភោគ​អ្វី​សោះ ដោយ​មាន​ការ​ឈឺ‌ឆ្អាល​ចំពោះ​ដាវីឌ ហើយ​ព្រោះ​បិតា​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​ខ្មាស​ផង។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ សាំ‌យូ‌អែល 20:24-34