១ សាំយូអែល 20:11-17
១ សាំយូអែល 20:11-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សម្ដេចយ៉ូណាថានពោលមកកាន់លោកដាវីឌថា៖ «មក៍ យើងចេញទៅវាលស្រែ!»។ អ្នកទាំងពីរក៏ចេញទៅវាលស្រែជាមួយគ្នា។ សម្ដេចយ៉ូណាថានពោលមកកាន់លោកដាវីឌថា៖ «ខ្ញុំសូមសន្យាក្នុងនាមព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលថា ថ្ងៃស្អែក ឬខានស្អែក ពេលថ្មើរនេះ ខ្ញុំនឹងស្ទង់មើលព្រះហឫទ័យបិតារបស់ខ្ញុំ។ ប្រសិនបើទ្រង់មានបំណងល្អចំពោះប្អូន ហើយបើខ្ញុំមិនចាត់គេឲ្យនាំដំណឹងមកប្រាប់ប្អូនទេនោះ សូមព្រះអម្ចាស់ដាក់ទោសខ្ញុំចុះ។ ប្រសិនបើបិតាខ្ញុំមានបំណងធ្វើបាបប្អូន ខ្ញុំក៏ជូនដំណឹងឲ្យប្អូនដឹងដែរ។ ខ្ញុំនឹងឲ្យប្អូនចាកចេញទៅដោយសុខសាន្ត។ សូមព្រះអម្ចាស់គង់ជាមួយប្អូន ដូចព្រះអង្គគង់ជាមួយបិតាខ្ញុំកាលពីមុនដែរ។ ពេលក្រោយ ប្រសិនបើខ្ញុំនៅមានជីវិត សូមប្អូនប្រព្រឹត្តចំពោះខ្ញុំ ដោយចិត្តស្មោះស្ម័គ្រមកពីព្រះអម្ចាស់ ដើម្បីកុំឲ្យខ្ញុំបាត់បង់ជីវិតឡើយ។ ទោះបីព្រះអម្ចាស់ផ្ដាច់ជីវិតខ្មាំងសត្រូវរបស់ប្អូនម្ដងមួយៗអស់ពីផែនដីក៏ដោយ សូមប្អូននៅតែសម្តែងចិត្តស្មោះស្ម័គ្រនេះចំពោះកូនចៅរបស់ខ្ញុំ រហូតតទៅ»។ ដូច្នេះ សម្ដេចយ៉ូណាថានចងសម្ពន្ធមេត្រីជាមួយលោកដាវីឌ និងកូនចៅរបស់លោក ដោយពោលថា៖ «បើលោកដាវីឌមិនគោរពសម្ពន្ធមេត្រីនេះទេ សូមព្រះអម្ចាស់ដាក់ទោសលោក តាមរយៈខ្មាំងសត្រូវ!»។ សម្ដេចយ៉ូណាថានបានសុំឲ្យលោកដាវីឌស្បថសាជាថ្មី ក្នុងនាមនៃសេចក្ដីស្រឡាញ់ដែលសម្ដេចមានចំពោះរូបលោក ដ្បិតសម្ដេចយ៉ូណាថានស្រឡាញ់លោកដាវីឌ ដូចស្រឡាញ់ខ្លួនឯង។
១ សាំយូអែល 20:11-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យ៉ូណាថានឆ្លើយតបថា៖ «ចូរយើងចេញទៅឯវាលសិន» នោះក៏នាំគ្នាចេញទៅទាំងពីរនាក់។ ដល់ហើយ យ៉ូណាថានមានវាចាថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ធ្វើជាសាក្សីចុះ ដល់ស្អែកឡើងពេលថ្មើរនេះ ឬខានស្អែកក្តី កាលណាខ្ញុំបានស្នើការនឹងបិតាខ្ញុំ ហើយឃើញថា មានសេចក្ដីល្អណាសម្រេចដល់អ្នក នោះខ្ញុំនឹងចាត់គេឲ្យមកប្រាប់ដល់អ្នក តែប្រសិនបើបិតាខ្ញុំសព្វព្រះហឫទ័យនឹងធ្វើអាក្រក់ដល់អ្នកវិញ ហើយខ្ញុំមិនបានប្រាប់ឲ្យអ្នកដឹង ដើម្បីបើកឲ្យអ្នកទៅដោយសុខសាន្ត នោះសូមព្រះយេហូវ៉ាធ្វើដល់ខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង សូមព្រះយេហូវ៉ាគង់ជាមួយអ្នក ដូចជាទ្រង់បានគង់ជាមួយបិតាខ្ញុំដែរ ឯខ្លួនខ្ញុំ កំពុងដែលនៅរស់នៅឡើយ នោះសូមឲ្យអ្នកសម្ដែងសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ាដល់ខ្ញុំ ដើម្បីកុំឲ្យខ្ញុំស្លាប់ ហើយកុំផ្តាច់សេចក្ដីសប្បុរសរបស់អ្នកពីក្រុមគ្រួសារខ្ញុំ ជារៀងរហូតតទៅ នៅពេលព្រះយេហូវ៉ាដកខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីផែនដី »។ គឺយ៉ាងនោះហើយ ដែលយ៉ូណាថានបានចុះសញ្ញានឹងពួកវង្សរបស់ដាវីឌ ក៏ថែមពាក្យនេះថា បើដាវីឌរំលងបទណា នោះសូមព្រះយេហូវ៉ានឹងសងការនោះ ដោយសារដៃនៃពួកខ្មាំងសត្រូវរបស់ដាវីឌវិញចុះ។ រួចយ៉ូណាថានបានឲ្យដាវីឌស្បថម្តងទៀត ដោយព្រោះសេចក្ដីស្រឡាញ់ ដែលលោកមានដល់ដាវីឌ ដ្បិតលោកមានចិត្តស្រឡាញ់ដល់ដាវីឌ ទុកដូចជាខ្លួនលោក។
១ សាំយូអែល 20:11-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ូណាថានឆ្លើយតបថា ចូរយើងចេញទៅឯវាលសិន នោះក៏នាំគ្នាចេញទៅទាំង២នាក់។ ដល់ហើយ យ៉ូណាថានមានវាចាថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ធ្វើជាសាក្សីចុះ ដល់ស្អែកឡើងពេលថ្មើរនេះ ឬខានស្អែកក្តី កាលណាខ្ញុំបានស្នើការនឹងបិតាខ្ញុំ ហើយឃើញថា មានសេចក្ដីល្អណាសំរេចដល់អ្នក នោះខ្ញុំនឹងចាត់គេឲ្យមកប្រាប់ដល់អ្នក តែបើសិនជាបិតាខ្ញុំសព្វព្រះទ័យ នឹងធ្វើអាក្រក់ដល់អ្នកវិញ ហើយខ្ញុំមិនបានប្រាប់ឲ្យអ្នកដឹង ដើម្បីបើកឲ្យអ្នកទៅដោយសុខសាន្ត នោះសូមព្រះយេហូវ៉ាធ្វើដល់ខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង សូមព្រះយេហូវ៉ាគង់ជាមួយនឹងអ្នក ដូចជាទ្រង់បានគង់ជាមួយនឹងបិតាខ្ញុំដែរ ឯខ្លួនខ្ញុំ កំពុងដែលនៅរស់នៅឡើយ នោះសូមឲ្យអ្នកសំដែងសេចក្ដីសប្បុរសនៃព្រះយេហូវ៉ាដល់ខ្ញុំ មិនមែនឲ្យតែខ្ញុំរួចស្លាប់ប៉ុណ្ណោះ គឺឲ្យអ្នកចុះកិច្ចសន្យាថា មិនផ្តាច់សេចក្ដីសប្បុរសរបស់អ្នកពីពួកវង្សខ្ញុំ ជារៀងរាបតទៅ ក្នុងកាលដែលព្រះយេហូវ៉ាបានដកពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកពីផែនដីចេញនោះផង។ គឺយ៉ាងនោះហើយ ដែលយ៉ូណាថានបានចុះសញ្ញានឹងពួកវង្សរបស់ដាវីឌ ក៏ថែមពាក្យនេះថា បើដាវីឌរំលងបទណា នោះសូមព្រះយេហូវ៉ាទ្រង់នឹងសងការនោះ ដោយសារដៃនៃពួកខ្មាំងសត្រូវរបស់ដាវីឌវិញចុះ។ រួចយ៉ូណាថានបានឲ្យដាវីឌស្បថម្តងទៀត ដោយព្រោះសេចក្ដីស្រឡាញ់ដែលលោកមានដល់ដាវីឌ ដ្បិតលោកមានចិត្តស្រឡាញ់ដល់ដាវីឌ ទុកដូចជាខ្លួនលោក