១ សាំ‌យូ‌អែល 20:11-17

១ សាំ‌យូ‌អែល 20:11-17 គកស១៦

យ៉ូណា‌ថាន​ឆ្លើយ​តប​ថា៖ «ចូរ​យើង​ចេញ​ទៅ​ឯ​វាល​សិន» នោះ​ក៏​នាំ​គ្នា​ចេញ​ទៅ​ទាំង​ពីរ​នាក់។ ដល់​ហើយ យ៉ូណា‌ថាន​មាន​វាចា​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ធ្វើ​ជា​សាក្សី​ចុះ ដល់​ស្អែក​ឡើង​ពេល​ថ្មើរ​នេះ ឬ​ខាន​ស្អែក​ក្តី កាល​ណា​ខ្ញុំ​បាន​ស្នើ​ការ​នឹង​បិតា​ខ្ញុំ ហើយ​ឃើញ​ថា មាន​សេចក្ដី​ល្អ​ណា​សម្រេច​ដល់​អ្នក នោះ​ខ្ញុំ​នឹង​ចាត់​គេ​ឲ្យ​មក​ប្រាប់​ដល់​អ្នក តែ​ប្រសិន‌បើ​បិតា​ខ្ញុំ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ធ្វើ​អាក្រក់​ដល់​អ្នក​វិញ ហើយ​ខ្ញុំ​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង ដើម្បី​បើក​ឲ្យ​អ្នក​ទៅ​ដោយ​សុខ‌សាន្ត នោះ​សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ដល់​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង សូម​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​អ្នក ដូច​ជា​ទ្រង់​បាន​គង់​ជា‌មួយ​បិតា​ខ្ញុំ​ដែរ ឯ​ខ្លួន​ខ្ញុំ កំពុង​ដែល​នៅ​រស់​នៅ​ឡើយ នោះ​សូម​ឲ្យ​អ្នក​សម្ដែង​សេចក្ដី​សប្បុ‌រស​របស់​ព្រះ‌យេហូវ៉ា​ដល់​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្លាប់ ហើយ​កុំ​ផ្តាច់​សេចក្ដី​សប្បុ‌រស​របស់​អ្នក​ពី​ក្រុម​គ្រួសារ​ខ្ញុំ ជា​រៀង‌រហូត​ត​ទៅ នៅ​ពេល​ព្រះ‌យេហូវ៉ា​ដក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​ផែនដី »។ គឺ​យ៉ាង​នោះ​ហើយ ដែល​យ៉ូណា‌ថាន​បាន​ចុះ​សញ្ញា​នឹង​ពួក‌វង្ស​របស់​ដាវីឌ ក៏​ថែម​ពាក្យ​នេះ​ថា បើ​ដាវីឌ​រំលង​បទ​ណា នោះ​សូម​ព្រះ‌យេហូវ៉ា​នឹង​សង​ការ​នោះ ដោយ‌សារ​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​ដាវីឌ​វិញ​ចុះ។ រួច​យ៉ូណា‌ថាន​បាន​ឲ្យ​ដាវីឌ​ស្បថ​ម្តង​ទៀត ដោយ​ព្រោះ​សេចក្ដី​ស្រឡាញ់ ដែល​លោក​មាន​ដល់​ដាវីឌ ដ្បិត​លោក​មាន​ចិត្ត​ស្រឡាញ់​ដល់​ដាវីឌ ទុក​ដូច​ជា​ខ្លួន​លោក។