១ សាំយូអែល 17:1-11

១ សាំយូអែល 17:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​ភីលីស្ទីន​ប្រមូល​ផ្ដុំ​កង‌ទ័ព ដើម្បី​ធ្វើ​សង្គ្រាម។ ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​សូកូ ក្នុង​ស្រុក​យូដា ហើយ​ទៅ​បោះ​ទ័ព​នៅ​អេផេស-‌ដាំមីម ដែល​នៅ​ចន្លោះ​សូកូ និង​អាសេ‌កា។ រីឯ​ព្រះ‌បាទ​សូល និង​ទាហាន​អ៊ីស្រា‌អែល ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា​ដែរ ហើយ​បោះ​ទ័ព​នៅ​តាម​ជ្រលង​ភ្នំ​អេឡា រួច​រៀប​ទ័ព ដើម្បី​ប្រយុទ្ធ​នឹង​ពួក​ភីលីស្ទីន។ ពួក​ភីលីស្ទីន​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង ពួក​អ៊ីស្រា‌អែល​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង​ទៀត មាន​ជ្រលង​ភ្នំ​នៅ​ចន្លោះ​កង‌ទ័ព​ទាំង​ពីរ។ មាន​ទាហាន​ជើង​ឯក​ម្នាក់​ចេញ​ពី​ជំរំ​ភីលីស្ទីន អ្នក​នោះ​ឈ្មោះ​កូលី‌យ៉ាត មក​ពី​ក្រុង​កាថ គាត់​មាន​កម្ពស់​ប្រមាណ​បី​ម៉ែត្រ។ គាត់​ពាក់​មួក​ធ្វើ​ពី​លង្ហិន និង​អាវ‌ក្រោះ​មាន​ទម្ងន់​ប្រមាណ​ហា‌សិប​ប្រាំ‌ពីរ​គីឡូ​ក្រាម ធ្វើ​ពី​លង្ហិន​ដែរ។ គាត់​មាន​ប្រដាប់​ស្រោប​ជើង​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​មាន​ស្ន​ធ្វើ​ពី​លង្ហិន​ពាក់​ឆៀង​ដែរ។ ដង​លំពែង​របស់​គាត់​មាន​រាង​ធំ​ដូច​ផ្សំ​កី‌តម្បាញ ផ្លែ​លំពែង​នោះ​ធ្វើ​ពី​ដែក មាន​ទម្ងន់​ប្រមាណ​ប្រាំ‌ពីរ​គីឡូ​ក្រាម។ មាន​ទាហាន​ម្នាក់​ទៀត​កាន់​ខែល​ដើរ​ពី​មុខ​គាត់។ គាត់​ឈរ ហើយ​ស្រែក​ទៅ​កាន់​ពល​ទ័ព​អ៊ីស្រា‌អែល​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​ឯង​ចាំបាច់​រៀប​ទ័ព​ច្បាំង​ដូច្នេះ? អញ​ជា​ជន‌ជាតិ​ភីលីស្ទីន រីឯ​ពួក​ឯង​ជា​កញ្ជះ​របស់​ស្ដេច​សូល។ ចូរ​រើស​ម្នាក់​ក្នុង​ចំណោម​ពួក​ឯង​ឲ្យ​ចេញ​មក​ប្រយុទ្ធ​នឹង​អញ។ ប្រសិន​បើ​វា​ច្បាំង​ឈ្នះ​អញ ហើយ​សម្លាប់​អញ នោះ​ពួក​អញ​នឹង​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​របស់​ពួក​ឯង តែ​ប្រសិន​បើ​អញ​ឈ្នះ ហើយ​សម្លាប់​វា​បាន ពួក​ឯង​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​កញ្ជះ ហើយ​នៅ​បម្រើ​ពួក​អញ​វិញ»។ ទាហាន​ភីលីស្ទីន​នោះ​និយាយ​ទៀត​ថា៖ «ថ្ងៃ​នេះ អញ​នឹង​បំបាក់​មុខ​ពល​ទ័ព​អ៊ីស្រា‌អែល! ចូរ​ឲ្យ​ម្នាក់​ចេញ​មក​ប្រយុទ្ធ​គ្នា​ជា​មួយ​អញ​មើល៍!»។ កាល​ព្រះ‌បាទ​សូល និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ឮ​ពាក្យ​សម្ដី​របស់​ទាហាន​ភីលីស្ទីន​នោះ ក៏​ញាប់‌ញ័រ ហើយ​ភ័យ​ខ្លាច​ជា​ខ្លាំង។

១ សាំយូអែល 17:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​ទ័ព​មក​ដើម្បី​ច្បាំង គេ​ប្រមូល​គ្នា​នៅ​ត្រង់​សូគរ ជា​ស្រុក​របស់​ពួក​យូដា ហើយ​បោះ​ទ័ព​នៅ​ត្រង់​អេភេស-ដាំមីម ចន្លោះ​រវាង​សូគរ និង​អាសេកា។ ឯ​ស្ដេច​សូល និង​ពួក​ទ័ព​អ៊ីស្រា‌អែល គេ​ប្រមូល​គ្នា​បោះ​ទ័ព​នៅ​ច្រក​ភ្នំ​អេឡា ក៏​តម្រៀប​ពល​ដើម្បី​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន។ ពួក​ភីលី‌ស្ទីន​គេ​ឈរ​លើ​ភ្នំ​ម្ខាង ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​ឈរ​លើ​ភ្នំ​ម្ខាង មាន​វាល​ច្រក​ភ្នំ​នៅ​កណ្ដាល។ លំដាប់​នោះ មាន​ទាហាន​ម្នាក់​ឈ្មោះ​កូលី‌យ៉ាត ដែល​នៅ​ក្រុង​កាថ វា​ចេញ​ពី​ពួក​ភីលី‌ស្ទីន​មក អ្នក​នោះ​មាន​កម្ពស់​ប្រាំមួយ​ហត្ថ​មួយ​ចំអាម ពាក់​មួក​លង្ហិន ហើយ​ពាក់​អាវ​ក្រោះ​ធ្វើ​ពី​លង្ហិន មាន​ទម្ងន់​ប្រាំ​ពាន់​សេកែល។ គាត់​មាន​ស្រោម​លង្ហិន​ស្រោប​ជើង ហើយ​មាន​ដែក​ពួយ​លង្ហិន​ស្ពាយ​ជាប់​នឹង​ខ្នង។ ឯ​ដង​លំពែង​របស់​គាត់​មាន​រាង​ដូច​ផ្សំ​កី​តម្បាញ ហើយ​ផ្លែ​ធ្វើ​ពី​ដែក ទម្ងន់​ប្រាំមួយ​រយ​សេកែល មាន​អ្នក​កាន់​ខែល​ដើរ​ពី​មុខ វា​ឈរ​ស្រែក​មក​ខាង​ពួក​ទ័ព​អ៊ីស្រា‌អែល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចេញ​មក​តម្រៀប​ទ័ព​ច្បាំង​ដូច្នេះ? តើ​យើង​នេះ​មិន​មែន​ជា​សាសន៍​ភីលី‌ស្ទីន ហើយ​អ្នក​រាល់​គ្នា​ជា​កញ្ជះ​របស់​សូល​ទេ​ឬ? ចូរ​រើស​ម្នាក់​ឲ្យ​ចុះ​មក​ច្បាំង​នឹង​យើង​មើល បើ​វា​អាច​ត​ដៃ​សម្លាប់​យើង​បាន យើង​នឹង​ធ្វើ​ជា​អ្នក​បម្រើ​ឯង តែ​បើ​យើង​ឈ្នះ ហើយ​សម្លាប់​វា​បាន នោះ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​យើង​វិញ»។ ពួក​ភីលី‌ស្ទីន​និយាយ​ថា៖ «នៅ​ថ្ងៃ​នេះ យើង​នឹង​បំបាក់​ទ័ព​អ៊ី‌ស្រាអែល ចូរ​ឲ្យ​មនុស្ស​ម្នាក់​ចេញ​មក​ត​នឹង​យើង​ល​មើល​ចុះ»។ ពេល​ស្ដេច​សូល និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ បាន​ឮ​ពាក្យ​របស់​សាសន៍​ភីលី‌ស្ទីន​និយាយ​ដូច្នោះ គេ​ក៏​មាន​គំនិត​វិល‌វល់ ហើយ​ភ័យ​ខ្លាច​ជា​ខ្លាំង។

១ សាំយូអែល 17:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ ពួក​ភីលីស្ទីន គេ​លើក​ទ័ព​មក​ដើម្បី​ច្បាំង ក៏​មូល​គ្នា​នៅ​ត្រង់​សូគរ ជា​ស្រុក​របស់​ពួក​យូដា ហើយ​បោះ​ទ័ព​នៅ​កណ្តាល​សូគរ នឹង​អាសេកា ត្រង់​អេភេស-ដាំមីម ឯ​សូលនឹង​ពួក​ទ័ព​អ៊ីស្រាអែល គេ​ប្រមូល​គ្នា​បោះ​ទ័ព​នៅ​ច្រក​ភ្នំ​អេឡា ក៏​ដំរៀប​ពល ដើម្បី​ច្បាំង​នឹង​ពួក​ភីលីស្ទីន ពួក​ភីលីស្ទីន​គេ​ឈរ​លើ​ភ្នំ​ម្ខាង ហើយ​ពួក​អ៊ីស្រាអែល​គេ​ក៏​ឈរ​លើ​ភ្នំ​ម្ខាង មាន​វាល​ច្រក​ភ្នំ​នៅ​ជា​កណ្តាល លំដាប់​នោះ មាន​ទាហាន​ម្នាក់​ឈ្មោះ​កូលី‌យ៉ាត ដែល​នៅ​ក្រុង​កាថ វា​ចេញ​ពី​ពួក​ភីលីស្ទីន​មក អ្នក​នោះ​មាន​កំពស់​៦​ហត្ថ​១​ចំអាម ពាក់​មួក​លង្ហិន ហើយ​ពាក់​អាវ​ក្រោះ​ធ្វើ​ពី​លង្ហិន មាន​ទំងន់​៥​ពាន់​ដំឡឹង ក៏​មាន​ស្រោម​លង្ហិន​ស្រោប​ជើង ហើយ​មាន​ប្រដាប់​លង្ហិន​បាំង​ពី​ខាង​ខ្នង​ដែរ ឯ​ដង​លំពែង​របស់​វា នោះ​ប្រៀប​ដោយ​ផ្សំ​នៃ​ដំបាញ ហើយ​ផ្លែ​ធ្វើ​ពី​ដែក ទំងន់​៦០០​ដំឡឹង មាន​អ្នក​កាន់​ខែល​ដើរ​ពី​មុខ វា​ឈរ​ស្រែក​មក​ខាង​ពួក​ទ័ព​អ៊ីស្រាអែល​ថា ម្តេច​ក៏​ឯង​រាល់​គ្នា​ចេញ​មក​ដំរៀប​ទ័ព​សំរាប់​ច្បាំង​ដូច្នេះ តើ​អញ​មិន​មែន​ជា​សាសន៍​ភីលីស្ទីន ហើយ​ឯង​រាល់​គ្នា​ជា​ខ្ញុំ​របស់​សូល​ទេ​ឬ​អី ចូរ​រើស​ម្នាក់​ឲ្យ​ចុះ​មក​ច្បាំង​នឹង​អញ​មើល បើ​វា​អាច​នឹង​ត​ដៃ​សំឡាប់​អញ​បាន នោះ​យើង​នឹង​ធ្វើ​ជា​បាវ​បំរើ​ឯង តែ​បើ​អញ​ឈ្នះ ហើយ​សំឡាប់​វា​បាន នោះ​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​បាវ​បំរើ​យើង​វិញ វា​ប្រកួត​នឹង​ពួក​ទ័ព​អ៊ីស្រាអែល​ថា នៅ​ថ្ងៃ​នេះ ចូរ​ឲ្យ​មនុស្ស​ម្នាក់​ចេញ​មក​ត​នឹង​អញ​ល​មើល​ចុះ កាល​សូល នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់ បាន​ឮ​ពាក្យ​របស់​សាសន៍​ភីលីស្ទីន​នោះ​និយាយ​ដូច្នោះ គេ​ក៏​មាន​គំនិត​វិល‌វល់ ហើយ​ភ័យ​ខ្លាច​ជា​ខ្លាំង។