ពួកភីលីស្ទីនបានប្រមូលទ័ពមកដើម្បីច្បាំង គេប្រមូលគ្នានៅត្រង់សូគរ ជាស្រុករបស់ពួកយូដា ហើយបោះទ័ពនៅត្រង់អេភេស-ដាំមីម ចន្លោះរវាងសូគរ និងអាសេកា។ ឯស្ដេចសូល និងពួកទ័ពអ៊ីស្រាអែល គេប្រមូលគ្នាបោះទ័ពនៅច្រកភ្នំអេឡា ក៏តម្រៀបពលដើម្បីច្បាំងនឹងពួកភីលីស្ទីន។ ពួកភីលីស្ទីនគេឈរលើភ្នំម្ខាង ហើយពួកអ៊ីស្រាអែលក៏ឈរលើភ្នំម្ខាង មានវាលច្រកភ្នំនៅកណ្ដាល។ លំដាប់នោះ មានទាហានម្នាក់ឈ្មោះកូលីយ៉ាត ដែលនៅក្រុងកាថ វាចេញពីពួកភីលីស្ទីនមក អ្នកនោះមានកម្ពស់ប្រាំមួយហត្ថមួយចំអាម ពាក់មួកលង្ហិន ហើយពាក់អាវក្រោះធ្វើពីលង្ហិន មានទម្ងន់ប្រាំពាន់សេកែល។ គាត់មានស្រោមលង្ហិនស្រោបជើង ហើយមានដែកពួយលង្ហិនស្ពាយជាប់នឹងខ្នង។ ឯដងលំពែងរបស់គាត់មានរាងដូចផ្សំកីតម្បាញ ហើយផ្លែធ្វើពីដែក ទម្ងន់ប្រាំមួយរយសេកែល មានអ្នកកាន់ខែលដើរពីមុខ វាឈរស្រែកមកខាងពួកទ័ពអ៊ីស្រាអែលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចេញមកតម្រៀបទ័ពច្បាំងដូច្នេះ? តើយើងនេះមិនមែនជាសាសន៍ភីលីស្ទីន ហើយអ្នករាល់គ្នាជាកញ្ជះរបស់សូលទេឬ? ចូររើសម្នាក់ឲ្យចុះមកច្បាំងនឹងយើងមើល បើវាអាចតដៃសម្លាប់យើងបាន យើងនឹងធ្វើជាអ្នកបម្រើឯង តែបើយើងឈ្នះ ហើយសម្លាប់វាបាន នោះអ្នករាល់គ្នាត្រូវធ្វើជាអ្នកបម្រើយើងវិញ»។ ពួកភីលីស្ទីននិយាយថា៖ «នៅថ្ងៃនេះ យើងនឹងបំបាក់ទ័ពអ៊ីស្រាអែល ចូរឲ្យមនុស្សម្នាក់ចេញមកតនឹងយើងលមើលចុះ»។ ពេលស្ដេចសូល និងពួកអ៊ីស្រាអែលទាំងអស់ បានឮពាក្យរបស់សាសន៍ភីលីស្ទីននិយាយដូច្នោះ គេក៏មានគំនិតវិលវល់ ហើយភ័យខ្លាចជាខ្លាំង។
អាន ១ សាំយូអែល 17
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 17:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ