១ សាំយូអែល 16:7-12

១ សាំយូអែល 16:7-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​មើល​តែ​ឫក‌ពា​ខាង​ក្រៅ ឬ​កម្ពស់​ខ្លួន​នោះ​ឡើយ ដ្បិត​យើង​មិន​ទទួល​អ្នក​នេះ​ទេ ព្រោះ​ព្រះ​មិន​ទត​ចំពោះ​សេចក្ដី​ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ មនុស្ស​តែង​មើល​តែ​ឫក‌ពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ»។ រួច​អ៊ីសាយ​ហៅ​អ័ប៊ី‌ណាដាប់​មក ឲ្យ​ដើរ​នៅ​មុខ​លោកសាំយូ‌អែល តែ​លោក​មាន​ប្រ‌សាសន៍​ថា៖ «ព្រះ‌យេហូវ៉ា​មិន​រើស​យក​អ្នក​នេះ​ទេ»។ នោះ​អ៊ីសាយ​ឲ្យ​សាំម៉ា​ដើរ​កាត់​មុខ​លោក​ទៀត តែ​លោក​ថា៖ «ព្រះ‌យេហូវ៉ា​ក៏​មិន​រើស​យក​អ្នក​នេះ​ដែរ»។ អ៊ីសាយ​ក៏​ឲ្យ​កូន​ទាំង​ប្រាំពីរ​នាក់​ដើរ​នៅ​មុខ​សាំយូ‌អែល តែ​លោក​មាន​ប្រ‌សាសន៍​ថា៖ «ព្រះ‌យេហូវ៉ា​មិន​រើស​អ្នក​ទាំង​នេះ​ឡើយ» ហើយ​សួរ​ថា៖ «តើ​កូន​របស់​អ្នក​មក​អស់​ហើយ​ឬ​នៅ?» គាត់​ឆ្លើយ​ថា៖ «នៅ​មាន​កូន​ពៅ​មួយ​ទៀត វា​កំពុង​តែ​ឃ្វាល​ចៀម» លោក​មាន​ប្រ‌សាសន៍​ទៅ​អ៊ីសាយ​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ហៅ​វា​មក ដ្បិត​បើ​វា​មិន​ទាន់​មក​ដល់ នោះ​យើង​មិន​អង្គុយ​នៅ​តុ​ឡើយ»។ គាត់​ក៏​ឲ្យ​គេ​ទៅ​ហៅ​មក រីឯ​កូន​នោះ​មាន​ថ្ពាល់​ក្រហម ហើយ​ភ្នែក​ស្រស់​ល្អ ក៏​មាន​រូប​ជា​ទី​ពេញ​ចិត្ត នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូល​ទៅ​ចាក់​ប្រេង​ឲ្យ​ចុះ គឺ​អ្នក​នេះ​ហើយ»។

១ សាំយូអែល 16:7-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «កុំ​មើល​តែ​សំបក​ក្រៅ ឬ​កម្ពស់​របស់​គេ​ឡើយ យើង​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ទេ។ ព្រះ‌អម្ចាស់​មិន​វិនិច្ឆ័យ​ដូច​មនុស្ស​លោក ដែល​មើល​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​ទេ ព្រះ‌អម្ចាស់​ទត​មើល​ចិត្ត​គំនិត​វិញ»។ លោក​អ៊ីសាយ​ហៅ​អប៊ី‌ណា‌ដាប់​ឲ្យ​ដើរ​នៅ​មុខ​លោក​សាំយូ‌អែល លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​ក៏​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ដែរ»។ លោក​អ៊ីសាយ​ឲ្យ​សាម៉ា​ដើរ​នៅ​មុខ​លោក​សាំយូ‌អែល។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​ក៏​មិន​ជ្រើស​រើស​អ្នក​នេះ​ដែរ»។ លោក​អ៊ីសាយ​ឲ្យ​កូន​ប្រុស​ទាំង​ប្រាំ‌ពីរ​នាក់​ដើរ​នៅ​មុខ​លោក​សាំយូ‌អែល តែ​លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អ៊ីសាយ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​នេះ ព្រះ‌អម្ចាស់​ពុំ​បាន​ជ្រើស​រើស​នរណា​ម្នាក់​ឡើយ តើ​លោក​គ្មាន​កូន​ណា​ផ្សេង​ទេ​ឬ?»។ លោក​អ៊ីសាយ​ឆ្លើយ​ថា៖ «បាទ! នៅ​សល់​កូន​ពៅ​ម្នាក់​ទៀត ដែល​កំពុង​តែ​ឃ្វាល​ចៀម»។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អ៊ីសាយ​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ហៅ​វា​មក បើ​វា​មិន​ទាន់​មក​ដល់​ទេ យើង​នឹង​មិន​បរិភោគ​ឡើយ»។ លោក​អ៊ីសាយ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​កូន​នោះ​មក។ កូន​នោះ​មាន​ថ្ពាល់​ក្រហម មាន​ភ្នែក​ភ្លឺ​ថ្លា និង​មាន​ទឹក​មុខ​ស្រស់​ល្អ​គួរ​ជា​ទី​ពេញ​ចិត្ត។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «គឺ​ម្នាក់​នេះ​ហើយ! ចូរ​ចាក់​ប្រេង​អភិសេក​គេ​ចុះ!»។

១ សាំយូអែល 16:7-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​មើល​តែ​ឫកពា​ខាង​ក្រៅ ឬ​កំពស់​ខ្លួន​នោះ​ឡើយ ដ្បិត​អញ​មិន​ទទួល​អ្នក​នេះ​ទេ ពី​ព្រោះ​ព្រះ‌ទ្រង់​មិន​ទត​ចំពោះ​សេចក្ដី ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ ឯ​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ រួច​អ៊ីសាយ​ហៅ​អ័ប៊ី‌ន៉ាដាប់​មក ឲ្យ​ដើរ​នៅ​មុខ​សាំយូ‌អែល តែ​លោក​មាន​ប្រសាសន៍​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​រើស​យក​អ្នក​នេះ​ទេ នោះ​អ៊ីសាយ​ឲ្យ​សាំម៉ា​ដើរ​កាត់​មុខ​លោក​ទៀត តែ​លោក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មិន​រើស​យក​អ្នក​នេះ​ដែរ អ៊ីសាយ​ក៏​ឲ្យ​កូន​ទាំង​៧​នាក់​ដើរ​នៅ​មុខ​សាំយូ‌អែល តែ​លោក​មាន​ប្រសាសន៍​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​រើស​យកអ្នក​ទាំង​នេះ​ឡើយ ហើយ​សួរ​ថា អ្នក​មាន​កូន​តែ​ប៉ុណ្ណេះ​ទេ​ឬ​អី គាត់​ឆ្លើយ​ថា នៅ​មាន​កូន​ពៅ​១​ទៀត វា​កំពុង​តែ​ឃ្វាល​ចៀម លោក​មាន​ប្រសាសន៍​ទៅ​អ៊ីសាយ​ថា ចូរ​ចាត់​គេ​ឲ្យ​ទៅ​នាំ​វា​មក ដ្បិត​បើ​វា​មិន​ទាន់​មក​ដល់ នោះ​យើង​មិន​អង្គុយ​នៅ​តុ​ឡើយ ដូច្នេះ គាត់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​មក រីឯ​កូន​នោះ​មាន​ថ្ពាល់​ក្រហម ហើយ​ភ្នែក​ស្រស់​ល្អ ក៏​មាន​រូប​ជា​ទី​ពេញ​ចិត្ត នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឲ្យ​ចូល​ទៅ​ចាក់​ប្រេង​ឲ្យ​ចុះ ដ្បិត​គឺ​អ្នក​នេះ​ហើយ