១ ពង្សាវតារក្សត្រ 18:1-8

១ ពង្សាវតារក្សត្រ 18:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ច្រើន​ថ្ងៃ​កន្លង​ផុត​ទៅ គឺ​នៅ​ឆ្នាំ​ទី​បី​នៃ​ការ​រាំង​ស្ងួត ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​អេលីយ៉ា​ថា៖ «ចូរ​ទៅ​ជួប​ស្ដេច​អហាប់​ចុះ! យើង​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែនដី»។ លោក​អេលីយ៉ា​ក៏​ចូល​ទៅ​គាល់​ព្រះ‌បាទ​អហាប់។ ពេល​នោះ មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​នៅ​ក្រុង​សា‌ម៉ារី។ ព្រះ‌បាទ​អហាប់​បាន​ឲ្យ​គេ​ទៅ​អញ្ជើញ​លោក​អូបា‌ឌា ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង​មក -លោក​អូបា‌ឌា​ជា​មនុស្ស​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ណាស់។ នៅ​គ្រា​ដែល​ម្ចាស់‌ក្សត្រិយ៍​យេសិ‌បិល​សម្លាប់​ពួក​ព្យាការី*​របស់​ព្រះ‌អម្ចាស់ លោក​អូបា‌ឌា​នាំ​ព្យាការី​មួយ​រយ​នាក់​ទៅ​ពួន​នៅ​ក្នុង​រអាង​ភ្នំ គាត់​ចែក​ពួក​គេ​ជា​ពីរ​ក្រុម ក្នុង​មួយ​ក្រុម​មាន​ហា‌សិប​នាក់ ហើយ​គាត់​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ និង​ទឹក​ផង។ ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អូបា‌ឌា​ថា៖ «សូម​លោក​ធ្វើ​ដំណើរ​ទៅ​មើល​តាម​ប្រភព​ទឹក និង​តាម​ស្ទឹង​ទាំង​អស់​នៅ​ក្នុង​ស្រុក ក្រែង‌លោ​យើង​រក​បាន​ស្មៅ​សម្រាប់​សេះ និង​លា ដើម្បី​ឲ្យ​វា​នៅ​រស់ ហើយ​ចៀស‌វាង​សម្លាប់​សត្វ​ទាំង​នេះ»។ ដូច្នេះ ពួក​គេ​ក៏​ចែក​តំបន់​គ្នា ព្រះ‌បាទ​អហាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ រីឯ​លោក​អូបា‌ឌា​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ​ទៀត។ ក្នុង​ពេល​ដែល​លោក​អូបា‌ឌា​ធ្វើ​ដំណើរ លោក​អេលីយ៉ា​បាន​ជួប​នឹង​គាត់។ លោក​អូបា‌ឌា​មើល​លោក​អេលីយ៉ា​ស្គាល់ គាត់​ក៏​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ហើយ​ពោល​ថា៖ «លោក​ម្ចាស់​ពិត​ជា​លោក​អេលីយ៉ា​ឬ?» លោក​អេលីយ៉ា​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ! សូម​ទៅ​ទូល​ព្រះ‌រាជា​ថា អេលីយ៉ា​មក​ដល់​ហើយ!»។

១ ពង្សាវតារក្សត្រ 18:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​យូរ​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​ទី​បី​នៃ​ការ​រាំង​ស្ងួត នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក​អេលីយ៉ា​ថា៖ «ចូរ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ព្រះបាទ​អ័ហាប់​ឃើញ នោះ​យើង​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​មក​លើ​ផែនដី»។ ដូច្នេះ លោក​អេលីយ៉ា​ក៏​ទៅ ដើម្បី​បង្ហាញ​ខ្លួន​ដល់​អ័ហាប់ រីឯ​នៅ​ស្រុក​សាម៉ារី មាន​គ្រោះ​ទុរ្ភិក្ស​ខ្លាំង​ណាស់ ចំណែក​ព្រះបាទ​អ័ហាប់​ហៅ​អូបា‌ឌា​ជា​ឧកញ៉ា​វាំង​មក (រីឯ​អូបា‌ឌា​នេះ លោក​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ណាស់ ដ្បិត​កាល​យេសិ‌បិល​បាន​សម្លាប់​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា នោះ​លោក​ក៏​នាំ​យក​ពួក​ហោរា​នោះ​មួយរយ​នាក់ ទៅ​បំពួន​នៅ​ក្នុង​រអាង ក្នុង​មួយ​ពួក​ហាសិប​នាក់ ហើយ​បាន​ចិញ្ចឹម ដោយ​នំបុ័ង និង​ទឹក)។ ព្រះបាទ​អ័ហាប់​មាន​រាជ‌ឱង្ការ​ទៅ​អូបា‌ឌា​ថា៖ «ចូរ​ឯង​ទៅកន្លែង​រន្ធ​ទឹក និង​ជ្រោះ​ទឹក​ទាំង​អស់​ដែល​នៅ​ក្នុង​ស្រុក ប្រហែល​ជា​យើង​នឹង​រក​បាន​ស្មៅ​ល្មម​នឹង​ចិញ្ចឹម​សេះ និង​លា‌កាត់​ឲ្យ​រស់​នៅ​បាន ដើម្បី​កុំ​ឲ្យ​ហ្វូង​សត្វ​ស្លាប់​ទៅ​ទាំង​អស់​ឡើយ»។ ដូច្នេះ គេ​ក៏​ចែក​ស្រុក​គ្នា ដើម្បី​នឹង​ដើរ​ទៅ​មក គឺ​ព្រះបាទ​អ័ហាប់​បាន​ដើរ​ផ្លូវ​មួយ​តែ​ឯង​ទៅ ហើយ​អូបា‌ឌា​ក៏​ទៅ​តាម​ផ្លូវ​មួយ​ទៀត​តែ​ឯង​ដែរ។ កាល​អូបា‌ឌាន​កំពុង​តែ​ដើរ​នៅ​តាម​ផ្លូវ លោក​អេលីយ៉ា​មកជួប​លោក ហើយ​លោក​ក៏​ស្គាល់​លោក​អេលីយ៉ា រួច​ក្រាប​ផ្កាប់​មុខ​ចុះ​សួរ​ថា៖ «តើ​នេះ​គឺ​លោក​អេលីយ៉ា ជា​ម្ចាស់​ខ្ញុំ​ឬ?»។ លោក​ឆ្លើយ​តប​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ សូម​ទៅ​ទូល​ចៅ‌ហ្វាយ​អ្នក​ថា "មើល៍ អេលីយ៉ា​មក​ហើយ"»។

១ ពង្សាវតារក្សត្រ 18:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​កន្លង​មក​ជា​យូរ​ហើយ គឺ​ដល់​ឆ្នាំ​ទី​៣ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​អេលីយ៉ា​ថា ចូរ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​អ័ហាប់​ឃើញ នោះ​អញ​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​មក​លើ​ផែនដី ដូច្នេះ អេលីយ៉ា​ក៏​ទៅ ដើម្បី​បង្ហាញ​ខ្លួន​ដល់​អ័ហាប់ រីឯ​នៅ​ស្រុក​សាម៉ារី មាន​អំណត់​អត់​ជា​ខ្លាំង​ណាស់ ចំណែក​អ័ហាប់​ទ្រង់​ហៅ​អូបាឌា ជា​ឧកញ៉ា​វាំង​មក (រីឯ​អូបាឌា​នេះ លោក​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ណាស់ ដ្បិត​កាល​យេសិ‌បិល​បាន​សំឡាប់​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា នោះ​លោក​ក៏​នាំ​យក​ពួក​ហោរា​នោះ​១០០​នាក់ ទៅ​បំពួន​នៅ​ក្នុង​រអាង ក្នុង​១​ពួក​៥០​នាក់ ហើយ​បាន​ចិញ្ចឹម ដោយ​នំបុ័ង នឹង​ទឹក) អ័ហាប់​មាន​បន្ទូល​ទៅ​អូបាឌា​ថា ចូរ​ឯង​ទៅ​ឯ​អស់​ទាំង​រន្ធ​ទឹក នឹង​ជ្រោះ​ទឹក​ទាំង​អស់​ដែល​នៅ​ក្នុង​ស្រុក ប្រហែល​ជា​យើង​នឹង​រក​បាន​ស្មៅ​ល្មម​នឹង​ចិញ្ចឹម​សេះ ហើយ​នឹង​លា‌កាត់​ឲ្យ​រស់​នៅ​បាន ដើម្បី​កុំ​ឲ្យ​ហ្វូង​សត្វ​ស្លាប់​ទៅ​ទាំង​អស់​ឡើយ ដូច្នេះ គេ​ក៏​ចែក​ស្រុក​គ្នា ដើម្បី​នឹង​ដើរ​ទៅ​មក គឺ​អ័ហាប់​បាន​ដើរ​ផ្លូវ​១​តែ​ឯង​ទៅ ហើយ​អូបាឌា​ក៏​ទៅ​តាម​ផ្លូវ​១​ទៀត​តែ​ឯង​ដែរ។ កាល​អូបាឌា​កំពុង​តែ​ដើរ​ទៅ នោះ​អេលីយ៉ា​មក​ប្រទះ ហើយ​លោក​ក៏​ស្គាល់​អេលីយ៉ា រួច​ក្រាប​ផ្កាប់​មុខ​ចុះ​សួរ​ថា នេះ​គឺ​លោក​អេលីយ៉ា ជា​ម្ចាស់​ខ្ញុំ​ឬ​អី លោក​ឆ្លើយ​តប​ថា គឺ​ខ្ញុំ​នេះ​ហើយ សូម​ទៅ​ទូល​ចៅហ្វាយ​អ្នក​ថា មើល អេលីយ៉ា​មក​ហើយ