១ ពង្សាវ‌តារ‌ក្សត្រ 18

18
ហោរា​អេលីយ៉ា​ជួប​ស្តេច​អ័ហាប់
1លុះ​យូរ​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​ទី​បី​នៃ​ការ​រាំង​ស្ងួត នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក​អេលីយ៉ា​ថា៖ «ចូរ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ព្រះបាទ​អ័ហាប់​ឃើញ នោះ​យើង​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​មក​លើ​ផែនដី»។ 2ដូច្នេះ លោក​អេលីយ៉ា​ក៏​ទៅ ដើម្បី​បង្ហាញ​ខ្លួន​ដល់​អ័ហាប់ រីឯ​នៅ​ស្រុក​សាម៉ារី មាន​គ្រោះ​ទុរ្ភិក្ស​ខ្លាំង​ណាស់ 3ចំណែក​ព្រះបាទ​អ័ហាប់​ហៅ​អូបា‌ឌា​ជា​ឧកញ៉ា​វាំង​មក (រីឯ​អូបា‌ឌា​នេះ លោក​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ណាស់ 4ដ្បិត​កាល​យេសិ‌បិល​បាន​សម្លាប់​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា នោះ​លោក​ក៏​នាំ​យក​ពួក​ហោរា​នោះ​មួយរយ​នាក់ ទៅ​បំពួន​នៅ​ក្នុង​រអាង ក្នុង​មួយ​ពួក​ហាសិប​នាក់ ហើយ​បាន​ចិញ្ចឹម ដោយ​នំបុ័ង និង​ទឹក)។ 5ព្រះបាទ​អ័ហាប់​មាន​រាជ‌ឱង្ការ​ទៅ​អូបា‌ឌា​ថា៖ «ចូរ​ឯង​ទៅកន្លែង​រន្ធ​ទឹក និង​ជ្រោះ​ទឹក​ទាំង​អស់​ដែល​នៅ​ក្នុង​ស្រុក ប្រហែល​ជា​យើង​នឹង​រក​បាន​ស្មៅ​ល្មម​នឹង​ចិញ្ចឹម​សេះ និង​លា‌កាត់​ឲ្យ​រស់​នៅ​បាន ដើម្បី​កុំ​ឲ្យ​ហ្វូង​សត្វ​ស្លាប់​ទៅ​ទាំង​អស់​ឡើយ»។ 6ដូច្នេះ គេ​ក៏​ចែក​ស្រុក​គ្នា ដើម្បី​នឹង​ដើរ​ទៅ​មក គឺ​ព្រះបាទ​អ័ហាប់​បាន​ដើរ​ផ្លូវ​មួយ​តែ​ឯង​ទៅ ហើយ​អូបា‌ឌា​ក៏​ទៅ​តាម​ផ្លូវ​មួយ​ទៀត​តែ​ឯង​ដែរ។
7កាល​អូបា‌ឌាន​កំពុង​តែ​ដើរ​នៅ​តាម​ផ្លូវ លោក​អេលីយ៉ា​មកជួប​លោក ហើយ​លោក​ក៏​ស្គាល់​លោក​អេលីយ៉ា រួច​ក្រាប​ផ្កាប់​មុខ​ចុះ​សួរ​ថា៖ «តើ​នេះ​គឺ​លោក​អេលីយ៉ា ជា​ម្ចាស់​ខ្ញុំ​ឬ?»។ 8លោក​ឆ្លើយ​តប​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ សូម​ទៅ​ទូល​ចៅ‌ហ្វាយ​អ្នក​ថា "មើល៍ អេលីយ៉ា​មក​ហើយ"»។ 9ប៉ុន្តែ អូបា‌ឌាន​ប្រកែក​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​បាប​អ្វី​បាន​ជា​លោក​ចង់​ប្រគល់​ខ្ញុំ​ប្របាទ​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ័ហាប់ ឲ្យ​សម្លាប់​ខ្ញុំ​ដូច្នេះ? 10ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា គ្មាន​សាសន៍​ណា ឬ​នគរ​ណា​មួយ ដែល​ចៅ‌ហ្វាយ​ខ្ញុំ​មិន​បាន​ចាត់​គេ​ឲ្យ​ទៅ​រក​លោក​នោះ​ឡើយ ហើយ​កាល​ណា​គេ​ថា លោក​មិន​នៅ​ទី​នេះ​ទេ ទ្រង់​ឲ្យ​ពួក​សាសន៍​នោះ ឬ​នគរ​នោះ​ស្បថ​ថា គេ​មិន​បាន​ឃើញ​លោក​មែន 11ឥឡូវ​នេះ លោក​មាន​ប្រសាសន៍​ថា សូម​ទៅ​ទូល​ចៅ‌ហ្វាយ​របស់​អ្នក​ថា មើល៍ អេលីយ៉ា​មក​ហើយ 12រួច​កាល​ណា​ខ្ញុំ​ចេញ​ពី​លោក​ទៅ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​យក​លោក​ទៅ​កន្លែង​ណា​ក៏​មិន​ដឹង ដូច្នេះ កាល​ខ្ញុំ​ទៅ​ទូល​ដល់​អ័ហាប់ ហើយ​ទ្រង់​រក​លោក​មិន​ឃើញ ទ្រង់​នឹង​សម្លាប់​ខ្ញុំ​ចោល ប៉ុន្តែ ខ្ញុំ​ប្របាទ​នេះ​បាន​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា តាំង​តែ​ពី​ក្មេង​មក។ 13តើ​គេ​មិន​បាន​ជម្រាប​ដល់​លោក ជា​ម្ចាស់​ខ្ញុំ​ទេ​ឬ ពី​ការ​ដែល​ខ្ញុំ​បាន​ធ្វើ ក្នុង​កាល​ដែល​យេសិ‌បិល​សម្លាប់​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា ថា​ខ្ញុំ​បាន​បំពួន​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា ចំនួន​មួយរយ​នាក់​នៅ​ក្នុង​រអាង​ភ្នំ ក្នុង​មួយ​ពួកៗ​ហាសិប​នាក់ ព្រម​ទាំង​ចិញ្ចឹម​គេ ដោយ​នំបុ័ង និង​ទឹក 14ឥឡូវ​នេះ លោក​មាន​ប្រសាសន៍​ឲ្យ​ខ្ញុំ​ទៅ​ទូល​ចៅ‌ហ្វាយ​ថា "មើល​អេលីយ៉ា​មក​ហើយ" ដូច្នេះ ទ្រង់​នឹង​សម្លាប់​ខ្ញុំ​ជា​មិន​ខាន»។ 15ប៉ុន្តែ លោក​អេលីយ៉ា​តប​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ខ្ញុំ​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គ​ដែរ​ថា នៅ​ថ្ងៃ​នេះ ខ្ញុំ​នឹង​បង្ហាញ​ខ្លួន ឲ្យ​ស្តេច​ឃើញ​ជា​ពិត​ប្រាកដ»។ 16ដូច្នេះ អូបា‌ឌា​ក៏​ទៅ​ជួប​នឹង​អ័ហាប់ ទូល​ឲ្យ​ទ្រង់​ជ្រាប រួច​ព្រះបាទ​អ័ហាប់​យាង​ទៅ​ជួប​នឹង​លោក​អេលីយ៉ា។
17កាល​ព្រះបាទ​អ័ហាប់​ឃើញ​លោក​អេលីយ៉ា​ហើយ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​អ្នក​ឬ ដែល​ធ្វើ​ឲ្យ​ពួក​អ៊ីស្រា‌អែល​វេទនា?»។ 18តែ​លោក​ឆ្លើយ​ថា៖ «ទូល‌បង្គំ​មិន​បាន​ធ្វើ​ឲ្យ​ពួក​អ៊ីស្រា‌អែល​មាន​សេចក្ដី​វេទនា​ទេ គឺ​ទ្រង់ និង​វង្សា‌នុវង្ស​នៃ​បិតា​ទ្រង់​វិញ​ទេ​តើ ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល​អស់​ទាំង​បញ្ញត្តិ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល 19ដូច្នេះ ឥឡូវ​នេះ សូម​ចាត់​គេ​ទៅ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក​ឯ​ទូល‌បង្គំ នៅ​ត្រង់​ភ្នំ​កើមែល ព្រម​ទាំង​ពួក​ហោរា​នៃ​ព្រះ‌បាល​ទាំង​បួន​រយ​ហាសិប​នាក់ និង​ពួក​ហោរា​របស់​ព្រះ​អាសេរ៉ា​ទាំង​បួនរយ​នាក់ ដែល​បរិ‌ភោគ​នៅ​តុ​របស់​ព្រះ‌នាង​យេសិ‌បិល​មក​ផង»។
លោក​អេលីយ៉ា​ឈ្នះ​ពួក​ហោរា​របស់​ព្រះ‌បាល
20អ័ហាប់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​បាន​ប្រមូល​ទាំង​ពួក​ហោរា​មក​ឯ​ភ្នំ​កើមែល​ផងដែរ 21រួច​លោក​អេលីយ៉ា​ក៏​ចូល​ទៅ​ជិត​ពួក​ជន សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​ស្ទាក់‌ស្ទើរ​នា​កណ្ដាល​ផ្លូវ​ទាំង​ពីរ​នេះ ដល់​កាល​ណា​ទៀត បើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ តែ​បើ​ព្រះ‌បាល​ជា​ព្រះ​វិញ នោះ​ចូរ​ប្រតិ‌បត្តិ​តាម​ចុះ»។ តែ​ពួក​ប្រជាជន​មិន​បាន​ឆ្លើយ សូម្បី​មួយ​ម៉ាត់​ឡើយ។ 22នោះ​លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​ប្រជាជន​ថា៖ «ក្នុង​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា នោះ​សល់​នៅ​តែ​ខ្ញុំ​ម្នាក់​ឯង​ទេ ឯ​ហោរា​របស់​ព្រះ‌បាល​វិញ មាន​ចំនួន​បួន​រយ​ហាសិប​នាក់។ 23ដូច្នេះ សូម​យក​គោ​ឈ្មោល​ពីរ​មក​ឲ្យ​យើង ឲ្យ​គេ​រើស​យក​មួយ​សម្រាប់​ពួក​គេ ហើយ​កាប់​ជា​ដុំៗ​ដាក់​លើ​ឧស​ទៅ តែ​កុំ​ឲ្យ​ដាក់​ភ្លើង​ឡើយ រួច​ខ្ញុំ​នឹង​រៀប​គោ​មួយ​ទៀត​ដាក់​លើ​ឧស ឥត​ដាក់​ភ្លើង​ដែរ 24ហើយ​ចូរ​អ្នក​រាល់​គ្នា​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ ឯ​ខ្ញុំ​ក៏​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​វិញ បើ​ព្រះ​ណា​ឆ្លើយ​មក​ដោយ‌សារ​ភ្លើង នោះ​ចូរ​ឲ្យ​រាប់​ព្រះ​នោះ​ទុក​ជា​ព្រះ​ពិត​ចុះ»។ ពួក​ប្រជាជន​ក៏​ឆ្លើយ​ឡើង​ថា៖ «ស្រួល​ហើយ»។ 25ដូច្នេះ លោក​អេលីយ៉ា​ក៏​ប្រាប់​ដល់​ពួក​ហោរា​របស់​ព្រះ‌បាល​ថា៖ «ចូរ​រើស​គោ​មួយ​សម្រាប់​អ្នក​រាល់​គ្នា​ចុះ ហើយ​រៀប​ដាក់​មុន​ទៅ ដ្បិត​ខាង​អ្នក​រាល់​គ្នា​មាន​គ្នា​ច្រើន រួច​ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ តែ​កុំ​ឲ្យ​ដាក់​ភ្លើង​ឡើយ»។ 26គេ​ក៏​ទទួល​យក​គោ​មួយ ដែល​បាន​ឲ្យ​ដល់​គេ រួច​គេ​រៀបចំ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នៃ​ព្រះ‌បាល ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់​ថា៖ «ឱ​ព្រះ‌បាល​អើយ សូម​ឆ្លើយ​មក​យើង​ខ្ញុំ​រាល់​គ្នា​ផង»។ ប៉ុន្តែ គ្មាន​ឮ​សំឡេង ឬ​ចម្លើយ​ណា​ឆ្លើយ​មក​សោះ គេ​ក៏​លោត​ព័ទ្ធ​ជុំ‌វិញ​អាស‌នា​ដែល​គេ​បាន​ធ្វើ​នោះ 27គ្រា​ដល់​ពេល​ថ្ងៃ​ត្រង់​ហើយ នោះ​លោក​អេលីយ៉ា​ពោល​ចំអក​ថា៖ «ចូរ​ស្រែក​ឲ្យ​ខ្លាំង​ឡើង ដ្បិត​លោក​ជា​ព្រះ ប្រហែល​ជា​កំពុង​រំពឹង​គិត ឬ​បាន​ថយ​ចេញ​មួយ​ភ្លែត ឬ​ធ្វើ​ដំណើរ ឬ​ប្រហែល​ជា​ដេក​លក់​ទេ​ដឹង ត្រូវ​ដាស់​លោក​ឡើង»។ 28គេ​ក៏​ស្រែក​ខ្លាំង​ឡើង ព្រម​ទាំង​យក​កាំបិត​ឆូត​សាច់​តាម​ទម្លាប់​របស់​គេ ទាល់​តែ​ឈាម​ហូរ​ប្រឡាក់​កាយ 29ពេល​ហួស​ថ្ងៃ​ត្រង់​ហើយ នោះ​គេ​ក៏​ថ្វាយ​បង្គំ រហូត​ដល់​ពេល​ថ្វាយ​តង្វាយ​ល្ងាច តែ​គ្មាន​ឮ​សំឡេង ឬ​ចម្លើយ​ណា​ឆ្លើយ​សោះ ក៏​គ្មាន​អ្នក​ណា​ស្តាប់​ផង។
30បន្ទាប់​មក លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​ប្រជាជន​ថា៖ «សូម​ចូល​មក​ជិត​ខ្ញុំ» ប្រជា​ជន​ទាំង‌ឡាយ​ក៏​អែប​ចូល​មក​ជិត​លោក រួច​លោក​ជួស‌ជុល​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​រំលំឡើង​វិញ។ 31លោក​អេលីយ៉ា​យក​ថ្ម​ដប់ពីរ​តាម​ចំនួន​កុល‌សម្ពន័្ធ​ពួក​កូន​ចៅ​យ៉ាកុប ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក​នោះ​ថា ឈ្មោះ​ឯង​ត្រូវ​ហៅ​ថាអ៊ីស្រាអែលវិញ 32លោក​ក៏​យក​ថ្ម​ទាំង​នោះ ស្អាង​អាស‌នា​មួយ​ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ក៏​ជីក​ចង្អូរ​ព័ទ្ធ​ជុំ‌វិញ មាន​ទំហំ​ល្មម​ដាក់​ពូជ​ស្រូវ​ពីរ​រង្វាល់ 33រួច​លោក​ដាក់​ឧស​ជា​លំដាប់ ក៏​កាប់​គោ​នោះ​ជា​ដុំៗ ដាក់​ពី​លើ ហើយ​ប្រាប់​ថា៖ «ចូរ​ដង​ទឹក​ពេញ​បួន​ក្អម យក​មក​ចាក់​លើ​តង្វាយ និង​ឧស​នេះ» 34រួច​លោក​ប្រាប់​ថា៖ «ចូរ​ចាក់​ម្តង​ទៀត» គេ​ក៏​ចាក់​ម្តង​ទៀត រួច​លោក​ប្រាប់​ថា៖ «ចូរ​ចាក់​ម្តង​ទៀត» គេ​ក៏​ចាក់​ម្តង​ទៀត គេ​ចាក់គ្រប់​បី​ដង 35ទឹក​នោះ​បាន​ហូរ​ព័ទ្ធ​ជុំ‌វិញ​អាស‌នា គេ​ក៏​ចាក់​ទឹក​រហូត​ដល់​ពេញ​ចង្អូរ​ដែរ។
36លុះ​ដល់​ពេល​ថ្វាយ​តង្វាយ​ល្ងាច ហោរា​អេលីយ៉ា​ក៏​ចូល​មក​ជិត​ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រា‌អែល សូម​ឲ្យ​មនុស្ស​បាន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ព្រះ‌អង្គ​ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល ហើយ​ថា ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ថា ទូល‌បង្គំ​បាន​ធ្វើ​ការ​ទាំង​នេះ ដោយ​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង 37សូម​ស្តាប់​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ទូល‌បង្គំ ដើម្បី​ឲ្យ​ប្រជាជន​នេះ​បាន​ដឹង​ថា គឺ​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ ដែល​ជា​ព្រះ គឺ​ព្រះ‌អង្គ​ដែល​នាំ​ចិត្ត​គេ​ត្រឡប់​មក​វិញ»។ 38ខណៈ​នោះ ភ្លើង​របស់​ព្រះ‌យេហូវ៉ា​ក៏​ធ្លាក់​ចុះ​មក​បញ្ឆេះ​តង្វាយ ព្រម​ទាំង​ឧស ថ្ម និង​ធូលី​ដី ហើយ​ក៏​លិឍ​ទឹក​ដែល​នៅ​ក្នុង​ប្រឡាយ​អស់​ទៅ​ដែរ។ 39កាល​ប្រជា​ជន​ទាំង‌ឡាយ​បាន​ឃើញ គេ​ក៏​ក្រាប​ផ្កាប់​មុខ​ពោល​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ពិត​ហើយ»។ 40រួច​លោក​អេលីយ៉ា​ប្រាប់​គេ​ថា៖ «ចូរ​ចាប់​ពួក​ហោរា​របស់​ព្រះ‌បាល​ទៅ កុំ​ឲ្យ​អ្នក​ណា​មួយ​រួច​ឡើយ»។ គេ​ក៏​ចាប់ ហើយ​លោក​អេលីយ៉ា​នាំ​ចុះ​ទៅ​ឯ​ជ្រោះ​គីសុន សម្លាប់​ចោល​នៅ​ទី​នោះ​ទៅ។
ភាព​រាំង​ស្ងួត​ត្រូវ​បញ្ចប់
41រួច​មក លោក​អេលីយ៉ា​ទូល​ព្រះបាទ​អ័ហាប់​ថា៖ «សូម​ស្តេច​ឡើង​ទៅ​សោយ​ព្រះ‌ស្ងោយ​ចុះ ដ្បិត​មាន​សូរ​សន្ធឹក​ភ្លៀង​ជា​ធំ​មក​ហើយ»។ 42ដូច្នេះ អ័ហាប់​ក៏​ឡើង​ទៅ​សោយ ឯ​លោក​អេលីយ៉ា លោក​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កើមែល ក្រាប​ចុះ​ដល់​ដី ដាក់​មុខ​នៅ​កណ្ដាល​ក្បាល​ជង្គង់ 43រួច​ប្រាប់​អ្នក​បម្រើ​ថា៖ «ចូរ​ឡើង​ទៅ​មើល​ខាង​សមុទ្រ​ឥឡូវ» អ្នក​បម្រើ​ក៏​ឡើង​ទៅ​មើល រួច​ជម្រាប​ថា៖ «គ្មាន​អ្វី​ឡើយ» លោក​ប្រាប់​ថា៖ «ចូរ​ទៅ​គ្រប់​ប្រាំពីរ​ដង»។ 44លុះ​ដល់​ប្រាំពីរ​ដង​ហើយ ក៏​ជម្រាប​ថា៖ «ឃើញ​មាន​ពពក​តូច​ប៉ុន​បាត​ដៃ​មនុស្ស​ឡើង​ពី​សមុទ្រ​មក» លោក​បង្គាប់​ថា៖ «ចូរ​ទៅ​ទូល​ព្រះបាទ​អ័ហាប់​ថា "សូម​ទឹម​រទេះ ហើយ​ចុះ​ទៅ ដើម្បី​កុំ​ឲ្យ​អាក់​ដំណើរ​ដោយ‌សារ​ភ្លៀង"»។ 45បន្តិច​ក្រោយ​មក មេឃ​ត្រឡប់​ជា​ខ្មៅ ដោយ​ពពក និង​ខ្យល់ ក៏​ធ្លាក់​ភ្លៀង​ជា​ខ្លាំង ព្រះបាទ​អ័ហាប់​ជិះ​រទេះ​ទៅ​យេស‌រាល 46ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​សណ្ឋិត​នៅ​លើ​លោក​អេលីយ៉ា លោក​ក៏​ក្រវាត់​ចង្កេះ រត់​ទៅ​ខាង​មុខ​អ័ហាប់ រហូត​ដល់​មាត់​ទ្វារ​ក្រុង​យេស‌រាល។

ទើបបានជ្រើសរើសហើយ៖

១ ពង្សាវ‌តារ‌ក្សត្រ 18: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល