១ ពង្សាវតារក្សត្រ 17
17
ហោរាអេលីយ៉ាប្រកាសពីការរាំងស្ងួត
1គ្រានោះ លោកអេលីយ៉ាជាអ្នកស្រុកធេសប៊ី ដែលនៅជាមួយពួកស្រុកកាឡាត លោកទូលព្រះបាទអ័ហាប់ថា៖ «ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះ នឹងគ្មានភ្លៀង គ្មានសន្សើមឡើយ លើកលែងតែទូលបង្គំសូមប៉ុណ្ណោះ»។ 2រួចព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកបង្គាប់លោកថា៖ 3«ចូរចេញពីទីនេះ បែរទៅខាងកើត ហើយពួនខ្លួននៅឯជ្រោះកេរីត ដែលនៅប្រទល់មុខនឹងទន្លេយ័រដាន់ទៅ 4ឯងនឹងផឹកទឹកជ្រោះនោះ ហើយយើងបានបង្គាប់ឲ្យក្អែកចិញ្ចឹមឯងនៅទីនោះដែរ»។ 5ដូច្នេះ លោកក៏ធ្វើតាមព្រះបន្ទូលនៃព្រះយេហូវ៉ា គឺទៅអាស្រ័យនៅក្បែរជ្រោះកេរីត ដែលនៅប្រទល់មុខទន្លេយ័រដាន់ 6ហើយរាល់ព្រឹករាល់ល្ងាច ក្អែកតែងពាំនំបុ័ង និងសាច់មកជូនលោក លោកក៏ផឹកទឹកជ្រោះនោះ។ 7លុះកន្លងយូរបន្តិចមក ទឹកជ្រោះក៏រីងទៅ ព្រោះមិនមានភ្លៀងធ្លាក់នៅស្រុកនោះសោះ។
ស្ត្រីមេម៉ាយនៅសារិបតា
8ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់លោកថា៖ 9«ចូរទៅឯសារិបតា ជាទីក្រុងរបស់ពួកស៊ីដូនអាស្រ័យនៅទីនោះវិញ យើងបានបង្គាប់ស្ត្រីមេម៉ាយម្នាក់នៅទីនោះឲ្យចិញ្ចឹមឯង»។ 10ដូច្នេះ លោកក៏ទៅក្រុងសារិបតា កាលបានទៅដល់មាត់ទ្វារក្រុង ឃើញមានស្ត្រីមេម៉ាយម្នាក់ កំពុងតែរើសរំកាច់ឧស លោកក៏ហៅនាងថា៖ «សូមយកទឹកក្នុងផ្តិលមកឲ្យខ្ញុំផឹកបន្តិចមក»។ 11កាលនាងកំពុងតែទៅយកទឹក នោះលោកស្រែកផ្តាំថា៖ «សូមយកនំបុ័ងបន្តិចមកឲ្យខ្ញុំផង»។ 12ប៉ុន្តែ នាងឆ្លើយថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃអ្នកដ៏មានព្រះជន្មរស់នៅថា ខ្ញុំគ្មានមួយដុំឡើយ មានតែម្សៅមួយក្តាប់នៅក្នុងខាប់ និងប្រេងបន្តិចបន្តួចនៅដបប៉ុណ្ណោះ មើលនែ៎ ខ្ញុំកំពុងតែរើសរំកាច់ឧសពីរនេះ ដើម្បីចូលទៅចម្អិនសម្រាប់ខ្ញុំ និងកូន យើងនឹងបរិភោគតែប៉ុណ្ណោះ រួចស្លាប់ទៅ»។ 13ប៉ុន្តែ លោកអេលីយ៉ាប្រាប់នាងថា៖ «កុំខ្លាចឡើយ សូមទៅធ្វើដូចជាអ្នកបានថាចុះ តែសូមធ្វើនំមួយយ៉ាងតូចមកឲ្យខ្ញុំជាមុនសិន រួចសឹមធ្វើសម្រាប់អ្នក និងកូនអ្នកចុះ 14ដ្បិតព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "ម្សៅក្នុងខាប់នោះនឹងមិនដែលផុតទៅ ហើយប្រេងក្នុងដបក៏មិនដែលរលោះឡើយ ដរាបដល់ថ្ងៃដែលព្រះយេហូវ៉ានឹងបង្អុរភ្លៀងមកលើផែនដី"»។ 15ដូច្នេះ នាងក៏ទៅធ្វើតាមបង្គាប់របស់លោកអេលីយ៉ា រួចទាំងនាង និងលោក ព្រមទាំងកូននាង គ្រប់គ្នាបានបរិភោគមកជាយូរថ្ងៃ។ 16ឯម្សៅក្នុងខាប់នោះ មិនដែលអស់ ហើយប្រេងក្នុងដបក៏មិនចេះរលោះឡើយ ដូចជាសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលតាមរយៈអេលីយ៉ា។
ហោរាអេលីយ៉ាប្រោសកូនរបស់ស្ត្រីមេម៉ាយឲ្យរស់ឡើងវិញ
17ក្រោយមក មានថ្ងៃមួយ កូនរបស់នាងម្ចាស់ផ្ទះនោះមានជំងឺ ជំងឺនោះធ្ងន់ណាស់ រហូតគ្មានដង្ហើមក្នុងខ្លួន។ 18ដូច្នេះ នាងនិយាយទៅលោកអេលីយ៉ាថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ តើខ្ញុំនឹងលោកមានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសម្លាប់កូនខ្ញុំឬ?» 19តែលោកឆ្លើយតបថា៖ «សូមឲ្យកូនអ្នកមកខ្ញុំ» រួចលោកក៏ទទួលកូនពីទ្រូងនាង បីឡើងចូលទៅក្នុងបន្ទប់ដែលលោកស្នាក់នៅ ហើយផ្តេកនៅលើដំណេករបស់លោក 20រួចអំពាវនាវដល់ព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ តើទ្រង់បាននាំសេចក្ដីអាក្រក់មកលើស្ត្រីមេម៉ាយនេះ ដែលទូលបង្គំអាស្រ័យនៅជាមួយ ដោយសម្លាប់កូននាងដែរឬ?» 21លោកក៏ទ្រោបលើកូននោះបីដង ទាំងអំពាវនាវដល់ព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមឲ្យព្រលឹងរបស់កូននេះត្រឡប់ចូលមកក្នុងខ្លួនវាវិញ»។ 22ព្រះយេហូវ៉ាស្តាប់តាមលោកអេលីយ៉ា ហើយព្រលឹងរបស់កូននោះក៏ត្រឡប់ចូលមកក្នុងខ្លួនវា ឲ្យរស់ឡើងវិញ 23លោកអេលីយ៉ាក៏បីកូននោះចុះពីបន្ទប់មក ចូលទៅក្នុងផ្ទះប្រគល់ដល់ម្តាយវិញ ដោយពោលថា៖ «មើល៍ កូនអ្នកមានជីវិតរស់វិញហើយ»។ 24នាងនិយាយឡើងថា៖ «ឥឡូវនេះ ខ្ញុំដឹងហើយថា លោកជាអ្នកសំណព្វរបស់ព្រះ ហើយលោកក៏ថ្លែងព្រះបន្ទូលនៃព្រះយេហូវ៉ាពិតប្រាកដមែន»។
ទើបបានជ្រើសរើសហើយ៖
១ ពង្សាវតារក្សត្រ 17: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies