លុះយូរថ្ងៃក្រោយមក គឺនៅឆ្នាំទីបីនៃការរាំងស្ងួត នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកអេលីយ៉ាថា៖ «ចូរទៅបង្ហាញខ្លួនឲ្យព្រះបាទអ័ហាប់ឃើញ នោះយើងនឹងបង្អុរឲ្យភ្លៀងធ្លាក់ចុះមកលើផែនដី»។ ដូច្នេះ លោកអេលីយ៉ាក៏ទៅ ដើម្បីបង្ហាញខ្លួនដល់អ័ហាប់ រីឯនៅស្រុកសាម៉ារី មានគ្រោះទុរ្ភិក្សខ្លាំងណាស់ ចំណែកព្រះបាទអ័ហាប់ហៅអូបាឌាជាឧកញ៉ាវាំងមក (រីឯអូបាឌានេះ លោកកោតខ្លាចដល់ព្រះយេហូវ៉ាណាស់ ដ្បិតកាលយេសិបិលបានសម្លាប់ពួកហោរានៃព្រះយេហូវ៉ា នោះលោកក៏នាំយកពួកហោរានោះមួយរយនាក់ ទៅបំពួននៅក្នុងរអាង ក្នុងមួយពួកហាសិបនាក់ ហើយបានចិញ្ចឹម ដោយនំបុ័ង និងទឹក)។ ព្រះបាទអ័ហាប់មានរាជឱង្ការទៅអូបាឌាថា៖ «ចូរឯងទៅកន្លែងរន្ធទឹក និងជ្រោះទឹកទាំងអស់ដែលនៅក្នុងស្រុក ប្រហែលជាយើងនឹងរកបានស្មៅល្មមនឹងចិញ្ចឹមសេះ និងលាកាត់ឲ្យរស់នៅបាន ដើម្បីកុំឲ្យហ្វូងសត្វស្លាប់ទៅទាំងអស់ឡើយ»។ ដូច្នេះ គេក៏ចែកស្រុកគ្នា ដើម្បីនឹងដើរទៅមក គឺព្រះបាទអ័ហាប់បានដើរផ្លូវមួយតែឯងទៅ ហើយអូបាឌាក៏ទៅតាមផ្លូវមួយទៀតតែឯងដែរ។ កាលអូបាឌានកំពុងតែដើរនៅតាមផ្លូវ លោកអេលីយ៉ាមកជួបលោក ហើយលោកក៏ស្គាល់លោកអេលីយ៉ា រួចក្រាបផ្កាប់មុខចុះសួរថា៖ «តើនេះគឺលោកអេលីយ៉ា ជាម្ចាស់ខ្ញុំឬ?»។ លោកឆ្លើយតបថា៖ «គឺខ្ញុំនេះហើយ សូមទៅទូលចៅហ្វាយអ្នកថា "មើល៍ អេលីយ៉ាមកហើយ"»។
អាន ១ ពង្សាវតារក្សត្រ 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 18:1-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ