១ ពង្សាវតារក្សត្រ 17:8-24
១ ពង្សាវតារក្សត្រ 17:8-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលីយ៉ាថា៖ «ចូរក្រោកឡើងធ្វើដំណើរទៅសារិបតា ជាក្រុងរបស់ជនជាតិស៊ីដូន ហើយស្នាក់អាស្រ័យនៅទីនោះចុះ យើងនឹងបង្គាប់ឲ្យស្ត្រីមេម៉ាយម្នាក់ផ្គត់ផ្គង់អ្នក»។ លោកក្រោកឡើង ធ្វើដំណើរទៅកាន់ក្រុងសារិបតា។ លុះដល់មាត់ទ្វារក្រុង លោកឃើញស្ត្រីមេម៉ាយម្នាក់កំពុងតែរើសអុស។ លោកហៅស្ត្រីនោះមក ហើយនិយាយទៅកាន់នាងថា៖ «សូមទៅយកទឹកឲ្យខ្ញុំទទួលទានបន្តិច!»។ នាងក៏ទៅយកទឹក ប៉ុន្តែ លោកស្រែកប្រាប់នាងទៀតថា៖ «សូមយកនំបុ័ងឲ្យខ្ញុំមួយដុំផង!»។ នាងតបថា៖ «នាងខ្ញុំសូមជម្រាបលោក ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ជាព្រះរបស់លោកថា នាងខ្ញុំគ្មាននំបុ័ងទេ នាងខ្ញុំនៅសល់តែម្សៅមួយក្ដាប់ក្នុងខាប់ និងប្រេងបន្តិចនៅក្នុងដបប៉ុណ្ណោះ។ នាងខ្ញុំកំពុងតែរើសអុសពីរអង្កត់នេះយកទៅដុតនំបុ័ង សម្រាប់នាងខ្ញុំ និងកូន ទទួលទាន។ ពេលទទួលទានរួចហើយ យើងខ្ញុំទាំងពីរនាក់ម្ដាយកូននឹងស្លាប់ទាំងអស់គ្នា»។ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់នាងថា៖ «កុំខ្លាចអ្វីឡើយ! សូមចូលទៅធ្វើតាមពាក្យនាងចុះ! តែសូមដុតនំបុ័ងមួយដុំតូចយកមកឲ្យខ្ញុំជាមុនសិន រួចសឹមដុតសម្រាប់នាង និងកូនរបស់នាង ដ្បិតព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា ម្សៅក្នុងខាប់នឹងមិនចេះអស់ទេ ហើយប្រេងនៅក្នុងដបក៏មិនចេះអស់ដែរ រហូតដល់ថ្ងៃព្រះអម្ចាស់បង្អុរភ្លៀងមកលើផែនដី»។ នាងក៏ចេញទៅធ្វើតាមពាក្យដែលលោកអេលីយ៉ាបានប្រាប់។ ពួកគេមានអាហារបរិភោគជាយូរថ្ងៃ ទាំងនាងទាំងកូននាង និងលោកអេលីយ៉ា គឺម្សៅមិនចេះរលស់ពីខាប់ ប្រេងក៏មិនចេះរលស់ពីដប ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែង តាមរយៈលោកអេលីយ៉ា។ ក្រោយហេតុការណ៍នោះមក កូនប្រុសរបស់ស្ត្រីមេម៉ាយ ជាម្ចាស់ផ្ទះ ធ្លាក់ខ្លួនឈឺ ហើយជំងឺកាន់តែធ្ងន់ទៅៗរហូតដល់ផុតដង្ហើម។ ស្ត្រីជាម្ដាយពោលទៅកាន់លោកអេលីយ៉ាថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! តើនាងខ្ញុំ និងលោកមានរឿងអ្វីជាមួយគ្នា បានជាលោកអញ្ជើញមកស្នាក់នៅផ្ទះនាងខ្ញុំ ដើម្បីរំឭកពីកំហុសរបស់នាងខ្ញុំ ហើយធ្វើឲ្យកូននាងខ្ញុំស្លាប់ដូច្នេះ!»។ លោកឆ្លើយទៅនាងវិញថា៖ «សូមប្រគល់កូននាងមកឲ្យខ្ញុំ»។ លោកទទួលយកកូននោះពីដៃរបស់នាង ហើយបីឡើងទៅបន្ទប់ខាងលើ ជាបន្ទប់ដែលលោកស្នាក់នៅ រួចផ្ដេកវាលើគ្រែរបស់លោក។ បន្ទាប់មក លោកទូលអង្វរព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ! ស្ត្រីមេម៉ាយនេះបានទទួលទូលបង្គំឲ្យស្នាក់នៅផ្ទះរបស់នាង តើព្រះអង្គពិតជាចង់ឲ្យនាងកើតទុក្ខព្រួយឬ បានជាបណ្តោយឲ្យកូនរបស់នាងស្លាប់ដូច្នេះ?»។ លោកទ្រោបលើក្មេងនោះបីដង ទាំងអង្វរព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ! សូមប្រោសប្រទានឲ្យក្មេងនេះមានដង្ហើមឡើងវិញផង!»។ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់លោកអេលីយ៉ា។ ក្មេងនោះក៏មានដង្ហើមឡើងវិញ ហើយដឹងខ្លួន។ លោកអេលីយ៉ាបីក្មេងនោះចុះពីបន្ទប់ខាងលើ មកប្រគល់ឲ្យម្ដាយវិញ ទាំងពោលថា៖ «មើល៍! កូនរបស់នាងមានជីវិតហើយ»។ ស្ត្រីនោះពោលទៅកាន់លោកអេលីយ៉ាថា៖ «ឥឡូវនេះ នាងខ្ញុំដឹងថា លោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់មែន ហើយសេចក្ដីដែលលោកថ្លែងពិតជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
១ ពង្សាវតារក្សត្រ 17:8-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់លោកថា៖ «ចូរទៅឯសារិបតា ជាទីក្រុងរបស់ពួកស៊ីដូនអាស្រ័យនៅទីនោះវិញ យើងបានបង្គាប់ស្ត្រីមេម៉ាយម្នាក់នៅទីនោះឲ្យចិញ្ចឹមឯង»។ ដូច្នេះ លោកក៏ទៅក្រុងសារិបតា កាលបានទៅដល់មាត់ទ្វារក្រុង ឃើញមានស្ត្រីមេម៉ាយម្នាក់ កំពុងតែរើសរំកាច់ឧស លោកក៏ហៅនាងថា៖ «សូមយកទឹកក្នុងផ្តិលមកឲ្យខ្ញុំផឹកបន្តិចមក»។ កាលនាងកំពុងតែទៅយកទឹក នោះលោកស្រែកផ្តាំថា៖ «សូមយកនំបុ័ងបន្តិចមកឲ្យខ្ញុំផង»។ ប៉ុន្តែ នាងឆ្លើយថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃអ្នកដ៏មានព្រះជន្មរស់នៅថា ខ្ញុំគ្មានមួយដុំឡើយ មានតែម្សៅមួយក្តាប់នៅក្នុងខាប់ និងប្រេងបន្តិចបន្តួចនៅដបប៉ុណ្ណោះ មើលនែ៎ ខ្ញុំកំពុងតែរើសរំកាច់ឧសពីរនេះ ដើម្បីចូលទៅចម្អិនសម្រាប់ខ្ញុំ និងកូន យើងនឹងបរិភោគតែប៉ុណ្ណោះ រួចស្លាប់ទៅ»។ ប៉ុន្តែ លោកអេលីយ៉ាប្រាប់នាងថា៖ «កុំខ្លាចឡើយ សូមទៅធ្វើដូចជាអ្នកបានថាចុះ តែសូមធ្វើនំមួយយ៉ាងតូចមកឲ្យខ្ញុំជាមុនសិន រួចសឹមធ្វើសម្រាប់អ្នក និងកូនអ្នកចុះ ដ្បិតព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "ម្សៅក្នុងខាប់នោះនឹងមិនដែលផុតទៅ ហើយប្រេងក្នុងដបក៏មិនដែលរលោះឡើយ ដរាបដល់ថ្ងៃដែលព្រះយេហូវ៉ានឹងបង្អុរភ្លៀងមកលើផែនដី"»។ ដូច្នេះ នាងក៏ទៅធ្វើតាមបង្គាប់របស់លោកអេលីយ៉ា រួចទាំងនាង និងលោក ព្រមទាំងកូននាង គ្រប់គ្នាបានបរិភោគមកជាយូរថ្ងៃ។ ឯម្សៅក្នុងខាប់នោះ មិនដែលអស់ ហើយប្រេងក្នុងដបក៏មិនចេះរលោះឡើយ ដូចជាសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលតាមរយៈអេលីយ៉ា។ ក្រោយមក មានថ្ងៃមួយ កូនរបស់នាងម្ចាស់ផ្ទះនោះមានជំងឺ ជំងឺនោះធ្ងន់ណាស់ រហូតគ្មានដង្ហើមក្នុងខ្លួន។ ដូច្នេះ នាងនិយាយទៅលោកអេលីយ៉ាថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ តើខ្ញុំនឹងលោកមានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសម្លាប់កូនខ្ញុំឬ?» តែលោកឆ្លើយតបថា៖ «សូមឲ្យកូនអ្នកមកខ្ញុំ» រួចលោកក៏ទទួលកូនពីទ្រូងនាង បីឡើងចូលទៅក្នុងបន្ទប់ដែលលោកស្នាក់នៅ ហើយផ្តេកនៅលើដំណេករបស់លោក រួចអំពាវនាវដល់ព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ តើទ្រង់បាននាំសេចក្ដីអាក្រក់មកលើស្ត្រីមេម៉ាយនេះ ដែលទូលបង្គំអាស្រ័យនៅជាមួយ ដោយសម្លាប់កូននាងដែរឬ?» លោកក៏ទ្រោបលើកូននោះបីដង ទាំងអំពាវនាវដល់ព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមឲ្យព្រលឹងរបស់កូននេះត្រឡប់ចូលមកក្នុងខ្លួនវាវិញ»។ ព្រះយេហូវ៉ាស្តាប់តាមលោកអេលីយ៉ា ហើយព្រលឹងរបស់កូននោះក៏ត្រឡប់ចូលមកក្នុងខ្លួនវា ឲ្យរស់ឡើងវិញ លោកអេលីយ៉ាក៏បីកូននោះចុះពីបន្ទប់មក ចូលទៅក្នុងផ្ទះប្រគល់ដល់ម្តាយវិញ ដោយពោលថា៖ «មើល៍ កូនអ្នកមានជីវិតរស់វិញហើយ»។ នាងនិយាយឡើងថា៖ «ឥឡូវនេះ ខ្ញុំដឹងហើយថា លោកជាអ្នកសំណព្វរបស់ព្រះ ហើយលោកក៏ថ្លែងព្រះបន្ទូលនៃព្រះយេហូវ៉ាពិតប្រាកដមែន»។
១ ពង្សាវតារក្សត្រ 17:8-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកបង្គាប់លោកថា ចូរក្រោកឡើង ទៅឯសារិបតា ជាទីក្រុងរបស់ពួកស៊ីដូន អាស្រ័យនៅទីនោះវិញចុះ អញបានបង្គាប់ស្រីមេម៉ាយម្នាក់នៅទីនោះ ឲ្យចិញ្ចឹមឯង ដូច្នេះ លោកក៏ក្រោកឡើងទៅឯក្រុងសារិបតា កាលបានទៅដល់មាត់ទ្វារក្រុងហើយ នោះឃើញមានស្រីមេម៉ាយម្នាក់ កំពុងតែរើសរំកាច់ឈើ លោកក៏ហៅនាងថា សូមយកទឹកក្នុងផ្តិលមកឲ្យខ្ញុំផឹកបន្តិច កាលនាងកំពុងតែទៅយកទឹក នោះលោកស្រែកផ្តាំថា សូមយកនំបុ័ងបន្តិចមកឲ្យខ្ញុំផង តែនាងឆ្លើយថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃអ្នកដ៏មានព្រះជន្មរស់នៅថា ខ្ញុំគ្មាន១ដុំឡើយ មានតែម្សៅ១ក្តាប់នៅក្នុងខាប់ នឹងប្រេងបន្តិចបន្តួចនៅដបប៉ុណ្ណោះ មើលនែ ខ្ញុំកំពុងតែរើសរំកាច់ឈើ២នេះ ដើម្បីចូលទៅចំអិនសំរាប់ខ្ញុំនឹងកូន យើងនឹងបរិភោគតែប៉ុណ្ណោះ រួចស្លាប់ទៅ តែអេលីយ៉ាប្រាប់នាងថា កុំឲ្យខ្លាចឡើយ សូមទៅធ្វើដូចជាអ្នកបានថាចុះ តែសូមធ្វើនំ១យ៉ាងតូចមកឲ្យខ្ញុំជាមុនសិន រួចសឹមធ្វើសំរាប់អ្នក នឹងកូនអ្នកចុះ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា ម្សៅក្នុងខាប់នោះនឹងមិនដែលផុតទៅ ហើយប្រេងក្នុងដបក៏មិនដែលរលោះឡើយ ដរាបដល់ថ្ងៃដែលព្រះយេហូវ៉ានឹងបង្អុរភ្លៀងមកលើផែនដី ដូច្នេះ នាងក៏ទៅធ្វើតាមបង្គាប់របស់អេលីយ៉ា រួចទាំងនាង នឹងលោក ព្រមទាំងកូននាង គ្រប់គ្នាបានបរិភោគ តមកជាយូរថ្ងៃ ឯម្សៅក្នុងខាប់នោះ មិនដែលអស់ទៅ ហើយប្រេងក្នុងដបក៏មិនចេះរលោះឡើយ ដូចជាសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូល ដោយសារអេលីយ៉ា។ ក្រោយនោះមក មានកាល១ថ្ងៃ កូនរបស់នាងម្ចាស់ផ្ទះនោះចាប់ជំងឺឈឺ ជំងឺនោះមានទំងន់ណាស់ ដល់ម៉្លេះបានជាគ្មានដង្ហើមក្នុងខ្លួនទៀតឡើយ ដូច្នេះ នាងនិយាយទៅអេលីយ៉ាថា ឱអ្នកសំណប់របស់ព្រះអើយ តើខ្ញុំនឹងលោកមានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសំឡាប់កូនខ្ញុំឬ តែលោកឆ្លើយតបថា សូមឲ្យកូនអ្នកមកខ្ញុំចុះ រួចលោកក៏ទទួលកូនពីទ្រូងនាង បីឡើងចូលទៅក្នុងបន្ទប់ដែលលោកអាស្រ័យនៅ ហើយផ្តេកនៅលើដំណេករបស់លោក រួចអំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ តើទ្រង់បាននាំសេចក្ដីអាក្រក់មកលើស្រីមេម៉ាយនេះ ដែលទូលបង្គំអាស្រ័យនៅជាមួយ ដោយសំឡាប់កូននាងដែរឬ លោកក៏ទ្រោបលើកូននោះ៣ដង ទាំងអំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមឲ្យព្រលឹងរបស់កូននេះត្រឡប់ចូលមកក្នុងខ្លួនវាវិញចុះ ព្រះយេហូវ៉ាទ្រង់ស្តាប់តាមអេលីយ៉ា ហើយព្រលឹងរបស់កូននោះ ក៏ត្រឡប់ចូលមកក្នុងខ្លួនវា ឲ្យរស់ឡើងវិញ នោះអេលីយ៉ាក៏បីកូននោះចុះពីបន្ទប់មក ចូលទៅក្នុងផ្ទះប្រគល់ដល់ម្តាយវិញ ដោយពាក្យថា មើល កូនអ្នកមានជីវិតរស់ នាងនិយាយឡើងថា ឥឡូវនេះខ្ញុំដឹងហើយថា លោកជាអ្នកសំណប់របស់ព្រះពិត ហើយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលនៅមាត់លោក នោះជាសេចក្តីពិតមែន។