១ ពង្សាវ‌តារ‌ក្សត្រ 17:8-24

១ ពង្សាវ‌តារ‌ក្សត្រ 17:8-24 គកស១៦

ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​លោក​ថា៖ «ចូរ​ទៅ​ឯ​សា‌រិប‌តា ជា​ទី​ក្រុង​របស់​ពួក​ស៊ីដូន​អាស្រ័យ​នៅ​ទី​នោះ​វិញ យើង​បាន​បង្គាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ទី​នោះ​ឲ្យ​ចិញ្ចឹម​ឯង»។ ដូច្នេះ លោក​ក៏​ទៅ​ក្រុង​សា‌រិប‌តា កាល​បាន​ទៅ​ដល់​មាត់​ទ្វារ​ក្រុង ឃើញ​មាន​ស្ត្រី​មេម៉ាយ​ម្នាក់ កំពុង​តែ​រើស​រំកាច់ឧស លោក​ក៏​ហៅ​នាង​ថា៖ «សូម​យក​ទឹក​ក្នុង​ផ្តិល​មក​ឲ្យ​ខ្ញុំ​ផឹក​បន្តិច​មក»។ កាល​នាង​កំពុង​តែ​ទៅ​យក​ទឹក នោះ​លោក​ស្រែក​ផ្តាំ​ថា៖ «សូម​យក​នំបុ័ង​បន្តិច​មក​ឲ្យ​ខ្ញុំ​ផង»។ ប៉ុន្តែ នាង​ឆ្លើយ​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ខ្ញុំ​គ្មាន​មួយ​ដុំ​ឡើយ មាន​តែ​ម្សៅ​មួយ​ក្តាប់​នៅ​ក្នុង​ខាប់ និង​ប្រេង​បន្តិច​បន្តួច​នៅ​ដប​ប៉ុណ្ណោះ មើល​នែ៎ ខ្ញុំ​កំពុង​តែ​រើស​រំកាច់​ឧស​ពីរ​នេះ ដើម្បី​ចូល​ទៅ​ចម្អិន​សម្រាប់​ខ្ញុំ និង​កូន យើង​នឹង​បរិ‌ភោគ​តែ​ប៉ុណ្ណោះ រួច​ស្លាប់​ទៅ»។ ប៉ុន្តែ លោក​អេលីយ៉ា​ប្រាប់​នាង​ថា៖ «កុំ​ខ្លាច​ឡើយ សូម​ទៅ​ធ្វើ​ដូច​ជា​អ្នក​បាន​ថា​ចុះ តែ​សូម​ធ្វើ​នំ​មួយ​យ៉ាង​តូច​មក​ឲ្យ​ខ្ញុំ​ជា​មុន​សិន រួច​សឹម​ធ្វើ​សម្រាប់​អ្នក និង​កូន​អ្នក​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ម្សៅ​ក្នុង​ខាប់​នោះ​នឹង​មិន​ដែល​ផុត​ទៅ ហើយ​ប្រេង​ក្នុង​ដប​ក៏​មិន​ដែល​រលោះ​ឡើយ ដរាប​ដល់​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែនដី"»។ ដូច្នេះ នាង​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​របស់​លោក​អេលីយ៉ា រួច​ទាំង​នាង និង​លោក ព្រម​ទាំង​កូន​នាង គ្រប់​គ្នា​បាន​បរិ‌ភោគ​មក​ជា​យូរ​ថ្ងៃ។ ឯ​ម្សៅ​ក្នុង​ខាប់​នោះ មិន​ដែល​អស់ ហើយ​ប្រេង​ក្នុង​ដប​ក៏​មិន​ចេះ​រលោះ​ឡើយ ដូច​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​តាម​រយៈ​អេលីយ៉ា។ ក្រោយ​មក មានថ្ងៃ​មួយ កូន​របស់​នាង​ម្ចាស់​ផ្ទះ​នោះ​មាន​ជំងឺ ជំងឺ​នោះ​ធ្ងន់​ណាស់ រហូត​គ្មាន​ដង្ហើម​ក្នុង​ខ្លួន។ ដូច្នេះ នាង​និយាយ​ទៅ​លោក​អេលីយ៉ា​ថា៖ «ឱ​អ្នក​សំណព្វ​របស់​ព្រះ​អើយ តើ​ខ្ញុំ​នឹង​លោក​មាន​ការណ៍​អ្វី​នឹង​គ្នា លោក​បាន​មក​ឯ​ណេះ ដើម្បី​រំឭក​ពី​អំពើ​បាប​របស់​ខ្ញុំ ហើយ​នឹង​សម្លាប់​កូន​ខ្ញុំ​ឬ?» តែ​លោក​ឆ្លើយ​តប​ថា៖ «សូម​ឲ្យ​កូន​អ្នក​មក​ខ្ញុំ» រួច​លោក​ក៏​ទទួល​កូន​ពី​ទ្រូង​នាង បី​ឡើង​ចូល​ទៅ​ក្នុង​បន្ទប់​ដែល​លោក​ស្នាក់​នៅ ហើយ​ផ្តេក​នៅ​លើ​ដំណេក​របស់​លោក រួច​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ តើ​ទ្រង់​បាន​នាំ​សេចក្ដី​អាក្រក់​មក​លើ​ស្ត្រី​មេម៉ាយ​នេះ ដែល​ទូល‌បង្គំ​អាស្រ័យ​នៅ​ជា‌មួយ ដោយ​សម្លាប់​កូន​នាង​ដែរ​ឬ?» លោក​ក៏​ទ្រោប​លើកូន​នោះ​បី​ដង ទាំង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ឲ្យ​ព្រលឹង​របស់​កូន​នេះ​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន​វា​វិញ»។ ព្រះ‌យេហូវ៉ា​ស្តាប់​តាម​លោក​អេលីយ៉ា ហើយ​ព្រលឹង​របស់​កូន​នោះ​ក៏​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន​វា ឲ្យ​រស់​ឡើង​វិញ លោក​អេលីយ៉ា​ក៏​បី​កូន​នោះ​ចុះ​ពី​បន្ទប់​មក ចូល​ទៅ​ក្នុង​ផ្ទះ​ប្រគល់​ដល់​ម្តាយ​វិញ ដោយ​ពោល​ថា៖ «មើល៍ កូន​អ្នក​មាន​ជីវិត​រស់​វិញ​ហើយ»។ នាង​និយាយ​ឡើង​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​អ្នក​សំណព្វ​របស់​ព្រះ ហើយលោក​ក៏​ថ្លែង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពិត​ប្រាកដ​មែន»។