១ ពង្សាវតារក្សត្រ 15:25-34

១ ពង្សាវតារក្សត្រ 15:25-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​ណាដាប់ ជា​បុត្រ​ព្រះ‌បាទ​យេរ៉ូ‌បោម បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ។ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ និង​ដើរ​តាម​ផ្លូវ​របស់​បិតា គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។ លោក​បាសា​ជា​កូន​របស់​លោក​អហ៊ី‌យ៉ា ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ បាន​ក្បត់​ព្រះ‌បាទ​ណាដាប់ ហើយ​ធ្វើ​គុត​ស្ដេច​នៅ​គីប‌ថោន ជា​ក្រុង​របស់​ពួក​ភីលីស្ទីន ក្នុង​គ្រា​ដែល​ស្ដេច និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​កំពុង​ឡោម‌ព័ទ្ធ​ក្រុង​នោះ។ លោក​បាសា​ធ្វើ​គុត​ស្ដេច នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។ ពេល​ឡើង​គ្រង​រាជ្យ​ហើយ ព្រះ‌បាទ​បាសា​ប្រហារ​ជីវិត​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ទាំង​អស់ គ្មាន​ទុក​ឲ្យ​សល់​អ្នក​ណា​ម្នាក់​ឡើយ គឺ​បំផ្លាញ​ឲ្យ​ផុត​ពូជ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​តាម​រយៈ​ព្យាការី​អហ៊ី‌យ៉ា នៅ​ស៊ីឡូ។ ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​អំពើ​បាប​ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម​ប្រព្រឹត្ត ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទ្រង់​ព្រះ‌ពិរោធ។ រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​ណាដាប់ និង​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ ព្រះ‌បាទ​អេសា និង​ព្រះ‌បាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ស្ដេច​ទាំង​ពីរ។ នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​បាសា ជា​កូន​របស់​លោក​អហ៊ី‌យ៉ា បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​ធើសា អស់​រយៈ​ពេល​ម្ភៃ​បួន​ឆ្នាំ។ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ និង​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

១ ពង្សាវតារក្សត្រ 15:25-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ណា‌ដាប​ជា​បុត្រា​យេរ៉ូ‌បោម ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល នៅ​ឆ្នាំ​ទី​ពីរ ក្នុង​រាជ្យ​អេសា​ជា​ស្តេច​ស្រុក​យូដា ទ្រង់​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល​បាន​ពីរ​ឆ្នាំ។ ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ប្រតិ‌បត្តិ​តាម​ផ្លូវ និង​តាម​អំពើ​បាប​របស់​បិតា ជា​ការ​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​ដែរ។ រួច​ប្អាសា​ជា​កូន​អ័ហ៊ី‌យ៉ា ក្នុង​កុល‌សម្ពន័្ធ​អ៊ីសា‌ខារ ក៏​ក្បត់​ទ្រង់ ហើយ​ប្រហារ​សម្លាប់​ទ្រង់​នៅ​ត្រង់​គីប‌ថោន ជា​ទី​ក្រុង​របស់​ពួក​ភីលី‌ស្ទីន​ទៅ ដ្បិត​នៅ​គ្រា​នោះ ណា‌ដាប និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​កំពុង​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​គីប‌ថោន គឺ​នៅ​ឆ្នាំ​ទី​បី ក្នុង​រាជ្យ​អេសា​ជា​ស្តេច​ស្រុក​យូដា ដែល​ប្អាសា​បាន​ធ្វើ​គុត​ណា‌ដាប រួច​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ លុះ​បាន​តាំង​ឡើង​ជា​ស្តេច​ហើយ ទ្រង់​ក៏​ប្រហារ​ជីវិត​នៃ​ពួក​វង្សា​របស់​យេរ៉ូ‌បោម​ទាំង​អស់​បង់ ឥត​មាន​ទុក​ឲ្យ​ពូជ‌ពង្ស​យេរ៉ូ‌បោម​ណា​មួយ មាន​ដង្ហើម​នៅ​រស់​ទៀត​ឡើយ រហូត​ដល់​បាន​ធ្វើ​ឲ្យ​វិនាស​អស់​រលីង​ទៅ តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​អ័ហ៊ី‌យ៉ា​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​នៅ​ក្រុង​ស៊ីឡូរ ដោយ​ព្រោះ​អំពើ​បាប​ដែល​យេរ៉ូ‌បោម​បាន​ធ្វើ ព្រម​ទាំង​ឲ្យ​ពួក​អ៊ីស្រា‌អែល​ប្រព្រឹត្ត​តាម​ដែរ ជា​អំពើ​ដែល​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល មាន​សេចក្ដី​ក្រោធ។ កិច្ច‌ការផ្សេងៗ​ទៀត​ដែល​ណាដាប​បាន​ធ្វើ គឺ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែលហើយ។ អេសា និង​ប្អាសា ជា​ស្តេច​អ៊ីស្រា‌អែល ក៏​ច្បាំង​គ្នា​រហូត​ដល់​អស់​ព្រះ‌ជន្ម។ លុះ​ដល់​ឆ្នាំ​ទី​បី ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​ប្អាសា ជា​កូន​អ័ហ៊ី‌យ៉ា ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល​នៅ​ក្រុង​ធើសា ទ្រង់​បាន​សោយ‌រាជ្យ​អស់​ម្ភៃ​បួន​ឆ្នាំ។ ទ្រង់​ក៏​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​បាន​ប្រតិ‌បត្តិ​តាម​ផ្លូវ និង​អំពើ​បាប ដែល​យេរ៉ូ‌បោម​បាន​ធ្វើ ជា​ការ​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​ដែរ។

១ ពង្សាវតារក្សត្រ 15:25-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​ណាដាប់ ជា​បុត្រ​ព្រះ‌បាទ​យេរ៉ូ‌បោម បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ។ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ និង​ដើរ​តាម​ផ្លូវ​របស់​បិតា គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។ លោក​បាសា​ជា​កូន​របស់​លោក​អហ៊ី‌យ៉ា ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ បាន​ក្បត់​ព្រះ‌បាទ​ណាដាប់ ហើយ​ធ្វើ​គុត​ស្ដេច​នៅ​គីប‌ថោន ជា​ក្រុង​របស់​ពួក​ភីលីស្ទីន ក្នុង​គ្រា​ដែល​ស្ដេច និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​កំពុង​ឡោម‌ព័ទ្ធ​ក្រុង​នោះ។ លោក​បាសា​ធ្វើ​គុត​ស្ដេច នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។ ពេល​ឡើង​គ្រង​រាជ្យ​ហើយ ព្រះ‌បាទ​បាសា​ប្រហារ​ជីវិត​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ទាំង​អស់ គ្មាន​ទុក​ឲ្យ​សល់​អ្នក​ណា​ម្នាក់​ឡើយ គឺ​បំផ្លាញ​ឲ្យ​ផុត​ពូជ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​តាម​រយៈ​ព្យាការី​អហ៊ី‌យ៉ា នៅ​ស៊ីឡូ។ ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​អំពើ​បាប​ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម​ប្រព្រឹត្ត ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទ្រង់​ព្រះ‌ពិរោធ។ រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​ណាដាប់ និង​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ ព្រះ‌បាទ​អេសា និង​ព្រះ‌បាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ស្ដេច​ទាំង​ពីរ។ នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​បាសា ជា​កូន​របស់​លោក​អហ៊ី‌យ៉ា បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​ធើសា អស់​រយៈ​ពេល​ម្ភៃ​បួន​ឆ្នាំ។ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ និង​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

១ ពង្សាវតារក្សត្រ 15:25-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ឆ្នាំ​ទី​២ ក្នុង​រាជ្យ​អេសា ជា​ស្តេច​ស្រុក​យូដា នោះ​ណាដាប ជា​ព្រះ‌រាជ‌បុត្រា​យេរ៉ូ‌បោម ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ នៅ​ស្រុក​អ៊ីស្រាអែល ទ្រង់​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល​បាន​២​ឆ្នាំ ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ប្រតិ‌បត្តិ​តាម​ផ្លូវ នឹង​តាម​អំពើ​បាប​របស់​ព្រះ‌បិតា ជា​ការ​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​ដែរ រួច​ប្អាសា ជា​កូន​អ័ហ៊ីយ៉ា ក្នុង​ពូជ​អំបូរ​អ៊ីសាខារ ក៏​ក្បត់​ទ្រង់ ហើយ​ប្រហារ​សំឡាប់​ទ្រង់​នៅ​ត្រង់​គីប‌ថោន ជា​ទី​ក្រុង​របស់​ពួក​ភីលីស្ទីន​ទៅ ដ្បិត​នៅ​គ្រា​នោះ ណាដាប នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់ គេ​កំពុង​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​គីប‌ថោន គឺ​នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​អេសា​ជា​ស្តេច​ស្រុក​យូដា ដែល​ប្អាសា​បាន​ធ្វើ​គុត​ណាដាប រួច​ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​ទ្រង់ លុះ​បាន​តាំង​ឡើង​ជា​ស្តេច​ហើយ នោះ​ទ្រង់​ក៏​ប្រហារ​ជីវិត​នៃ​ពួក​វង្សា​របស់​យេរ៉ូ‌បោម​ទាំង​អស់​បង់ ឥត​មាន​ទុក​ឲ្យ​ពូជ‌ពង្ស​យេរ៉ូ‌បោម​ណា​មួយ មាន​ដង្ហើម​នៅ​រស់​ទៀត​ឡើយ រហូត​ដល់​បាន​ធ្វើ​ឲ្យ​វិនាស​អស់​រលីង​ទៅ តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល ដោយ‌សារ​អ័ហ៊ីយ៉ា ជា​អ្នក​បំរើ​ទ្រង់ ដែល​នៅ​ក្រុង​ស៊ីឡូរ ដោយ​ព្រោះ​អំពើ​បាប​ដែល​យេរ៉ូ‌បោម​បាន​ធ្វើ ព្រម​ទាំងនាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ប្រព្រឹត្ត​តាម​ដែរ ជា​អំពើ​ដែល​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល មាន​សេចក្ដី​ក្រោធ។ រីឯ​ដំណើរ​ឯ​ទៀត​ពី​ណាដាប នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ អេសា នឹង​ប្អាសា ជា​ស្តេច​អ៊ីស្រាអែល ក៏​ច្បាំង​គ្នា​ដរាប​ដល់​អស់​ព្រះ‌ជន្ម។ លុះ​ដល់​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​ប្អាសា ជា​កូន​អ័ហ៊ីយ៉ា ចាប់​តាំង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល​នៅ​ក្រុង​ធើសា ទ្រង់​បាន​សោយ‌រាជ្យ​អស់​២៤​ឆ្នាំ ទ្រង់​ក៏​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​បាន​ប្រតិ‌បត្តិ​តាម​ផ្លូវ នឹង​អំពើ​បាប ដែល​យេរ៉ូ‌បោម​បាន​ធ្វើ ជា​ការ​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​ដែរ។