១ ពង្សាវតារក្សត្រ 15
15
ព្រះបាទអប៊ីយ៉ាសោយរាជ្យនៅស្រុកយូដា
(២ របាក្សត្រ ១៣.១– ២២–២៣)
1នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ព្រះបាទអប៊ីយ៉ាឡើងសោយរាជ្យនៅស្រុកយូដា។ 2ស្ដេចសោយរាជ្យបានបីឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេច មាននាមថាម៉ាកា ជាបុត្រីរបស់សម្ដេចអប៊ីសាឡុម#១៥.២ ឬអាប់សាឡុម (២របា ១១.២០)។។ 3ព្រះបាទអប៊ីយ៉ាប្រព្រឹត្តអំពើបាបគ្រប់យ៉ាង ដូចបិតាធ្លាប់ប្រព្រឹត្តដែរ។ ស្ដេចពុំមានព្រះហឫទ័យស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ដូចព្រះបាទដាវីឌជាអយ្យកោឡើយ។ 4#១ពង្ស. ១១.៣៦ដោយយល់ដល់ព្រះបាទដាវីឌ ព្រះអម្ចាស់ ជាព្រះរបស់ស្ដេច បានប្រោសប្រទានឲ្យស្ដេចមានបុត្រាមួយអង្គ ដើម្បីកុំឲ្យរាជវង្សនេះផុតរលត់ ហើយឲ្យក្រុងយេរូសាឡឹមនៅស្ថិតស្ថេរជាដរាប 5#២សយ. ១១.១-២៧ដ្បិតព្រះបាទដាវីឌបានប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយពុំងាកចេញពីសេចក្ដីដែលព្រះអង្គបានបង្គាប់ឲ្យធ្វើឡើយ លើកលែងតែកំហុស ដែលស្ដេចបានប្រព្រឹត្តចំពោះលោកអ៊ូរី ជាជនជាតិហេតមួយប៉ុណ្ណោះ។
6ព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមក អស់មួយរជ្ជកាលព្រះបាទរេហូបោម។
7រីឯរាជកិច្ចផ្សេងៗទៀតដែលព្រះបាទអប៊ីយ៉ាប្រព្រឹត្ត សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។ ព្រះបាទអប៊ីយ៉ាក៏ធ្វើសង្គ្រាមជាមួយព្រះបាទយេរ៉ូបោមដែរ។ 8កាលព្រះបាទអប៊ីយ៉ាសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ ព្រះបាទអេសា ជាបុត្រ បានឡើងស្នងរាជ្យ។
ព្រះបាទអេសាសោយរាជ្យនៅស្រុកយូដា
(២ របាក្សត្រ ១៤.១-២ ១៥.១៦-១៩, ១៦.១-៦, ១១–១៤)
9នៅឆ្នាំទីម្ភៃនៃរជ្ជកាលព្រះបាទយេរ៉ូបោម ជាស្ដេចអ៊ីស្រាអែល ព្រះបាទអេសាបានឡើងសោយរាជ្យនៅស្រុកយូដា។ 10ស្ដេចសោយរាជ្យបានសែសិបមួយឆ្នាំ នៅក្រុងយេរូសាឡឹម មាតា#១៥.១០ គម្ពីរភាសាក្រិក មានសរសេរថា «អយ្យកា»។ ព្រះនាងម៉ាកា ជាមាតារបស់ព្រះបាទអប៊ីយ៉ា ដែលជាបិតារបស់ព្រះបាទអេសា (១៥.២)។របស់ស្ដេចមាននាមថាម៉ាកា ជាបុត្រីរបស់សម្ដេចអប៊ីសាឡុម។
11ព្រះបាទអេសាប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទដាវីឌ ជាអយ្យកោដែរ។ 12ស្ដេចបានកម្ចាត់ពួកប្រុសៗ ដែលប្រព្រឹត្តអំពើពេស្យាចារសក្ការៈ ចេញពីស្រុក ហើយលុបបំបាត់ព្រះក្លែងក្លាយទាំងប៉ុន្មានដែលពួកអយ្យកោបានកសាងផង#១៥.១២ សូមអាន ២របា ១៥.៨-១៥។។ 13ស្ដេចបានហូតងារមហាក្សត្រិយានីពីព្រះនាងម៉ាកា ជាមាតា ព្រោះមាតាបានកសាងរូបដ៏គម្រក់មួយ ជាតំណាងព្រះអាសេរ៉ា។ ព្រះបាទអេសាកម្ទេចរូបដ៏គម្រក់នោះ រួចយកទៅដុតចោលនៅជ្រោះកេដ្រូន។ 14ក៏ប៉ុន្តែ ទោះបីស្ដេចស្រឡាញ់ព្រះអម្ចាស់ដោយស្មោះក្ដី ក៏ទ្រង់ពុំបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។ 15ស្ដេចបាននាំតង្វាយ ដែលបិតា និងស្ដេចផ្ទាល់ បានញែកជារបស់សក្ការៈ គឺមានគ្រឿងមាស ប្រាក់ និងវត្ថុផ្សេងៗទៀត ទៅទុកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
16ព្រះបាទអេសា និងព្រះបាទបាសាជាស្ដេចស្រុកអ៊ីស្រាអែល តែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមក អស់មួយរជ្ជកាលស្ដេចទាំងពីរ។ 17ព្រះបាទបាសា ជាស្ដេចស្រុកអ៊ីស្រាអែល លើកទ័ពមកវាយស្រុកយូដា ហើយសង់កំពែងជុំវិញក្រុងរ៉ាម៉ា ដើម្បីកុំឲ្យប្រជាជនរបស់ព្រះបាទអេសា ជាស្ដេចស្រុកយូដា អាចចេញចូលបាន។ 18ព្រះបាទអេសាបានប្រមូលមាសប្រាក់ទាំងប៉ុន្មាន ដែលមាននៅក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងព្រះរាជវាំង ប្រគល់ទៅឲ្យពួករាជបម្រើ ហើយចាត់ពួកគេឲ្យទៅគាល់ព្រះបាទបេន-ហាដាដ ជាបុត្ររបស់ព្រះបាទថាបរីម៉ូន ដែលត្រូវជាបុត្ររបស់ព្រះបាទហេសយ៉ូន ស្ដេចស្រុកស៊ីរី ដែលគង់នៅក្រុងដាម៉ាស ទូលថា៖ 19«ទូលបង្គំសូមចងសម្ពន្ធមិត្តជាមួយព្រះករុណា ដូចបិតារបស់ទូលបង្គំបានចងជាមួយបិតារបស់ព្រះករុណាដែរ។ ទូលបង្គំសូមផ្ញើមាស និងប្រាក់នេះមកថ្វាយព្រះករុណា។ សូមព្រះករុណាផ្ដាច់ចំណងសម្ពន្ធមិត្តជាមួយបាសា ជាស្ដេចស្រុកអ៊ីស្រាអែលទៅ ដើម្បីកុំឲ្យស្ដេចនោះលើកទ័ពមកវាយទូលបង្គំ»។ 20ព្រះបាទបេនហាដាដយល់ព្រមតាមសំណូមពររបស់ព្រះបាទអេសា ហើយចាត់មេទ័ពឲ្យទៅវាយក្រុងនានារបស់ស្រុកអ៊ីស្រាអែល។ ពួកគេវាយយកក្រុងអ៊ីយ៉ូន ក្រុងដាន់ ក្រុងអេបិល-បេត-ម៉ាកា ព្រមទាំងតំបន់គីនេរ៉ែតទាំងមូល និងស្រុកណែបថាលីទាំងមូល។ 21កាលព្រះបាទបាសា ជ្រាបពីដំណឹងនេះ ទ្រង់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា ហើយយាងមកគង់នៅក្រុងធើសាវិញ។ 22ពេលនោះ ព្រះបាទអេសាប្រមូលជនជាតិយូដាទាំងមូល ឥតខ្វះអ្នកណាម្នាក់ឡើយ ដើម្បីជញ្ជូនថ្ម និងឈើ ដែលព្រះបាទបាសាប្រើសម្រាប់សង់កំពែងក្រុងរ៉ាម៉ា។ ព្រះបាទអេសាយកថ្ម និងឈើទាំងនោះទៅសង់កំពែងក្រុងកេបា ក្នុងទឹកដីបេនយ៉ាមីន និងក្រុងមីសប៉ា។
23រាជកិច្ចទាំងប៉ុន្មានរបស់ព្រះបាទអេសា គឺវីរភាពដ៏អង់អាច និងអ្វីៗទាំងប៉ុន្មានដែលស្ដេចបានប្រព្រឹត្ត ព្រមទាំងការសង់ទីក្រុងនានា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។ នៅគ្រាដែលស្ដេចមានព្រះជន្មចាស់ជរា នោះទ្រង់កើតរោគានៅព្រះបាទា។ 24កាលព្រះបាទអេសាសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ ជាអយ្យកោ។ ព្រះបាទយ៉ូសាផាត ជាបុត្រ បានឡើងស្នងរាជ្យ។
ព្រះបាទណាដាប់សោយរាជ្យនៅស្រុកអ៊ីស្រាអែល
25នៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទណាដាប់ ជាបុត្រព្រះបាទយេរ៉ូបោម បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានពីរឆ្នាំ។ 26ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ និងដើរតាមផ្លូវរបស់បិតា គឺទ្រង់ប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ។
27លោកបាសាជាកូនរបស់លោកអហ៊ីយ៉ា ក្នុងកុលសម្ព័ន្ធអ៊ីសាខារ បានក្បត់ព្រះបាទណាដាប់ ហើយធ្វើគុតស្ដេចនៅគីបថោន ជាក្រុងរបស់ពួកភីលីស្ទីន ក្នុងគ្រាដែលស្ដេច និងកងទ័ពអ៊ីស្រាអែលទាំងមូលកំពុងឡោមព័ទ្ធក្រុងនោះ។ 28លោកបាសាធ្វើគុតស្ដេច នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ហើយឡើងសោយរាជ្យជំនួស។ 29#១ពង្ស. ១៤.១០ពេលឡើងគ្រងរាជ្យហើយ ព្រះបាទបាសាប្រហារជីវិតរាជវង្សរបស់ព្រះបាទយេរ៉ូបោមទាំងអស់ គ្មានទុកឲ្យសល់អ្នកណាម្នាក់ឡើយ គឺបំផ្លាញឲ្យផុតពូជ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងតាមរយៈព្យាការីអហ៊ីយ៉ា នៅស៊ីឡូ។ 30ហេតុការណ៍នេះកើតមាន ព្រោះតែអំពើបាបដែលព្រះបាទយេរ៉ូបោមប្រព្រឹត្ត ហើយនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ ជាហេតុបណ្ដាលឲ្យព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលទ្រង់ព្រះពិរោធ។
31រាជកិច្ចផ្សេងៗរបស់ព្រះបាទណាដាប់ និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
32ព្រះបាទអេសា និងព្រះបាទបាសា ជាស្ដេចស្រុកអ៊ីស្រាអែល តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមក អស់មួយរជ្ជកាលស្ដេចទាំងពីរ។
ព្រះបាទបាសាសោយរាជ្យនៅស្រុកអ៊ីស្រាអែល
33នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទបាសា ជាកូនរបស់លោកអហ៊ីយ៉ា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល នៅក្រុងធើសា អស់រយៈពេលម្ភៃបួនឆ្នាំ។ 34ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ និងដើរតាមផ្លូវរបស់ព្រះបាទយេរ៉ូបោម គឺទ្រង់ប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ។
ទើបបានជ្រើសរើសហើយ៖
១ ពង្សាវតារក្សត្រ 15: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.