១ ពង្សាវតារក្សត្រ 16

16
1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ព្រះ‌បាទ​បាសា តាម​រយៈ​ព្យាការី​យេហ៊ូវ ជា​កូន​របស់​លោក​ហាណា‌នី​ថា៖ 2«យើង​បាន​លើក​អ្នក​ពី​ធូលី​ដី ហើយ​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។ ប៉ុន្តែ អ្នក​ដើរ​តាម​ផ្លូវ​របស់​យេរ៉ូ‌បោម ហើយ​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​ប្រព្រឹត្ត​អំពើ​បាប បណ្ដាល​ឲ្យ​យើង​ខឹង។ 3ហេតុ​នេះ យើង​នឹង​លុប​បំបាត់​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​ចោល។ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក បាន​ដូច​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ជា​កូន​របស់​នេបាត​ដែរ។ 4កូន​ចៅ​របស់​បាសា​ដែល​ស្លាប់​នៅ​ក្នុង​ទីក្រុង នឹង​ត្រូវ​ឆ្កែ​ហែក​ស៊ី ហើយ​កូន​ចៅ​ដែល​ស្លាប់​នៅ​ទី​វាល នឹង​ត្រូវ​ត្មាត​ចឹក​ស៊ី»។
5រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​បាសា គឺ​អ្វីៗ​ដែល​ទ្រង់​បាន​ប្រព្រឹត្ត និង​វីរ‌ភាព​ដ៏​អង់‌អាច​របស់​ស្ដេច សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ 6កាល​ព្រះ‌បាទ​បាសា​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​ធើសា។ ព្រះ‌បាទ​អេឡា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។ 7ព្រះ‌អម្ចាស់​ធ្លាប់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​បាសា ព្រម​ទាំង​រាជ‌វង្ស តាម​រយៈ​ព្យាការី​យេហ៊ូវ ជា​កូន​របស់​លោក​ហាណា‌នី​ដែរ ព្រោះ​ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​យ៉ាង​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដែល​បណ្ដាល​ឲ្យ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ។ ព្រះ‌បាទ​បាសា​បាន​ប្រព្រឹត្ត​អំពើ​បាប ដូច​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ដែរ។ មួយ​វិញ​ទៀត ស្ដេច​បាន​សម្លាប់​រង្គាល​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម។
ព្រះ‌បាទ​អេឡា​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល
8នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​អេឡា ជា​បុត្រ​របស់​ព្រះ‌បាទ​បាសា បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​ធើសា អស់​រយៈ​ពេល​ពីរ​ឆ្នាំ។ 9មាន​រាជ​បម្រើ​មួយ​រូប​របស់​ស្ដេច​ឈ្មោះ​លោក​ស៊ីមរី ជា​មេ​បញ្ជា​ការ​កង​រទេះ​ចម្បាំង​ចំនួន​ពាក់​កណ្ដាល បាន​ក្បត់​ព្រះ‌បាទ​អេឡា។ នៅ​គ្រា​នោះ ព្រះ‌រាជា​ស្នាក់​នៅ​ក្រុង​ធើសា កំពុង​សោយ​សុរា​ស្រវឹង នៅ​ក្នុង​ផ្ទះ​របស់​លោក​អើសា ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង។ 10លោក​ស៊ីមរី​ចូល​មក ហើយ​ធ្វើ​គុត​ស្ដេច នៅ​ក្នុង​ឆ្នាំ​ទី​ម្ភៃ​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា រួច​ឡើង​សោយ​រាជ្យ​ជំនួស​ព្រះ‌បាទ​អេឡា។ 11កាល​បាន​ឡើង​សោយ​រាជ្យ​ហើយ ព្រះ‌បាទ​ស៊ីមរី​ប្រហារ​ជីវិត​រាជ‌វង្ស​របស់​ព្រះ‌បាទ​បាសា​ទាំង​មូល ឥត​ទុក​ប្រុសៗ​ណា​ម្នាក់​ឲ្យ​នៅ​រស់​ឡើយ ទោះ​បី​ក្នុង​ចំណោម​ញាតិ​វង្ស ឬ​ក្នុង​ចំណោម​អ្នក​ជំនិត​ក្ដី។ 12ព្រះ‌បាទ​ស៊ីមរី​សម្លាប់​រង្គាល​រាជ‌វង្ស​របស់​ព្រះ‌បាទ​បាសា​ទាំង​មូល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ បាន​ថ្លែង​តាម​រយៈ​ព្យាការី​យេហ៊ូវ ទាស់​នឹង​ព្រះ‌បាទ​បាសា។ 13ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​បាសា និង​ព្រះ‌បាទ​អេឡា ជា​បុត្រ បាន​ប្រព្រឹត្ត ព្រម​ទាំង​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​ព្រះ‌ពិរោធ ដោយ‌សារ​ពួក​គេ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ។
14រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អេឡា និង​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។
ព្រះ‌បាទ​ស៊ីមរី​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល
15នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​ស៊ីមរី​ឡើង​សោយ​រាជ្យ​នៅ​ក្រុង​ធើសា បាន​ប្រាំ‌ពីរ​ថ្ងៃ។ ពេល​នោះ ពល​ទាហាន​អ៊ីស្រា‌អែល​កំពុង​បោះ​ទ័ព នៅ​ជិត​ក្រុង​គីប‌ថោន ដើម្បី​វាយ​យក​ក្រុង​នោះ​ពី​ពួក​ភីលីស្ទីន។ 16កាល​ពល​ទាហាន​បាន​ដឹង​ថា ព្រះ‌បាទ​ស៊ីមរី​ក្បត់​ព្រះ‌បាទ​អេឡា ព្រម​ទាំង​ធ្វើ​គុត​ស្ដេច​ទៀត​ផង​នោះ ពួក​គេ​ក៏​តែង‌តាំង​លោក​មេ‌ទ័ព​អូមរី ជា​ស្ដេច​លើ​អ៊ីស្រា‌អែល។ 17ព្រះ‌បាទ​អូមរី និង​កង‌ទ័ព​អ៊ីស្រា‌អែល​ដែល​នៅ​ជា​មួយ ក៏​ចេញ​ពី​ក្រុង​គីប‌ថោន​មក​ឡោម‌ព័ទ្ធ​ក្រុង​ធើសា។ 18កាល​ព្រះ‌បាទ​ស៊ីមរី​ឃើញ​ថា គេ​ដណ្ដើម​យក​ទីក្រុង​បាន​ហើយ ស្ដេច​ក៏​យាង​ចូល​ក្នុង​ប៉ម​មួយ​នៅ​ក្នុង​វាំង រួច​យក​ភ្លើង​ដុត​ប៉ម ហើយ​សុគត​ក្នុង​នោះ​ទៅ។ 19ស្ដេច​សុគត​ដូច្នេះ ព្រោះ​តែ​អំពើ​បាប និង​អំពើ​អាក្រក់​ដែល​ទ្រង់​បាន​ប្រព្រឹត្ត មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ គឺ​ទ្រង់​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ដោយ​ប្រព្រឹត្ត​អំពើ​បាប ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។
20រាជ​កិច្ច​ផ្សេងៗ និង​អំពើ​ក្បត់​របស់​ព្រះ‌បាទ​ស៊ីមរី សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។
21គ្រា​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​បាក់​បែក​គ្នា​ជា​ពីរ​ក្រុម ក្រុម​មួយ​ចង់​លើក​លោក​ធីបនី ជា​កូន​របស់​លោក​គីណាត ឡើង​ជា​ស្ដេច ក្រុម​មួយ​ទៀត​ចង់​លើក​លោក​មេ‌ទ័ព​អូមរី​វិញ។ 22ក្រុម​ដែល​គាំទ្រ​លោក​មេ‌ទ័ព​អូមរី​មាន​ប្រៀប​ជាង​ក្រុម​ដែល​គាំទ្រ​លោក​ធីបនី ជា​កូន​របស់​លោក​គីណាត លោក​ធីបនី​ក៏​ស្លាប់ ហើយ​លោក​មេ‌ទ័ព​អូមរី​ឡើង​សោយ​រាជ្យ។
ព្រះ‌បាទ​អូមរី​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល
23នៅ​ឆ្នាំ​ទី​សាម‌សិប​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​អូមរី​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ដប់‌ពីរ​ឆ្នាំ គឺ​ទ្រង់​សោយ​រាជ្យ​បាន​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​ធើសា 24រួច​ស្ដេច​ទិញ​ភ្នំ​សាម៉ារី​ពី​លោក​សេមើរ តម្លៃ​ប្រាក់​មួយ​ពាន់​ប្រាំ​បី​រយ​តម្លឹង។ ស្ដេច​សង់​ក្រុង​មួយ​នៅ​លើ​ភ្នំ​នោះ ហើយ​ដាក់​ឈ្មោះ​ថា ក្រុង​សាម៉ារី តាម​ឈ្មោះ​របស់​លោក​សេមើរ ជា​ម្ចាស់​ភ្នំ​នេះ។
25ព្រះ‌បាទ​អូមរី​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ គឺ​អាក្រក់​លើស​ពី​ស្ដេច​មុនៗ​ទៅ​ទៀត។ 26ស្ដេច​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ឥត​ចន្លោះ​ត្រង់​ណា​ឡើយ គឺ​ស្ដេច​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ៊ីស្រា‌អែល ទ្រង់​ព្រះ‌ពិរោធ ដោយ​ពួក​គេ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​ដ៏​ឥត​បាន​ការ។
27រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​អូមរី គឺ​អ្វីៗ​ដែល​ស្ដេច​បាន​ប្រព្រឹត្ត និង​វីរ‌ភាព​ដ៏​អង់‌អាច​របស់​ស្ដេច សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ 28កាល​ព្រះ‌បាទ​អូមរី​សោយ​ទិវង្គត​ទៅ គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី។ ព្រះ‌បាទ​អហាប់ ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។
ព្រះ‌បាទ​អហាប់​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល
29នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​អហាប់ ជា​បុត្រ​របស់​ព្រះ‌បាទ​អូមរី ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។ 30ព្រះ‌បាទ​អហាប់ ជា​បុត្រ​របស់​ព្រះ‌បាទ​អូមរី បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ លើស​ស្ដេច​មុនៗ​ទៅ​ទៀត។ 31ស្ដេច​មិន​គ្រាន់​តែ​ប្រព្រឹត្ត​អំពើ​បាប ដូច​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​ប៉ុណ្ណោះ​ទេ គឺ​ទ្រង់​បាន​រៀប​អភិ‌សេក​ជា​មួយ​ព្រះ‌នាង​យេសិ‌បិល ជា​បុត្រី​របស់​ព្រះ‌បាទ​អេត‌បាល ជា​ស្ដេច​ស្រុក​ស៊ីដូន ហើយ​បែរ​ទៅ​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​បាល​ថែម​ទៀត​ផង។ 32ស្ដេច​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ​បាល ក្នុង​វិហារ​របស់​ព្រះ​បាល​ដែល​ស្ដេច​បាន​សង់​នៅ​ក្រុង​សាម៉ារី។ 33ព្រះ‌បាទ​អហាប់​ក៏​បាន​សង់​បង្គោល​ព្រះ​អាសេ‌រ៉ា ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​លើស​ពី​ស្ដេច​អ៊ីស្រា‌អែល​មុនៗ បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​ព្រះ‌ពិរោធ។
34 នៅ​ជំនាន់​នោះ លោក​ហ៊ីអែល​ជា​អ្នក​ស្រុក​បេត‌អែល សង់​កំពែង​ក្រុង​យេរីខូ​ឡើង​វិញ។ កាល​គាត់​ចាក់​គ្រឹះ នោះ​អប៊ី‌រ៉ាម​ជា​កូន​ប្រុស​ច្បង​ក៏​ស្លាប់ ហើយ​កាល​គាត់​ដាក់​ទ្វារ​ក្រុង​ឡើង នោះ​សេគូប​ជា​កូន​ប្រុស​ពៅ​ក៏​ស្លាប់​ដែរ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង តាម​រយៈ​លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នូន។

ទើបបានជ្រើសរើសហើយ៖

១ ពង្សាវតារក្សត្រ 16: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល