១ ពង្សាវតារក្សត្រ 15

15
1លុះ​ដល់​ឆ្នាំ​ទី​១៨ ក្នុង​រាជ្យ​យេរ៉ូ‌បោម ជា​បុត្រ​នេបាត នោះ​អ័ប៊ីយ៉ា​ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង​នៅ​ស្រុក​យូដា 2ទ្រង់​គ្រង​រាជ្យ​បាន​៣​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡិម ឯ​មាតា ព្រះ‌នាម​ជា​ម្អាកា បុត្រី​អ័ប៊ី‌សា‌ឡូម 3ទ្រង់​ក៏​ប្រព្រឹត្ត​តាម​អស់​ទាំង​អំពើ​បាប ដែល​ព្រះ‌បិតា​បាន​ប្រព្រឹត្ត​ពី​មុន​មក​ដែរ ព្រះ‌ទ័យ​ទ្រង់​មិន​បាន​ស្មោះ‌ត្រង់ ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ព្រះ‌ទ័យ​ដាវីឌ ជា​ឰយុកោ​ទ្រង់​ទេ 4ប៉ុន្តែ ដោយ​ព្រោះ​យល់​ដល់​ដាវីឌ បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ បាន​ប្រទាន​ឲ្យ​មាន​ចង្កៀង​១​ភ្លឺ នៅ​ក្រុង​យេរូ‌សាឡិម គឺ​បាន​តាំង​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា ដើម្បី​នឹង​ប្រោស​ឲ្យ​ក្រុង​យេរូ‌សាឡិម​នៅ​ជាប់​ត​ទៅ 5ពី​ព្រោះ​ដាវីឌ​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដោយ​ឥត​បែរ​ចេញ ពី​សេចក្ដី​បង្គាប់​ណា​មួយ​របស់​ទ្រង់ ដរាប​ដល់អស់​ព្រះ‌ជន្ម លើក​តែ​ក្នុង​រឿង​ពី​អ៊ូរី ជា​សាសន៍​ហេត​ប៉ុណ្ណោះ 6ឯ​រេហូ‌បោម នឹង​យេរ៉ូ‌បោម ទ្រង់​ចេះ​តែ​ច្បាំង​គ្នា​ដរាប​ដល់​អស់​ព្រះ‌ជន្ម។
7រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ប៊ីយ៉ា នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​នៃ​ពួក​ស្តេច​យូដា​ហើយ អ័ប៊ីយ៉ា នឹង​យេរ៉ូ‌បោម ក៏​តែង‌តែ​ច្បាំង​គ្នា 8អ័ប៊ីយ៉ា​ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ទី​ក្រុង​របស់​ដាវីឌ រួច​អេសា​ជា​ព្រះ‌រាជ‌បុត្រា ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។
9លុះ​ដល់​ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​យេរ៉ូ‌បោម ជា​ស្តេច​ពួក​អ៊ីស្រាអែល នោះ​អេសា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នៅ​ស្រុក​យូដា 10ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៤១​ឆ្នាំ ឯ​មាតាទ្រង់ ព្រះ‌នាម​ជា​ម្អាកា បុត្រី​អ័ប៊ី‌សា‌ឡូម 11អេសា​នេះ​ទ្រង់​បាន​ប្រព្រឹត្ត​ទៀង​ត្រង់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​ដាវីឌ ជា​ឰយុកោ​ទ្រង់​ដែរ 12ទ្រង់​កំចាត់​ពួក​កូន​ជឹង​ពី​នគរ​ចេញ ក៏​បំបាត់​អស់​ទាំង​រូប​ព្រះ ដែល​វង្សា‌នុវង្ស​ទ្រង់​បាន​ធ្វើ​បង់ 13ទ្រង់​ដក​ម្អាកា ជា​មាតា ពី​ដំណែង​ជា​មាតា​ហ្លួង ដោយ​ព្រោះ​ព្រះ‌នាង​បាន​ធ្វើ​រូប​១ ដែល​គួរ​ស្អប់​ខ្ពើម ទុក​សំរាប់​ជា​ព្រះ ហើយ​អេសា​ក៏​កាប់​រូប​នោះ យក​ទៅ​ដុត​នៅ​ត្រង់​ជ្រោះ​កេដ្រុន 14តែ​ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នោះ​មិន​បាន​បំបាត់​ចេញ​ទេ ប៉ុន្តែទ្រង់​មាន​ព្រះ‌ទ័យ​ស្មោះ‌ត្រង់ ដល់​ព្រះ‌យេហូវ៉ា រហូត​ដល់​អស់​ព្រះ‌ជន្ម 15ហើយ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បិតា​បាន​ថ្វាយ នឹង​របស់​ដែល​អង្គ​ទ្រង់​បាន​ថ្វាយ គឺ​ជា​ប្រាក់ មាស នឹង​គ្រឿង​ប្រដាប់​ផ្សេងៗ នោះ​ទ្រង់​ក៏​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។
16អេសា​នេះ នឹង​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រាអែល ទ្រង់​ច្បាំង​គ្នា រហូត​ដល់​អស់​ព្រះ‌ជន្ម 17ឯ​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រាអែល ទ្រង់​ឡើង​ទៅ​ទាស់​នឹង​ពួក​យូដា ក៏​សង់​ក្រុង​រ៉ាម៉ា​ឡើង ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ចេញ​ចូល​ទៅ​ខាង​អេសា ជា​ស្តេច​ស្រុក​យូដា​បាន​ឡើយ 18ដូច្នេះ អេសា​ទ្រង់​យក​អស់​ទាំង​ប្រាក់​មាស ដែល​នៅ​សល់​ក្នុង​ឃ្លាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា នឹង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ដំណាក់​ស្តេច ប្រគល់​ទៅ​ក្នុង​ដៃ​នៃ​ពួក​មហា‌តលិក​ទ្រង់ ចាត់​គេ​ទៅ​ឯ​បេន-ហា‌ដាឌ់ ជា​បុត្រ​ថា​បរីម៉ូន ដែល​ជា​បុត្រ​ហេស‌យ៉ូន ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ដោយ​ពាក្យ​ថា 19ទ្រង់ ហើយ​នឹង​ទូលបង្គំ​មាន​សេចក្ដី​សញ្ញា​នឹង​គ្នា​មក​ហើយ ព្រម​ទាំង​ព្រះ‌បិតា​ទូលបង្គំ នឹង​ព្រះ‌បិតា​របស់​ទ្រង់​ផង នោះ​នែ ទូលបង្គំ​ផ្ញើ​ដង្វាយ ជា​ប្រាក់មាសមក​ថ្វាយ​ដល់​ទ្រង់ សូម​ឲ្យ​ទ្រង់​ទៅ​ផ្តាច់​សេចក្ដី​សញ្ញា ដែល​ទ្រង់​មាន​ចំពោះ​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រាអែល​ទៅ ដើម្បី​ឲ្យ​គេ​ថយ​ពី​ទូលបង្គំ​ចេញ 20បេន-ហា‌ដាឌ់​ក៏​ស្តាប់​តាម​ស្តេច​អេសា ទ្រង់​ចាត់​ពួក​ពល‌ទ័ព​ទៅ​ច្បាំង​នឹង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​អ៊ីស្រាអែល គេ​ក៏​វាយ​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ នឹង​ក្រុង​អេបិល-បេត-ម្អាកា ព្រម​ទាំង​ស្រុក​គីនេ‌រ៉ែត​ទាំង​មូល ហើយ​ស្រុក​ណែប‌ថាលី​ទាំង​អស់ 21កាល​ប្អាសា​បាន​ជ្រាប នោះ​ទ្រង់​ក៏​លែង​សង់​ក្រុង​រ៉ាម៉ា ទៅ​អាស្រ័យ​នៅ​ឯ​ក្រុង​ធើសា​វិញ 22គ្រា​នោះ ស្តេច​អេសា​ទ្រង់​ចេញ​ព្រះ‌រាជ‌ឱង្ការ ប្រកាស​ដល់​ពួក​យូដា​ទាំង​អស់​គ្នា ឥត​ប្រោស​ទុក​អ្នក​ណា​មួយ​ឡើយ ហើយ​គេ​ក៏​ទៅ​យក​ទាំង​ថ្មនឹង​ឈើ ដែល​ប្អាសា​បាន​ប្រើ ដើម្បី​នឹង​សង់​ក្រុង​រ៉ាម៉ា​មក រួច​ស្តេច​អេសា​ក៏​យក​ទៅ​សង់​ក្រុង​កេបា​នៅ​ខែត្រ​បេន‌យ៉ាមីន ព្រម​ទាំង​ក្រុង​មីសប៉ា​វិញ។
23រីឯ​ដំណើរ​ឯ​ទៀត ពី​អេសា នឹង​អំណាច​របស់​ទ្រង់ ហើយ​ការ​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ទី​ក្រុង​ទាំង​អស់​ដែល​ទ្រង់​បាន​សង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ តែ​កាល​ស្តេច​ទ្រង់​ព្រះ‌ជរា​ហើយ នោះ​ក៏​កើត​ព្រះ‌រោគ​ឡើង​ត្រង់​ព្រះ‌បាទ 24អេសា ទ្រង់​ក៏​ផ្ទំ​លក់​ទៅ​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់ នៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ ក្នុង​ទី​ក្រុង​របស់​ដាវីឌ ជា​ឰយុកោ រួច​យ៉ូសា‌ផាត ជា​ព្រះ‌រាជ‌បុត្រា​ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។
25លុះ​ដល់​ឆ្នាំ​ទី​២ ក្នុង​រាជ្យ​អេសា ជា​ស្តេច​ស្រុក​យូដា នោះ​ណាដាប ជា​ព្រះ‌រាជ‌បុត្រា​យេរ៉ូ‌បោម ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ នៅ​ស្រុក​អ៊ីស្រាអែល ទ្រង់​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល​បាន​២​ឆ្នាំ 26ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ប្រតិ‌បត្តិ​តាម​ផ្លូវ នឹង​តាម​អំពើ​បាប​របស់​ព្រះ‌បិតា ជា​ការ​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​ដែរ 27រួច​ប្អាសា ជា​កូន​អ័ហ៊ីយ៉ា ក្នុង​ពូជ​អំបូរ​អ៊ីសាខារ ក៏​ក្បត់​ទ្រង់ ហើយ​ប្រហារ​សំឡាប់​ទ្រង់​នៅ​ត្រង់​គីប‌ថោន ជា​ទី​ក្រុង​របស់​ពួក​ភីលីស្ទីន​ទៅ ដ្បិត​នៅ​គ្រា​នោះ ណាដាប នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់ គេ​កំពុង​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​គីប‌ថោន 28គឺ​នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​អេសា​ជា​ស្តេច​ស្រុក​យូដា ដែល​ប្អាសា​បាន​ធ្វើ​គុត​ណាដាប រួច​ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​ទ្រង់ 29លុះ​បាន​តាំង​ឡើង​ជា​ស្តេច​ហើយ នោះ​ទ្រង់​ក៏​ប្រហារ​ជីវិត​នៃ​ពួក​វង្សា​របស់​យេរ៉ូ‌បោម​ទាំង​អស់​បង់ ឥត​មាន​ទុក​ឲ្យ​ពូជ‌ពង្ស​យេរ៉ូ‌បោម​ណា​មួយ មាន​ដង្ហើម​នៅ​រស់​ទៀត​ឡើយ រហូត​ដល់​បាន​ធ្វើ​ឲ្យ​វិនាស​អស់​រលីង​ទៅ តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល ដោយ‌សារ​អ័ហ៊ីយ៉ា ជា​អ្នក​បំរើ​ទ្រង់ ដែល​នៅ​ក្រុង​ស៊ីឡូរ 30ដោយ​ព្រោះ​អំពើ​បាប​ដែល​យេរ៉ូ‌បោម​បាន​ធ្វើ ព្រម​ទាំងនាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ប្រព្រឹត្ត​តាម​ដែរ ជា​អំពើ​ដែល​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល មាន​សេចក្ដី​ក្រោធ។
31រីឯ​ដំណើរ​ឯ​ទៀត​ពី​ណាដាប នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ 32អេសា នឹង​ប្អាសា ជា​ស្តេច​អ៊ីស្រាអែល ក៏​ច្បាំង​គ្នា​ដរាប​ដល់​អស់​ព្រះ‌ជន្ម។
33លុះ​ដល់​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​ប្អាសា ជា​កូន​អ័ហ៊ីយ៉ា ចាប់​តាំង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល​នៅ​ក្រុង​ធើសា ទ្រង់​បាន​សោយ‌រាជ្យ​អស់​២៤​ឆ្នាំ 34ទ្រង់​ក៏​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​បាន​ប្រតិ‌បត្តិ​តាម​ផ្លូវ នឹង​អំពើ​បាប ដែល​យេរ៉ូ‌បោម​បាន​ធ្វើ ជា​ការ​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​ដែរ។

ទើបបានជ្រើសរើសហើយ៖

១ ពង្សាវតារក្សត្រ 15: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល