១ ពង្សាវតារក្សត្រ 15:15-25

១ ពង្សាវតារក្សត្រ 15:15-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហើយ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​បិតា​បាន​ថ្វាយ និង​របស់​ដែល​អង្គ​ទ្រង់​បាន​ថ្វាយ គឺ​ជា​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ផ្សេងៗ ទ្រង់​ក៏​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។ អេសា​នេះ និង​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ទ្រង់​ច្បាំង​គ្នា រហូត​ដល់​អស់​ព្រះ‌ជន្ម ឯ​ប្អាសា​ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ទ្រង់​ឡើង​ទៅ​ទាស់​នឹង​ពួក​យូដា ក៏​សង់​ក្រុង​រ៉ាម៉ា​ឡើង ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ចេញ​ចូល​ទៅ​ខាង​អេសា ជា​ស្តេច​ស្រុក​យូដា​បាន​ឡើយ ដូច្នេះ អេសា​យក​អស់​ទាំង​ប្រាក់​មាស ដែល​នៅ​សល់​ក្នុង​ឃ្លាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា និង​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ដំណាក់​ស្តេច ប្រគល់​ទៅ​ក្នុង​ដៃ​នៃ​ពួក​មហា‌តលិក​ទ្រង់ ចាត់​គេ​ទៅ​ឯ​បេន-ហាដាដ ជា​បុត្រ​ថា​បរីម៉ូន ដែល​ជា​បុត្រ​ហេស‌យ៉ូន ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ដោយ​ពាក្យ​ថា៖ «ទ្រង់ និង​ទូល‌បង្គំ​មាន​សេចក្ដី​សញ្ញា​នឹង​គ្នា​មក​ហើយ ព្រម​ទាំង​បិតា​ទូល‌បង្គំ និង​បិតា​របស់​ទ្រង់​ផង។ ទូល‌បង្គំ​សូម​ផ្ញើ​តង្វាយ ជា​ប្រាក់ មាស មក​ថ្វាយ​ដល់​ទ្រង់ សូម​ឲ្យ​ទ្រង់​ទៅ​ផ្តាច់​សេចក្ដី​សញ្ញា ដែល​ទ្រង់​មាន​ចំពោះ​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ទៅ ដើម្បី​ឲ្យ​គេ​ថយ​ចេញ​ពី​ទូល‌បង្គំ»។ បេន-ហាដាដ​ក៏​ស្តាប់​តាម​ស្តេច​អេសា ទ្រង់​ចាត់​ពួក​ពល‌ទ័ព​ទៅ​ច្បាំង​នឹង​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អ៊ីស្រា‌អែល គេ​ក៏​វាយ​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ និង​ក្រុង​អេបិល-បេត-ម្អាកា ព្រម​ទាំង​ស្រុក​គីនេ‌រ៉ែត​ទាំង​មូល ហើយ​ស្រុក​ណែប‌ថា‌លី​ទាំង​អស់ កាល​ប្អាសា​បាន​ជ្រាប ទ្រង់​ក៏​លែង​សង់​ក្រុង​រ៉ាម៉ា ទៅ​អាស្រ័យ​នៅ​ឯ​ក្រុង​ធើសា​វិញ គ្រា​នោះ ស្តេច​អេសា​ចេញ​រាជ‌ឱង្ការ​ប្រកាស​ដល់​ពួក​យូដា​ទាំង​អស់​គ្នា ឥត​ទុក​អ្នក​ណា​មួយ​ឡើយ ហើយ​គេ​ក៏​ទៅ​យក​ទាំង​ថ្ម និង​ឈើ​ដែល​ប្អាសា​បាន​ប្រើ ដើម្បី​នឹង​សង់​ក្រុង​រ៉ាម៉ា​មក រួច​ស្តេច​អេសា​ក៏​យក​ទៅ​សង់​ក្រុង​កេបា​នៅ​ខេត្ត​បេនយ៉ាមីន ព្រម​ទាំង​ក្រុង​មីស‌ប៉ា​វិញ។ ឯ​កិច្ច‌ការ​ផ្សេងៗ​ទៀត ដែល​អេសា​បាន​ធ្វើ និង​អំណាច​របស់​ទ្រង់ ព្រម​ទាំង​ទី​ក្រុង​ទាំង​អស់​ដែល​ទ្រង់​បាន​សង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ហើយ តែ​កាល​ស្ដេច​ព្រះ‌ជរា​ហើយ ក៏​កើត​ព្រះ‌រោគ​ឡើង​ត្រង់​ព្រះ‌បាទ អេសា​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ គេ​បញ្ចុះ​សព​ទ្រង់​ជា​មួយ​នឹង​បុព្វ‌បុរស​របស់​ទ្រង់ ក្នុង​ទី​ក្រុង​របស់​ដាវីឌ ជា​បុព្វបុរស ហើយ​យេ‌ហូសា‌ផាត ជា​‌បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។ ណា‌ដាប​ជា​បុត្រា​យេរ៉ូ‌បោម ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល នៅ​ឆ្នាំ​ទី​ពីរ ក្នុង​រាជ្យ​អេសា​ជា​ស្តេច​ស្រុក​យូដា ទ្រង់​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល​បាន​ពីរ​ឆ្នាំ។

១ ពង្សាវតារក្សត្រ 15:15-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ស្ដេច​បាន​នាំ​តង្វាយ ដែល​បិតា និង​ស្ដេច​ផ្ទាល់ បាន​ញែក​ជា​របស់​សក្ការៈ គឺ​មាន​គ្រឿង​មាស ប្រាក់ និង​វត្ថុ​ផ្សេងៗ​ទៀត ទៅ​ទុក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ព្រះ‌បាទ​អេសា និង​ព្រះ‌បាទ​បាសា​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល តែងតែ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ស្ដេច​ទាំង​ពីរ។ ព្រះ‌បាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល លើក​ទ័ព​មក​វាយ​ស្រុក​យូដា ហើយ​សង់​កំពែង​ជុំ‌វិញ​ក្រុង​រ៉ាម៉ា ដើម្បី​កុំ​ឲ្យ​ប្រជា‌ជន​របស់​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា អាច​ចេញ​ចូល​បាន។ ព្រះ‌បាទ​អេសា​បាន​ប្រមូល​មាស​ប្រាក់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ឃ្លាំង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ក្នុង​ឃ្លាំង​ព្រះ​រាជ‌វាំង ប្រគល់​ទៅ​ឲ្យ​ពួក​រាជ​បម្រើ ហើយ​ចាត់​ពួក​គេ​ឲ្យ​ទៅ​គាល់​ព្រះ‌បាទ​បេន-‌ហា‌ដាដ ជា​បុត្រ​របស់​ព្រះ‌បាទ​ថាប‌រីម៉ូន ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​ហេស‌យ៉ូន ស្ដេច​ស្រុក​ស៊ីរី ដែល​គង់​នៅ​ក្រុង​ដាម៉ាស ទូល​ថា៖ «ទូលបង្គំ​សូម​ចង​សម្ពន្ធ​មិត្ត​ជា​មួយ​ព្រះ‌ករុណា ដូច​បិតា​របស់​ទូលបង្គំ​បាន​ចង​ជា​មួយ​បិតា​របស់​ព្រះ‌ករុណា​ដែរ។ ទូលបង្គំ​សូម​ផ្ញើ​មាស និង​ប្រាក់​នេះ​មក​ថ្វាយ​ព្រះ‌ករុណា។ សូម​ព្រះ‌ករុណា​ផ្ដាច់​ចំណង​សម្ពន្ធ​មិត្ត​ជា​មួយ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទៅ ដើម្បី​កុំ​ឲ្យ​ស្ដេច​នោះ​លើក​ទ័ព​មក​វាយ​ទូលបង្គំ»។ ព្រះ‌បាទ​បេនហា‌ដាដ​យល់​ព្រម​តាម​សំណូម‌ពរ​របស់​ព្រះ‌បាទ​អេសា ហើយ​ចាត់​មេ‌ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​នានា​របស់​ស្រុក​អ៊ីស្រា‌អែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-‌បេត-‌ម៉ាកា ព្រម​ទាំង​តំបន់​គីនេ‌រ៉ែត​ទាំង​មូល និង​ស្រុក​ណែប‌ថាលី​ទាំង​មូល។ កាល​ព្រះ‌បាទ​បាសា ជ្រាប​ពី​ដំណឹង​នេះ ទ្រង់​ក៏​ឈប់​សង់​កំពែង​ក្រុង​រ៉ាម៉ា ហើយ​យាង​មក​គង់​នៅ​ក្រុង​ធើសា​វិញ។ ពេល​នោះ ព្រះ‌បាទ​អេសា​ប្រមូល​ជន‌ជាតិ​យូដា​ទាំង​មូល ឥត​ខ្វះ​អ្នក​ណា​ម្នាក់​ឡើយ ដើម្បី​ជញ្ជូន​ថ្ម និង​ឈើ ដែល​ព្រះ‌បាទ​បាសា​ប្រើ​សម្រាប់​សង់​កំពែង​ក្រុង​រ៉ាម៉ា។ ព្រះ‌បាទ​អេសា​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​កំពែង​ក្រុង​កេបា ក្នុង​ទឹក​ដី​បេន‌យ៉ាមីន និង​ក្រុង​មីសប៉ា។ រាជ​កិច្ច​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​អេសា គឺ​វីរ‌ភាព​ដ៏​អង់‌អាច និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ប្រព្រឹត្ត ព្រម​ទាំង​ការ​សង់​ទីក្រុង​នានា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ នៅ​គ្រា​ដែល​ស្ដេច​មាន​ព្រះ‌ជន្ម​ចាស់​ជរា នោះ​ទ្រង់​កើត​រោគា​នៅ​ព្រះ‌បាទា។ កាល​ព្រះ‌បាទ​អេសា​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ។ ព្រះ‌បាទ​យ៉ូសា‌ផាត ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។ នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​ណាដាប់ ជា​បុត្រ​ព្រះ‌បាទ​យេរ៉ូ‌បោម បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ។

១ ពង្សាវតារក្សត្រ 15:15-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បិតា​បាន​ថ្វាយ នឹង​របស់​ដែល​អង្គ​ទ្រង់​បាន​ថ្វាយ គឺ​ជា​ប្រាក់ មាស នឹង​គ្រឿង​ប្រដាប់​ផ្សេងៗ នោះ​ទ្រង់​ក៏​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។ អេសា​នេះ នឹង​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រាអែល ទ្រង់​ច្បាំង​គ្នា រហូត​ដល់​អស់​ព្រះ‌ជន្ម ឯ​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រាអែល ទ្រង់​ឡើង​ទៅ​ទាស់​នឹង​ពួក​យូដា ក៏​សង់​ក្រុង​រ៉ាម៉ា​ឡើង ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ចេញ​ចូល​ទៅ​ខាង​អេសា ជា​ស្តេច​ស្រុក​យូដា​បាន​ឡើយ ដូច្នេះ អេសា​ទ្រង់​យក​អស់​ទាំង​ប្រាក់​មាស ដែល​នៅ​សល់​ក្នុង​ឃ្លាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា នឹង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ដំណាក់​ស្តេច ប្រគល់​ទៅ​ក្នុង​ដៃ​នៃ​ពួក​មហា‌តលិក​ទ្រង់ ចាត់​គេ​ទៅ​ឯ​បេន-ហា‌ដាឌ់ ជា​បុត្រ​ថា​បរីម៉ូន ដែល​ជា​បុត្រ​ហេស‌យ៉ូន ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ដោយ​ពាក្យ​ថា ទ្រង់ ហើយ​នឹង​ទូលបង្គំ​មាន​សេចក្ដី​សញ្ញា​នឹង​គ្នា​មក​ហើយ ព្រម​ទាំង​ព្រះ‌បិតា​ទូលបង្គំ នឹង​ព្រះ‌បិតា​របស់​ទ្រង់​ផង នោះ​នែ ទូលបង្គំ​ផ្ញើ​ដង្វាយ ជា​ប្រាក់មាសមក​ថ្វាយ​ដល់​ទ្រង់ សូម​ឲ្យ​ទ្រង់​ទៅ​ផ្តាច់​សេចក្ដី​សញ្ញា ដែល​ទ្រង់​មាន​ចំពោះ​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រាអែល​ទៅ ដើម្បី​ឲ្យ​គេ​ថយ​ពី​ទូលបង្គំ​ចេញ បេន-ហា‌ដាឌ់​ក៏​ស្តាប់​តាម​ស្តេច​អេសា ទ្រង់​ចាត់​ពួក​ពល‌ទ័ព​ទៅ​ច្បាំង​នឹង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​អ៊ីស្រាអែល គេ​ក៏​វាយ​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ នឹង​ក្រុង​អេបិល-បេត-ម្អាកា ព្រម​ទាំង​ស្រុក​គីនេ‌រ៉ែត​ទាំង​មូល ហើយ​ស្រុក​ណែប‌ថាលី​ទាំង​អស់ កាល​ប្អាសា​បាន​ជ្រាប នោះ​ទ្រង់​ក៏​លែង​សង់​ក្រុង​រ៉ាម៉ា ទៅ​អាស្រ័យ​នៅ​ឯ​ក្រុង​ធើសា​វិញ គ្រា​នោះ ស្តេច​អេសា​ទ្រង់​ចេញ​ព្រះ‌រាជ‌ឱង្ការ ប្រកាស​ដល់​ពួក​យូដា​ទាំង​អស់​គ្នា ឥត​ប្រោស​ទុក​អ្នក​ណា​មួយ​ឡើយ ហើយ​គេ​ក៏​ទៅ​យក​ទាំង​ថ្មនឹង​ឈើ ដែល​ប្អាសា​បាន​ប្រើ ដើម្បី​នឹង​សង់​ក្រុង​រ៉ាម៉ា​មក រួច​ស្តេច​អេសា​ក៏​យក​ទៅ​សង់​ក្រុង​កេបា​នៅ​ខែត្រ​បេន‌យ៉ាមីន ព្រម​ទាំង​ក្រុង​មីសប៉ា​វិញ។ រីឯ​ដំណើរ​ឯ​ទៀត ពី​អេសា នឹង​អំណាច​របស់​ទ្រង់ ហើយ​ការ​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ទី​ក្រុង​ទាំង​អស់​ដែល​ទ្រង់​បាន​សង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ តែ​កាល​ស្តេច​ទ្រង់​ព្រះ‌ជរា​ហើយ នោះ​ក៏​កើត​ព្រះ‌រោគ​ឡើង​ត្រង់​ព្រះ‌បាទ អេសា ទ្រង់​ក៏​ផ្ទំ​លក់​ទៅ​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់ នៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ ក្នុង​ទី​ក្រុង​របស់​ដាវីឌ ជា​ឰយុកោ រួច​យ៉ូសា‌ផាត ជា​ព្រះ‌រាជ‌បុត្រា​ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។ លុះ​ដល់​ឆ្នាំ​ទី​២ ក្នុង​រាជ្យ​អេសា ជា​ស្តេច​ស្រុក​យូដា នោះ​ណាដាប ជា​ព្រះ‌រាជ‌បុត្រា​យេរ៉ូ‌បោម ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ នៅ​ស្រុក​អ៊ីស្រាអែល ទ្រង់​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល​បាន​២​ឆ្នាំ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ