១ ពង្សាវតារក្សត្រ 15:1-18
១ ពង្សាវតារក្សត្រ 15:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះដល់ឆ្នាំទីដប់ប្រាំបី ក្នុងរាជ្យយេរ៉ូបោម ជាបុត្រនេបាត នោះអ័ប៊ីយ៉ាក៏ឡើងសោយរាជ្យនៅស្រុកយូដា ទ្រង់គ្រងរាជ្យបានបីឆ្នាំនៅក្រុងយេរូសាឡិម ឯមាតា ព្រះនាមម្អាកា បុត្រីអ័ប៊ីសាឡូម ទ្រង់ក៏ប្រព្រឹត្តតាមអស់ទាំងអំពើបាប ដែលបិតាបានប្រព្រឹត្តពីមុនមកដែរ ព្រះហឫទ័យទ្រង់មិនបានស្មោះត្រង់ ដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដូចជាព្រះហឫទ័យដាវីឌ ជាបុព្វបុរសរបស់ទ្រង់ទេ។ ប៉ុន្តែ ដោយព្រោះយល់ដល់ដាវីឌ បានជាព្រះយេហូវ៉ា ជាព្រះនៃទ្រង់ បានប្រទានឲ្យមានចង្កៀងមួយភ្លឺ នៅក្រុងយេរូសាឡិម គឺបានតាំងបុត្រាទ្រង់ឲ្យឡើងសោយរាជ្យជំនួសបិតា ដើម្បីនឹងប្រោសឲ្យក្រុងយេរូសាឡិមនៅជាប់តទៅ ព្រោះដាវីឌបានប្រព្រឹត្តសេចក្ដីដែលទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា ដោយឥតបែរចេញពីសេចក្ដីបង្គាប់ណាមួយរបស់ព្រះអង្គ ដរាបអស់ព្រះជន្ម មានតែរឿងអ៊ូរី ជាសាសន៍ហេតប៉ុណ្ណោះ ឯរេហូបោម និងយេរ៉ូបោម ទ្រង់ចេះតែច្បាំងគ្នាដរាបដល់អស់ព្រះជន្ម។ រីឯដំណើរឯទៀតពីអ័ប៊ីយ៉ា និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចយូដាហើយ អ័ប៊ីយ៉ា និងយេរ៉ូបោម ក៏តែងតែច្បាំងគ្នា អ័ប៊ីយ៉ាទ្រង់ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ គេបញ្ចុះទ្រង់នៅក្នុងទីក្រុងរបស់ដាវីឌ រួចអេសាជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។ លុះដល់ឆ្នាំទីម្ភៃ ក្នុងរាជ្យយេរ៉ូបោម ជាស្តេចពួកអ៊ីស្រាអែល នោះអេសាឡើងសោយរាជ្យនៅស្រុកយូដា ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបានសែសិបមួយឆ្នាំ មាតាទ្រង់ព្រះនាមម្អាកា បុត្រីអ័ប៊ីសាឡូម អេសាបានប្រព្រឹត្តទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាដាវីឌ ជាបុព្វបុរសរបស់ទ្រង់ដែរ ទ្រង់កម្ចាត់ពួករួមសង្វាស់ភេទដូចគ្នាពីនគរចេញ ក៏បំបាត់អស់ទាំងរូបព្រះ ដែលវង្សានុវង្សទ្រង់បានធ្វើ ។ ទ្រង់ដកម្អាកា ជាមាតា ពីដំណែងជាមាតាហ្លួង ដោយព្រោះព្រះនាងបានធ្វើរូបតំណាងព្រះអាសេរ៉ា ដែលគួរស្អប់ខ្ពើម ទុកសម្រាប់ជាព្រះ ហើយអេសាក៏កាប់រូបនោះ យកទៅដុតនៅត្រង់ជ្រោះកេដ្រុន តែឯទីខ្ពស់ទាំងប៉ុន្មាន នោះមិនបានបំបាត់ចេញទេ ប៉ុន្តែ ទ្រង់មានព្រះហឫទ័យស្មោះត្រង់ដល់ព្រះយេហូវ៉ា រហូតដល់អស់ព្រះជន្ម ហើយគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលបិតាបានថ្វាយ និងរបស់ដែលអង្គទ្រង់បានថ្វាយ គឺជាប្រាក់ មាស និងគ្រឿងប្រដាប់ផ្សេងៗ ទ្រង់ក៏យកទៅដាក់ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។ អេសានេះ និងប្អាសា ជាស្តេចស្រុកអ៊ីស្រាអែល ទ្រង់ច្បាំងគ្នា រហូតដល់អស់ព្រះជន្ម ឯប្អាសាជាស្តេចស្រុកអ៊ីស្រាអែល ទ្រង់ឡើងទៅទាស់នឹងពួកយូដា ក៏សង់ក្រុងរ៉ាម៉ាឡើង ដើម្បីកុំឲ្យមានអ្នកណាចេញចូលទៅខាងអេសា ជាស្តេចស្រុកយូដាបានឡើយ ដូច្នេះ អេសាយកអស់ទាំងប្រាក់មាស ដែលនៅសល់ក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនៅក្នុងដំណាក់ស្តេច ប្រគល់ទៅក្នុងដៃនៃពួកមហាតលិកទ្រង់ ចាត់គេទៅឯបេន-ហាដាដ ជាបុត្រថាបរីម៉ូន ដែលជាបុត្រហេសយ៉ូន ស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយពាក្យថា៖
១ ពង្សាវតារក្សត្រ 15:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ព្រះបាទអប៊ីយ៉ាឡើងសោយរាជ្យនៅស្រុកយូដា។ ស្ដេចសោយរាជ្យបានបីឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេច មាននាមថាម៉ាកា ជាបុត្រីរបស់សម្ដេចអប៊ីសាឡុម។ ព្រះបាទអប៊ីយ៉ាប្រព្រឹត្តអំពើបាបគ្រប់យ៉ាង ដូចបិតាធ្លាប់ប្រព្រឹត្តដែរ។ ស្ដេចពុំមានព្រះហឫទ័យស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ដូចព្រះបាទដាវីឌជាអយ្យកោឡើយ។ ដោយយល់ដល់ព្រះបាទដាវីឌ ព្រះអម្ចាស់ ជាព្រះរបស់ស្ដេច បានប្រោសប្រទានឲ្យស្ដេចមានបុត្រាមួយអង្គ ដើម្បីកុំឲ្យរាជវង្សនេះផុតរលត់ ហើយឲ្យក្រុងយេរូសាឡឹមនៅស្ថិតស្ថេរជាដរាប ដ្បិតព្រះបាទដាវីឌបានប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយពុំងាកចេញពីសេចក្ដីដែលព្រះអង្គបានបង្គាប់ឲ្យធ្វើឡើយ លើកលែងតែកំហុស ដែលស្ដេចបានប្រព្រឹត្តចំពោះលោកអ៊ូរី ជាជនជាតិហេតមួយប៉ុណ្ណោះ។ ព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមក អស់មួយរជ្ជកាលព្រះបាទរេហូបោម។ រីឯរាជកិច្ចផ្សេងៗទៀតដែលព្រះបាទអប៊ីយ៉ាប្រព្រឹត្ត សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។ ព្រះបាទអប៊ីយ៉ាក៏ធ្វើសង្គ្រាមជាមួយព្រះបាទយេរ៉ូបោមដែរ។ កាលព្រះបាទអប៊ីយ៉ាសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ ព្រះបាទអេសា ជាបុត្រ បានឡើងស្នងរាជ្យ។ នៅឆ្នាំទីម្ភៃនៃរជ្ជកាលព្រះបាទយេរ៉ូបោម ជាស្ដេចអ៊ីស្រាអែល ព្រះបាទអេសាបានឡើងសោយរាជ្យនៅស្រុកយូដា។ ស្ដេចសោយរាជ្យបានសែសិបមួយឆ្នាំ នៅក្រុងយេរូសាឡឹម មាតារបស់ស្ដេចមាននាមថាម៉ាកា ជាបុត្រីរបស់សម្ដេចអប៊ីសាឡុម។ ព្រះបាទអេសាប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទដាវីឌ ជាអយ្យកោដែរ។ ស្ដេចបានកម្ចាត់ពួកប្រុសៗ ដែលប្រព្រឹត្តអំពើពេស្យាចារសក្ការៈ ចេញពីស្រុក ហើយលុបបំបាត់ព្រះក្លែងក្លាយទាំងប៉ុន្មានដែលពួកអយ្យកោបានកសាងផង។ ស្ដេចបានហូតងារមហាក្សត្រិយានីពីព្រះនាងម៉ាកា ជាមាតា ព្រោះមាតាបានកសាងរូបដ៏គម្រក់មួយ ជាតំណាងព្រះអាសេរ៉ា។ ព្រះបាទអេសាកម្ទេចរូបដ៏គម្រក់នោះ រួចយកទៅដុតចោលនៅជ្រោះកេដ្រូន។ ក៏ប៉ុន្តែ ទោះបីស្ដេចស្រឡាញ់ព្រះអម្ចាស់ដោយស្មោះក្ដី ក៏ទ្រង់ពុំបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។ ស្ដេចបាននាំតង្វាយ ដែលបិតា និងស្ដេចផ្ទាល់ បានញែកជារបស់សក្ការៈ គឺមានគ្រឿងមាស ប្រាក់ និងវត្ថុផ្សេងៗទៀត ទៅទុកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ព្រះបាទអេសា និងព្រះបាទបាសាជាស្ដេចស្រុកអ៊ីស្រាអែល តែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមក អស់មួយរជ្ជកាលស្ដេចទាំងពីរ។ ព្រះបាទបាសា ជាស្ដេចស្រុកអ៊ីស្រាអែល លើកទ័ពមកវាយស្រុកយូដា ហើយសង់កំពែងជុំវិញក្រុងរ៉ាម៉ា ដើម្បីកុំឲ្យប្រជាជនរបស់ព្រះបាទអេសា ជាស្ដេចស្រុកយូដា អាចចេញចូលបាន។ ព្រះបាទអេសាបានប្រមូលមាសប្រាក់ទាំងប៉ុន្មាន ដែលមាននៅក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងព្រះរាជវាំង ប្រគល់ទៅឲ្យពួករាជបម្រើ ហើយចាត់ពួកគេឲ្យទៅគាល់ព្រះបាទបេន-ហាដាដ ជាបុត្ររបស់ព្រះបាទថាបរីម៉ូន ដែលត្រូវជាបុត្ររបស់ព្រះបាទហេសយ៉ូន ស្ដេចស្រុកស៊ីរី ដែលគង់នៅក្រុងដាម៉ាស ទូលថា៖
១ ពង្សាវតារក្សត្រ 15:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់ឆ្នាំទី១៨ ក្នុងរាជ្យយេរ៉ូបោម ជាបុត្រនេបាត នោះអ័ប៊ីយ៉ាក៏ចាប់តាំងសោយរាជ្យឡើងនៅស្រុកយូដា ទ្រង់គ្រងរាជ្យបាន៣ឆ្នាំនៅក្រុងយេរូសាឡិម ឯមាតា ព្រះនាមជាម្អាកា បុត្រីអ័ប៊ីសាឡូម ទ្រង់ក៏ប្រព្រឹត្តតាមអស់ទាំងអំពើបាប ដែលព្រះបិតាបានប្រព្រឹត្តពីមុនមកដែរ ព្រះទ័យទ្រង់មិនបានស្មោះត្រង់ ដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដូចជាព្រះទ័យដាវីឌ ជាឰយុកោទ្រង់ទេ ប៉ុន្តែ ដោយព្រោះយល់ដល់ដាវីឌ បានជាព្រះយេហូវ៉ា ជាព្រះនៃទ្រង់ បានប្រទានឲ្យមានចង្កៀង១ភ្លឺ នៅក្រុងយេរូសាឡិម គឺបានតាំងព្រះរាជបុត្រាទ្រង់ឲ្យសោយរាជ្យឡើងជំនួសបិតា ដើម្បីនឹងប្រោសឲ្យក្រុងយេរូសាឡិមនៅជាប់តទៅ ពីព្រោះដាវីឌបានប្រព្រឹត្តសេចក្ដីដែលទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា ដោយឥតបែរចេញ ពីសេចក្ដីបង្គាប់ណាមួយរបស់ទ្រង់ ដរាបដល់អស់ព្រះជន្ម លើកតែក្នុងរឿងពីអ៊ូរី ជាសាសន៍ហេតប៉ុណ្ណោះ ឯរេហូបោម នឹងយេរ៉ូបោម ទ្រង់ចេះតែច្បាំងគ្នាដរាបដល់អស់ព្រះជន្ម។ រីឯដំណើរឯទៀតពីអ័ប៊ីយ៉ា នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចយូដាហើយ អ័ប៊ីយ៉ា នឹងយេរ៉ូបោម ក៏តែងតែច្បាំងគ្នា អ័ប៊ីយ៉ាទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅក្នុងទីក្រុងរបស់ដាវីឌ រួចអេសាជាព្រះរាជបុត្រា ក៏សោយរាជ្យឡើងជំនួសបិតា។ លុះដល់ឆ្នាំទី២០ ក្នុងរាជ្យយេរ៉ូបោម ជាស្តេចពួកអ៊ីស្រាអែល នោះអេសាចាប់តាំងសោយរាជ្យឡើង នៅស្រុកយូដា ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបាន៤១ឆ្នាំ ឯមាតាទ្រង់ ព្រះនាមជាម្អាកា បុត្រីអ័ប៊ីសាឡូម អេសានេះទ្រង់បានប្រព្រឹត្តទៀងត្រង់ នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាដាវីឌ ជាឰយុកោទ្រង់ដែរ ទ្រង់កំចាត់ពួកកូនជឹងពីនគរចេញ ក៏បំបាត់អស់ទាំងរូបព្រះ ដែលវង្សានុវង្សទ្រង់បានធ្វើបង់ ទ្រង់ដកម្អាកា ជាមាតា ពីដំណែងជាមាតាហ្លួង ដោយព្រោះព្រះនាងបានធ្វើរូប១ ដែលគួរស្អប់ខ្ពើម ទុកសំរាប់ជាព្រះ ហើយអេសាក៏កាប់រូបនោះ យកទៅដុតនៅត្រង់ជ្រោះកេដ្រុន តែឯទីខ្ពស់ទាំងប៉ុន្មាន នោះមិនបានបំបាត់ចេញទេ ប៉ុន្តែទ្រង់មានព្រះទ័យស្មោះត្រង់ ដល់ព្រះយេហូវ៉ា រហូតដល់អស់ព្រះជន្ម ហើយគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលព្រះបិតាបានថ្វាយ នឹងរបស់ដែលអង្គទ្រង់បានថ្វាយ គឺជាប្រាក់ មាស នឹងគ្រឿងប្រដាប់ផ្សេងៗ នោះទ្រង់ក៏យកទៅដាក់ក្នុងព្រះវិហារនៃព្រះយេហូវ៉ា។ អេសានេះ នឹងប្អាសា ជាស្តេចស្រុកអ៊ីស្រាអែល ទ្រង់ច្បាំងគ្នា រហូតដល់អស់ព្រះជន្ម ឯប្អាសា ជាស្តេចស្រុកអ៊ីស្រាអែល ទ្រង់ឡើងទៅទាស់នឹងពួកយូដា ក៏សង់ក្រុងរ៉ាម៉ាឡើង ដើម្បីកុំឲ្យមានអ្នកណាចេញចូលទៅខាងអេសា ជាស្តេចស្រុកយូដាបានឡើយ ដូច្នេះ អេសាទ្រង់យកអស់ទាំងប្រាក់មាស ដែលនៅសល់ក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា នឹងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនៅក្នុងដំណាក់ស្តេច ប្រគល់ទៅក្នុងដៃនៃពួកមហាតលិកទ្រង់ ចាត់គេទៅឯបេន-ហាដាឌ់ ជាបុត្រថាបរីម៉ូន ដែលជាបុត្រហេសយ៉ូន ស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយពាក្យថា