១ ពង្សាវតារក្សត្រ 14:1-18

១ ពង្សាវតារក្សត្រ 14:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ អ័ប៊ីយ៉ា ជា​បុត្រ​យេរ៉ូ‌បោម​ចាប់​ប្រឈួន ហើយ​យេរ៉ូ‌បោម​មាន​រាជ​ឱង្ការទៅ​មហេសី​ថា៖ «ចូរ​ក្រោក​ឡើង ក្លែង​ខ្លួន ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​នាង​ថា​ជា​មហេសី​របស់​យើង​ឡើយ រួច​ហើយ​ទៅ​ក្រុង​ស៊ីឡូរ​ទៅ នៅ​ទី​នោះ មាន​ហោរា​អ័ហ៊ី‌យ៉ា ដែល​បាន​ថ្លែងទំនាយ ពី​ដំណើរ​ដែល​យើង​នឹង​សោយ‌រាជ្យ​លើ​ប្រជាជន​នេះ ចូរ​យក​នំបុ័ង​ដប់​ដុំ និង​នំ​ផ្អែម​ខ្លះ ហើយ​ទឹក​ឃ្មុំ​មួយដប ទៅ​រក​លោក លោក​នឹង​ប្រាប់​ឯង​ឲ្យ​ដឹង​ជា​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា»។ មហេសី​របស់​យេរ៉ូ‌បោម​ក៏​ធ្វើ​ដូច្នោះ ព្រះ​នាង​ក្រោក​ឡើង​ទៅ​ផ្ទះ​អ័ហ៊ី‌យ៉ា នៅ​ក្រុង​ស៊ីឡូរ រីឯ​អ័ហ៊ី‌យ៉ា លោក​មើល​មិន​ឃើញ​ទេ ព្រោះ​លោក​ចាស់​ណាស់​ហើយ ភ្នែក​ក៏​ងងឹត។ ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដល់​អ័ហ៊ី‌យ៉ា​ថា៖ «មើល៍! មហេសី​របស់​យេរ៉ូ‌បោម​មក​សួរ​អ្នក ពី​ដំណើរ​កូន​ដែល​ឈឺ អ្នក​ត្រូវ​ប្រាប់​នាង»។ ពេល​ព្រះ​នាង​ចូល​មក ព្រះ​នាង​ក្លែង​ខ្លួន​ជា​ស្ត្រី​ផ្សេង​ទៀត។ ដូច្នេះ កាល​អ័ហ៊ី‌យ៉ា​បាន​ឮ​សូរ​ជើង​នាង កំពុង​តែ​ចូល​មក​តាម​ទ្វារ​នោះ ក៏​ពោល​ថា៖ «មហេសី​របស់​យេរ៉ូ‌បោម​អើយ សូម​អញ្ជើញ​ចូល​មក​ចុះ។ ព្រះ‌នាង​ធ្វើ​ខ្លួន​ជា​មនុស្ស​ផ្សេង​ទៀត​ធ្វើ​អី ទូល‌បង្គំ​បាន​ទទួល​បង្គាប់ ដើម្បី​មក​ថ្វាយ​ដំណឹង​ដ៏​ធ្ងន់​នេះ​ដល់​ព្រះ‌នាង។ សូម​ទៅ​ទូល​យេរ៉ូ‌បោម​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ដោយ​ព្រោះ​យើង​បាន​លើក​អ្នក​ពី​កណ្ដាល​ពួក​ប្រជាជន តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ព្រម​ទាំង​កន្ត្រាក់​យក​រាជ្យ​ពី​ព្រះ‌វង្សា​ដាវីឌ​មក​ឲ្យ​អ្នក​វិញ តែ​អ្នក​មិន​បាន​ដូច​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង ដែល​បាន​កាន់​តាម​បញ្ញត្តិ​របស់​យើង ហើយ​ដើរ​តាម​ដោយ​អស់​ពី​ចិត្ត ដើម្បី​នឹង​ប្រព្រឹត្ត​តែ​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ភ្នែក​យើង​ទេ គឺ​អ្នក​បាន​ប្រព្រឹត្ត​អាក្រក់​នៅ​ចំពោះ​យើង លើស​ជាង​អស់​អ្នក​ដែល​នៅ​មុន​អ្នក​ទៅ​ទៀត ព្រម​ទាំង​ធ្វើ​ព្រះ​ដទៃ និង​សិត​រូប​ផង ជា​ការ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង ហើយ​អ្នក​បាន​បោះ‌បង់​យើង​ទៅ​ខាង​ក្រោយ​ខ្នង។ ហេតុ​នោះ​ហើយ​បាន​ជា​យើង​នឹង​នាំ​សេចក្ដី​អាក្រក់ មក​លើ​ពូជ‌ពង្ស​យេរ៉ូ‌បោម និង​កាត់​គ្រប់​ទាំង​កូន​ប្រុសៗ​ពី​វង្សា​របស់​យេរ៉ូ‌បោម​ចេញ ទោះ​ទាំង​អ្នក​ដែល​បិទ​បាំង​ទុក ឬ​ជា​អ្នក​ឥត​មាន​ចំណង​ក្នុង​ពួក​អ៊ីស្រា‌អែល​ក្តី យើង​នឹង​បោស​ពួក​វង្ស​របស់​យេរ៉ូ‌បោម ដូច​ជា​គេ​បោស​អាចម៍​សត្វ​ចោល ទាល់​តែ​អស់​រលីង។ អ្នក​ណា​ក្នុង​វង្ស​យេរ៉ូ‌បោម​ដែល​ស្លាប់​នៅ​ក្នុង​ទី​ក្រុង នោះ​ឆ្កែ​នឹង​ទំពា​ស៊ី​ខ្មោច ហើយ​អ្នក​ណា​ដែល​ស្លាប់​នៅ​ទី​វាល នោះ​សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី​ខ្មោច​នោះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ"។ ដូច្នេះ សូម​ព្រះ‌នាង​ក្រោក​ឡើង យាង​ទៅ​ឯ​ដំណាក់វិញ​ទៅ កាល​ណា​ព្រះ‌បាទ​បាន​ឈាន​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​បុត្រ​នឹង​សុគត ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នឹង​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​ទ្រង់ ដ្បិត​ក្នុង​វង្សា​របស់​យេរ៉ូ‌បោម​មាន​តែ​បុត្រ​នេះ​មួយ​ប៉ុណ្ណោះ ដែល​បាន​បញ្ចុះ​ក្នុង​ផ្នូរ ព្រោះ​ក្នុង​វង្សា​យេរ៉ូ‌បោម មាន​តែ​បុត្រ​មួយ​នេះ​ទេ ដែល​ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល មួយ​ទៀត ព្រះ‌យេហូវ៉ា​នឹង​តាំង​ឲ្យ​មាន​ស្តេច​មួយ​ទៀត ឡើង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល ជា​អ្នក​ដែល​នឹង​ធ្វើ​ឲ្យ​វង្សា​របស់​យេរ៉ូ‌បោម​សាប‌សូន្យ​ទៅ​ក្នុង​ថ្ងៃ​នោះ តើ​កាល​ណា​ទៅ គឺ​ឥឡូវ​នេះ​ហើយ។ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​វាយ​ពួក​អ៊ីស្រា‌អែល ដូច​ជា​ដើម​បបុស​ដែល​ញ័រ​នៅ​ក្នុង​ទឹក ហើយ​ទ្រង់​នឹង​រំលើង​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​ដី​ល្អ​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​បុព្វ‌បុរស​គេ ក៏​នឹង​កម្ចាត់‌កម្ចាយ​គេ​ទៅ​ខាង​នាយ​ទន្លេ ដោយ​ព្រោះ​គេ​បាន​ធ្វើ​បង្គោល​សក្ការៈ សម្រាប់​ខ្លួន ដែល​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ ទ្រង់​នឹង​បោះ‌បង់​ពួក​អ៊ីស្រា‌អែល​ចោល ដោយ​ព្រោះ​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​ការ​ដែល​ស្តេច​បាន​ធ្វើ​ហើយ ព្រម​ទាំង​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធើ្វ​បាប​ផង ដោយ‌សារ​ការ​នោះ​ឯង»។ ដូច្នេះ ភរិយា​របស់​យេរ៉ូ‌បោម​ក៏​ក្រោក​ឡើង យាង​ចេញ​ទៅ​ឯ​ក្រុង​ធើសា កាល​ព្រះ‌នាង​បាន​ដល់​មាត់​ទ្វារ​ដំណាក់​ហើយ បុត្រ​នោះ​ក៏​សុគត​ទៅ រួច​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​បញ្ចុះ​សព​ទ្រង់ ហើយ​កាន់​ទុក្ខ​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ហោរា​អ័ហ៊ី‌យ៉ា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

១ ពង្សាវតារក្សត្រ 14:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គ្រា​នោះ សម្ដេច​អប៊ី‌យា​ជា​បុត្រ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ប្រឈួន។ ព្រះ‌បាទ​យេរ៉ូ‌បោម​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មហេសី​ថា៖ «ចូរ​ក្រោក​ឡើង​ក្លែង​ខ្លួន ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​ថា នាង​ជា​មហេសី​យើង រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ស៊ីឡូ។ នៅ​ទី​នោះ មាន​ព្យាការី​ម្នាក់ ឈ្មោះ​អហ៊ី‌យ៉ា គឺ​លោក​ហើយ​ដែល​ប្រាប់​យើង​ថា យើង​នឹង​សោយ​រាជ្យ​លើ​ប្រជា‌ជន​នេះ។ ចូរ​យក​នំបុ័ង​ដប់​ដុំ និង​នំ​ខ្លះ ព្រម​ទាំង​ទឹក​ឃ្មុំ​មួយ​ដប​ទៅ​ជា​មួយ​ផង។ ត្រូវ​ទៅ​ជួប​លោក លោក​មុខ​ជា​ប្រាប់​ឲ្យ​នាង​ដឹង​ថា កូន​យើង​នឹង​ទៅ​ជា​យ៉ាង​ណា»។ មហេសី​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ក៏​ធ្វើ​តាម។ ព្រះ‌នាង​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ស៊ីឡូ ហើយ​ទៅ​ដល់​ផ្ទះ​របស់​លោក​អហ៊ី‌យ៉ា។ លោក​អហ៊ី‌យ៉ា​មើល​អ្វី​លែង​ឃើញ​ទៀត​ហើយ ព្រោះ​ភ្នែក​លោក​ងងឹត ដោយ​លោក​ចាស់​ជរា។ មុន​ពេល​ព្រះ‌នាង​មក​ដល់ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អហ៊ី‌យ៉ា​ថា៖ «មហេសី​របស់​យេរ៉ូ‌បោម​នឹង​មក​សួរ​អ្នក​អំពី​កូន ដែល​កំពុង​ឈឺ។ កាល​នាង​ចូល​មក​ជួប​អ្នក នាង​នឹង​ក្លែង​ខ្លួន​ធ្វើ​ជា​ស្ត្រី​ម្នាក់​ផ្សេង​ទៀត។ ត្រូវ​និយាយ​ជា​មួយ​នាង​តាម​ពាក្យ​ដែល​យើង​នឹង​ប្រាប់​អ្នក»។ កាល​លោក​អហ៊ី‌យ៉ា​ឮ​ស្នូរ​សម្រិប​ជើង​របស់​ព្រះ‌នាង​មក​ដល់​មាត់​ទ្វារ លោក​ពោល​ថា៖ «សូម​យាង​ចូល​មក! មហេសី​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ហេតុ​អ្វី​បាន​ជា​ព្រះ‌នាង​ក្លែង​ខ្លួន​ជា​ស្ត្រី​ផ្សេង​ដូច្នេះ? ព្រះ‌ជាម្ចាស់​ចាត់​ទូលបង្គំ​ឲ្យ​នាំ​ដំណឹង​ដ៏​អាក្រក់ មក​ទូល​ព្រះ‌នាង។ សូម​យាង​ទៅ​ទូល​ព្រះ‌បាទ​យេរ៉ូ‌បោម​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “យើង​បាន​លើក​តម្កើង​អ្នក​នៅ​ចំពោះ​មុខ​ប្រជា‌ជន និង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។ យើង​បាន​ដក​ហូត​រាជ‌សម្បត្តិ​ពី​ពូជ‌ពង្ស​ដាវីឌ ហើយ​ប្រគល់​ឲ្យ​អ្នក។ ក៏​ប៉ុន្តែ អ្នក​មិន​បាន​កាន់​តាម​បទ‌បញ្ជា​របស់​យើង និង​គោរព​បម្រើ​យើង ដោយ​ចិត្ត​ស្មោះ​ឡើយ ហើយ​អ្នក​ក៏​មិន​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ដែល​គាប់​ចិត្ត​យើង ដូច​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​ដែរ។ អ្នក​បាន​ប្រព្រឹត្ត​អាក្រក់​ជាង​អស់​អ្នក​មុនៗ​ទៅ​ទៀត គឺ​អ្នក​បាន​ធ្វើ​រូប​ព្រះ​ផ្សេងៗ ព្រម​ទាំង​សិត​ធ្វើ​រូប​បដិមា ដើម្បី​បញ្ឆេះ​កំហឹង​របស់​យើង ហើយ​អ្នក​បាន​បែរ​ខ្នង​ដាក់​យើង​ថែម​ទៀត។ ហេតុ​នេះ យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ចំពោះ​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម។ យើង​នឹង​ប្រហារ​កូន​ប្រុសៗ ក្នុង​ក្រុម​គ្រួសារ​របស់​យេរ៉ូ‌បោម ទាំង​អ្នក​ងារ ទាំង​អ្នក​ជា ឲ្យ​អស់​ពី​ស្រុក​អ៊ីស្រា‌អែល។ យើង​នឹង​បោស​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ដូច​គេ​បោស​សំរាម ទាល់​តែ​អស់​ដែរ។ ក្នុង​ក្រុម​គ្រួសារ​យេរ៉ូ‌បោម អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ទីក្រុង នឹង​ត្រូវ​ឆ្កែ​ហែក​ស៊ី ហើយ​អ្នក​ដែល​ស្លាប់​នៅ​តាម​វាល​នឹង​ត្រូវ​ត្មាត​ចឹក​ស៊ី”។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ រីឯ​ព្រះ‌នាង​វិញ សូម​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ដំណាក់​ចុះ! ពេល​ព្រះ‌នាង​យាង​ចូល​ដល់​ទីក្រុង បុត្រ​នោះ​នឹង​សោយ​ទិវង្គត។ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​បុត្រ​នោះ។ ក្នុង​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម មាន​តែ​បុត្រ​នេះ​មួយ​អង្គ​ប៉ុណ្ណោះ ដែល​គេ​បញ្ចុះ​សព​ក្នុង​ផ្នូរ ដ្បិត​ក្នុង​រាជ‌វង្ស​ព្រះ‌បាទ​យេរ៉ូ‌បោម​មាន​តែ​បុត្រ​អង្គ​នេះ​ទេ ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្អ​ខ្លះៗ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល។ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ជ្រើស​តាំង​ស្ដេច​មួយ​អង្គ​ទៀត ឲ្យ​សោយ​រាជ្យ​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល ស្ដេច​ថ្មី​នោះ​នឹង​ប្រហារ​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ឲ្យ​វិនាស​សូន្យ។ ហេតុ‌ការណ៍​នេះ​កំពុង​តែ​កើត​មាន! ព្រះ‌អម្ចាស់​នឹង​វាយ​ជន‌ជាតិ​អ៊ីស្រា‌អែល ពេល​នោះ ពួក​គេ​ប្រៀប​ដូច​ជា​ដើម​ត្រែង​ដែល​ញ័រ​នៅ​ក្នុង​ទឹក។ ព្រះ‌អម្ចាស់​នឹង​ដក​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ទឹក​ដី​ដ៏​ល្អ ដែល​ព្រះអង្គ​ប្រទាន​ដល់​បុព្វបុរស​របស់​ពួក​គេ ព្រះអង្គ​នឹង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ព្រោះ​ពួក​គេ​ធ្វើ​បង្គោល​ព្រះ​អា‌សេ‌រ៉ា ដែល​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។ ព្រះអង្គ​បោះ​បង់​ចោល​អ៊ីស្រា‌អែល ព្រោះ​តែ​ព្រះ‌បាទ​យេរ៉ូ‌បោម​ប្រព្រឹត្ត​អំពើ​បាប និង​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ»។ មហេសី​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ក្រោក​ឡើង ហើយ​យាង​ចេញ​ទៅ។ ពេល​ព្រះ‌នាង​យាង​ដល់​ក្រុង​ធើសា ហើយ​ឈាន​ជើង​ជាន់​មាត់​ទ្វារ​ព្រះ‌ដំណាក់ បុត្រ​នោះ​ក៏​សោយ​ទិវង្គត។ គេ​បាន​បញ្ចុះ​សព​បុត្រ​នោះ ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម​រយៈ​ព្យាការី​អហ៊ី‌យ៉ា ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។

១ ពង្សាវតារក្សត្រ 14:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ អ័ប៊ីយ៉ា ជា​បុត្រ​យេរ៉ូ‌បោម ទ្រង់​ចាប់​ប្រឈួន ហើយ​យេរ៉ូ‌បោម​មាន​បន្ទូល​នឹង​ភរិយា​ថា ចូរ​ឲ្យ​ឯង​ក្រោក​ឡើង​ក្លែង​ខ្លួន ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​ឯង​ថា​ជា​ប្រពន្ធ​អញ​ឡើយ រួច​ទៅ​ឯ​ក្រុង​ស៊ីឡូរ​ទៅ នៅ​ទី​នោះមាន​ហោរា​អ័ហ៊ីយ៉ា ដែល​បាន​ទាយ​ពី​ដំណើរ​ដែល​អញ​នឹង​សោយ‌រាជ្យ​លើ​បណ្តាជន​នេះ ចូរ​នាំ​យក​នំបុ័ង​១០​ដុំ នឹង​នំ​ផ្អែម​ខ្លះ ហើយ​ពួច​១​ពេញ​ដោយ​ទឹក​ឃ្មុំ ទៅ​ឯ​លោក លោក​នឹង​ប្រាប់​ឯង ឲ្យ​ដឹង​ជា​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា ភរិយា​របស់​យេរ៉ូ‌បោម​ក៏​ធ្វើ​ដូច្នោះ នាង​ក្រោក​ឡើង​ទៅ​ឯ​ផ្ទះ​អ័ហ៊ីយ៉ា នៅ​ក្រុង​ស៊ីឡូរ រីឯ​អ័ហ៊ីយ៉ា លោក​មើល​មិន​ឃើញ​ទេ ពី​ព្រោះ​ភ្នែក​ងងឹត​ដោយ​ចាស់​ណាស់​ហើយ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដល់​អ័ហ៊ីយ៉ា​ថា មើល ភរិយា​របស់​យេរ៉ូ‌បោម​មក​សួរ​ឯង ពី​ដំណើរ​កូន​ដែល​ឈឺ ត្រូវ​ឲ្យ​ឯង​ប្រាប់​នាង​ដូច្នេះ​មួយៗ ដ្បិត​កាល​ណា​នាង​ចូល​មក នោះ​នាង​នឹង​ធ្វើ​ភាព​ជា​ស្ត្រី​ផ្សេង​ទៀត។ ដូច្នេះ កាល​អ័ហ៊ីយ៉ា បាន​ឮ​សូរ​ជើង​នាង កំពុង​តែ​ចូល​មក​តាម​ទ្វារ​នោះ ក៏​ពោល​ថា ភរិយា​របស់​យេរ៉ូ‌បោម​អើយ សូម​អញ្ជើញ​ចូល​មក​ចុះ ព្រះ‌នាង​ធ្វើ​ភាព​ជា​មនុស្ស​ផ្សេង​ទៀត​ធ្វើ​អី ទូលបង្គំ​បាន​ទទួល​បង្គាប់ ដើម្បី​មក​ថ្វាយ​ដំណឹង​ដ៏​ធ្ងន់​នេះ​ដល់​ព្រះ‌នាង សូម​ទៅ​ទូល​យេរ៉ូ‌បោម​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អញ​បាន​លើក​ឯង ពី​កណ្តាល​ពួក​ប្រជា‌ជន តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រាអែល ជា​រាស្ត្រ​អញ ព្រម​ទាំង​កន្ត្រាក់​យក​រាជ្យ​ពី​ព្រះ‌វង្សា​ដាវីឌ​មក​ឲ្យ​ឯង​វិញ តែ​ឯង​មិន​បាន​ដូច​ដាវីឌ ជា​អ្នក​បំរើ​អញ ដែល​បាន​កាន់​តាម​បញ្ញត្ត​អញ ហើយ​ដើរ​តាម​អញ ដោយ​អស់​ពី​ចិត្ត ដើម្បី​នឹង​ប្រព្រឹត្ត​តែ​សេចក្ដី​ដែល​ទៀង​ត្រង់ នៅ​ភ្នែក​អញ​ទេ គឺ​ឯង​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​អញ ដោយ​អាក្រក់​លើស​ជាង​អស់​អ្នក​ដែល​នៅ​មុន​ឯង​វិញ ព្រម​ទាំង​ធ្វើ​ព្រះ​ដទៃ នឹង​រូប​សិត​ផង ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង ហើយ​ឯង​បាន​បោះ‌បង់​ចោល​អញ ទៅ​ខាង​ក្រោយ​ខ្នង​ឯង នោះ​បាន​ជា​អញ​នឹង​នាំ​សេចក្ដី​អាក្រក់ មក​លើ​ពូជ‌ពង្ស​យេរ៉ូ‌បោម ហើយ​នឹង​កាត់​គ្រប់​ទាំង​កូន​ប្រុសៗ​ពី​វង្សា​របស់​យេរ៉ូ‌បោម​ចេញ ទោះ​ទាំង​អ្នក​ដែល​បិទ​បាំង​ទុក ឬ​ជា​អ្នក​ឥត​មាន​ចំណង ក្នុង​ពួក​អ៊ីស្រាអែល​ក្តី ហើយ​អញ​នឹង​បោស​ពួក​វង្ស​របស់​យេរ៉ូ‌បោម​ទៅ ដូច​ជា​គេ​បោស​អាចម៍​សត្វ​ចោល ទាល់​តែ​អស់​រលីង អ្នក​ណា​ក្នុង​វង្ស​យេរ៉ូ‌បោម ដែល​ស្លាប់​នៅ​ក្នុង​ទី​ក្រុង នោះ​ឆ្កែ​នឹង​ទំពា​ស៊ី​ខ្មោច ហើយ​អ្នក​ណា​ដែល​ស្លាប់​នៅ​ទី​វាល នោះ​សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី​ខ្មោច​នោះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ហើយ ដូច្នេះ សូម​ព្រះ‌នាង​ក្រោក​ឡើង យាង​ទៅ​ឯ​ដំណាក់​ទៅ កាល​ណា​ព្រះ‌បាទ​បាន​ឈាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​ហើយ នោះ​បុត្រ​នឹង​សុគត​ទៅ ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​នឹង​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​ទ្រង់ ដ្បិត​ក្នុង​វង្សា​របស់​យេរ៉ូ‌បោម នោះ​មាន​តែ​បុត្រ​នេះ​១​ប៉ុណ្ណោះ ដែល​នឹង​បាន​បញ្ចុះ​ក្នុង​ផ្នូរ ពី​ព្រោះ​ក្នុង​វង្សា​យេរ៉ូ‌បោមមាន​តែ​បុត្រ​មួយ​នេះ​ទេ ដែល​ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រាអែល មួយ​ទៀត ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ឲ្យ​មាន​ស្តេច​១​ផ្សេង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រាអែល ជា​អ្នក​ដែល​នឹង​ធ្វើ​ឲ្យ​វង្សា​របស់​យេរ៉ូ‌បោម​សាប‌សូន្យ​ទៅ​ក្នុង​ថ្ងៃ​នោះ តើ​កាល​ណា​ទៅ គឺ​ឥឡូវ​នេះ​ហើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ពួក​អ៊ីស្រាអែល ដូច​ជា​ដើម​បបុស ដែល​ញ័រ​នៅ​ក្នុង​ទឹក ហើយ​ទ្រង់​នឹង​រំលើង​ពួក​អ៊ីស្រាអែល ចេញ​ពី​ដី​ល្អ​នេះដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​ឰយុកោ​គេ ក៏​នឹង​កំចាត់‌កំចាយ​គេ​ទៅ​ខាង​នាយ​ទន្លេ ដោយ​ព្រោះ​គេ​បាន​ធ្វើ​អស់​ទាំង​រូប​ព្រះ​សំរាប់​ខ្លួន ដែល​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ ទ្រង់​នឹង​បោះ‌បង់​ពួក​អ៊ីស្រាអែល​ចោល ដោយ​ព្រោះ​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​ការ​ដែល​ស្តេច​បាន​ធ្វើ​ហើយ ព្រម​ទាំង​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​ផង ដោយ‌សារ​ការ​នោះ​ឯង។ ដូច្នេះ ភរិយា​របស់​យេរ៉ូ‌បោម​ក៏​ក្រោក​ឡើង យាង​ចេញ​ទៅ​ឯ​ក្រុង​ធើសា កាល​ព្រះ‌នាង​បាន​ដល់​មាត់​ទ្វារ​ដំណាក់​ហើយ បុត្រ​នោះ​ក៏​សុគត​ទៅ រួច​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​បញ្ចុះ​សព​ទ្រង់ ហើយ​កាន់​ទុក្ខ​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល ដោយ‌សារ​ហោរា​អ័ហ៊ីយ៉ា ជា​អ្នក​បំរើ​ទ្រង់។