១ ពង្សាវ‌តារ‌ក្សត្រ 14

14
ការ​ជំនុំ​ជម្រះ​វង្សានុវង្ស​ស្តេច​យេរ៉ូ‌បោម
1នៅ​គ្រា​នោះ អ័ប៊ីយ៉ា ជា​បុត្រ​យេរ៉ូ‌បោម​ចាប់​ប្រឈួន 2ហើយ​យេរ៉ូ‌បោម​មាន​រាជ​ឱង្ការទៅ​មហេសី​ថា៖ «ចូរ​ក្រោក​ឡើង ក្លែង​ខ្លួន ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​នាង​ថា​ជា​មហេសី​របស់​យើង​ឡើយ រួច​ហើយ​ទៅ​ក្រុង​ស៊ីឡូរ​ទៅ នៅ​ទី​នោះ មាន​ហោរា​អ័ហ៊ី‌យ៉ា ដែល​បាន​ថ្លែងទំនាយ ពី​ដំណើរ​ដែល​យើង​នឹង​សោយ‌រាជ្យ​លើ​ប្រជាជន​នេះ 3ចូរ​យក​នំបុ័ង​ដប់​ដុំ និង​នំ​ផ្អែម​ខ្លះ ហើយ​ទឹក​ឃ្មុំ​មួយដប ទៅ​រក​លោក លោក​នឹង​ប្រាប់​ឯង​ឲ្យ​ដឹង​ជា​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា»។
4មហេសី​របស់​យេរ៉ូ‌បោម​ក៏​ធ្វើ​ដូច្នោះ ព្រះ​នាង​ក្រោក​ឡើង​ទៅ​ផ្ទះ​អ័ហ៊ី‌យ៉ា នៅ​ក្រុង​ស៊ីឡូរ រីឯ​អ័ហ៊ី‌យ៉ា លោក​មើល​មិន​ឃើញ​ទេ ព្រោះ​លោក​ចាស់​ណាស់​ហើយ ភ្នែក​ក៏​ងងឹត។ 5ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដល់​អ័ហ៊ី‌យ៉ា​ថា៖ «មើល៍! មហេសី​របស់​យេរ៉ូ‌បោម​មក​សួរ​អ្នក ពី​ដំណើរ​កូន​ដែល​ឈឺ អ្នក​ត្រូវ​ប្រាប់​នាង»។
ពេល​ព្រះ​នាង​ចូល​មក ព្រះ​នាង​ក្លែង​ខ្លួន​ជា​ស្ត្រី​ផ្សេង​ទៀត។ 6ដូច្នេះ កាល​អ័ហ៊ី‌យ៉ា​បាន​ឮ​សូរ​ជើង​នាង កំពុង​តែ​ចូល​មក​តាម​ទ្វារ​នោះ ក៏​ពោល​ថា៖ «មហេសី​របស់​យេរ៉ូ‌បោម​អើយ សូម​អញ្ជើញ​ចូល​មក​ចុះ។ ព្រះ‌នាង​ធ្វើ​ខ្លួន​ជា​មនុស្ស​ផ្សេង​ទៀត​ធ្វើ​អី ទូល‌បង្គំ​បាន​ទទួល​បង្គាប់ ដើម្បី​មក​ថ្វាយ​ដំណឹង​ដ៏​ធ្ងន់​នេះ​ដល់​ព្រះ‌នាង។ 7សូម​ទៅ​ទូល​យេរ៉ូ‌បោម​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ដោយ​ព្រោះ​យើង​បាន​លើក​អ្នក​ពី​កណ្ដាល​ពួក​ប្រជាជន តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង 8ព្រម​ទាំង​កន្ត្រាក់​យក​រាជ្យ​ពី​ព្រះ‌វង្សា​ដាវីឌ​មក​ឲ្យ​អ្នក​វិញ តែ​អ្នក​មិន​បាន​ដូច​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង ដែល​បាន​កាន់​តាម​បញ្ញត្តិ​របស់​យើង ហើយ​ដើរ​តាម​ដោយ​អស់​ពី​ចិត្ត ដើម្បី​នឹង​ប្រព្រឹត្ត​តែ​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ភ្នែក​យើង​ទេ 9គឺ​អ្នក​បាន​ប្រព្រឹត្ត​អាក្រក់​នៅ​ចំពោះ​យើង លើស​ជាង​អស់​អ្នក​ដែល​នៅ​មុន​អ្នក​ទៅ​ទៀត ព្រម​ទាំង​ធ្វើ​ព្រះ​ដទៃ និង​សិត​រូប​ផង ជា​ការ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង ហើយ​អ្នក​បាន​បោះ‌បង់​យើង​ទៅ​ខាង​ក្រោយ​ខ្នង។ 10ហេតុ​នោះ​ហើយ​បាន​ជា​យើង​នឹង​នាំ​សេចក្ដី​អាក្រក់ មក​លើ​ពូជ‌ពង្ស​យេរ៉ូ‌បោម និង​កាត់​គ្រប់​ទាំង​កូន​ប្រុសៗ​ពី​វង្សា​របស់​យេរ៉ូ‌បោម​ចេញ ទោះ​ទាំង​អ្នក​ដែល​បិទ​បាំង​ទុក ឬ​ជា​អ្នក​ឥត​មាន​ចំណង​ក្នុង​ពួក​អ៊ីស្រា‌អែល​ក្តី យើង​នឹង​បោស​ពួក​វង្ស​របស់​យេរ៉ូ‌បោម ដូច​ជា​គេ​បោស​អាចម៍​សត្វ​ចោល ទាល់​តែ​អស់​រលីង។ 11អ្នក​ណា​ក្នុង​វង្ស​យេរ៉ូ‌បោម​ដែល​ស្លាប់​នៅ​ក្នុង​ទី​ក្រុង នោះ​ឆ្កែ​នឹង​ទំពា​ស៊ី​ខ្មោច ហើយ​អ្នក​ណា​ដែល​ស្លាប់​នៅ​ទី​វាល នោះ​សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី​ខ្មោច​នោះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ"។ 12ដូច្នេះ សូម​ព្រះ‌នាង​ក្រោក​ឡើង យាង​ទៅ​ឯ​ដំណាក់វិញ​ទៅ កាល​ណា​ព្រះ‌បាទ​បាន​ឈាន​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​បុត្រ​នឹង​សុគត 13ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នឹង​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​ទ្រង់ ដ្បិត​ក្នុង​វង្សា​របស់​យេរ៉ូ‌បោម​មាន​តែ​បុត្រ​នេះ​មួយ​ប៉ុណ្ណោះ ដែល​បាន​បញ្ចុះ​ក្នុង​ផ្នូរ ព្រោះ​ក្នុង​វង្សា​យេរ៉ូ‌បោម មាន​តែ​បុត្រ​មួយ​នេះ​ទេ ដែល​ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល 14មួយ​ទៀត ព្រះ‌យេហូវ៉ា​នឹង​តាំង​ឲ្យ​មាន​ស្តេច​មួយ​ទៀត ឡើង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល ជា​អ្នក​ដែល​នឹង​ធ្វើ​ឲ្យ​វង្សា​របស់​យេរ៉ូ‌បោម​សាប‌សូន្យ​ទៅ​ក្នុង​ថ្ងៃ​នោះ តើ​កាល​ណា​ទៅ គឺ​ឥឡូវ​នេះ​ហើយ។ 15ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​វាយ​ពួក​អ៊ីស្រា‌អែល ដូច​ជា​ដើម​បបុស​ដែល​ញ័រ​នៅ​ក្នុង​ទឹក ហើយ​ទ្រង់​នឹង​រំលើង​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​ដី​ល្អ​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​បុព្វ‌បុរស​គេ ក៏​នឹង​កម្ចាត់‌កម្ចាយ​គេ​ទៅ​ខាង​នាយ​ទន្លេ ដោយ​ព្រោះ​គេ​បាន​ធ្វើ​បង្គោល​សក្ការៈ សម្រាប់​ខ្លួន ដែល​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ 16ទ្រង់​នឹង​បោះ‌បង់​ពួក​អ៊ីស្រា‌អែល​ចោល ដោយ​ព្រោះ​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​ការ​ដែល​ស្តេច​បាន​ធ្វើ​ហើយ ព្រម​ទាំង​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធើ្វ​បាប​ផង ដោយ‌សារ​ការ​នោះ​ឯង»។
17ដូច្នេះ ភរិយា​របស់​យេរ៉ូ‌បោម​ក៏​ក្រោក​ឡើង យាង​ចេញ​ទៅ​ឯ​ក្រុង​ធើសា កាល​ព្រះ‌នាង​បាន​ដល់​មាត់​ទ្វារ​ដំណាក់​ហើយ បុត្រ​នោះ​ក៏​សុគត​ទៅ 18រួច​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​បញ្ចុះ​សព​ទ្រង់ ហើយ​កាន់​ទុក្ខ​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ហោរា​អ័ហ៊ី‌យ៉ា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។
ព្រះបាទ​យេរ៉ូបោម​សោយ​ទិវង្គត
19រីឯ​កិច្ច‌ការផ្សេងៗ​របស់​យេរ៉ូ‌បោម គឺ​ពី​ការ​ធ្វើ​ចម្បាំង​យ៉ាង​ណា និង​សោយ‌រាជ្យ​យ៉ាង​ណា សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវ‌តារ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។ 20យេរ៉ូ‌បោម​បាន​សោយ‌រាជ្យ​អស់​ម្ភៃពីរ​ឆ្នាំ រួច​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ ហើយ​ណា‌ដាប​បុត្រា​ទ្រង់ ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។
រេហូ‌បោម​សោយ‌រាជ្យ​នៅ​ស្រុក​យូដា
21ឯ​រេហូ‌បោម ជា​បុត្រា​របស់​ព្រះបាទ​សាឡូម៉ូន ទ្រង់​បាន​សោយ‌រាជ្យ​នៅ​ស្រុក​យូដា កាល​រេហូ‌បោម​បាន​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​សែសិប​មួយ​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​បាន​ដប់​ប្រាំពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​ចេញ​ពី​កុល‌សម្ពន័្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អម្បាល‌ម៉ាន សម្រាប់​ជា​ទី​តាំង​ព្រះ‌នាម​ទ្រង់ ឯ​មាតា​រេហូ‌បោម ព្រះ‌នាង​ណាអា‌ម៉ា ជា​សាសន៍​អាំម៉ូន។ 22ពួក​យូដា​ក៏​ប្រព្រឹត្ត​អាក្រក់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​គេ​បណ្ដាល​ឲ្យ​ទ្រង់​មាន​សេចក្ដី​ប្រចណ្ឌ ដោយ‌សារ​អំពើ​បាប​ដែល​គេ​ប្រព្រឹត្ត លើស​ជាង​បុព្វ‌បុរស​របស់​គេ​ទៅ​ទៀត។ 23ដ្បិត​គេ​បាន​ធ្វើ​ទី​ខ្ពស់ ស្ដូប និង​បង្គោល​សក្ការៈ សម្រាប់​ខ្លួន​គេ នៅ​លើ​គ្រប់​ទាំង​កំពូល​ភ្នំ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខ្ចីៗ 24ក៏​តាំង​ឲ្យ​មាន​រួម​សង្វាស់​ភេទ​ដូច​គ្នា​នៅ​ក្នុង​ស្រុក​ដែរ គេ​ប្រព្រឹត្ត​តាម​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ចេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។
25លុះ​ឆ្នាំ​ទី​ប្រាំ ក្នុង​រាជ្យ​ស្តេច​រេហូ‌បោម ស៊ីសាក​ជា​ស្តេច​ស្រុក​អេស៊ីព្ទ បាន​ឡើង​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម 26ក៏​យក​អស់​ទាំង​ទ្រព្យ‌សម្បត្តិ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ទ្រព្យ‌សម្បត្តិ​ក្នុង​ដំណាក់​ស្តេច​ទាំង​អស់​ទៅ ហើយ​យក​ទាំង​ខែល​មាស​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​ផង​ដែរ 27ហើយ​ស្តេច​រេហូ‌បោម​បាន​ធ្វើ​ខែល​លង្ហិន​ជំនួស​ខែល​ទាំង​នោះ ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​មេ‌ទ័ព ដែល​រក្សា​មាត់​ទ្វារ​ដំណាក់​ស្តេច។ 28ដូច្នេះ កាល​ស្ដេច​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា​វេលា​ណា នោះ​ពួក​រក្សា​អង្គ​ក៏​កាន់​ខែល​ទាំង​នោះ រួច​យក​ទៅ​ទុក​ក្នុង​បន្ទប់​របស់​ពួក​រក្សា​អង្គ​វិញ។
29រីឯ​កិច្ច‌ការ​ឯ​ទៀត​ពី​រេហូ‌បោម និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ហើយ 30ឯ​រេហូ‌បោម និង​យេរ៉ូ‌បោម ទ្រង់​ចេះ​តែ​ច្បាំង​គ្នា​ជា‌និច្ច 31រេហូ‌បោម​ក៏​ផ្ទំ​លក់​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ក្នុង​ទី​ក្រុង​របស់​ដាវីឌ។ មាតា​ទ្រង់​នាម​ថា​ណាអា‌ម៉ា សាសន៍​អាំម៉ូន។ អ័ប៊ីយ៉ា​ជា‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

ទើបបានជ្រើសរើសហើយ៖

១ ពង្សាវ‌តារ‌ក្សត្រ 14: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល