គ្រានោះ សម្ដេចអប៊ីយាជាបុត្ររបស់ព្រះបាទយេរ៉ូបោមប្រឈួន។ ព្រះបាទយេរ៉ូបោមមានរាជឱង្ការទៅកាន់មហេសីថា៖ «ចូរក្រោកឡើងក្លែងខ្លួន ដើម្បីកុំឲ្យគេស្គាល់ថា នាងជាមហេសីយើង រួចធ្វើដំណើរទៅកាន់ស៊ីឡូ។ នៅទីនោះ មានព្យាការីម្នាក់ ឈ្មោះអហ៊ីយ៉ា គឺលោកហើយដែលប្រាប់យើងថា យើងនឹងសោយរាជ្យលើប្រជាជននេះ។ ចូរយកនំបុ័ងដប់ដុំ និងនំខ្លះ ព្រមទាំងទឹកឃ្មុំមួយដបទៅជាមួយផង។ ត្រូវទៅជួបលោក លោកមុខជាប្រាប់ឲ្យនាងដឹងថា កូនយើងនឹងទៅជាយ៉ាងណា»។ មហេសីរបស់ព្រះបាទយេរ៉ូបោមក៏ធ្វើតាម។ ព្រះនាងក្រោកឡើង ចេញដំណើរទៅស៊ីឡូ ហើយទៅដល់ផ្ទះរបស់លោកអហ៊ីយ៉ា។ លោកអហ៊ីយ៉ាមើលអ្វីលែងឃើញទៀតហើយ ព្រោះភ្នែកលោកងងឹត ដោយលោកចាស់ជរា។ មុនពេលព្រះនាងមកដល់ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអហ៊ីយ៉ាថា៖ «មហេសីរបស់យេរ៉ូបោមនឹងមកសួរអ្នកអំពីកូន ដែលកំពុងឈឺ។ កាលនាងចូលមកជួបអ្នក នាងនឹងក្លែងខ្លួនធ្វើជាស្ត្រីម្នាក់ផ្សេងទៀត។ ត្រូវនិយាយជាមួយនាងតាមពាក្យដែលយើងនឹងប្រាប់អ្នក»។ កាលលោកអហ៊ីយ៉ាឮស្នូរសម្រិបជើងរបស់ព្រះនាងមកដល់មាត់ទ្វារ លោកពោលថា៖ «សូមយាងចូលមក! មហេសីរបស់ព្រះបាទយេរ៉ូបោម ហេតុអ្វីបានជាព្រះនាងក្លែងខ្លួនជាស្ត្រីផ្សេងដូច្នេះ? ព្រះជាម្ចាស់ចាត់ទូលបង្គំឲ្យនាំដំណឹងដ៏អាក្រក់ មកទូលព្រះនាង។ សូមយាងទៅទូលព្រះបាទយេរ៉ូបោមដូចតទៅ: ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “យើងបានលើកតម្កើងអ្នកនៅចំពោះមុខប្រជាជន និងតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ យើងបានដកហូតរាជសម្បត្តិពីពូជពង្សដាវីឌ ហើយប្រគល់ឲ្យអ្នក។ ក៏ប៉ុន្តែ អ្នកមិនបានកាន់តាមបទបញ្ជារបស់យើង និងគោរពបម្រើយើង ដោយចិត្តស្មោះឡើយ ហើយអ្នកក៏មិនបានប្រព្រឹត្តអំពើសុចរិត ដែលគាប់ចិត្តយើង ដូចដាវីឌជាអ្នកបម្រើរបស់យើងដែរ។ អ្នកបានប្រព្រឹត្តអាក្រក់ជាងអស់អ្នកមុនៗទៅទៀត គឺអ្នកបានធ្វើរូបព្រះផ្សេងៗ ព្រមទាំងសិតធ្វើរូបបដិមា ដើម្បីបញ្ឆេះកំហឹងរបស់យើង ហើយអ្នកបានបែរខ្នងដាក់យើងថែមទៀត។ ហេតុនេះ យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានចំពោះពូជពង្សរបស់យេរ៉ូបោម។ យើងនឹងប្រហារកូនប្រុសៗ ក្នុងក្រុមគ្រួសាររបស់យេរ៉ូបោម ទាំងអ្នកងារ ទាំងអ្នកជា ឲ្យអស់ពីស្រុកអ៊ីស្រាអែល។ យើងនឹងបោសពូជពង្សរបស់យេរ៉ូបោម ដូចគេបោសសំរាម ទាល់តែអស់ដែរ។ ក្នុងក្រុមគ្រួសារយេរ៉ូបោម អ្នកដែលស្លាប់នៅក្នុងទីក្រុង នឹងត្រូវឆ្កែហែកស៊ី ហើយអ្នកដែលស្លាប់នៅតាមវាលនឹងត្រូវត្មាតចឹកស៊ី”។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ រីឯព្រះនាងវិញ សូមក្រោកឡើង វិលត្រឡប់ទៅដំណាក់ចុះ! ពេលព្រះនាងយាងចូលដល់ទីក្រុង បុត្រនោះនឹងសោយទិវង្គត។ ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាកាន់ទុក្ខ ហើយបញ្ចុះសពបុត្រនោះ។ ក្នុងរាជវង្សរបស់ព្រះបាទយេរ៉ូបោម មានតែបុត្រនេះមួយអង្គប៉ុណ្ណោះ ដែលគេបញ្ចុះសពក្នុងផ្នូរ ដ្បិតក្នុងរាជវង្សព្រះបាទយេរ៉ូបោមមានតែបុត្រអង្គនេះទេ ដែលបានប្រព្រឹត្តអំពើល្អខ្លះៗ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះនៃប្រជាជនអ៊ីស្រាអែល។ នៅថ្ងៃនោះ ព្រះអម្ចាស់នឹងជ្រើសតាំងស្ដេចមួយអង្គទៀត ឲ្យសោយរាជ្យលើប្រជាជនអ៊ីស្រាអែល ស្ដេចថ្មីនោះនឹងប្រហារពូជពង្សរបស់ព្រះបាទយេរ៉ូបោមឲ្យវិនាសសូន្យ។ ហេតុការណ៍នេះកំពុងតែកើតមាន! ព្រះអម្ចាស់នឹងវាយជនជាតិអ៊ីស្រាអែល ពេលនោះ ពួកគេប្រៀបដូចជាដើមត្រែងដែលញ័រនៅក្នុងទឹក។ ព្រះអម្ចាស់នឹងដកជនជាតិអ៊ីស្រាអែលចេញពីទឹកដីដ៏ល្អ ដែលព្រះអង្គប្រទានដល់បុព្វបុរសរបស់ពួកគេ ព្រះអង្គនឹងកម្ចាត់កម្ចាយពួកគេឲ្យទៅនៅខាងនាយទន្លេអឺប្រាត ព្រោះពួកគេធ្វើបង្គោលព្រះអាសេរ៉ា ដែលបណ្ដាលឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ។ ព្រះអង្គបោះបង់ចោលអ៊ីស្រាអែល ព្រោះតែព្រះបាទយេរ៉ូបោមប្រព្រឹត្តអំពើបាប និងនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ»។ មហេសីរបស់ព្រះបាទយេរ៉ូបោមក្រោកឡើង ហើយយាងចេញទៅ។ ពេលព្រះនាងយាងដល់ក្រុងធើសា ហើយឈានជើងជាន់មាត់ទ្វារព្រះដំណាក់ បុត្រនោះក៏សោយទិវង្គត។ គេបានបញ្ចុះសពបុត្រនោះ ហើយប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាកាន់ទុក្ខ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈព្យាការីអហ៊ីយ៉ា ជាអ្នកបម្រើរបស់ព្រះអង្គ។
អាន ១ ពង្សាវតារក្សត្រ 14
ស្ដាប់នូវ ១ ពង្សាវតារក្សត្រ 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 14:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ