១ ពង្សាវតារក្សត្រ 12:6-15

១ ពង្សាវតារក្សត្រ 12:6-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​រេហូ‌បោម​បាន​ពិភាក្សា​ជា​មួយ​ក្រុម​ព្រឹទ្ធា‌ចារ្យ ដែល​ជា​ទី​ប្រឹក្សា​របស់​ព្រះ‌បាទ​សាឡូម៉ូន ជា​បិតា ក្នុង​គ្រា​ទ្រង់​នៅ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ ដោយ​សួរ​ថា៖ «តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​ប្រជា‌ជន​នេះ?»។ អស់​លោក​ព្រឹទ្ធា‌ចារ្យ​ទូល​វិញ​ថា៖ «ថ្ងៃ​នេះ ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​បម្រើ​ប្រជា‌ជន បើ​ព្រះ‌ករុណា​យក​ចិត្ត​ទុក​ដាក់​នឹង​គេ ហើយ​ឆ្លើយ​ទៅ​គេ ដោយ​ព្រះ‌ហឫទ័យ​សប្បុរស នោះ​ពួក​គេ​នឹង​បម្រើ​ព្រះ‌ករុណា​រហូត​ត​ទៅ»។ ប៉ុន្តែ ព្រះ‌បាទ​រេហូ‌បោម​មិន​រវី‌រវល់​នឹង​យោបល់​របស់​ក្រុម​ព្រឹទ្ធា‌ចារ្យ​ទេ តែ​ស្ដេច​បាន​សួរ​យោបល់​ពី​មន្ត្រី​ជំនិត ដែល​ធ្លាប់​នៅ​ជា​មួយ​ស្ដេច​តាំង​ពី​កុមារ​មក។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ពួក​គេ​ថា៖ «ប្រជា‌ជន​បាន​សុំ​ឲ្យ​យើង​សម្រាល​នឹម ដែល​បិតា​របស់​យើង​បាន​ដាក់​លើ​ពួក​គេ។ តើ​អស់​លោក​មាន​យោបល់​ដូច​ម្ដេច? តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​ប្រជា‌ជន​នេះ?»។ មន្ត្រី​ក្មេងៗ​ដែល​ធ្លាប់​នៅ​ជា​មួយ​ស្ដេច​តាំង​ពី​កុមារ​មក នាំ​គ្នា​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​ប្រាប់​ប្រជា‌ជន ដែល​មក​សុំ​ឲ្យ​ព្រះ‌ករុណា​សម្រាល​នឹម​បិតា​របស់​ព្រះ‌ករុណា​នោះ​វិញ​ថា “កូន​ដៃ​របស់​យើង​មាន​កម្លាំង​ជាង​ដៃ​បិតា​របស់​យើង​ទៅ​ទៀត។ បិតា​របស់​យើង​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​របស់​យើង​បាន​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​រំពាត់ រីឯ​យើង​វិញ យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​ខ្យា‌ដំរី”»។ លុះ​ដល់​ថ្ងៃ​ទី​បី លោក​យេរ៉ូ‌បោម និង​ប្រជា‌ជន​ទាំង​មូល​ចូល​មក​គាល់​ព្រះ‌បាទ​រេហូ‌បោម តាម​ពេល​កំណត់​ដែល​ស្ដេច​បាន​ប្រាប់​ថា “ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​មក​ជួប​យើង​វិញ”។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន​យ៉ាង​តឹង‌រ៉ឹង គឺ​ស្ដេច​មិន​រវី‌រវល់​នឹង​យោបល់​របស់​ក្រុម​ព្រឹទ្ធា‌ចារ្យ​ទេ។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន តាម​យោបល់​របស់​មន្ត្រី​ក្មេងៗ​ថា៖ «បិតា​របស់​យើង​បាន​ផ្ទុក​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​របស់​យើង​បាន​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​រំពាត់ រីឯ​យើង​វិញ យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​ខ្យា‌ដំរី»។ ស្ដេច​មិន​ព្រម​ស្ដាប់​តាម​សំណូម‌ពរ​របស់​ប្រជា‌ជន​ទេ ដ្បិត​ព្រះ‌អម្ចាស់​បណ្ដាល​ឲ្យ​មាន​សភាព​ការណ៍​ប្រែ‌ប្រួល​ដូច្នេះ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង​មក​កាន់​លោក​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត តាម​រយៈ​ព្យាការី​អហ៊ី‌យ៉ា នៅ​ស៊ីឡូ។

១ ពង្សាវតារក្សត្រ 12:6-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ស្តេច​រេហូ‌បោម​ក៏​ប្រឹក្សា​នឹង​ពួក​ចាស់ៗ ជា​ពួក​ជំនិត​របស់​ព្រះបាទ​សាឡូម៉ូន ជា​បិតា​របស់​ទ្រង់ ពី​ពេល​ទ្រង់​គង់​ព្រះ‌ជន្ម​នៅ​ឡើយ​ថា៖ «តាម​គំនិត​របស់​លោក​រាល់​គ្នា តើ​ត្រូវ​យើង​ឆ្លើយ​នឹង​ពួក​ប្រជា‌រាស្ត្រ​នេះ​យ៉ាង​ដូច​ម្តេច?» លោក​ទាំង​នោះ​ទូល​ឆ្លើយ​ថា៖ «នៅ​ថ្ងៃ​នេះ បើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ធ្វើ​តាម​ចិត្ត​ប្រជាជន​ទាំង‌ឡាយ ហើយ​យក​ចិត្ត​គេ ដោយ​ឆ្លើយ​នឹង​គេ​ជា​ពាក្យ​ផ្អែម​ពីរោះ នោះ​គេ​នឹង​នៅ​ជា​អ្នក​បម្រើ​របស់​ទ្រង់​ជា​ដរាប​ទៅ»។ ប៉ុន្តែ ទ្រង់​មិន​ព្រម​តាម​គំនិត​នៃ​ពួក​ចាស់ៗ​ទាំង​នោះ​ទេ គឺ​ទ្រង់​ទៅ​ប្រឹក្សា​នឹង​ពួក​មនុស្ស​ស្រករ​នឹង​ទ្រង់ ជា​ពួក​ជំនិត​ទ្រង់​វិញ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​យោបល់​យ៉ាង​ណា ដែល​យើង​ឆ្លើយ​នឹង​ប្រជា‌រាស្ត្រ ដែល​គេ​បាន​សូម​យើង​ថា "សូម​ទ្រង់​មេត្តា​សម្រាល​នឹម​យ៉ាង​ធ្ងន់ ដែល​បិតា​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង"?» រួច​ពួក​ដែល​ស្រករ​នឹង​ទ្រង់ គេ​ទូល​ឆ្លើយ​ថា៖ «ប្រជា‌រាស្ត្រ​នេះ ដែល​មក​ទូល​សូម​ទ្រង់​ថា "បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​នឹម​ធ្ងន់​ណាស់​លើ​យើង​ខ្ញុំ។ ដូច្នេះ សូម​ទ្រង់​មេត្តា​សម្រាល​នឹម​យ៉ាង​ធ្ងន់ ដែល​បិតា​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង" ទ្រង់​ត្រូវ​ឆ្លើយ​នឹង​គេ​យ៉ាង​នេះ​ថា "កូន​ដៃ​យើង​នឹង​បាន​ធំ​ជាង​ភ្លៅ​របស់​បិតា​យើង​ទៅ​ទៀត។ ឯ​បិតា​យើង ទ្រង់​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ យើង​នឹង​បន្ថែម​ឲ្យ​នឹម​អ្នក​រាល់​គ្នា​បាន​ធ្ងន់​ជាង​ទៅ​ទៀត បិតា​យើង​បាន​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​ខ្យា‌ដំរី​វិញ"»។ លុះ​ដល់​ថ្ងៃ​ទី​បី យេរ៉ូ‌បោម និង​ប្រជាជន ក៏​ចូល​មក​គាល់​រេហូ‌បោម ដូច​ជា​ស្តេច​បាន​បង្គាប់​ថា "នៅ​ថ្ងៃ​ទី​បី ត្រូវ​វិល​មក​ជួប​យើង​វិញ" ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​គេ​ជា​ពាក្យ​គំរោះ‌គំរើយ ឥត​តាម​គំនិត​របស់​ពួក​ចាស់ៗ​ឡើយ គឺ​ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​គេ តាម​គំនិត​របស់​ពួក​មនុស្ស​ស្រករ​គ្នា​វិញ​ថា៖ «បិតា​យើង​បាន​ធ្វើ​ឲ្យ​នឹម​អ្នក​រាល់​គ្នា​ធ្ងន់​ណាស់ តែ​យើង​នឹង​បន្ថែម ឲ្យ​នឹម​អ្នក​រាល់​គ្នា​ធ្ងន់​ជាង​ទៅ​ទៀត បិតា​បាន​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​ខ្យា‌ដំរី»។ ស្ដេច​មិន​ព្រម​ស្តាប់​តាម​ប្រជាជន​ទេ ដ្បិត​ការ​នេះ​កើត​មក​អំពី​ព្រះ‌យេហូវ៉ា ដើម្បី​សម្រេច​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​យេរ៉ូ‌បោម ជា​កូន​នេបាត ដោយ‌សារ​អ័ហ៊ី‌យ៉ា ជា​ពួក​ក្រុង​ស៊ីឡូរ។

១ ពង្សាវតារក្សត្រ 12:6-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ស្តេច​រេហូ‌បោម​ក៏​ប្រឹក្សា​នឹង​ពួក​ចាស់ៗ ជា​ពួក​ជំនិត​នៃ​សាឡូម៉ូន បិតា​ទ្រង់ ពី​កាល​ទ្រង់​គង់​ព្រះ‌ជន្ម​នៅ​ឡើយ​ថា តាម​គំនិត​របស់​លោក​រាល់​គ្នា នោះ​តើ​ត្រូវ​យើង​ឆ្លើយ​នឹង​ពួក​រាស្ត្រ​នេះ​យ៉ាង​ដូច​ម្តេច លោក​ទាំង​នោះ​ទូល​ឆ្លើយ​ថា នៅ​ថ្ងៃ​នេះ បើ​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​ធ្វើ​តាម​ចិត្ត​ប្រជា‌ជន​ទាំង‌ឡាយ ហើយ​យក​ចិត្ត​គេ ដោយ​ឆ្លើយ​នឹង​គេ​ជា​ពាក្យ​ផ្អែម​ពីរោះ នោះ​គេ​នឹង​នៅ​ជា​បាវ​បំរើ​របស់​ទ្រង់​ជា​ដរាប​ទៅ ប៉ុន្តែទ្រង់​មិន​ព្រម​តាម​គំនិត​នៃ​ពួក​ចាស់ៗ​ទាំង​នោះ​ទេ គឺ​ទ្រង់​ទៅ​ប្រឹក្សា​នឹង​ពួក​មនុស្ស​ស្រករ​នឹង​ទ្រង់ ជា​ពួក​ជំនិត​ទ្រង់​វិញ ដោយ​បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​គិត​យ៉ាង​ណា តើ​ត្រូវ​ឲ្យ​យើង​ឆ្លើយ​នឹង​ពួក​រាស្ត្រ​នេះ​ដូច​ម្តេច ដែល​គេ​បាន​មក​សូម​យើង​ថា សូម​មេត្តា​ប្រោស​ឲ្យ​នឹម​ដែល​ព្រះ‌បិតា​ទ្រង់​បាន​ដាក់​លើ​យើង​រាល់​គ្នា បាន​ស្រាល​ទៅ រួច​ពួក​ដែល​ស្រករ​នឹង​ទ្រង់ គេ​ទូល​ឆ្លើយ​ថា ឯ​ពួក​រាស្ត្រ​នេះ ដែល​មក​ទូល​សូម​ទ្រង់​ថា ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ​ឲ្យ​នឹម​យើង​ខ្ញុំ​រាល់​គ្នា​ធ្ងន់​ពន់‌ពេក សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​បាន​ស្រាល​ដល់​យើង​ខ្ញុំ​វិញ​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​នឹង​គេ​យ៉ាង​នេះ​ថា កូន​ដៃ​យើង​នឹង​បាន​ធំ​ជាង​ភ្លៅ​របស់​ព្រះ‌បិតា​យើង ឯ​ព្រះ‌បិតា​យើង ទ្រង់​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​ឯង​រាល់​គ្នា តែ​ឥឡូវ​នេះ យើង​នឹង​បន្ថែម​ឲ្យ​នឹម​ឯង​រាល់​គ្នា​បាន​ធ្ងន់​ជាង​ទៅ​ទៀត ព្រះ‌បិតា​យើង​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​ខ្យា‌ដំរី​វិញ។ លុះ​ដល់​ថ្ងៃ​ទី​៣ យេរ៉ូ‌បោម នឹង​បណ្តាជន​ទាំង‌ឡាយ ក៏​មូល​មក​គាល់​រេហូ‌បោម ដូច​ជា​ស្តេច​បាន​បង្គាប់​ដោយ​បន្ទូល​ថា ដល់​ថ្ងៃ​ទី​៣ ចូរ​ឯង​រាល់​គ្នា​មក​ឯ​យើង​វិញ នោះ​ស្តេច​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ដល់​គេ​ជា​ពាក្យ​គំរោះ‌គំរើយ ឥត​តាម​គំនិត​របស់​ពួក​ចាស់ៗ​ឡើយ គឺ​ទ្រង់​មាន​បន្ទូល​ទៅ​គេ តាម​គំនិត​របស់​ពួក​មនុស្ស​ស្រករ​គ្នា​វិញ​ថា ព្រះ‌បិតា​យើង​បាន​ធ្វើ​ឲ្យ​នឹម​ឯង​រាល់​គ្នា​មាន​ទំងន់ តែ​យើង​នឹង​បន្ថែម ឲ្យ​នឹម​ឯង​រាល់​គ្នា បាន​ធ្ងន់​ជាង​ទៅ​ទៀត ព្រះ‌បិតា​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​ខ្យា‌ដំរី​វិញ ស្តេច​ទ្រង់​មិន​ព្រម​ស្តាប់​តាម​បណ្តាជន​ទេ ដ្បិត​ការ​នេះ​កើត​មក​អំពី​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​សំរេច​តាម​សេចក្ដី ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​យេរ៉ូ‌បោម ជា​កូន​នេបាត ដោយ‌សារ​អ័ហ៊ីយ៉ា ជា​ពួក​ក្រុង​ស៊ីឡូរ។