១ ពង្សាវតារក្សត្រ 12
12
រាជាណាចក្រខាងជើងនៅដាច់ពីគេ
1ស្ដេចរេហូបោមបានយាងទៅស៊ីគែម ដ្បិតសាសន៍អ៊ីស្រាអែលទាំងអស់បានមូលគ្នាមកត្រង់ស៊ីគែម ដើម្បីនឹងតាំងទ្រង់ឡើងជាស្តេច។ 2កាលយេរ៉ូបោម ជាកូននេបាត បានឮដំណឹងនេះភ្លាម (ដ្បិតលោកកំពុងនៅស្រុកអេស៊ីព្ទនៅឡើយ ជាកន្លែងដែលលោកបានរត់គេចពីព្រះបាទសាឡូម៉ូន) នោះយេរ៉ូបោមក៏វិលត្រឡប់ពី ស្រុកអេស៊ីព្ទ។ 3ហើយមានគេចាត់មនុស្សឲ្យទៅហៅលោកមក នោះយេរ៉ូបោម និងក្រុមជំនុំអ៊ីស្រាអែលទាំងអស់ ក៏មកគាល់រេហូបោម ទូលថា៖ 4«បិតារបស់ព្រះករុណាបានដាក់នឹមធ្ងន់ណាស់លើយើងខ្ញុំ។ ដូច្នេះ សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងប្រតិបត្តិតាមទ្រង់»។ 5ដូច្នេះ ទ្រង់មានរាជឱង្ការឆ្លើយថា៖ «ចូរទៅសិនចុះ ចាំបីថ្ងៃទៀតសូមត្រឡប់មកវិញ» ប្រជាជនក៏បង្គំលាទៅ។
6ស្តេចរេហូបោមក៏ប្រឹក្សានឹងពួកចាស់ៗ ជាពួកជំនិតរបស់ព្រះបាទសាឡូម៉ូន ជាបិតារបស់ទ្រង់ ពីពេលទ្រង់គង់ព្រះជន្មនៅឡើយថា៖ «តាមគំនិតរបស់លោករាល់គ្នា តើត្រូវយើងឆ្លើយនឹងពួកប្រជារាស្ត្រនេះយ៉ាងដូចម្តេច?» 7លោកទាំងនោះទូលឆ្លើយថា៖ «នៅថ្ងៃនេះ បើទ្រង់សព្វព្រះហឫទ័យនឹងធ្វើតាមចិត្តប្រជាជនទាំងឡាយ ហើយយកចិត្តគេ ដោយឆ្លើយនឹងគេជាពាក្យផ្អែមពីរោះ នោះគេនឹងនៅជាអ្នកបម្រើរបស់ទ្រង់ជាដរាបទៅ»។ 8ប៉ុន្តែ ទ្រង់មិនព្រមតាមគំនិតនៃពួកចាស់ៗទាំងនោះទេ គឺទ្រង់ទៅប្រឹក្សានឹងពួកមនុស្សស្រករនឹងទ្រង់ ជាពួកជំនិតទ្រង់វិញ 9ដោយមានព្រះបន្ទូលថា៖ «តើអ្នករាល់គ្នាមានយោបល់យ៉ាងណា ដែលយើងឆ្លើយនឹងប្រជារាស្ត្រ ដែលគេបានសូមយើងថា "សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង"?» 10រួចពួកដែលស្រករនឹងទ្រង់ គេទូលឆ្លើយថា៖ «ប្រជារាស្ត្រនេះ ដែលមកទូលសូមទ្រង់ថា "បិតារបស់ព្រះករុណាបានដាក់នឹមធ្ងន់ណាស់លើយើងខ្ញុំ។ ដូច្នេះ សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង" ទ្រង់ត្រូវឆ្លើយនឹងគេយ៉ាងនេះថា "កូនដៃយើងនឹងបានធំជាងភ្លៅរបស់បិតាយើងទៅទៀត។ 11ឯបិតាយើង ទ្រង់បានដាក់នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា តែឥឡូវនេះ យើងនឹងបន្ថែមឲ្យនឹមអ្នករាល់គ្នាបានធ្ងន់ជាងទៅទៀត បិតាយើងបានវាយផ្ចាលអ្នករាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលអ្នករាល់គ្នាដោយខ្យាដំរីវិញ"»។
12លុះដល់ថ្ងៃទីបី យេរ៉ូបោម និងប្រជាជន ក៏ចូលមកគាល់រេហូបោម ដូចជាស្តេចបានបង្គាប់ថា "នៅថ្ងៃទីបី ត្រូវវិលមកជួបយើងវិញ" 13ស្ដេចមានរាជឱង្ការទៅកាន់គេជាពាក្យគំរោះគំរើយ ឥតតាមគំនិតរបស់ពួកចាស់ៗឡើយ 14គឺទ្រង់មានរាជឱង្ការទៅគេ តាមគំនិតរបស់ពួកមនុស្សស្រករគ្នាវិញថា៖ «បិតាយើងបានធ្វើឲ្យនឹមអ្នករាល់គ្នាធ្ងន់ណាស់ តែយើងនឹងបន្ថែម ឲ្យនឹមអ្នករាល់គ្នាធ្ងន់ជាងទៅទៀត បិតាបានវាយផ្ចាលអ្នករាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលអ្នករាល់គ្នាដោយខ្យាដំរី»។ 15ស្ដេចមិនព្រមស្តាប់តាមប្រជាជនទេ ដ្បិតការនេះកើតមកអំពីព្រះយេហូវ៉ា ដើម្បីសម្រេចតាមសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាពួកក្រុងស៊ីឡូរ។
16កាលពួកអ៊ីស្រាអែលទាំងប៉ុន្មានឃើញថា ស្តេចមិនព្រមស្តាប់តាមគេដូច្នោះ នោះគេទូលឆ្លើយថា៖
«តើយើងរាល់គ្នាមានចំណែកអ្វីខាងដាវីឌ?
យើងក៏គ្មានមត៌កជាមួយកូនចៅអ៊ីសាយដែរ
ឱពួកអ៊ីស្រាអែលអើយ
ចូរយើងវិលទៅផ្ទះវិញទៅ
ឥឡូវនេះ ដាវីឌ
ចូរមើលព្រះវង្សរបស់ខ្លួនឯងចុះ»។
ដូច្នេះ ពួកអ៊ីស្រាអែលក៏ត្រឡប់ទៅឯទីលំនៅគេវិញទៅ 17ព្រះបាទរេហូបោមគ្រប់គ្រងលើពួកកូនចៅអ៊ីស្រាអែល ដែលរស់នៅតាមទីក្រុងនានាក្នុងស្រុកពួកយូដា។ 18រួចមកស្តេចរេហូបោមចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នាយកដុំថ្មគប់លោកឲ្យស្លាប់ទៅ ដូច្នេះ ស្តេចរេហូបោមក៏ប្រញាប់ប្រញាល់ ឡើងព្រះរាជរថរត់ទៅឯក្រុងយេរូសាឡិម។ 19គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលបានបះបោរនឹងរាជ្យវង្សរបស់ដាវីឌរហូតដល់សព្វថ្ងៃ។
យេរ៉ូបោមសោយរាជ្យលើពួកអ៊ីស្រាអែល
20គ្រានោះ កាលពួកអ៊ីស្រាអែលទាំងអស់គ្នាបានឮថា យេរ៉ូបោមបានត្រឡប់មកវិញហើយ នោះក៏ចាត់គ្នាឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែលទាំងអស់ គ្មានអ្នកណាបានតាមព្រះរាជ្យរបស់ដាវីឌឡើយ មានតែកុលសម្ពន័្ធយូដាមួយប៉ុណ្ណោះ។
21ពេលរេហូបោមបានមកដល់ក្រុងយេរូសាឡិម ទ្រង់ក៏ប្រមូលពូជពង្សយូដាទាំងអស់ និងកុលសម្ពន័្ធបេនយ៉ាមីន រួមទាំងអស់បានប្រុសៗមួយសែនប្រាំបីម៉ឺននាក់ សុទ្ធតែជាអ្នកជ្រើសរើស ហើយថ្នឹកចម្បាំង ដើម្បីលើកទៅច្បាំងនឹងពួកពូជពង្សអ៊ីស្រាអែល ដោយប្រាថ្នាចង់បង្វិលរាជ្យមកឲ្យរេហូបោម ជាកូនព្រះបាទសាឡូម៉ូនវិញ 22ប៉ុន្តែ ព្រះបន្ទូលនៃព្រះបានមកដល់សេម៉ាយ៉ា ជាអ្នកសំណព្វរបស់ព្រះថា៖ 23«ចូរប្រាប់ដល់រេហូបោម ជាកូនសាឡូម៉ូន ស្តេចស្រុកយូដា ព្រមទាំងពូជពង្សយូដា និងបេនយ៉ាមីន ហើយប្រជាជនឯទៀតថា 24"ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នកមិនត្រូវឡើងទៅច្បាំងនឹងពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់អ្នករាល់គ្នាឡើយ ចូរវិលទៅផ្ទះរបស់អ្នករៀងខ្លួនទៅ ដ្បិតការនេះ គឺយើងបានបង្កើតឡើង"»។ ដូច្នេះ គេក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយវិលត្រឡប់ទៅតាមផ្លូវគេវិញ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
កូនគោមាសរបស់ព្រះបាទយេរ៉ូបោម
25ក្រោយមក យេរ៉ូបោមសង់ក្រុងស៊ីគែម នៅស្រុកភ្នំអេប្រាអិម រួចទ្រង់គង់នៅទីនោះ ហើយចេញពីទីនោះទៅសង់ក្រុងពេនួលទៀត។
26យេរ៉ូបោមទ្រង់ព្រះតម្រិះក្នុងព្រះហឫទ័យថា៖ «រាជ្យនេះនឹងត្រឡប់ទៅឯរាជវង្សដាវីឌវិញ 27ប្រសិនបើប្រជាជនទាំងនេះ ចេះតែឡើងទៅថ្វាយយញ្ញបូជា ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម នោះចិត្តគេនឹងវិលត្រឡប់ទៅឯចៅហ្វាយគេវិញ គឺឯរេហូបោម ជាស្តេចស្រុកយូដា គេនឹងសម្លាប់យើងចោល ហើយត្រឡប់ទៅគោរពតាមរេហូបោម ជាស្តេចស្រុកយូដា»។ 28ដូច្នេះ ស្ដេចក៏មានគំនិតធ្វើរូបកូនគោមាសពីរ ហើយមានរាជឱង្ការទៅកាន់ប្រជាជន ថា៖ «ឱអ៊ីស្រាអែលអើយ អ្នករាល់គ្នាបានឡើងទៅក្រុងយេរូសាឡិមយូរណាស់ហើយ ឥឡូវនេះ មើល៍! នេះនែ ព្រះរបស់អ្នក ដែលបាននាំអ្នករាល់គ្នា ឡើងចេញពីស្រុកអេស៊ីព្ទមក»។ 29ស្ដេចក៏តម្កល់ទុកមួយនៅក្រុងបេត-អែល ហើយមួយទៀតនៅក្រុងដាន់។ 30ដំណើរនេះត្រឡប់ជាមានបាប ដ្បិតប្រជាជននាំគ្នាទៅថ្វាយបង្គំរូបមួយនោះ ដែលនៅក្រុងដាន់។ 31ស្ដេចក៏សង់វិហារនៅលើទីខ្ពស់ៗ ហើយបានយកមនុស្សពីចំណោមប្រជាជន ដែលមិនមែនជាពូជលេវី តាំងឡើងឲ្យធ្វើជាសង្ឃ 32រួចទ្រង់តម្រូវឲ្យមានបុណ្យនៅថ្ងៃដប់ប្រាំខែទីប្រាំបី ឲ្យដូចជាបុណ្យដែលគេធ្វើនៅស្រុកយូដាដែរ ហើយទ្រង់ថ្វាយយញ្ញបូជានៅលើអាសនា ទ្រង់ក៏ធ្វើដូច្នោះនៅក្រុងបេត-អែលទៀត ព្រមទាំងថ្វាយយញ្ញបូជាដល់រូបគោដែលទ្រង់បានធ្វើផង ទ្រង់ដាក់ពួកសង្ឃ ដែលបានតាំងឡើង សម្រាប់ទីខ្ពស់ទាំងប៉ុន្មាន ឲ្យនៅក្រុងបេត-អែល។ 33ដល់ថ្ងៃដប់ប្រាំខែទីប្រាំបី ជាវេលាដែលទ្រង់បានគិតសម្រេចក្នុងព្រះហឫទ័យហើយ ទ្រង់ក៏ថ្វាយយញ្ញបូជានៅលើអាសនានោះ ដែលទ្រង់បានស្អាង នៅក្រុងបេត-អែល ហើយទ្រង់ក៏តាំងថ្ងៃនោះ ទុកជាថ្ងៃបុណ្យសម្រាប់ពួកកូនចៅអ៊ីស្រាអែល រួចទ្រង់ឡើងទៅដុតកំញានថ្វាយនៅលើអាសនា។
ទើបបានជ្រើសរើសហើយ៖
១ ពង្សាវតារក្សត្រ 12: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies