១ ពង្សាវ‌តារ‌ក្សត្រ 12:6-15

១ ពង្សាវ‌តារ‌ក្សត្រ 12:6-15 គកស១៦

ស្តេច​រេហូ‌បោម​ក៏​ប្រឹក្សា​នឹង​ពួក​ចាស់ៗ ជា​ពួក​ជំនិត​របស់​ព្រះបាទ​សាឡូម៉ូន ជា​បិតា​របស់​ទ្រង់ ពី​ពេល​ទ្រង់​គង់​ព្រះ‌ជន្ម​នៅ​ឡើយ​ថា៖ «តាម​គំនិត​របស់​លោក​រាល់​គ្នា តើ​ត្រូវ​យើង​ឆ្លើយ​នឹង​ពួក​ប្រជា‌រាស្ត្រ​នេះ​យ៉ាង​ដូច​ម្តេច?» លោក​ទាំង​នោះ​ទូល​ឆ្លើយ​ថា៖ «នៅ​ថ្ងៃ​នេះ បើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ធ្វើ​តាម​ចិត្ត​ប្រជាជន​ទាំង‌ឡាយ ហើយ​យក​ចិត្ត​គេ ដោយ​ឆ្លើយ​នឹង​គេ​ជា​ពាក្យ​ផ្អែម​ពីរោះ នោះ​គេ​នឹង​នៅ​ជា​អ្នក​បម្រើ​របស់​ទ្រង់​ជា​ដរាប​ទៅ»។ ប៉ុន្តែ ទ្រង់​មិន​ព្រម​តាម​គំនិត​នៃ​ពួក​ចាស់ៗ​ទាំង​នោះ​ទេ គឺ​ទ្រង់​ទៅ​ប្រឹក្សា​នឹង​ពួក​មនុស្ស​ស្រករ​នឹង​ទ្រង់ ជា​ពួក​ជំនិត​ទ្រង់​វិញ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​យោបល់​យ៉ាង​ណា ដែល​យើង​ឆ្លើយ​នឹង​ប្រជា‌រាស្ត្រ ដែល​គេ​បាន​សូម​យើង​ថា "សូម​ទ្រង់​មេត្តា​សម្រាល​នឹម​យ៉ាង​ធ្ងន់ ដែល​បិតា​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង"?» រួច​ពួក​ដែល​ស្រករ​នឹង​ទ្រង់ គេ​ទូល​ឆ្លើយ​ថា៖ «ប្រជា‌រាស្ត្រ​នេះ ដែល​មក​ទូល​សូម​ទ្រង់​ថា "បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​នឹម​ធ្ងន់​ណាស់​លើ​យើង​ខ្ញុំ។ ដូច្នេះ សូម​ទ្រង់​មេត្តា​សម្រាល​នឹម​យ៉ាង​ធ្ងន់ ដែល​បិតា​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង" ទ្រង់​ត្រូវ​ឆ្លើយ​នឹង​គេ​យ៉ាង​នេះ​ថា "កូន​ដៃ​យើង​នឹង​បាន​ធំ​ជាង​ភ្លៅ​របស់​បិតា​យើង​ទៅ​ទៀត។ ឯ​បិតា​យើង ទ្រង់​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ យើង​នឹង​បន្ថែម​ឲ្យ​នឹម​អ្នក​រាល់​គ្នា​បាន​ធ្ងន់​ជាង​ទៅ​ទៀត បិតា​យើង​បាន​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​ខ្យា‌ដំរី​វិញ"»។ លុះ​ដល់​ថ្ងៃ​ទី​បី យេរ៉ូ‌បោម និង​ប្រជាជន ក៏​ចូល​មក​គាល់​រេហូ‌បោម ដូច​ជា​ស្តេច​បាន​បង្គាប់​ថា "នៅ​ថ្ងៃ​ទី​បី ត្រូវ​វិល​មក​ជួប​យើង​វិញ" ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​គេ​ជា​ពាក្យ​គំរោះ‌គំរើយ ឥត​តាម​គំនិត​របស់​ពួក​ចាស់ៗ​ឡើយ គឺ​ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​គេ តាម​គំនិត​របស់​ពួក​មនុស្ស​ស្រករ​គ្នា​វិញ​ថា៖ «បិតា​យើង​បាន​ធ្វើ​ឲ្យ​នឹម​អ្នក​រាល់​គ្នា​ធ្ងន់​ណាស់ តែ​យើង​នឹង​បន្ថែម ឲ្យ​នឹម​អ្នក​រាល់​គ្នា​ធ្ងន់​ជាង​ទៅ​ទៀត បិតា​បាន​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​ខ្យា‌ដំរី»។ ស្ដេច​មិន​ព្រម​ស្តាប់​តាម​ប្រជាជន​ទេ ដ្បិត​ការ​នេះ​កើត​មក​អំពី​ព្រះ‌យេហូវ៉ា ដើម្បី​សម្រេច​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​យេរ៉ូ‌បោម ជា​កូន​នេបាត ដោយ‌សារ​អ័ហ៊ី‌យ៉ា ជា​ពួក​ក្រុង​ស៊ីឡូរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ពង្សាវ‌តារ‌ក្សត្រ 12:6-15