១ យ៉ូហាន 4:7-17

១ យ៉ូហាន 4:7-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​សេចក្ដី​ស្រឡាញ់​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់។ អ្នក​ណា​មាន​ចិត្ត​ស្រឡាញ់ អ្នក​នោះ​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ ហើយ​ក៏​ស្គាល់​ព្រះ‌ជា‌ម្ចាស់​ដែរ។ រីឯ​អ្នក​ដែល​មិន​ចេះ​ស្រឡាញ់ មិន​បាន​ស្គាល់​ព្រះ‌ជា‌ម្ចាស់​ទេ ដ្បិត​ព្រះ‌ជា‌ម្ចាស់​ជា​សេចក្ដី​ស្រឡាញ់។ ព្រះ‌ជា‌ម្ចាស់​បាន​សម្តែង​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​ក្នុង​ចំណោម​យើង គឺ​ព្រះអង្គ​បាន​ចាត់​ព្រះ‌បុត្រា​តែ​មួយ​គត់​របស់​ព្រះអង្គ​ឲ្យ​យាង​មក​ក្នុង​លោក​នេះ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដោយ‌សារ​ព្រះ‌បុត្រា។ សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់​មាន​ដូច​ត​ទៅ​នេះ មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ព្រះអង្គ គឺ​ព្រះអង្គ​ទេ​តើ​ដែល​បាន​ស្រឡាញ់​យើង និង​បាន​ចាត់​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ឲ្យ​យាង​មក​បូជា​ព្រះ‌ជន្ម លោះ​យើង​ឲ្យ​រួច​ពី​បាប​ផង។ កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​បាន​ស្រឡាញ់​យើង​ដល់​កម្រិត​នេះ​ទៅ​ហើយ យើង​ក៏​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ពុំ​ដែល​មាន​នរណា​បាន​ឃើញ​ព្រះ‌ជា‌ម្ចាស់​ឡើយ។ ប្រសិន​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​យើង ហើយ​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​នឹង​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​យើង​ដែរ។ យើង​ដឹង​ថា យើង​ស្ថិត​នៅ​ជាប់​នឹង​ព្រះអង្គ ហើយ​ព្រះអង្គ​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ​ព្រះអង្គ​បាន​ចែក​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ​មក​យើង។ រីឯ​យើង​វិញ យើង​បាន​ឃើញ ហើយ​យើង​ផ្ដល់​សក្ខីភាព​ថា ព្រះ‌បិតា​បាន​ចាត់​ព្រះ‌បុត្រា​ឲ្យ​យាង​មក​សង្គ្រោះ​មនុស្ស​លោក។ អ្នក​ណា​ប្រកាស​ជំនឿ​ថា​ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​ព្រះអង្គ​ដែរ។ រីឯ​យើង​វិញ យើង​បាន​ស្គាល់​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់ ក្នុង​ចំណោម​យើង ហើយ​យើង​ក៏​បាន​ជឿ។ ព្រះ‌ជា‌ម្ចាស់​ជា​សេចក្ដី​ស្រឡាញ់ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះ‌ជា‌ម្ចាស់​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។ បើ​សេចក្ដី​ស្រឡាញ់​ពិត​ជា​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​យើង​មែន នោះ​យើង​នឹង​មាន​ចិត្ត​រឹង‌ប៉ឹង នៅ​ថ្ងៃ​ព្រះ‌ជា‌ម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ដ្បិត​ក្នុង​លោក​នេះ យើង​មាន​របៀប​រស់​នៅ​ដូច​ព្រះ‌យេស៊ូ​ដែរ។

ចែក​រំលែក
អាន ១ យ៉ូហាន 4

១ យ៉ូហាន 4:7-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​ស្ងួន‌ភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ព្រះ​ដែរ។ អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​មិន​ស្គាល់​ព្រះ​ទេ ព្រោះ​ព្រះ‌ទ្រង់​ជា​សេចក្ដី​ស្រឡាញ់។ នេះ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​បាន​សម្តែង​មកក្នុង​ចំណោម​យើង គឺ​ព្រះ‌បាន​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ​តែ​មួយឲ្យ​មក​ក្នុង​លោក​នេះ ដើម្បី​ឲ្យ​យើង​បាន​រស់​ដោយ​សារ​ព្រះ‌រាជ​បុត្រា។ នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ មិន​មែន​ថា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ព្រះ‌អង្គ​បាន​ស្រឡាញ់​យើង ហើយ​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​មក ទុក​ជា​តង្វាយ​លោះ​បាប​យើង​ផង។ ពួក​ស្ងួន‌ភ្ងា​អើយ បើ​ព្រះ​បាន​ស្រឡាញ់​យើង​ខ្លាំង​ដល់​ម៉្លេះ នោះ​យើងក៏​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ តែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​យើង ហើយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ក៏​នឹង​ពេញ​ខ្នាតនៅ​ក្នុង​យើង​ដែរ។ យើង​ដឹងដោយ​សារ​សេចក្ដី​នេះ​ថា យើង​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ស្ថិត​នៅ​ជាប់​ក្នុង​យើង ព្រោះ​ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​មក​យើង។ យើង​បាន​ឃើញ ហើយ​ក៏​ធ្វើ​បន្ទាល់​ថា ព្រះ‌វរ‌បិតា​បាន​ចាត់​ព្រះ‌រាជ‌បុត្រា មកធ្វើ​ជា​ព្រះ‌សង្គ្រោះ​របស់​មនុស្ស​លោក។ អ្នក​ណា​ដែល​ប្រកាស​ថា ព្រះ‌យេ‌ស៊ូវ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ព្រះ​ស្ថិត​នៅជាប់​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ​ដែរ។ យើង​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌អង្គ​មាន​សម្រាប់​យើង។ ព្រះ‌ទ្រង់​ជា​សេចក្ដី​ស្រឡាញ់ ហើយ​អ្នក​ណា​ដែល​ស្ថិត​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះក៏​ស្ថិត​នៅជាប់​ក្នុង​អ្នក​នោះ​ដែរ។ ដោយ​សារ​សេចក្ដី​នេះ​ហើយ ដែល​សេចក្ដី​ស្រឡាញ់​បាន​ពេញ​ខ្នាត​ក្នុង​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លា‌ហាន​នៅ​ថ្ងៃ​ជំនុំ​ជម្រះ ដ្បិត​ដែល​ព្រះ‌ទ្រង់​ជា​យ៉ាង​ណា នោះ​យើង​ក៏​យ៉ាង​នោះ​នៅ​ក្នុង​លោក​នេះ​ដែរ។

ចែក​រំលែក
អាន ១ យ៉ូហាន 4

១ យ៉ូហាន 4:7-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​ស្ងួន‌ភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពី​ព្រោះ​ព្រះ‌ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​នោះ​ឯង សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​សំដែង​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​ទ្រង់​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយ‌សារ​ទ្រង់ នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង ពួក​ស្ងួន‌ភ្ងា​អើយ បើ​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ តែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​យើង ហើយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ បាន​ពេញ​ខ្នាត​ក្នុង​យើង​ដែរ គឺ​យ៉ាង​នោះ​ឯង​ដែល​យើង​ដឹង​ថា យើង​នៅ​ជាប់​ក្នុង​ទ្រង់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​យើង ពី​ព្រោះ​ទ្រង់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ទ្រង់​មក​យើង​រាល់​គ្នា ហើយ​យើង​បាន​ឃើញ ក៏​ធ្វើ​បន្ទាល់​ថា ព្រះវរ‌បិតា​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​មក ធ្វើ​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក។ អ្នក​ណា​ដែល​យល់​ព្រម​ថា ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ អ្នក​នោះ​ឈ្មោះ​ថា មាន​ព្រះ​គង់​នៅ​ក្នុង​ខ្លួន​ពិត ហើយ​ខ្លួន​ក៏​នៅ​ក្នុង​ព្រះ​ដែរ យើង​រាល់​គ្នា​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌ទ្រង់​មាន​ដល់​យើង ព្រះ‌ទ្រង់​ជា​តួ​សេចក្ដី​ស្រឡាញ់ ឯ​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់ នោះ​ក៏​បាន​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ គឺ​យ៉ាង​នោះ​ហើយ ដែល​សេចក្ដី​ស្រឡាញ់​បាន​ពេញ​ខ្នាត​ក្នុង​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លាហាន​នៅ​ថ្ងៃ​ជំនុំ​ជំរះ ដ្បិត​ដែល​ព្រះ‌ទ្រង់​ជា​យ៉ាង​ណា នោះ​យើង​រាល់​គ្នា​ក៏​យ៉ាង​នោះ​នៅ​ក្នុង​លោកីយ​នេះ​ដែរ

ចែក​រំលែក
អាន ១ យ៉ូហាន 4

១ យ៉ូហាន 4:7-17

១ យ៉ូហាន 4:7-17 គខប១ យ៉ូហាន 4:7-17 គខប