១ យ៉ូហាន 4:7-17

១ យ៉ូហាន 4:7-17 គកស១៦

ពួក​ស្ងួន‌ភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ព្រះ​ដែរ។ អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​មិន​ស្គាល់​ព្រះ​ទេ ព្រោះ​ព្រះ‌ទ្រង់​ជា​សេចក្ដី​ស្រឡាញ់។ នេះ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​បាន​សម្តែង​មកក្នុង​ចំណោម​យើង គឺ​ព្រះ‌បាន​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ​តែ​មួយឲ្យ​មក​ក្នុង​លោក​នេះ ដើម្បី​ឲ្យ​យើង​បាន​រស់​ដោយ​សារ​ព្រះ‌រាជ​បុត្រា។ នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ មិន​មែន​ថា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ព្រះ‌អង្គ​បាន​ស្រឡាញ់​យើង ហើយ​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​មក ទុក​ជា​តង្វាយ​លោះ​បាប​យើង​ផង។ ពួក​ស្ងួន‌ភ្ងា​អើយ បើ​ព្រះ​បាន​ស្រឡាញ់​យើង​ខ្លាំង​ដល់​ម៉្លេះ នោះ​យើងក៏​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ តែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​យើង ហើយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ក៏​នឹង​ពេញ​ខ្នាតនៅ​ក្នុង​យើង​ដែរ។ យើង​ដឹងដោយ​សារ​សេចក្ដី​នេះ​ថា យើង​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ស្ថិត​នៅ​ជាប់​ក្នុង​យើង ព្រោះ​ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​មក​យើង។ យើង​បាន​ឃើញ ហើយ​ក៏​ធ្វើ​បន្ទាល់​ថា ព្រះ‌វរ‌បិតា​បាន​ចាត់​ព្រះ‌រាជ‌បុត្រា មកធ្វើ​ជា​ព្រះ‌សង្គ្រោះ​របស់​មនុស្ស​លោក។ អ្នក​ណា​ដែល​ប្រកាស​ថា ព្រះ‌យេ‌ស៊ូវ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ព្រះ​ស្ថិត​នៅជាប់​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ​ដែរ។ យើង​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌អង្គ​មាន​សម្រាប់​យើង។ ព្រះ‌ទ្រង់​ជា​សេចក្ដី​ស្រឡាញ់ ហើយ​អ្នក​ណា​ដែល​ស្ថិត​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះក៏​ស្ថិត​នៅជាប់​ក្នុង​អ្នក​នោះ​ដែរ។ ដោយ​សារ​សេចក្ដី​នេះ​ហើយ ដែល​សេចក្ដី​ស្រឡាញ់​បាន​ពេញ​ខ្នាត​ក្នុង​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លា‌ហាន​នៅ​ថ្ងៃ​ជំនុំ​ជម្រះ ដ្បិត​ដែល​ព្រះ‌ទ្រង់​ជា​យ៉ាង​ណា នោះ​យើង​ក៏​យ៉ាង​នោះ​នៅ​ក្នុង​លោក​នេះ​ដែរ។

អាន ១ យ៉ូហាន 4

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ យ៉ូហាន 4:7-17