ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្ដីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ តែអ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ នោះមិនស្គាល់ព្រះវិញ ពីព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់នោះឯង សេចក្ដីស្រឡាញ់របស់ព្រះបានសំដែងមក ឲ្យយើងខ្ញុំស្គាល់ ដោយទ្រង់ចាត់ព្រះរាជបុត្រាទ្រង់តែ១ ឲ្យមកក្នុងលោកីយ ដើម្បីឲ្យយើងរាល់គ្នាបានរស់ដោយសារទ្រង់ នេះហើយជាសេចក្ដីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ គ្មានអ្នកណាដែលឃើញព្រះឡើយ តែបើយើងស្រឡាញ់គ្នាទៅវិញទៅមក នោះព្រះទ្រង់គង់នៅក្នុងយើង ហើយសេចក្ដីស្រឡាញ់របស់ទ្រង់ បានពេញខ្នាតក្នុងយើងដែរ គឺយ៉ាងនោះឯងដែលយើងដឹងថា យើងនៅជាប់ក្នុងទ្រង់ ហើយទ្រង់ក៏គង់នៅក្នុងយើង ពីព្រោះទ្រង់បានប្រទានព្រះវិញ្ញាណទ្រង់មកយើងរាល់គ្នា ហើយយើងបានឃើញ ក៏ធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រាមក ធ្វើជាព្រះអង្គសង្គ្រោះនៃមនុស្សលោក។ អ្នកណាដែលយល់ព្រមថា ព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ អ្នកនោះឈ្មោះថា មានព្រះគង់នៅក្នុងខ្លួនពិត ហើយខ្លួនក៏នៅក្នុងព្រះដែរ យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្ដីស្រឡាញ់ ដែលព្រះទ្រង់មានដល់យើង ព្រះទ្រង់ជាតួសេចក្ដីស្រឡាញ់ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្ដីស្រឡាញ់ នោះក៏បាននៅជាប់ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរ គឺយ៉ាងនោះហើយ ដែលសេចក្ដីស្រឡាញ់បានពេញខ្នាតក្នុងយើង ដើម្បីឲ្យយើងមានសេចក្ដីក្លាហាននៅថ្ងៃជំនុំជំរះ ដ្បិតដែលព្រះទ្រង់ជាយ៉ាងណា នោះយើងរាល់គ្នាក៏យ៉ាងនោះនៅក្នុងលោកីយនេះដែរ
អាន ១ យ៉ូហាន 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ យ៉ូហាន 4:7-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ