១ យ៉ូហាន 3:14-24

១ យ៉ូហាន 3:14-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​ដឹង​ហើយ​ថា យើង​បាន​កន្លង​ផុត​ពី​សេចក្ដី​ស្លាប់ ទៅ​ដល់​ជីវិត​ហើយ ព្រោះ​យើង​ស្រឡាញ់​ពួក​បង‌ប្អូន ឯ​អ្នក​ណា​ដែល​មិន​ចេះ​ស្រឡាញ់ អ្នក​នោះ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្លាប់​នៅ​ឡើយ។ អ្នក​ណា​ដែល​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​ជា​ឃាតក ហើយ​អ្នក​រាល់​គ្នា​ដឹង​ហើយថា គ្មាន​ឃាតកណា​មួយ​មាន​ជីវិត​រស់​អស់​កល្ប​ជា‌និច្ច​នៅ​ក្នុង​ខ្លួន​ឡើយ។ យើង​ស្គាល់​សេចក្ដី​ស្រឡាញ់ដោយ​សារ​សេចក្ដី​នេះ គឺ​ព្រះ‌អង្គ​បាន​ស៊ូ​ប្តូរ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​សម្រាប់​យើង ដូច្នេះ យើង​ក៏ត្រូវ​ប្តូរ​ជីវិត​របស់​យើង​សម្រាប់​បង‌ប្អូន​ដែរ។ ប្រសិន‌បើ​អ្នក​ណា​មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បង‌ប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​អាសូរ​សោះ ធ្វើ​ដូច​ម្តេចឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន? ពួក​កូន​តូចៗ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ដោយ​ពាក្យ​សម្ដី ឬ​ដោយ​បបូរ​មាត់​ប៉ុណ្ណោះ​ឡើយ គឺ​ដោយ​ការ​ប្រព្រឹត្ត និង​សេចក្ដី​ពិត​វិញ។ យើង​នឹង​ដឹង​ដោយ​សារ​សេចក្ដី​នេះ​ឯង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​ធ្វើ​ឲ្យ​យើងមានទំនុក​ចិត្តនៅ​ចំពោះ​ព្រះ‌អង្គ ដ្បិត​ពេល​ណា​ចិត្ត​របស់​យើង​ដាក់​ទោស​យើង នោះ​ព្រះ‌ទ្រង់​ធំ​ជាង​ចិត្ត​របស់​យើង​ទៅ​ទៀត ហើយ​ទ្រង់​ជ្រាប​គ្រប់​ទាំង​អស់។ ពួក​ស្ងួន‌ភ្ងា​អើយ ប្រសិន‌បើ​ចិត្ត​របស់​យើង​មិន​ដាក់​ទោស​យើង​ទេ នោះ​យើង​មាន​សេចក្ដី​ក្លា‌ហាននៅ​ចំពោះ​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​យើង​ទូល​សូម​ពី​ព្រះ‌អង្គ នោះ​យើង​នឹង​ទទួលពីព្រះ‌អង្គមិន​ខាន ព្រោះ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ហើយ​ប្រព្រឹត្ត​អំពើណា​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ។ រី​ឯ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ គឺយើង​ត្រូវ​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ហើយ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះ‌អង្គ​បាន​បង្គាប់​មក​យើង។ អ្នក​ណា​ដែល​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ អ្នក​នោះ​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ស្ថិត​នៅជាប់​ក្នុង​គេ​ដែរ។ យើង​ដឹង​ដោយ​សារ​សេចក្ដី​នេះ​ថា ព្រះ‌អង្គ​ស្ថិត​នៅជាប់​ក្នុង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង។

ចែក​រំលែក
អាន ១ យ៉ូហាន 3

១ យ៉ូហាន 3:14-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​ដឹង​ហើយ​ថា យើង​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​មក​កាន់​ជីវិត ព្រោះ​យើង​ចេះ​ស្រឡាញ់​បងប្អូន។ អ្នក​ណា​មិន​ចេះ​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ស្លាប់។ អ្នក​ណា​ស្អប់​បងប្អូន​របស់​ខ្លួន អ្នក​នោះ​ជា​ឃាតក។ បងប្អូន​ដឹង​ស្រាប់​ហើយ​ថា ឃាតក​គ្មាន​ជីវិត​អស់‌កល្ប​ជានិច្ច​ស្ថិត​នៅ​ក្នុង​ខ្លួន​ទេ។ យើង​ស្គាល់​សេចក្ដី​ស្រឡាញ់​ស្រាប់​ហើយ គឺ​ព្រះ‌យេស៊ូ​បាន​បូជា​ព្រះ‌ជន្ម​របស់​ព្រះអង្គ​សម្រាប់​យើង ហេតុ​នេះ យើង​ត្រូវ​បូជា​ជីវិត​សម្រាប់​បងប្អូន​ដែរ។ ប្រសិន​បើ​នរណា​ម្នាក់​មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បងប្អូន​របស់​ខ្លួន​ខ្វះ​ខាត តែ​បែរ​ជា​មិន​អាណិត​អាសូរ​គេ​ទេ​នោះ ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់ ស្ថិត​នៅ​ក្នុង​ខ្លួន​អ្នក​នោះ​កើត! កូន​ចៅ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ត្រឹម​តែ​បបូរ​មាត់ ឬ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ស្រឡាញ់​តាម​អំពើ​ដែល​យើង​ប្រព្រឹត្ត និង​តាម​សេចក្ដី​ពិតវិញ។ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​ចិត្ត​យើង​មិន​ភ័យ​ខ្លាច​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ទេ។ ហេតុ​នេះ ប្រសិន​បើ​ចិត្ត​គំនិត​របស់​យើង​ដាក់​ទោស​យើង នោះ​ព្រះ‌ជា‌ម្ចាស់​ដែល​ធំ​ជាង​ចិត្ត​របស់​យើង ព្រះអង្គ​ឈ្វេង​យល់​ទាំង​អស់។ កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ប្រសិន​បើ​ចិត្ត​គំនិត​របស់​យើង​មិន​ដាក់​ទោស​យើង​ទេ នោះ​យើង​នឹង​មាន​ចិត្ត​រឹង‌ប៉ឹង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។ អ្វីៗ​ក៏​ដោយ​ឲ្យ​តែ​យើង​ទូល​សូម យើង​មុខ​ជា​ទទួល​ពី​ព្រះអង្គ​មិន​ខាន ព្រោះ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ និង​ប្រព្រឹត្ត​អំពើ​ណា​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ។ រីឯ​បទ​បញ្ជា*​របស់​ព្រះអង្គ​មាន​ដូច​ត​ទៅ គឺ​យើង​ត្រូវ​ជឿ​លើ​ព្រះ‌នាម​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះអង្គ និង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក តាម​បទ​បញ្ជា​ដែល​ព្រះអង្គ​ប្រទាន​មក​យើង។ អ្នក​ណា​កាន់​តាម​បទ​បញ្ជា*​របស់​ព្រះអង្គ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះ‌ជា‌ម្ចាស់​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ព្រះអង្គ​ប្រទាន​មក​យើង។

ចែក​រំលែក
អាន ១ យ៉ូហាន 3

១ យ៉ូហាន 3:14-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យើង​រាល់​គ្នា​ដឹង​ថា យើង​បាន​កន្លង​ផុត​ពី​សេចក្ដី​ស្លាប់ ទៅ​ដល់​ជីវិត​ហើយ ពី​ព្រោះ​យើង​ស្រឡាញ់​ដល់​ពួក​បង​ប្អូន ឯ​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ជា​អ្នក​នៅ​ជាប់​ក្នុង​សេចក្ដី​ស្លាប់​នៅ​ឡើយ អ្នក​ណា​ដែល​មាន​ចិត្ត​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ ហើយ​អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​គ្មាន​អ្នក​សំឡាប់​គេ​ណា​មួយ ដែល​មាន​ជីវិត​ដ៏​រស់​អស់​‌កល្ប​ជានិច្ច​នៅ​ក្នុង​ខ្លួន​ឡើយ ដោយ‌សារ​សេចក្ដី​នេះ យើង​រាល់​គ្នា​បាន​ស្គាល់​សេចក្ដី​ស្រឡាញ់ គឺ​ដោយ​ទ្រង់​បាន​ស៊ូ​ប្តូរ​ព្រះ‌ជន្ម​ទ្រង់​ជំនួស​យើង ដូច្នេះ គួរ​ឲ្យ​យើង​ប្តូរ​ជីវិត​យើង​ជំនួស​បង​ប្អូន​ដែរ បើ​អ្នក​ណា​មាន​ភោគ​សម្បត្តិ​របស់​លោកីយ​នេះ ហើយ​ឃើញ​បង​ប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​មេត្តា​សោះ នោះ​ធ្វើ​ដូច​ម្តេច ឲ្យ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ បាន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន។ ពួក​កូន​តូចៗ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់ ដោយ​ពាក្យ​សំដី ឬ​ដោយ​បបូរ​មាត់​ប៉ុណ្ណោះ​ឡើយ គឺ​ដោយ​ការ​ប្រព្រឹត្ត នឹង​សេចក្ដី​ពិត​វិញ គឺ​យ៉ាង​នោះ​ឯង​ដែល​យើង​នឹង​ដឹង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​យើង​នឹង​បាន​កំឡា​ចិត្ត នៅ​ចំពោះ​ទ្រង់​ផង ដ្បិត​បើ​សិន​ជា​ចិត្ត​យើង​ចោទ​ប្រកាន់​ខ្លួន នោះ​ព្រះ‌ទ្រង់​ធំ​ជាង​ចិត្ត​យើង​ទៅ​ទៀត ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​ផង ពួក​ស្ងួន‌ភ្ងា​អើយ បើ​ចិត្ត​យើង​មិន​ចោទ​ប្រកាន់​ចំពោះ​ខ្លួន​ទេ នោះ​យើង​មាន​សេចក្ដី​ក្លាហាន នៅ​ចំពោះ​ព្រះ ហើយ​ទោះ​បើ​យើង​សូម​អ្វី​ពី​ទ្រង់​ក៏​ដោយ គង់​តែ​នឹង​បាន​សំរេច ពី​ព្រោះ​យើង​កាន់​តាម​បញ្ញត្ត​ទ្រង់ ហើយ​ក៏​ប្រព្រឹត្ត​ការ​ដែល​គាប់​ព្រះ‌ហឫទ័យ​ដល់​ទ្រង់​ដែរ ឯ​បញ្ញត្ត​ទ្រង់ នោះ​គឺ​ថា ត្រូវ​ឲ្យ​យើង​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់ ហើយ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ទ្រង់​បាន​បង្គាប់​មក​ហើយ អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្ត​ទ្រង់ នោះ​ឈ្មោះ​ថា​នៅ​ជាប់​ក្នុង​ទ្រង់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ យើង​ដឹង​ថា ទ្រង់​គង់​នៅ​ក្នុង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ទ្រង់​ប្រទាន​មក។

ចែក​រំលែក
អាន ១ យ៉ូហាន 3