១ យ៉ូហាន 3:14-24

១ យ៉ូហាន 3:14-24 គកស១៦

យើង​ដឹង​ហើយ​ថា យើង​បាន​កន្លង​ផុត​ពី​សេចក្ដី​ស្លាប់ ទៅ​ដល់​ជីវិត​ហើយ ព្រោះ​យើង​ស្រឡាញ់​ពួក​បង‌ប្អូន ឯ​អ្នក​ណា​ដែល​មិន​ចេះ​ស្រឡាញ់ អ្នក​នោះ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្លាប់​នៅ​ឡើយ។ អ្នក​ណា​ដែល​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​ជា​ឃាតក ហើយ​អ្នក​រាល់​គ្នា​ដឹង​ហើយថា គ្មាន​ឃាតកណា​មួយ​មាន​ជីវិត​រស់​អស់​កល្ប​ជា‌និច្ច​នៅ​ក្នុង​ខ្លួន​ឡើយ។ យើង​ស្គាល់​សេចក្ដី​ស្រឡាញ់ដោយ​សារ​សេចក្ដី​នេះ គឺ​ព្រះ‌អង្គ​បាន​ស៊ូ​ប្តូរ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​សម្រាប់​យើង ដូច្នេះ យើង​ក៏ត្រូវ​ប្តូរ​ជីវិត​របស់​យើង​សម្រាប់​បង‌ប្អូន​ដែរ។ ប្រសិន‌បើ​អ្នក​ណា​មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បង‌ប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​អាសូរ​សោះ ធ្វើ​ដូច​ម្តេចឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន? ពួក​កូន​តូចៗ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ដោយ​ពាក្យ​សម្ដី ឬ​ដោយ​បបូរ​មាត់​ប៉ុណ្ណោះ​ឡើយ គឺ​ដោយ​ការ​ប្រព្រឹត្ត និង​សេចក្ដី​ពិត​វិញ។ យើង​នឹង​ដឹង​ដោយ​សារ​សេចក្ដី​នេះ​ឯង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​ធ្វើ​ឲ្យ​យើងមានទំនុក​ចិត្តនៅ​ចំពោះ​ព្រះ‌អង្គ ដ្បិត​ពេល​ណា​ចិត្ត​របស់​យើង​ដាក់​ទោស​យើង នោះ​ព្រះ‌ទ្រង់​ធំ​ជាង​ចិត្ត​របស់​យើង​ទៅ​ទៀត ហើយ​ទ្រង់​ជ្រាប​គ្រប់​ទាំង​អស់។ ពួក​ស្ងួន‌ភ្ងា​អើយ ប្រសិន‌បើ​ចិត្ត​របស់​យើង​មិន​ដាក់​ទោស​យើង​ទេ នោះ​យើង​មាន​សេចក្ដី​ក្លា‌ហាននៅ​ចំពោះ​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​យើង​ទូល​សូម​ពី​ព្រះ‌អង្គ នោះ​យើង​នឹង​ទទួលពីព្រះ‌អង្គមិន​ខាន ព្រោះ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ហើយ​ប្រព្រឹត្ត​អំពើណា​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ។ រី​ឯ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ គឺយើង​ត្រូវ​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ហើយ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះ‌អង្គ​បាន​បង្គាប់​មក​យើង។ អ្នក​ណា​ដែល​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ អ្នក​នោះ​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ស្ថិត​នៅជាប់​ក្នុង​គេ​ដែរ។ យើង​ដឹង​ដោយ​សារ​សេចក្ដី​នេះ​ថា ព្រះ‌អង្គ​ស្ថិត​នៅជាប់​ក្នុង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង។

អាន ១ យ៉ូហាន 3