១ យ៉ូហាន 3

3
1មើល សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរ‌បិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​លោកីយ​មិន​ស្គាល់​យើង​ទេ ពី​ព្រោះ​មិន​ស្គាល់​ទ្រង់​ដែរ 2ពួក​ស្ងួន‌ភ្ងា​អើយ ឥឡូវ​នេះ យើង​រាល់​គ្នា​ជា​កូន​ព្រះ​ហើយ តែ​ដែល​យើង​រាល់​គ្នា​នឹង​បាន​ទៅ​ជា​យ៉ាង​ណា​ទៀត នោះ​មិន​ទាន់​សំដែង​មក​នៅ​ឡើយ ប៉ុន្តែ យើង​ដឹង​ថា កាល​ណា​ទ្រង់​លេច​មក នោះ​យើង​នឹង​បាន​ដូច​ជា​ទ្រង់ ដ្បិត​ដែល​ទ្រង់​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ទ្រង់​យ៉ាង​នោះ​ឯង 3អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នេះ​ដល់​ទ្រង់ នោះ​ក៏​តែង​ជំរះ​សំអាត​ចិត្ត​ខ្លួន​ឲ្យ​ដូច​ទ្រង់​ដែល​ស្អាត​ដែរ 4ឯ​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ នោះ​ក៏​ឈ្មោះ​ថា​ប្រព្រឹត្ត​រំលង​ក្រិត្យ‌វិន័យ​ដែរ ដ្បិត​អំពើ​បាប​ជា​ការ​រំលង​ក្រិត្យ‌វិន័យ​ហើយ 5អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​ទ្រង់​បាន​លេច​មក ដើម្បី​នឹង​ដោះ​បាប​យើង​ចេញ ហើយ​នៅ​ក្នុង​ទ្រង់ នោះ​គ្មាន​បាប​សោះ 6ឯ​អស់​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ទ្រង់ នោះ​មិន​ដែល​ធ្វើ​បាប​ទេ តែ​ពួក​អ្នក​ដែល​ធ្វើ​បាប​វិញ គេ​មិន​បាន​ឃើញ​ទ្រង់​ឡើយ ក៏​មិន​ស្គាល់​ទ្រង់​ផង។
7កូន​តូចៗ​រាល់​គ្នា​អើយ ចូរ​កុំ​ឲ្យ​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ឡើយ អ្នក​ណា​ដែល​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​ឈ្មោះ​ថា​សុចរិត​ហើយ ដូច​ជា​ទ្រង់​ក៏​សុចរិត​ដែរ 8តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ នោះ​គឺ​មក​ពី​អារក្ស​ទេ ពី​ព្រោះ​អារក្ស​បាន​ធ្វើ​បាប ចាប់​តាំង​ពី​ដើម​រៀង​មក ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​បាន​លេច​មក គឺ​ដើម្បី​នឹង​បំផ្លាញ​ការ​របស់​អារក្ស​ចេញ 9អស់​អ្នក​ណា​ដែល​កើត​ពី​ព្រះ នោះ​មិន​ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ពី​ព្រោះ​ពូជ​ព្រះ​នៅ​ក្នុង​អ្នក​នោះ​ឯង បាន​ជា​ពុំ​អាច​នឹង​ធ្វើ​បាប​បាន​ឡើយ ដ្បិត​បាន​កើត​ពី​ព្រះ​មក 10គឺ​យ៉ាង​នោះ​ហើយ ដែល​នឹង​សំគាល់​ថា​ជា​ពួក​កូន​ព្រះ ឬ​ពួក​កូន​អារក្ស​ទៅ​បាន ឯ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​សេចក្ដី​សុចរិត ហើយ​មិន​ស្រឡាញ់​ដល់​បង​ប្អូន នោះ​មិន​មែន​មក​ពី​ព្រះ​ទេ 11ដ្បិត​នេះ​ឯង​ជា​សេចក្ដី ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​រៀង​មក គឺ​ថា ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក 12មិន​មែន​ដូច​ជា​កាអ៊ីន ដែល​កើត​ពី​មេ​កំណាច​មក ហើយ​បាន​សំឡាប់​ប្អូន​ខ្លួន​នោះ​ឡើយ ចុះ​តើ​ហេតុ​អ្វី​បាន​ជា​សំឡាប់​ប្អូន គឺ​ពី​ព្រោះ​តែ​ការ​របស់​គាត់​សុទ្ធ​តែ​អាក្រក់ ហើយ​ការ​របស់​ប្អូន​សុទ្ធ​តែ​ល្អ​វិញ​ប៉ុណ្ណោះ។
13បង​ប្អូន​អើយ បើ​លោកីយ​ស្អប់​អ្នក​រាល់​គ្នា នោះ​កុំ​ឲ្យ​ឆ្ងល់​ឡើយ 14យើង​រាល់​គ្នា​ដឹង​ថា យើង​បាន​កន្លង​ផុត​ពី​សេចក្ដី​ស្លាប់ ទៅ​ដល់​ជីវិត​ហើយ ពី​ព្រោះ​យើង​ស្រឡាញ់​ដល់​ពួក​បង​ប្អូន ឯ​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ជា​អ្នក​នៅ​ជាប់​ក្នុង​សេចក្ដី​ស្លាប់​នៅ​ឡើយ 15អ្នក​ណា​ដែល​មាន​ចិត្ត​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ ហើយ​អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​គ្មាន​អ្នក​សំឡាប់​គេ​ណា​មួយ ដែល​មាន​ជីវិត​ដ៏​រស់​អស់​‌កល្ប​ជានិច្ច​នៅ​ក្នុង​ខ្លួន​ឡើយ 16ដោយ‌សារ​សេចក្ដី​នេះ យើង​រាល់​គ្នា​បាន​ស្គាល់​សេចក្ដី​ស្រឡាញ់ គឺ​ដោយ​ទ្រង់​បាន​ស៊ូ​ប្តូរ​ព្រះ‌ជន្ម​ទ្រង់​ជំនួស​យើង ដូច្នេះ គួរ​ឲ្យ​យើង​ប្តូរ​ជីវិត​យើង​ជំនួស​បង​ប្អូន​ដែរ 17បើ​អ្នក​ណា​មាន​ភោគ​សម្បត្តិ​របស់​លោកីយ​នេះ ហើយ​ឃើញ​បង​ប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​មេត្តា​សោះ នោះ​ធ្វើ​ដូច​ម្តេច ឲ្យ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ បាន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន។
18ពួក​កូន​តូចៗ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់ ដោយ​ពាក្យ​សំដី ឬ​ដោយ​បបូរ​មាត់​ប៉ុណ្ណោះ​ឡើយ គឺ​ដោយ​ការ​ប្រព្រឹត្ត នឹង​សេចក្ដី​ពិត​វិញ 19គឺ​យ៉ាង​នោះ​ឯង​ដែល​យើង​នឹង​ដឹង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​យើង​នឹង​បាន​កំឡា​ចិត្ត នៅ​ចំពោះ​ទ្រង់​ផង 20ដ្បិត​បើ​សិន​ជា​ចិត្ត​យើង​ចោទ​ប្រកាន់​ខ្លួន នោះ​ព្រះ‌ទ្រង់​ធំ​ជាង​ចិត្ត​យើង​ទៅ​ទៀត ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​ផង 21ពួក​ស្ងួន‌ភ្ងា​អើយ បើ​ចិត្ត​យើង​មិន​ចោទ​ប្រកាន់​ចំពោះ​ខ្លួន​ទេ នោះ​យើង​មាន​សេចក្ដី​ក្លាហាន នៅ​ចំពោះ​ព្រះ 22ហើយ​ទោះ​បើ​យើង​សូម​អ្វី​ពី​ទ្រង់​ក៏​ដោយ គង់​តែ​នឹង​បាន​សំរេច ពី​ព្រោះ​យើង​កាន់​តាម​បញ្ញត្ត​ទ្រង់ ហើយ​ក៏​ប្រព្រឹត្ត​ការ​ដែល​គាប់​ព្រះ‌ហឫទ័យ​ដល់​ទ្រង់​ដែរ 23ឯ​បញ្ញត្ត​ទ្រង់ នោះ​គឺ​ថា ត្រូវ​ឲ្យ​យើង​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់ ហើយ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ទ្រង់​បាន​បង្គាប់​មក​ហើយ 24អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្ត​ទ្រង់ នោះ​ឈ្មោះ​ថា​នៅ​ជាប់​ក្នុង​ទ្រង់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ យើង​ដឹង​ថា ទ្រង់​គង់​នៅ​ក្នុង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ទ្រង់​ប្រទាន​មក។

ទើបបានជ្រើសរើសហើយ៖

១ យ៉ូហាន 3: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល