១ កូរិនថូស 4:14-21
១ កូរិនថូស 4:14-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំសរសេរសេចក្តីទាំងនេះ មិនមែនធ្វើឲ្យអ្នករាល់គ្នាអៀនខ្មាសទេ តែខ្ញុំទូន្មានអ្នករាល់គ្នា ដូចជាកូនស្ងួនភ្ងារបស់ខ្ញុំ។ ដ្បិតទោះជាអ្នករាល់គ្នាមានគ្រូមួយម៉ឺនក្នុងព្រះគ្រីស្ទ ក៏អ្នករាល់គ្នាគ្មានឪពុកច្រើនទេ តែខ្ញុំបានត្រឡប់ជាឪពុករបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ តាមរយៈដំណឹងល្អ។ ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរយកតម្រាប់តាមខ្ញុំចុះ។ ដោយហេតុនេះបានជាខ្ញុំចាត់ធីម៉ូថេ ជាកូនស្ងួនភ្ងាដ៏ស្មោះត្រង់របស់ខ្ញុំក្នុងព្រះអម្ចាស់ ឲ្យមកជួបអ្នករាល់គ្នា ដើម្បីរំឭកអ្នករាល់គ្នា ពីរបៀបដែលខ្ញុំរស់នៅក្នុងព្រះគ្រីស្ទ ដូចខ្ញុំបង្រៀនក្រុមជំនុំទាំងអស់នៅគ្រប់ទីកន្លែង។ អ្នកខ្លះមានឫកធំ ដោយស្មានថា ខ្ញុំមិនមកជួបអ្នករាល់គ្នាទេ ប៉ុន្តែ បើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងមកជួបអ្នករាល់គ្នាក្នុងពេលឆាប់ៗ ហើយខ្ញុំនឹងស្គាល់ មិនត្រឹមតែពាក្យសម្ដីរបស់ពួកអ្នកដែលមានឫកធំប៉ុណ្ណោះ គឺនឹងស្គាល់អំណាចរបស់គេទៀតផង។ ដ្បិតព្រះរាជ្យរបស់ព្រះ មិនសិ្ថតនៅលើពាក្យសម្ដីទេ គឺស្ថិតនៅលើព្រះចេស្ដាវិញ។ តើអ្នករាល់គ្នាចូលចិត្តយ៉ាងណា? ចង់ឲ្យខ្ញុំមកជួបអ្នករាល់គ្នាទាំងកាន់ដំបង ឬដោយសេចក្តីស្រឡាញ់ និងចិត្តស្លូតបូត?
១ កូរិនថូស 4:14-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសរសេរសេចក្ដីនេះមកជូនបងប្អូន មិនមែនក្នុងគោលបំណងចង់ឲ្យបងប្អូនអៀនខ្មាសទេ គឺចង់ទូន្មានបងប្អូន ដូចទូន្មានកូនជាទីស្រឡាញ់របស់ខ្ញុំដែរ។ ទោះបីបងប្អូនមានគ្រូអាចារ្យមួយម៉ឺននាក់ណែនាំតាមមាគ៌ាព្រះគ្រិស្តក៏ដោយ ក៏បងប្អូនគ្មានឪពុកច្រើនដែរ គឺមានតែខ្ញុំហ្នឹងហើយដែលបានបង្កើតបងប្អូនមកឲ្យរួមរស់ជាមួយព្រះយេស៊ូគ្រិស្ត* ដោយបាននាំដំណឹងល្អ*មកជូនបងប្អូន។ ដូច្នេះ ខ្ញុំសុំទូន្មានបងប្អូនថា សូមយកតម្រាប់តាមខ្ញុំ។ ក្នុងករណីនេះ ខ្ញុំបានចាត់លោកធីម៉ូថេ ជាកូនដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលស្មោះត្រង់នឹងព្រះអម្ចាស់ឲ្យមករកបងប្អូន។ គាត់នឹងរំឭកបងប្អូនអំពីរបៀបរស់នៅស្របតាមមាគ៌ារបស់ព្រះគ្រិស្ត ដូចខ្ញុំតែងប្រៀនប្រដៅក្រុមជំនុំទាំងអស់នៅគ្រប់ទីកន្លែងស្រាប់។ អ្នកខ្លះនឹកស្មានថា ខ្ញុំនឹងមិនមករកបងប្អូនទេ គេក៏នាំគ្នាអួតបំប៉ោង។ ប្រសិនបើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងមករកបងប្អូនក្នុងពេលឆាប់ៗ។ ពេលនោះ ខ្ញុំមុខជាឃើញកិច្ចការដែលអ្នកអួតទាំងនោះប្រព្រឹត្តផ្ទាល់នឹងភ្នែកតែម្ដង គឺមិនត្រឹមតែឮពាក្យសម្ដីរបស់គេប៉ុណ្ណោះទេ ដ្បិតព្រះរាជ្យ*របស់ព្រះជាម្ចាស់មិនមែនស្ថិតនៅលើពាក្យសម្ដីទេ គឺស្ថិតនៅលើការប្រព្រឹត្តវិញ។ តើបងប្អូនចង់ឲ្យខ្ញុំធ្វើអ្វី? ឲ្យខ្ញុំមករកបងប្អូន ដោយយករំពាត់មកជាមួយ ឬក៏ចង់ឲ្យយកសេចក្ដីស្រឡាញ់ និងចិត្តស្លូតបូតមកជាមួយ?។
១ កូរិនថូស 4:14-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំសរសេរសេចក្ដីទាំងនេះ មិនមែនចង់ឲ្យអ្នករាល់គ្នាមានសេចក្ដីខ្មាសទេ ខ្ញុំគ្រាន់តែទូន្មានដល់អ្នករាល់គ្នា ទុកដូចជាកូនស្ងួនភ្ងាវិញប៉ុណ្ណោះ ដ្បិតថ្វីបើអ្នករាល់គ្នាមានគ្រូទាំងម៉ឺនក្នុងព្រះគ្រីស្ទ តែគ្មានឪពុកជាច្រើនទេ មានតែខ្ញុំ១ប៉ុណ្ណោះ ដែលបានបង្កើតអ្នករាល់គ្នាក្នុងព្រះគ្រីស្ទ ដោយសារដំណឹងល្អ ដូច្នេះ ខ្ញុំទូន្មានដល់អ្នករាល់គ្នា ឲ្យយកដំរាប់តាមខ្ញុំចុះ។ ដោយហេតុនោះបានជាខ្ញុំចាត់ធីម៉ូថេ ឲ្យមកឯអ្នករាល់គ្នា គាត់ជាកូនស្ងួនភ្ងា ហើយស្មោះត្រង់របស់ខ្ញុំ ក្នុងព្រះអម្ចាស់ គាត់នឹងរំឭកអ្នករាល់គ្នា ពីគ្រប់ទាំងកិរិយារបស់ខ្ញុំក្នុងព្រះគ្រីស្ទ តាមសេចក្ដីដែលខ្ញុំបង្រៀន ក្នុងគ្រប់ទាំងពួកជំនុំនៅសព្វអន្លើ មានអ្នកខ្លះកើតមានចិត្តធំ ដោយគិតស្មានថា ខ្ញុំមិនមកឯអ្នករាល់គ្នាទេ ប៉ុន្តែ បន្តិចទៀត បើព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះខ្ញុំនឹងមកជាមិនខាន ហើយខ្ញុំនឹងស្គាល់ មិនត្រឹមតែពាក្យសំដីរបស់ពួកអ្នកដែលមានចិត្តធំប៉ុណ្ណោះ គឺនឹងស្គាល់ដល់ទាំងអំណាចគេថែមទៀតផង ដ្បិតនគរព្រះមិនសំរេចនឹងពាក្យសំដីប៉ុណ្ណោះទេ គឺស្រេចនឹងឥទ្ធិឫទ្ធិវិញ តើអ្នករាល់គ្នាចូលចិត្តយ៉ាងណា ចង់ឲ្យខ្ញុំមកទាំងកាន់ដំបង ឬដោយសេចក្ដីស្រឡាញ់ នឹងចិត្តសុភាពរាបសាវិញ។