១ កូរិនថូស 4
4
សាវ័ករបស់ព្រះគ្រិស្ត
1ហេតុនេះ សូមបងប្អូនចាត់ទុកយើងថាជាអ្នកបម្រើរបស់ព្រះគ្រិស្ត* និងជាអ្នកមើលខុសត្រូវលើគម្រោងការដ៏លាក់កំបាំង*របស់ព្រះជាម្ចាស់។ 2រីឯអ្នកមើលខុសត្រូវគួរតែមានចិត្តស្មោះត្រង់។ 3ចំពោះរូបខ្ញុំ ទោះបីបងប្អូនក្ដី ឬមនុស្សលោកក្ដី វាយតម្លៃខ្ញុំថាជាមនុស្សបែបណាក៏ដោយ ខ្ញុំមិនអំពល់អ្វីទេ ហើយរូបខ្ញុំផ្ទាល់ ក៏ខ្ញុំមិនវាយតម្លៃខ្លួនឯងដែរ 4ដ្បិតក្នុងចិត្តខ្ញុំ ខ្ញុំយល់ឃើញថា ខ្ញុំគ្មានធ្វើអ្វីខុសឡើយ។ ប៉ុន្តែ មិនមែនការយល់ឃើញរបស់ខ្ញុំនេះទេ ដែលធ្វើឲ្យខ្ញុំបានសុចរិត មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលវិនិច្ឆ័យខ្ញុំ។ 5ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន គឺព្រះអង្គនឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយព្រះអង្គនឹងបង្ហាញបំណងដែលលាក់ទុកក្នុងចិត្តមនុស្ស។ នៅពេលនោះ ព្រះជាម្ចាស់នឹងសរសើរមនុស្សម្នាក់ៗទៅតាមការដែលខ្លួនបានប្រព្រឹត្ត។
6បងប្អូនអើយ ព្រោះតែបងប្អូនហើយបានជាខ្ញុំលើកយករឿងលោកអប៉ូឡូស និងខ្លួនខ្ញុំផ្ទាល់ មកនិយាយជាឧទាហរណ៍ ដើម្បីឲ្យបងប្អូនយល់ថា មិនត្រូវធ្វើអ្វីហួសពីសេចក្ដីដែលមានសរសេរក្នុងសំបុត្រនេះឡើយ។ ក្នុងចំណោមបងប្អូន ក៏មិនត្រូវឲ្យមាននរណាអួតខ្លួនដោយកាន់ជើងម្នាក់ ហើយប្រឆាំងនឹងម្នាក់ទៀតដែរ។ 7តើមានអ្វីដែលធ្វើឲ្យអ្នកប្រសើរជាងអ្នកឯទៀតៗ? អ្វីៗដែលអ្នកមាន គឺសុទ្ធតែបានទទួលពីព្រះជាម្ចាស់ទេតើ!។ បើអ្នកបានទទួលពីព្រះអង្គដូច្នេះ ហេតុដូចម្ដេចបានជាអ្នកអួតខ្លួន ធ្វើហាក់ដូចជាមិនមែនមកពីព្រះអង្គទៅវិញ?
8បងប្អូនបានឆ្អែតស្កប់ស្កល់ហើយ! បងប្អូនមានស្ដុកស្ដម្ភហើយ! បងប្អូនបានឡើងសោយរាជ្យហើយ តែយើងអត់បានទេ!។ ខ្ញុំចង់ឲ្យបងប្អូនបានឡើងសោយរាជ្យពិតប្រាកដមែន ដើម្បីឲ្យយើងបានឡើងសោយរាជ្យរួមជាមួយបងប្អូនផង។ 9បើតាមខ្ញុំយល់ឃើញ ព្រះជាម្ចាស់ប្រទានឲ្យយើង ដែលជាសាវ័ក*មានឋានៈទាបជាងគេ គឺទុកដូចជាអ្នកដែលត្រូវគេកាត់ទោសប្រហារជីវិតនៅទីសាធារណៈឲ្យគ្រប់ៗគ្នាឃើញ ទាំងទេវតា* ទាំងមនុស្សលោក។ 10យើងជាមនុស្សលេលា ព្រោះតែព្រះគ្រិស្ត រីឯបងប្អូនវិញ បងប្អូនជាអ្នកចេះដឹងរួមជាមួយព្រះគ្រិស្ត យើងជាមនុស្សទន់ខ្សោយ តែបងប្អូនជាមនុស្សខ្លាំងពូកែ បងប្អូនមានកិត្តិយស តែយើងត្រូវគេមើលងាយ។ 11សូម្បីតែនៅពេលនេះក្ដី ក៏យើងនៅតែឃ្លាន នៅតែស្រេក ខ្វះសម្លៀកបំពាក់ មានគេវាយ ហើយរស់នៅអនាថាដដែល។ 12 យើងធ្វើការចិញ្ចឹមជីវិតយ៉ាងនឿយហត់ដោយកម្លាំងខ្លួនឯងផ្ទាល់។ ពេលគេជេរយើង យើងឲ្យពរគេវិញ ពេលគេបៀតបៀន យើងស៊ូទ្រាំ 13ពេលគេនិយាយមួលបង្កាច់យើង យើងនិយាយទៅគេវិញដោយរាក់ទាក់។ មកទល់ពេលនេះ យើងប្រៀបបីដូចជាសំរាមរបស់លោកីយ៍ និងជាមនុស្សគ្មានគេរាប់រក។
14ខ្ញុំសរសេរសេចក្ដីនេះមកជូនបងប្អូន មិនមែនក្នុងគោលបំណងចង់ឲ្យបងប្អូនអៀនខ្មាសទេ គឺចង់ទូន្មានបងប្អូន ដូចទូន្មានកូនជាទីស្រឡាញ់របស់ខ្ញុំដែរ។ 15ទោះបីបងប្អូនមានគ្រូអាចារ្យមួយម៉ឺននាក់ណែនាំតាមមាគ៌ាព្រះគ្រិស្តក៏ដោយ ក៏បងប្អូនគ្មានឪពុកច្រើនដែរ គឺមានតែខ្ញុំហ្នឹងហើយដែលបានបង្កើតបងប្អូនមកឲ្យរួមរស់ជាមួយព្រះយេស៊ូគ្រិស្ត* ដោយបាននាំដំណឹងល្អ*មកជូនបងប្អូន។ 16 ដូច្នេះ ខ្ញុំសុំទូន្មានបងប្អូនថា សូមយកតម្រាប់តាមខ្ញុំ។ 17ក្នុងករណីនេះ ខ្ញុំបានចាត់លោកធីម៉ូថេ ជាកូនដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលស្មោះត្រង់នឹងព្រះអម្ចាស់ឲ្យមករកបងប្អូន។ គាត់នឹងរំឭកបងប្អូនអំពីរបៀបរស់នៅស្របតាមមាគ៌ារបស់ព្រះគ្រិស្ត ដូចខ្ញុំតែងប្រៀនប្រដៅក្រុមជំនុំទាំងអស់នៅគ្រប់ទីកន្លែងស្រាប់។
18អ្នកខ្លះនឹកស្មានថា ខ្ញុំនឹងមិនមករកបងប្អូនទេ គេក៏នាំគ្នាអួតបំប៉ោង។ 19ប្រសិនបើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងមករកបងប្អូនក្នុងពេលឆាប់ៗ។ ពេលនោះ ខ្ញុំមុខជាឃើញកិច្ចការដែលអ្នកអួតទាំងនោះប្រព្រឹត្តផ្ទាល់នឹងភ្នែកតែម្ដង គឺមិនត្រឹមតែឮពាក្យសម្ដីរបស់គេប៉ុណ្ណោះទេ 20ដ្បិតព្រះរាជ្យ*របស់ព្រះជាម្ចាស់មិនមែនស្ថិតនៅលើពាក្យសម្ដីទេ គឺស្ថិតនៅលើការប្រព្រឹត្តវិញ។ 21តើបងប្អូនចង់ឲ្យខ្ញុំធ្វើអ្វី? ឲ្យខ្ញុំមករកបងប្អូន ដោយយករំពាត់មកជាមួយ ឬក៏ចង់ឲ្យយកសេចក្ដីស្រឡាញ់ និងចិត្តស្លូតបូតមកជាមួយ?។
ទើបបានជ្រើសរើសហើយ៖
១ កូរិនថូស 4: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.