១ កូរិនថូស 4

4
សាវ័ក​របស់​ព្រះ‌គ្រិស្ត
1ហេតុ​នេះ សូម​បងប្អូន​ចាត់​ទុក​យើង​ថា​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រិស្ត* និង​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​គម្រោង‌ការ​ដ៏​លាក់​កំបាំង*​របស់​ព្រះ‌ជាម្ចាស់។ 2រីឯ​អ្នក​មើល​ខុស​ត្រូវ​គួរ​តែ​មាន​ចិត្ត​ស្មោះ​ត្រង់។ 3ចំពោះ​រូប​ខ្ញុំ ទោះ​បី​បងប្អូន​ក្ដី ឬ​មនុស្ស​លោក​ក្ដី វាយ​តម្លៃ​ខ្ញុំ​ថា​ជា​មនុស្ស​បែប​ណា​ក៏​ដោយ ខ្ញុំ​មិន​អំពល់​អ្វី​ទេ ហើយ​រូប​ខ្ញុំ​ផ្ទាល់ ក៏​ខ្ញុំ​មិន​វាយ​តម្លៃ​ខ្លួន​ឯង​ដែរ 4ដ្បិត​ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ឡើយ។ ប៉ុន្តែ មិន​មែន​ការ​យល់​ឃើញ​របស់​ខ្ញុំ​នេះ​ទេ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​សុចរិត មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​វិនិច្ឆ័យ​ខ្ញុំ។ 5ហេតុ​នេះ សូម​បងប្អូន​កុំ​វិនិច្ឆ័យ​ទោស​នរណា​មុន​ពេល​កំណត់​ឡើយ ត្រូវ​រង់‌ចាំ​ព្រះ‌អម្ចាស់​យាង​មក​ដល់​សិន គឺ​ព្រះអង្គ​នឹង​យក​អ្វីៗ​ដែល​មនុស្ស​បង្កប់​ទុក​ក្នុង​ទី‌ងងឹត មក​ដាក់​នៅ​ទី​ភ្លឺ ហើយ​ព្រះអង្គ​នឹង​បង្ហាញ​បំណង​ដែល​លាក់​ទុក​ក្នុង​ចិត្ត​មនុស្ស។ នៅ​ពេល​នោះ ព្រះ‌ជាម្ចាស់​នឹង​សរសើរ​មនុស្ស​ម្នាក់ៗ​ទៅ​តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
6បងប្អូន​អើយ ព្រោះ​តែ​បងប្អូន​ហើយ​បាន​ជា​ខ្ញុំ​លើក​យក​រឿង​លោក​អប៉ូ‌ឡូស និង​ខ្លួន​ខ្ញុំ​ផ្ទាល់ មក​និយាយ​ជា​ឧទាហរណ៍ ដើម្បី​ឲ្យ​បងប្អូន​យល់​ថា មិន​ត្រូវ​ធ្វើ​អ្វី​ហួស​ពី​សេចក្ដី​ដែល​មាន​សរសេរ​ក្នុង​សំបុត្រ​នេះ​ឡើយ។ ក្នុង​ចំណោម​បងប្អូន ក៏​មិន​ត្រូវ​ឲ្យ​មាន​នរណា​អួត​ខ្លួន​ដោយ​កាន់​ជើង​ម្នាក់ ហើយ​ប្រឆាំង​នឹង​ម្នាក់​ទៀត​ដែរ។ 7តើ​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រសើរ​ជាង​អ្នក​ឯ​ទៀតៗ? អ្វីៗ​ដែល​អ្នក​មាន គឺ​សុទ្ធ​តែ​បាន​ទទួល​ពី​ព្រះ‌ជាម្ចាស់​ទេ​តើ!។ បើ​អ្នក​បាន​ទទួល​ពី​ព្រះអង្គ​ដូច្នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​អួត​ខ្លួន ធ្វើ​ហាក់​ដូច​ជា​មិន​មែន​មក​ពី​ព្រះអង្គ​ទៅ​វិញ?
8បងប្អូន​បាន​ឆ្អែត​ស្កប់‌ស្កល់​ហើយ! បងប្អូន​មាន​ស្ដុក‌ស្ដម្ភ​ហើយ! បងប្អូន​បាន​ឡើង​សោយ​រាជ្យ​ហើយ តែ​យើង​អត់​បាន​ទេ!។ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​បាន​ឡើង​សោយ​រាជ្យ​ពិត​ប្រាកដ​មែន ដើម្បី​ឲ្យ​យើង​បាន​ឡើង​សោយ​រាជ្យ​រួម​ជា​មួយ​បងប្អូន​ផង។ 9បើ​តាម​ខ្ញុំ​យល់​ឃើញ ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​យើង ដែល​ជា​សាវ័ក*​មាន​ឋានៈ​ទាប​ជាង​គេ គឺ​ទុក​ដូច​ជា​អ្នក​ដែល​ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត​នៅ​ទី​សាធារណៈ​ឲ្យ​គ្រប់ៗ​គ្នា​ឃើញ ទាំង​ទេវតា* ទាំង​មនុស្ស​លោក។ 10យើង​ជា​មនុស្ស​លេលា ព្រោះ​តែ​ព្រះ‌គ្រិស្ត រីឯ​បងប្អូន​វិញ បងប្អូន​ជា​អ្នក​ចេះ​ដឹង​រួម​ជា​មួយ​ព្រះ‌គ្រិស្ត យើង​ជា​មនុស្ស​ទន់​ខ្សោយ តែ​បងប្អូន​ជា​មនុស្ស​ខ្លាំង​ពូកែ បងប្អូន​មាន​កិត្តិ‌យស តែ​យើង​ត្រូវ​គេ​មើល‌ងាយ។ 11សូម្បី​តែ​នៅ​ពេល​នេះ​ក្ដី ក៏​យើង​នៅ​តែ​ឃ្លាន នៅ​តែ​ស្រេក ខ្វះ​សម្លៀក‌បំពាក់ មាន​គេ​វាយ ហើយ​រស់​នៅ​អនាថា​ដដែល។ 12 យើង​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​យ៉ាង​នឿយ‌ហត់​ដោយ​កម្លាំង​ខ្លួន​ឯង​ផ្ទាល់។ ពេល​គេ​ជេរ​យើង យើង​ឲ្យ​ពរ​គេ​វិញ ពេល​គេ​បៀត‌បៀន យើង​ស៊ូ‌ទ្រាំ 13ពេល​គេ​និយាយ​មួល​បង្កាច់​យើង យើង​និយាយ​ទៅ​គេ​វិញ​ដោយ​រាក់‌ទាក់។ មក​ទល់​ពេល​នេះ យើង​ប្រៀប​បី​ដូច​ជា​សំរាម​របស់​លោកីយ៍ និង​ជា​មនុស្ស​គ្មាន​គេ​រាប់​រក។
14ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បងប្អូន មិន​មែន​ក្នុង​គោល​បំណង​ចង់​ឲ្យ​បងប្អូន​អៀន​ខ្មាស​ទេ គឺ​ចង់​ទូន្មាន​បងប្អូន ដូច​ទូន្មាន​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ដែរ។ 15ទោះ​បី​បងប្អូន​មាន​គ្រូ​អាចារ្យ​មួយ​ម៉ឺន​នាក់​ណែ‌នាំ​តាម​មាគ៌ា​ព្រះ‌គ្រិស្ត​ក៏​ដោយ ក៏​បងប្អូន​គ្មាន​ឪពុក​ច្រើន​ដែរ គឺ​មាន​តែ​ខ្ញុំ​ហ្នឹង​ហើយ​ដែល​បាន​បង្កើត​បងប្អូន​មក​ឲ្យ​រួម​រស់​ជា​មួយ​ព្រះ‌យេស៊ូ​គ្រិស្ត* ដោយ​បាន​នាំ​ដំណឹង‌ល្អ*​មក​ជូន​បងប្អូន។ 16 ដូច្នេះ ខ្ញុំ​សុំ​ទូន្មាន​បងប្អូន​ថា សូម​យក​តម្រាប់​តាម​ខ្ញុំ។ 17ក្នុង​ករណី​នេះ ខ្ញុំ​បាន​ចាត់​លោក​ធីម៉ូថេ ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ស្មោះ​ត្រង់​នឹង​ព្រះ‌អម្ចាស់​ឲ្យ​មក​រក​បងប្អូន។ គាត់​នឹង​រំឭក​បងប្អូន​អំពី​របៀប​រស់​នៅ​ស្រប​តាម​មាគ៌ា​របស់​ព្រះ‌គ្រិស្ត ដូច​ខ្ញុំ​តែង​ប្រៀន‌ប្រដៅ​ក្រុម‌ជំនុំ​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ស្រាប់។
18អ្នក​ខ្លះ​នឹក​ស្មាន​ថា ខ្ញុំ​នឹង​មិន​មក​រក​បងប្អូន​ទេ គេ​ក៏​នាំ​គ្នា​អួត‌បំប៉ោង។ 19ប្រសិន​បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ ខ្ញុំ​នឹង​មក​រក​បងប្អូន​ក្នុង​ពេល​ឆាប់ៗ។ ពេល​នោះ ខ្ញុំ​មុខ​ជា​ឃើញ​កិច្ចការ​ដែល​អ្នក​អួត​ទាំង​នោះ​ប្រព្រឹត្ត​ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង គឺ​មិន​ត្រឹម​តែ​ឮ​ពាក្យ​សម្ដី​របស់​គេ​ប៉ុណ្ណោះ​ទេ 20ដ្បិត​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​មិន​មែន​ស្ថិត​នៅ​លើ​ពាក្យ​សម្ដី​ទេ គឺ​ស្ថិត​នៅ​លើ​ការ​ប្រព្រឹត្ត​វិញ។ 21តើ​បងប្អូន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី? ឲ្យ​ខ្ញុំ​មក​រក​បងប្អូន ដោយ​យក​រំពាត់​មក​ជា​មួយ ឬ​ក៏​ចង់​ឲ្យ​យក​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ស្លូត​បូត​មក​ជា​មួយ?។

ទើបបានជ្រើសរើសហើយ៖

១ កូរិនថូស 4: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល