១ កូរិន‌ថូស 4:14-21

១ កូរិន‌ថូស 4:14-21 ពគប

ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ មិន​មែន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ខ្មាស​ទេ ខ្ញុំ​គ្រាន់​តែ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កូន​ស្ងួន‌ភ្ងា​វិញ​ប៉ុណ្ណោះ ដ្បិត​ថ្វី​បើ​អ្នក​រាល់​គ្នា​មាន​គ្រូ​ទាំង​ម៉ឺន​ក្នុង​ព្រះ‌គ្រីស្ទ តែ​គ្មាន​ឪពុក​ជា​ច្រើន​ទេ មាន​តែ​ខ្ញុំ​១​ប៉ុណ្ណោះ ដែល​បាន​បង្កើត​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ ដោយ‌សារ​ដំណឹង​ល្អ ដូច្នេះ ខ្ញុំ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ឲ្យ​យក​ដំរាប់​តាម​ខ្ញុំ​ចុះ។ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ចាត់​ធីម៉ូថេ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា គាត់​ជា​កូន​ស្ងួន‌ភ្ងា ហើយ​ស្មោះ‌ត្រង់​របស់​ខ្ញុំ ក្នុង​ព្រះ‌អម្ចាស់ គាត់​នឹង​រំឭក​អ្នក​រាល់​គ្នា ពី​គ្រប់​ទាំង​កិរិយា​របស់​ខ្ញុំ​ក្នុង​ព្រះ‌គ្រីស្ទ តាម​សេចក្ដី​ដែល​ខ្ញុំ​បង្រៀន ក្នុង​គ្រប់​ទាំង​ពួក​ជំនុំ​នៅ​សព្វ​អន្លើ មាន​អ្នក​ខ្លះ​កើត​មាន​ចិត្ត​ធំ ដោយ​គិត​ស្មាន​ថា ខ្ញុំ​មិន​មក​ឯ​អ្នក​រាល់​គ្នា​ទេ ប៉ុន្តែ បន្តិច​ទៀត បើ​ព្រះ‌អម្ចាស់​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​ខ្ញុំ​នឹង​មក​ជា​មិន​ខាន ហើយ​ខ្ញុំ​នឹង​ស្គាល់ មិន​ត្រឹម​តែ​ពាក្យ​សំដី​របស់​ពួក​អ្នក​ដែល​មាន​ចិត្ត​ធំ​ប៉ុណ្ណោះ គឺ​នឹង​ស្គាល់​ដល់​ទាំង​អំណាច​គេ​ថែម​ទៀត​ផង ដ្បិត​នគរ​ព្រះ​មិន​សំរេច​នឹង​ពាក្យ​សំដី​ប៉ុណ្ណោះ​ទេ គឺ​ស្រេច​នឹង​ឥទ្ធិ‌ឫទ្ធិ​វិញ តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​យ៉ាង​ណា ចង់​ឲ្យ​ខ្ញុំ​មក​ទាំង​កាន់​ដំបង ឬ​ដោយ​សេចក្ដី​ស្រឡាញ់ នឹង​ចិត្ត​សុភាព​រាប​សា​វិញ។