១ កូរិនថូស 13:8-13
១ កូរិនថូស 13:8-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សេចក្ដីស្រឡាញ់មិនសាបសូន្យឡើយ តែការថ្លែងទំនាយនោះនឹងត្រូវផុតទៅ ការនិយាយភាសាដទៃនឹងត្រូវចប់ ហើយចំណេះដឹងក៏នឹងត្រូវសាបសូន្យទៅដែរ។ ដ្បិតយើងដឹងត្រឹមតែមួយផ្នែកប៉ុណ្ណោះ ហើយយើងក៏ថ្លែងទំនាយបានត្រឹមតែមួយផ្នែកដែរ តែនៅពេលសេចក្ដីគ្រប់លក្ខណ៍មកដល់ នោះសេចក្ដីមិនពេញខ្នាតនឹងបាត់ទៅ។ កាលខ្ញុំនៅក្មេង ខ្ញុំធ្លាប់និយាយដូចកូនក្មេង ធ្លាប់មានគំនិតដូចកូនក្មេង ហើយធ្លាប់ពិចារណាដូចកូនក្មេង លុះពេលខ្ញុំធំពេញវ័យ ខ្ញុំបានលះបង់អ្វីៗដែលជាលក្ខណៈរបស់កូនក្មេងចោល។ ដ្បិតឥឡូវនេះ យើងមើលឃើញបែបស្រអាប់ ដូចជាមើលក្នុងកញ្ចក់ តែនៅពេលនោះ យើងនឹងឃើញមុខទល់នឹងមុខ។ ឥឡូវនេះ ខ្ញុំស្គាល់ត្រឹមតែមួយផ្នែកប៉ុណ្ណោះ តែនៅពេលនោះ ខ្ញុំនឹងស្គាល់យ៉ាងច្បាស់ ដូចព្រះអង្គស្គាល់ខ្ញុំយ៉ាងច្បាស់ដែរ។ ឥឡូវនេះ នៅមានជំនឿ សេចក្ដីសង្ឃឹម និងសេចក្តីស្រឡាញ់ ទាំងបីមុខនេះ តែសេចក្តីដែលវិសេសជាងគេ គឺសេចក្តីស្រឡាញ់។
១ កូរិនថូស 13:8-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯការអធិប្បាយ នោះនឹងត្រូវបាត់ទៅ ការនិយាយភាសាដទៃនឹងត្រូវឈប់ ហើយចំណេះក៏ត្រូវសាបសូន្យទៅដែរ តែឯសេចក្ដីស្រឡាញ់មិនដែលផុតឡើយ ដ្បិតយើងចេះមិនទាន់សព្វគ្រប់ ហើយយើងអធិប្បាយក៏មិនទាន់បានពេញខ្នាតផង តែកាលណាសេចក្ដីគ្រប់លក្ខណ៍បានចូលមក នោះសេចក្ដីដែលមិនពេញខ្នាតនឹងបាត់ទៅ កាលដែលខ្ញុំនៅក្មេងនៅឡើយ នោះខ្ញុំបាននិយាយដូចជាកូនក្មេង ក៏មានគំនិតដូចជាកូនក្មេង ហើយបានពិចារណា ដូចជាកូនក្មេងដែរ លុះកាលខ្ញុំធំហើយ នោះខ្ញុំបានលះចោលការរបស់កូនក្មេងចេញទៅ ដ្បិតឥឡូវនេះ យើងមើលឃើញបែបស្រអាប់ ដូចជាដោយសារកញ្ចក់ តែនៅវេលានោះ នឹងឃើញមុខទល់នឹងមុខ ឥឡូវនេះ ខ្ញុំស្គាល់មិនទាន់អស់ តែនៅវេលានោះ ខ្ញុំនឹងស្គាល់វិញ ដូចជាព្រះទ្រង់ស្គាល់ខ្ញុំដែរ ឥឡូវនេះ នៅមានសេចក្ដីជំនឿ សេចក្ដីសង្ឃឹម នឹងសេចក្ដីស្រឡាញ់ ទាំង៣មុខនេះ តែសេចក្ដីដែលវិសេសជាងគេ គឺជាសេចក្ដីស្រឡាញ់។
១ កូរិនថូស 13:8-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សេចក្ដីស្រឡាញ់មិនសាបសូន្យសោះឡើយ តែការថ្លែង*ព្រះបន្ទូលមុខជាត្រូវអស់ខ្លឹមសារ ការនិយាយភាសាចម្លែកអស្ចារ្យ*នឹងត្រូវចប់ រីឯចំណេះក៏នឹងអស់ខ្លឹមសារទៅដែរ។ សព្វថ្ងៃនេះ យើងចេះដឹងត្រឹមតែមួយផ្នែកប៉ុណ្ណោះ ហើយយើងក៏ថ្លែងព្រះបន្ទូលបានត្រឹមតែមួយផ្នែកប៉ុណ្ណោះដែរ។ លុះដល់ពេលយើងដឹងសព្វគ្រប់ហើយ អ្វីៗដែលយើងស្គាល់តែមួយផ្នែកនឹងអស់ខ្លឹមសារ។ កាលពីក្មេង ខ្ញុំនិយាយស្ដីដូចកូនក្មេង ខ្ញុំមានគំនិតដូចជាកូនក្មេង ហើយខ្ញុំរិះគិតដូចកូនក្មេងដែរ។ លុះខ្ញុំពេញវ័យ ខ្ញុំបានបោះបង់អ្វីៗទាំងអស់ ដែលជាលក្ខណៈរបស់កូនក្មេងចោល។ សព្វថ្ងៃនេះយើងស្គាល់ព្រះជាម្ចាស់មិនច្បាស់ទេ គឺស្គាល់ព្រាលៗដូចជាមើលក្នុងកញ្ចក់ នៅពេលខាងមុខ ទើបយើងឃើញព្រះអង្គទល់មុខគ្នា។ សព្វថ្ងៃ ខ្ញុំស្គាល់ព្រះអង្គបានត្រឹមតែមួយផ្នែកប៉ុណ្ណោះ ពេលខាងមុខទើបខ្ញុំស្គាល់ព្រះអង្គច្បាស់ ដូចព្រះអង្គស្គាល់ខ្ញុំយ៉ាងច្បាស់ដែរ។ ឥឡូវនេះ មានសេចក្ដីបីយ៉ាង គឺ ជំនឿ សេចក្ដីសង្ឃឹម សេចក្ដីស្រឡាញ់។ ប៉ុន្តែ សេចក្ដីស្រឡាញ់វិសេសជាងគេបំផុត។