ទំនុកតម្កើង 69:1-36

ទំនុកតម្កើង 69:1-36 គខប

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ផង ទឹក​ឡើង​ដល់​ច្រមុះ​ទូលបង្គំ ហើយ!។ ទូលបង្គំ​កាន់​តែ​ផុង​ខ្លួន​ទៅៗ ពុំ​មាន​អ្វី​ដែល​ទូលបង្គំ​អាច​តោង​បាន​ឡើយ ទូលបង្គំ​លិច​ចុះ​ទៅ​ក្នុង​ទឹក ហើយ​ទឹក​ក៏​ហូរ​នាំ​យក​ទូលបង្គំ​ទៅ។ ទូលបង្គំ​លែង​មាន​កម្លាំង​ស្រែក​ហៅ ឲ្យ​គេ​ជួយ​ទៀត​ហើយ ព្រោះ​ទូលបង្គំ​ស្រែក​រហូត​ដល់​ស្ងួត​បំពង់​ក ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​ព្រះអង្គ​រហូត​ដល់​ផ្សា​ភ្នែក។ អ្នក​ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​មូល​ហេតុ មាន​គ្នា​ច្រើន​ជាង​សក់​ក្បាល របស់​ទូលបង្គំ​ទៅ​ទៀត ពួក​មេ​បំផ្លាញ​ទាំង​នោះ​មាន​កម្លាំង​ខ្លាំង​ណាស់ ពួក​គេ​រក​ព្យាបាទ​ទូលបង្គំ​ទាំង​យល់​ច្រឡំ តើ​ឲ្យ​ទូលបង្គំ​សង​ទៅ​គេ​វិញ​ដូច​ម្ដេច​កើត បើ​ទូលបង្គំ​មិន​បាន​យក​របស់​នោះ​សោះ! ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​ជ្រាប​នូវ​អំពើ​លេលា របស់​ទូលបង្គំ​ស្រាប់​ហើយ ទោសពៃរ៍​របស់​ទូលបង្គំ ពុំ​អាច​លាក់​កំបាំង​នឹង​ព្រះអង្គ​ទេ។ ឱ​ព្រះ‌អម្ចាស់ ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត លើ​ព្រះអង្គ​ត្រូវ​អាម៉ាស់ ព្រោះ​តែ​ទូលបង្គំ ឱ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ ត្រូវ​បាក់​មុខ ព្រោះ​តែ​ទូលបង្គំ! ដ្បិត​ទូលបង្គំ​ទ្រាំ‌ទ្រ​ឲ្យ​គេ​ជេរ​ប្រមាថ ទូលបង្គំ​សុខ​ចិត្ត​អាម៉ាស់​មុខ ព្រោះ​តែ​ព្រះអង្គ។ ញាតិ‌សន្ដាន​របស់​ទូលបង្គំ​ចាត់​ទុក​ទូលបង្គំ ដូច​ជន​ដទៃ បងប្អូន​បង្កើត​របស់​ទូលបង្គំ​ចាត់​ទុក​ទូលបង្គំ ដូច​ជន​បរទេស។ មក​ពី​ទូលបង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់​របស់​ព្រះអង្គ បាន​ជា​គេ​ប្រហារ​ជីវិត​ទូលបង្គំ ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​អស់​អ្នក ដែល​តិះ‌ដៀល​ព្រះអង្គ​បាន​ធ្លាក់​មក​លើ​ទូលបង្គំ។ ទូលបង្គំ​យំ​សោក​ទាំង​តម​អាហារ ដែល​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​រឹត​តែ ជេរ​ប្រមាថ​ទូលបង្គំ​ថែម​ទៀត។ ទូលបង្គំ​ស្លៀក​សម្លៀក‌បំពាក់​កាន់​ទុក្ខ ហើយ​ពួក​គេ​នាំ​គ្នា​យក​រឿង​ទូលបង្គំ ទៅ​លេង​សើច។ គេ​នាំ​គ្នា​និយាយ​ដើម​ទូលបង្គំ នៅ​តាម​ទី​សាធារណៈ ហើយ​មនុស្ស​ប្រមឹក​នាំ​គ្នា​យក​រឿង ទូលបង្គំ​ទៅ​ច្រៀង​ឡក‌ឡឺយ។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះអង្គ ឥឡូវ​នេះ ជា​ពេល​ដែល​គាប់​ព្រះ‌ហឫទ័យ ព្រះអង្គ​ហើយ ឱ​ព្រះ‌ជាម្ចាស់​អើយ ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេង ព្រះអង្គ​ពិត​ជា​សង្គ្រោះ​ទូលបង្គំ​មិន​ខាន សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង!។ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ភក់​ជ្រាំ​នេះ កុំ​ឲ្យ​ទូលបង្គំ​ផុង​ខ្លួន​ទៀត​ឡើយ! សូម​ឲ្យ​ទូលបង្គំ​បាន​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ សូម​យក​ទូលបង្គំ​ចេញ​ពី​ទឹក​ដ៏​ជ្រៅ​នេះ​ផង! សូម​កុំ​ឲ្យ​ចរន្ត​ទឹក​នេះ អាច​ហូរ​នាំ​យក​ទូលបង្គំ​ទៅ​បាន​ឡើយ សូម​កុំ​ឲ្យ​ទឹក​ដ៏​ជ្រៅ​នេះ កួច​យក​ទូលបង្គំ​ឲ្យ​លិច​លង់ ហើយ​ក៏​សូម​កុំ​ឲ្យ​អណ្ដូង​នេះ ឃុំ ទូលបង្គំ​ទុក​បាន​ដែរ! ព្រះ‌អម្ចាស់​អើយ ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស និង​មេត្តា​ករុណា សូម​ឆ្លើយ​តប​មក​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដ៏​ធំ‌ធេង សូម​ងាក​មក​ទត​មើល​ទូលបង្គំ​ផង! សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ឡើយ សូម​មេត្តា​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់ ដ្បិត​ទូលបង្គំ​កំពុង​តែ​មាន​អាសន្ន! សូម​យាង​មក​ជិត​ទូលបង្គំ ហើយ​លោះ​ជីវិត​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​ខ្មាំង​សត្រូវ​ផង! ដ្បិត​ព្រះអង្គ​ជ្រាប​ហើយ​ថា ទូលបង្គំ​ត្រូវ​គេ​ជេរ​ប្រមាថ ត្រូវ​អាម៉ាស់ និង​បាត់​បង់​កិត្តិយស ព្រះអង្គ​ទត​ឃើញ​បច្ចា‌មិត្ត​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​ស្រាប់​ហើយ។ ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ ទូលបង្គំ​មាន​ចិត្ត​ខ្លោច‌ផ្សា និង​គ្រាំ‌គ្រា ទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​អាណិត​ទូលបង្គំ តែ​គ្មាន​នរណា​ម្នាក់​អាណិត​សោះ! ទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​រំលែក​ទុក្ខ​ទូលបង្គំ តែ​រក​មិន​បាន​ឡើយ! ពួក​គេ​ដាក់​ថ្នាំ​បំពុល​នៅ​ក្នុង ម្ហូប​អាហារ​របស់​ទូលបង្គំ ហើយ​នៅ​ពេល​ទូលបង្គំ​ស្រេក​ទឹក គេ​បែរ​ជា​យក​ទឹក​ខ្មេះ មក​ឲ្យ​ទូលបង្គំ​ទៅ​វិញ។ សូម​ឲ្យ​តុ និង​ពិធី​ជប់‌លៀង ដ៏​សក្ការៈ​របស់​ពួក​គេ ក្លាយ​ទៅ​ជា​អន្ទាក់​នាំ​ពួក​គេ​ឲ្យ​វិនាស! សូម​ឲ្យ​ភ្នែក​របស់​គេ​ត្រឡប់ ទៅ​ជា​ងងឹត​មើល​អ្វី​លែង​ឃើញ ហើយ​សូម​ឲ្យ​គេ​កោង​ខ្នង​រហូត​ត​ទៅ! សូម​ព្រះអង្គ​ធ្វើ​ទោស​ពួក​គេ​យ៉ាង​ធ្ងន់ ហើយ​សូម​ធ្វើ​ទារុណ‌កម្ម​ពួក​គេ ឥត​ត្រា​ប្រណី​ឡើយ។ សូម​ឲ្យ​លំ‌នៅ​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ ហើយ​សូម​កុំ​ឲ្យ​មាន​នរណា​រស់​នៅ ក្នុង​ផ្ទះ​របស់​ពួក​គេ​ទៀត​ឡើយ! ដ្បិត​ពួក​គេ​តាម​ព្យាបាទ​អស់​អ្នក ដែល​ព្រះអង្គ​បាន​ដាក់​ទោស​រួច​ហើយ ពួក​គេ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​វាយ ឲ្យ​របួស​នោះ រឹង‌រឹត​តែ​ឈឺ​ចាប់​ថែម​ទៀត។ សូម​ព្រះអង្គ​កត់‌ត្រា​ទុក​នូវ​កំហុស​របស់​ពួក​គេ សូម​កុំ​អត់‌ទោស​ឲ្យ​ពួក​គេ​ឡើយ! សូម​លុប​ឈ្មោះ​ពួក​គេ​ចេញ​ពី​បញ្ជី​ជីវិត សូម​កុំ​រាប់​ពួក​គេ​ចូល​ទៅ ក្នុង​ចំណោម​មនុស្ស​ឲ្យ​សោះ ។ ចំពោះ​ទូលបង្គំ ទូលបង្គំ​ជា​មនុស្ស​កម្សត់​ទុគ៌ត និង​ឈឺ​ចុក​ចាប់ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​សង្គ្រោះ​ទូលបង្គំ សូម​លើក​ទូលបង្គំ​ឡើង​វិញ​ផង។ ខ្ញុំ​នឹង​ច្រៀង​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌ជាម្ចាស់ ខ្ញុំ​នឹង​ប្រកាស​អំពី​ភាព​ថ្កុំ‌ថ្កើង រុងរឿង​របស់​ព្រះអង្គ ទាំង​កោត​សរសើរ។ ការ​លើក​តម្កើង​បែប​នេះ គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជាង​ការ​ថ្វាយ​គោ​ឈ្មោល ឬ​ថ្វាយ​គោ​ឡើង​ក​ទៅ​ទៀត។ ពេល​មនុស្ស​ទុគ៌ត​ឃើញ​ព្រះអង្គ​រំដោះ​ខ្ញុំ​ដូច្នេះ គេ​នឹង​មាន​អំណរ​សប្បាយ។ អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌ជាម្ចាស់​អើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​វែង! ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់ ពាក្យ​របស់​មនុស្ស​កម្សត់​ទុគ៌ត ហើយ​នៅ​ពេល​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ជាប់​ឃុំ‌ឃាំង ព្រះអង្គ​មិន​បំភ្លេច​គេ​ឡើយ។ សូម​ឲ្យ​ផ្ទៃ​មេឃ និង​ផែនដី សរសើរ​តម្កើង​ព្រះអង្គ ហើយ​សូម​ឲ្យ​សមុទ្រ​ទាំង‌ឡាយ និង​អ្វីៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ សរសើរ​តម្កើង​ព្រះអង្គ​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​នឹង​សង់​ក្រុង​ទាំង‌ឡាយ នៅ​ស្រុក​យូដា​ឡើង​វិញ ប្រជា‌ជន​នឹង​រស់​នៅ​ក្នុង​ស្រុក ហើយ​នឹង​កាន់​កាប់​ទឹក​ដី​ជា​កម្មសិទ្ធិ​សា​ជា​ថ្មី។ ពូជ‌ពង្ស​អ្នក​បម្រើ​របស់​ព្រះអង្គ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​ព្រះអង្គ នឹង​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​នោះ!

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ