ទំនុកតម្កើង 69:1-36

ទំនុកតម្កើង 69:1-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​អើយ សូម​សង្គ្រោះ​ទូល‌បង្គំ​ផង ដ្បិត​ទឹក​បាន​ឡើង​ដល់​ក​ទូល‌បង្គំ​ហើយ។ ទូល‌បង្គំ​ផុង​នៅ​ក្នុង​ភក់​ដ៏​ជ្រៅ ជា​កន្លែង​ដែល​គ្មាន​ទី​ឈរឡើយ ទូល‌បង្គំ​បាន​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ ហើយ​ជំនន់​ក៏​បោក​គ្រប​លើ​ទូល‌បង្គំ។ ទូល‌បង្គំ​ល្វើយ ដោយ​សារ​ស​ម្រែក​របស់​ទូល‌បង្គំ បំពង់​ក​ទូល‌បង្គំ​ស្ងួត​ហើយ ភ្នែក​ទូល‌បង្គំ​ទៅ​ជា​ស្រវាំង ដោយ​សារទន្ទឹង​រង់‌ចាំ​ព្រះ​នៃ​ទូល‌បង្គំ។ ៙ អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​ដោយ​ឥត​ហេតុ មាន​ច្រើន​ជាង​សក់​ក្បាល​របស់​ទូល‌បង្គំ​ទៅ​ទៀត អស់​អ្នក​ដែល​ចង់​បំផ្លាញ​ទូល‌បង្គំ អស់​អ្នក​ដែល វាយ​ប្រហារ​ទូល‌បង្គំ​ដោយ​ឥត​រឿង មាន​កម្លាំង​ខ្លាំង​ណាស់ គេ​ចាប់​ឲ្យ​ទូល‌បង្គំ​សង​របស់​ដែល​ទូល‌បង្គំ មិន​បាន​យក​សោះ។ ឱ​ព្រះ​អើយ ព្រះ‌អង្គ​ជ្រាប​សេចក្ដី​ល្ងង់​ខ្លៅ របស់​ទូល‌បង្គំ កំហុសដែល​ទូល‌បង្គំ​បាន​ប្រព្រឹត្ត ពុំ​អាច​បិទ​បាំង​នឹង​ព្រះ‌អង្គ​ឡើយ។ ៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​សង្ឃឹម ដល់​ព្រះ‌អង្គ​ត្រូវ​ខ្មាស ដោយ​ព្រោះ​ទូល‌បង្គំ​ឡើយ ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ ត្រូវ​បាក់​មុខ ដោយ​ព្រោះ​ទូល‌បង្គំ​ឲ្យ​សោះ។ ដ្បិត​គឺ​ដោយ​យល់​ដល់​ព្រះ‌អង្គ​ហើយ បាន​ជា​ទូល‌បង្គំ​ទ្រាំ​ទ្រ​ពាក្យ​ដំណៀល ហើយ​សេចក្ដី​អាម៉ាស់​បាន​គ្រប​មុខ​ទូល‌បង្គំ។ ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ដទៃ ចំពោះ​បង​ប្អូន​ទូល‌បង្គំ គឺ​ដូច​ជា​សាសន៍​ក្រៅ​ចំពោះ​បង​ប្អូន​ពោះ​មួយ របស់​ទូល‌បង្គំ។ ៙ ដ្បិត​សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ព្រះ‌អង្គ បានបំផ្លាញ​ទូល‌បង្គំ ហើយ​ដំណៀល​ទាំង​ប៉ុន្មាន របស់​អស់​អ្នក​តិះ​ដៀល​ព្រះ‌អង្គ បាន​ធ្លាក់​មក​លើ​ទូល‌បង្គំ។ កាល​ទូល‌បង្គំ​យំសោក ហើយ​ដាក់​ចិត្ត​តមអាហារ នោះ​ធ្វើ​ឲ្យ​គេ​តិះ‌ដៀល​ទូល‌បង្គំ។ កាល​ទូល‌បង្គំ​យក​សំពត់​ធ្មៃ មក​ធ្វើ​ជា​សម្លៀក‌បំពាក់ នោះ​ទូល‌បង្គំ​ត្រឡប់​ជា​ពាក្យ លេង​សើច​របស់​គេ។ អស់​អ្នក​ដែល​អង្គុយ​នៅ​ទ្វារ​ក្រុង នាំ​គ្នា​និយាយ​ដើម​ទូល‌បង្គំ ហើយ​មនុស្ស​ប្រមឹក យក​រឿង​ទូល‌បង្គំ​ទៅ​ធ្វើ​ជា​ទំនុក​ច្រៀង។ ៙ ប៉ុន្តែ ឯ​ទូល‌បង្គំ​វិញ ឱ​ព្រះ‌យេហូវ៉ា​អើយ ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ គឺតម្រង់ទៅឯ​ព្រះ‌អង្គ។ នៅ​ពេល​គាប់​ព្រះ‌ហឫ‌ទ័យ ឱ​ព្រះ​អើយ ដោយព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​បរិបូរ​របស់​ព្រះ‌អង្គ សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង ដោយ​ការ​សង្គ្រោះ​ដ៏​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ។ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ភក់​ជ្រាំនេះ សូម​ឲ្យ​ទូល‌បង្គំ​បាន​រួច​ពី​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ និង​ពី​ទឹក​ដ៏​ជ្រៅ​នេះ​ផង! សូម​កុំ​ឲ្យជំនន់​នេះ​ពន្លិច​ទូល‌បង្គំ ឬ​ទី​ជម្រៅ​លេប​ទូល‌បង្គំ ឬ​រណ្តៅ​បិទ​មាត់ គ្រប​ពីលើ​ទូល‌បង្គំ​ឡើយ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​ល្អ​ណាស់ តាម​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដ៏​បរិបូរ​របស់​ព្រះ‌អង្គ សូម​បែរ​មក​រក​ទូល‌បង្គំ​ផង! សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​ពី​អ្នក​បម្រើ របស់​ព្រះ‌អង្គ​ឡើយ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់​ផង ដ្បិត​ទូល‌បង្គំ​មានអាសន្ន​ហើយ។ ៙ សូម​យាង​មក​ជិត​ទូល‌បង្គំ សូម​លោះ​ទូល‌បង្គំ ដោយ​ព្រោះ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ សូម​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ផង!។ ព្រះ‌អង្គ​ជ្រាប​ពាក្យ​ដំណៀល​មក​លើ​ទូល‌បង្គំ ពី​សេចក្ដី​អាម៉ាស់ និង​សេចក្ដី​អាប់‌ឱន​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ស្គាល់​បច្ចា​មិត្ត​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំ​ហើយ។ ពាក្យដំណៀល​បាន​ញាំ‌ញី​ចិត្ត​ទូល‌បង្គំ ដល់​ម៉្លេះ​បាន​ជា​ទូល‌បង្គំ​អស់​សង្ឃឹម ទូល‌បង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​អាណិត តែ​គ្មាន​សោះ ក៏​ស្វែង​រក​អ្នក​កម្សាន្ត​ចិត្ត តែ​រក​មិន​បានឡើយ។ គេ​ឲ្យ​ថ្នាំ​ពុល​មក​ទូល‌បង្គំ​ជា​អាហារ ហើយ​កាល​ទូល‌បង្គំ​ស្រេក គេ​យក​ទឹក​ខ្មេះ​ឲ្យ​ទូល‌បង្គំ​ផឹក ៙ សូម​ឲ្យ​តុ​របស់​គេ​ត្រឡប់​ជា​អន្ទាក់​ដល់​គេ ហើយ​កាល​ណា​គេ​មាន​សេចក្ដី​សុខ នោះ​សូម​ឲ្យ​ទៅ​ជា​អង្គប់​ដល់​គេ​វិញ ។ សូម​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ងងឹត ដើម្បី​កុំ​ឲ្យ​គេ​មើល​ឃើញ ហើយ​សូម​ឲ្យ​ចង្កេះ​គេ​ញ័រ​រហូត​ទៅ។ សូម​ចាក់​សេចក្ដី​ក្ដៅ​ក្រហាយ របស់​ព្រះ‌អង្គ​ទៅ​លើ​គេ ហើយ​សូម​ឲ្យ​សេចក្ដី​ក្រោធ ដ៏​សហ័ស​របស់​ព្រះ‌អង្គ​តាម​ទាន់​គេ។ សូម​ឲ្យ​ជំរំ​របស់​គេ​ត្រូវ​ចោល​ស្ងាត់ កុំ​ឲ្យ​អ្នក​ណា​រស់​នៅ​ក្នុង​ជម្រករបស់​គេ​ឡើយ។ ដ្បិត​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន​អ្នក ដែល​ព្រះ‌អង្គ​បាន​វាយ ហើយ​គេ​តំ​ណាល​ពីការ​ឈឺ​ចាប់​របស់​អស់​អ្នក ដែល​ព្រះ‌អង្គ​បាន​វាយឲ្យ​របួស។ សូមដាក់​ទោស បន្ថែម​លើ​ទោស​គេថែម​ទៀត សូម​ព្រះ‌អង្គ​កុំ​ឲ្យ​គេ​រួច​ខ្លួន​ឡើយ! សូម​លុប​គេ​ចេញ​ពី​បញ្ជី​ជីវិត​ទៅ សូម​កុំ​រាប់ឈ្មោះ​គេ ក្នុង​ចំណោម​មនុស្ស​សុចរិត​ឡើយ ។ ៙ ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​វេទនា ហើយ​ឈឺ​ចាប់ ឱ​ព្រះ​អើយ សូម​ឲ្យ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ លើក​ទូល‌បង្គំ​ដាក់​លើ​ទី​ខ្ពស់​ផង! ៙ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌នាម​របស់​ព្រះ ដោយបទ​ចម្រៀង ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ ដោយ​ការ​អរ​ព្រះ‌គុណ។ បែប​នេះ​នឹង​គាប់​ព្រះ‌ហឫ‌ទ័យ ដល់​ព្រះ‌យេហូវ៉ា ជាង​ការ​ថ្វាយ​គោ​ឈ្មោល ឬ​គោ​ឈ្មោល​ដែល​ថ្វាយ​ទាំង​ស្នែង និង​ក្រចក​ទៅ​ទៀត។ កាល​មនុស្ស​ទន់​ទាប​ឃើញ គេ​នឹង​សប្បាយ​រីក​រាយ។ អ្នក​រាល់​គ្នា​ដែល​ស្វែង​រក​ព្រះ​អើយ ចូរ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ស្រស់​បស់​ឡើង! ដ្បិត​ព្រះ‌យេហូវ៉ា ព្រះ​សណ្ដាប់​មនុស្ស​កម្សត់​ទុគ៌ត ហើយ​មិន​មើល‌ងាយ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដែល​ជាប់​ឃុំ​ឃាំង​ឡើយ។ សូម​ឲ្យ​ផ្ទៃ​មេឃ និង​ផែនដី សរសើរ​តម្កើង​ព្រះ‌អង្គ រួម​ទាំង​សមុទ្រ និង​អ្វីៗដែល​នៅ​ក្នុង​នោះ សរសើរ​តម្កើង​ព្រះ‌អង្គ​ដែរ។ ដ្បិត​ព្រះ​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ហើយ​សង់​ក្រុង​ទាំង​ឡាយ​របស់​យូដា​ឡើង ប្រជាជន​នឹង​រស់​នៅក្នុង​ស្រុក​នោះ រួច​កាន់​កាប់​ស្រុក​នោះ​ជាមត៌ក ពូជ‌ពង្ស​របស់​អ្នក​បម្រើ​ព្រះ‌អង្គ នឹង​គ្រប់​គ្រង​ស្រុក​នោះ​ជា​មត៌ក ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​ព្រះ‌អង្គ នឹង​រស់​នៅ​ក្នុង​ស្រុក​នោះ។

ទំនុកតម្កើង 69:1-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ផង ទឹក​ឡើង​ដល់​ច្រមុះ​ទូលបង្គំ ហើយ!។ ទូលបង្គំ​កាន់​តែ​ផុង​ខ្លួន​ទៅៗ ពុំ​មាន​អ្វី​ដែល​ទូលបង្គំ​អាច​តោង​បាន​ឡើយ ទូលបង្គំ​លិច​ចុះ​ទៅ​ក្នុង​ទឹក ហើយ​ទឹក​ក៏​ហូរ​នាំ​យក​ទូលបង្គំ​ទៅ។ ទូលបង្គំ​លែង​មាន​កម្លាំង​ស្រែក​ហៅ ឲ្យ​គេ​ជួយ​ទៀត​ហើយ ព្រោះ​ទូលបង្គំ​ស្រែក​រហូត​ដល់​ស្ងួត​បំពង់​ក ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​ព្រះអង្គ​រហូត​ដល់​ផ្សា​ភ្នែក។ អ្នក​ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​មូល​ហេតុ មាន​គ្នា​ច្រើន​ជាង​សក់​ក្បាល របស់​ទូលបង្គំ​ទៅ​ទៀត ពួក​មេ​បំផ្លាញ​ទាំង​នោះ​មាន​កម្លាំង​ខ្លាំង​ណាស់ ពួក​គេ​រក​ព្យាបាទ​ទូលបង្គំ​ទាំង​យល់​ច្រឡំ តើ​ឲ្យ​ទូលបង្គំ​សង​ទៅ​គេ​វិញ​ដូច​ម្ដេច​កើត បើ​ទូលបង្គំ​មិន​បាន​យក​របស់​នោះ​សោះ! ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​ជ្រាប​នូវ​អំពើ​លេលា របស់​ទូលបង្គំ​ស្រាប់​ហើយ ទោសពៃរ៍​របស់​ទូលបង្គំ ពុំ​អាច​លាក់​កំបាំង​នឹង​ព្រះអង្គ​ទេ។ ឱ​ព្រះ‌អម្ចាស់ ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត លើ​ព្រះអង្គ​ត្រូវ​អាម៉ាស់ ព្រោះ​តែ​ទូលបង្គំ ឱ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ ត្រូវ​បាក់​មុខ ព្រោះ​តែ​ទូលបង្គំ! ដ្បិត​ទូលបង្គំ​ទ្រាំ‌ទ្រ​ឲ្យ​គេ​ជេរ​ប្រមាថ ទូលបង្គំ​សុខ​ចិត្ត​អាម៉ាស់​មុខ ព្រោះ​តែ​ព្រះអង្គ។ ញាតិ‌សន្ដាន​របស់​ទូលបង្គំ​ចាត់​ទុក​ទូលបង្គំ ដូច​ជន​ដទៃ បងប្អូន​បង្កើត​របស់​ទូលបង្គំ​ចាត់​ទុក​ទូលបង្គំ ដូច​ជន​បរទេស។ មក​ពី​ទូលបង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់​របស់​ព្រះអង្គ បាន​ជា​គេ​ប្រហារ​ជីវិត​ទូលបង្គំ ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​អស់​អ្នក ដែល​តិះ‌ដៀល​ព្រះអង្គ​បាន​ធ្លាក់​មក​លើ​ទូលបង្គំ។ ទូលបង្គំ​យំ​សោក​ទាំង​តម​អាហារ ដែល​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​រឹត​តែ ជេរ​ប្រមាថ​ទូលបង្គំ​ថែម​ទៀត។ ទូលបង្គំ​ស្លៀក​សម្លៀក‌បំពាក់​កាន់​ទុក្ខ ហើយ​ពួក​គេ​នាំ​គ្នា​យក​រឿង​ទូលបង្គំ ទៅ​លេង​សើច។ គេ​នាំ​គ្នា​និយាយ​ដើម​ទូលបង្គំ នៅ​តាម​ទី​សាធារណៈ ហើយ​មនុស្ស​ប្រមឹក​នាំ​គ្នា​យក​រឿង ទូលបង្គំ​ទៅ​ច្រៀង​ឡក‌ឡឺយ។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះអង្គ ឥឡូវ​នេះ ជា​ពេល​ដែល​គាប់​ព្រះ‌ហឫទ័យ ព្រះអង្គ​ហើយ ឱ​ព្រះ‌ជាម្ចាស់​អើយ ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេង ព្រះអង្គ​ពិត​ជា​សង្គ្រោះ​ទូលបង្គំ​មិន​ខាន សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង!។ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ភក់​ជ្រាំ​នេះ កុំ​ឲ្យ​ទូលបង្គំ​ផុង​ខ្លួន​ទៀត​ឡើយ! សូម​ឲ្យ​ទូលបង្គំ​បាន​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ សូម​យក​ទូលបង្គំ​ចេញ​ពី​ទឹក​ដ៏​ជ្រៅ​នេះ​ផង! សូម​កុំ​ឲ្យ​ចរន្ត​ទឹក​នេះ អាច​ហូរ​នាំ​យក​ទូលបង្គំ​ទៅ​បាន​ឡើយ សូម​កុំ​ឲ្យ​ទឹក​ដ៏​ជ្រៅ​នេះ កួច​យក​ទូលបង្គំ​ឲ្យ​លិច​លង់ ហើយ​ក៏​សូម​កុំ​ឲ្យ​អណ្ដូង​នេះ ឃុំ ទូលបង្គំ​ទុក​បាន​ដែរ! ព្រះ‌អម្ចាស់​អើយ ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស និង​មេត្តា​ករុណា សូម​ឆ្លើយ​តប​មក​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដ៏​ធំ‌ធេង សូម​ងាក​មក​ទត​មើល​ទូលបង្គំ​ផង! សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ឡើយ សូម​មេត្តា​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់ ដ្បិត​ទូលបង្គំ​កំពុង​តែ​មាន​អាសន្ន! សូម​យាង​មក​ជិត​ទូលបង្គំ ហើយ​លោះ​ជីវិត​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​ខ្មាំង​សត្រូវ​ផង! ដ្បិត​ព្រះអង្គ​ជ្រាប​ហើយ​ថា ទូលបង្គំ​ត្រូវ​គេ​ជេរ​ប្រមាថ ត្រូវ​អាម៉ាស់ និង​បាត់​បង់​កិត្តិយស ព្រះអង្គ​ទត​ឃើញ​បច្ចា‌មិត្ត​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​ស្រាប់​ហើយ។ ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ ទូលបង្គំ​មាន​ចិត្ត​ខ្លោច‌ផ្សា និង​គ្រាំ‌គ្រា ទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​អាណិត​ទូលបង្គំ តែ​គ្មាន​នរណា​ម្នាក់​អាណិត​សោះ! ទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​រំលែក​ទុក្ខ​ទូលបង្គំ តែ​រក​មិន​បាន​ឡើយ! ពួក​គេ​ដាក់​ថ្នាំ​បំពុល​នៅ​ក្នុង ម្ហូប​អាហារ​របស់​ទូលបង្គំ ហើយ​នៅ​ពេល​ទូលបង្គំ​ស្រេក​ទឹក គេ​បែរ​ជា​យក​ទឹក​ខ្មេះ មក​ឲ្យ​ទូលបង្គំ​ទៅ​វិញ។ សូម​ឲ្យ​តុ និង​ពិធី​ជប់‌លៀង ដ៏​សក្ការៈ​របស់​ពួក​គេ ក្លាយ​ទៅ​ជា​អន្ទាក់​នាំ​ពួក​គេ​ឲ្យ​វិនាស! សូម​ឲ្យ​ភ្នែក​របស់​គេ​ត្រឡប់ ទៅ​ជា​ងងឹត​មើល​អ្វី​លែង​ឃើញ ហើយ​សូម​ឲ្យ​គេ​កោង​ខ្នង​រហូត​ត​ទៅ! សូម​ព្រះអង្គ​ធ្វើ​ទោស​ពួក​គេ​យ៉ាង​ធ្ងន់ ហើយ​សូម​ធ្វើ​ទារុណ‌កម្ម​ពួក​គេ ឥត​ត្រា​ប្រណី​ឡើយ។ សូម​ឲ្យ​លំ‌នៅ​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ ហើយ​សូម​កុំ​ឲ្យ​មាន​នរណា​រស់​នៅ ក្នុង​ផ្ទះ​របស់​ពួក​គេ​ទៀត​ឡើយ! ដ្បិត​ពួក​គេ​តាម​ព្យាបាទ​អស់​អ្នក ដែល​ព្រះអង្គ​បាន​ដាក់​ទោស​រួច​ហើយ ពួក​គេ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​វាយ ឲ្យ​របួស​នោះ រឹង‌រឹត​តែ​ឈឺ​ចាប់​ថែម​ទៀត។ សូម​ព្រះអង្គ​កត់‌ត្រា​ទុក​នូវ​កំហុស​របស់​ពួក​គេ សូម​កុំ​អត់‌ទោស​ឲ្យ​ពួក​គេ​ឡើយ! សូម​លុប​ឈ្មោះ​ពួក​គេ​ចេញ​ពី​បញ្ជី​ជីវិត សូម​កុំ​រាប់​ពួក​គេ​ចូល​ទៅ ក្នុង​ចំណោម​មនុស្ស​ឲ្យ​សោះ ។ ចំពោះ​ទូលបង្គំ ទូលបង្គំ​ជា​មនុស្ស​កម្សត់​ទុគ៌ត និង​ឈឺ​ចុក​ចាប់ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​សង្គ្រោះ​ទូលបង្គំ សូម​លើក​ទូលបង្គំ​ឡើង​វិញ​ផង។ ខ្ញុំ​នឹង​ច្រៀង​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌ជាម្ចាស់ ខ្ញុំ​នឹង​ប្រកាស​អំពី​ភាព​ថ្កុំ‌ថ្កើង រុងរឿង​របស់​ព្រះអង្គ ទាំង​កោត​សរសើរ។ ការ​លើក​តម្កើង​បែប​នេះ គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជាង​ការ​ថ្វាយ​គោ​ឈ្មោល ឬ​ថ្វាយ​គោ​ឡើង​ក​ទៅ​ទៀត។ ពេល​មនុស្ស​ទុគ៌ត​ឃើញ​ព្រះអង្គ​រំដោះ​ខ្ញុំ​ដូច្នេះ គេ​នឹង​មាន​អំណរ​សប្បាយ។ អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌ជាម្ចាស់​អើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​វែង! ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់ ពាក្យ​របស់​មនុស្ស​កម្សត់​ទុគ៌ត ហើយ​នៅ​ពេល​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ជាប់​ឃុំ‌ឃាំង ព្រះអង្គ​មិន​បំភ្លេច​គេ​ឡើយ។ សូម​ឲ្យ​ផ្ទៃ​មេឃ និង​ផែនដី សរសើរ​តម្កើង​ព្រះអង្គ ហើយ​សូម​ឲ្យ​សមុទ្រ​ទាំង‌ឡាយ និង​អ្វីៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ សរសើរ​តម្កើង​ព្រះអង្គ​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​នឹង​សង់​ក្រុង​ទាំង‌ឡាយ នៅ​ស្រុក​យូដា​ឡើង​វិញ ប្រជា‌ជន​នឹង​រស់​នៅ​ក្នុង​ស្រុក ហើយ​នឹង​កាន់​កាប់​ទឹក​ដី​ជា​កម្មសិទ្ធិ​សា​ជា​ថ្មី។ ពូជ‌ពង្ស​អ្នក​បម្រើ​របស់​ព្រះអង្គ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​ព្រះអង្គ នឹង​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​នោះ!

ទំនុកតម្កើង 69:1-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អង្គ​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ ដ្បិត​ទឹក​បាន​ហូរ​ចូល ដល់​ព្រលឹងនៃ​ទូលបង្គំ​ហើយ ទូលបង្គំ​ផុង​ចុះ​ក្នុង​ល្បាប់​ដ៏​ជ្រៅ ជា​កន្លែង​ដែល​គ្មាន​ទី​ឈរ​សោះ ទូលបង្គំ​បាន​មក​ដល់​ក្នុង​ទី​ទឹក​ជ្រៅ ហើយ​រលក​ក៏​បោក​គ្រប​លើ​ទូលបង្គំ ទូលបង្គំ​ល្វើយ ដោយ​ការ​អំពាវ‌នាវ​របស់​ទូលបង្គំ បំពង់​ក​នៃ​ទូលបង្គំ​ខះ​ហើយ ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​រង់‌ចាំ​មើល​ផ្លូវ​ព្រះ​នៃ​ទូលបង្គំ។ ៙ ពួក​អ្នក​ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​ហេតុ នោះ​មាន​ច្រើន​ជាង​សក់​ក្បាល​នៃ​ទូលបង្គំ​ទៅ​ទៀត អស់​អ្នក​ដែល​ចង់​បំផ្លាញ​ទូលបង្គំ គឺ​ជា​ពួក​ខ្មាំង​សត្រូវ នឹង​ទូលបង្គំ​ដោយ​ឥត​រឿង គេ​មាន​កំឡាំង​ណាស់ គេ​ចាប់​ឲ្យ​ទូលបង្គំ​សង​របស់​ដែល​ទូលបង្គំ មិន​បាន​យក​សោះ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជ្រាប​សេចក្ដី​ចំកួត​របស់​ទូលបង្គំ ឯ​អំពើ​បាប​នៃ​ទូលបង្គំ​ក៏​មិន​បិទ​បាំង​នឹង​ទ្រង់​ដែរ។ ៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​ពួក​ពល‌បរិវារ​អើយ សូម​កុំ​ឲ្យ​ពួក​អ្នក​ដែល​ពឹង‌ពាក់​ដល់​ទ្រង់​ត្រូវ​ខ្មាស ដោយ​ព្រោះ​ទូលបង្គំ​ឡើយ ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ សូម​កុំ​ឲ្យ​ពួក​អ្នក​ដែល​ស្វែង​រក​ទ្រង់​បាន​ត្រូវ​អាប់‌យស ដោយ​ព្រោះ​ទូលបង្គំ​ឲ្យ​សោះ ដ្បិត​គឺ​ដោយ​យល់​ដល់​ទ្រង់​ហើយ បាន​ជា​ទូលបង្គំ​ធន់​ទ្រាំ​នឹង​សេចក្ដី​ត្មះ‌តិះដៀល ហើយ​សេចក្ដី​អៀន‌ខ្មាស​បាន​គ្រប​មុខ​ទូលបង្គំ​ផង ទូលបង្គំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ដទៃ​ចំពោះ​បង​ប្អូន​ទូលបង្គំ គឺ​ដូច​ជា​សាសន៍​ក្រៅ​ដល់​ពួក​អ្នក​ពោះ​១​នឹង​ទូលបង្គំ។ ៙ ដ្បិត​សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន ទូលបង្គំ ឯ​សេចក្ដី​ត្មះ‌តិះដៀល​ទាំង​ប៉ុន្មាន​ដែល​គេ​ដៀល​ដល់​ទ្រង់ នោះ​បាន​ធ្លាក់​មក​លើ​ទូលបង្គំ​វិញ កាល​ទូលបង្គំ​បាន​យំ ហើយ​បញ្ឈឺ​ចិត្ត ដោយ​តម​អត់ នោះ​ហើយ​ជា​ហេតុ​ឲ្យ​គេ​ត្មះ‌តិះដៀល​ដល់​ទូលបង្គំ កាល​ណា​ទូលបង្គំ​យក​សំពត់​ធ្មៃទុក​ជា​សំលៀក‌បំពាក់ នោះ​ក៏​ត្រឡប់​ជា​ពាក្យ​ប្រៀប‌ផ្ទឹម​របស់​គេ​វិញ ពួក​អ្នក​ដែល​អង្គុយ​នៅ​ទី​ទ្វារ​ក្រុង គេ​និយាយ​ដើម​ពី​ទូលបង្គំ ហើយ​ទូលបង្គំ​ជា​ទំនុក​ច្រៀង​ដល់​ពួក​ប្រមឹក​ស្រា។ ៙ ប៉ុន្តែឯ​ទូលបង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ​ដំរង់​ទៅ​ឯ​ទ្រង់ ក្នុង​វេលា​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឱ​ព្រះ‌អង្គ​អើយ សូម​ឆ្លើយ​តប​មក​ទូលបង្គំ ដោយ​សេចក្ដី​សង្គ្រោះ​ដ៏​ពិត​របស់​ទ្រង់ តាម​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់ សូម​ស្រង់​ទូលបង្គំ​ឡើង​ចេញ​ពី​ល្បាប់ កុំ​ឲ្យ​ទូលបង្គំ​ផុង​ចុះ​ទៅ​ឡើយ សូម​ប្រោស​ឲ្យ​ទូលបង្គំ​បាន​រួច​ពី​ពួក​ដែល​ស្អប់​ទូលបង្គំ ហើយ​ពី​ទឹក​ជ្រៅ​ផង សូម​កុំ​ឲ្យ​ទឹក​ជន់​មក​ពន្លិច​ទូលបង្គំ ឬ​ឲ្យ​ទី​ជំរៅ​លេប​ទូលបង្គំ​បាត់ ឬ​ឲ្យ​រណ្តៅ​បិទ​មាត់​ពី​លើ​ទូលបង្គំ​ឡើយ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ល្អ​ណាស់​ហើយ សូម​បែរ​មក​ឯ​ទូលបង្គំ តាម​សេចក្ដី​មេត្តា‌ករុណា ដ៏​បរិបូរ​របស់​ទ្រង់ សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​អ្នក​បំរើ​របស់​ទ្រង់​ឡើយ សូម​ឆ្លើយ​មក​ទូលបង្គំ​ជា​ប្រញាប់​ផង ដ្បិត​ទូលបង្គំ​មាន​សេចក្ដី​វេទនា​ហើយ។ ៙ សូម​ទ្រង់​ចូល​មក​ជិត លោះ​ព្រលឹង​នៃ​ទូលបង្គំ សូម​ដោះ​ទូលបង្គំ​ឲ្យ​រួច ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ ទ្រង់​ជ្រាប​សេចក្ដី​ដំនៀល សេចក្ដី​ខ្មាស នឹង​សេចក្ដី​អាប់‌យស​របស់​ទូលបង្គំ​ហើយ ពួក​អ្នក​ដែល​ត‌តាំង​នឹង​ទូលបង្គំ​សុទ្ធ​តែ​នៅ​ចំពោះ​ទ្រង់ គ្រប់​ទាំង​អស់ សេចក្ដី​ត្មះ‌តិះដៀល​បាន​ញាំ‌ញី​ចិត្ត​ទូលបង្គំ ក៏​មាន​សេចក្ដី​ទំងន់​សង្កត់​នៅ​ពេញ​ក្នុង​ខ្លួន​ហើយ ទូលបង្គំ​បាន​គន់​រក​អ្នក​ណា​ដែល​នឹង​អាណិត​មេត្តា តែ​ឥត​មាន​១​សោះ ក៏​ស្វែង​រក​អ្នក​ណា​ដែល​នឹង​កំសាន្ត​ចិត្ត តែ​មិន​ឃើញ​១​ទេ គេ​បាន​ឲ្យ​ថ្នាំ​ស្ពឹក​មក​ទូលបង្គំ​សំរាប់​ជា​អាហារ ហើយ​កាល​ទូលបង្គំ​ស្រេក នោះ​គេ​យក​ទឹក‌ខ្មេះ​មក​ឲ្យ​ផឹក ៙ សូម​ឲ្យ​តុ​របស់​គេ​ត្រឡប់​ជា​អន្ទាក់​ដល់​គេ ហើយ​កាល​ណា​គេ​មាន​សេចក្ដី​សុខ នោះ​សូម​ឲ្យ​ប្រែ​ជា​អង្គប់​ដល់​គេ​វិញ សូម​ឲ្យ​ភ្នែក​គេ​ងងឹត​ទៅ រហូត​ដល់​មើល​មិន​ឃើញ ហើយ​ឲ្យ​ចង្កេះ​គេ​ញ័រ​ជានិច្ច សូម​ចាក់​សេចក្ដី​ក្តៅ​ក្រហាយ​របស់​ទ្រង់​ទៅ​លើ​គេ ហើយ​ឲ្យ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​នៃ​ទ្រង់​តាម​គេ​ទាន់ សូម​ឲ្យ​លំនៅ​របស់​គេ​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ​ក្នុង​ត្រសាល​គេ​ឡើយ ដ្បិត​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន​អ្នក​ដែល​ទ្រង់​បាន​វាយ​ហើយ ក៏​ថ្លែង​ពី​សេចក្ដី​ឈឺ‌ចាប់​របស់​ពួក​អ្នក​ដែល​ទ្រង់​បាន ធ្វើ​ឲ្យ​មាន​របួស​ផង សូម​បន្ថែម​ទោស​ទៅ​លើ​ទោស​របស់​គេ ហើយ​កុំ​ឲ្យ​គេ​ចូល​មក​ក្នុង​សេចក្ដី​សុចរិត​របស់​ទ្រង់​ឡើយ សូម​ឲ្យ​គេ​បាន​លុប​ចេញ​ពី​បញ្ជី​ជីវិត​ទៅ កុំ​ឲ្យ​កត់​នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​សុចរិត​ឡើយ។ ៙ ចំណែក​ទូលបង្គំ​មាន​សេចក្ដី​វេទនា ហើយ​ឈឺ‌ចាប់ ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ មក​លើ​កទូលបង្គំ​ឡើង ដាក់​នៅ​ទី​ខ្ពស់​វិញ។ ៙ ទូលបង្គំ​នឹង​ច្រៀង​ទំនុក​សរសើរ ដល់​ព្រះ‌នាម​របស់​ព្រះ ហើយ​នឹង​លើក​ដំកើង​ទ្រង់​ដោយ​អរ​ព្រះ‌គុណ យ៉ាង​នោះ នឹង​បាន​ជា​ទី​សព្វ​ព្រះ‌ហឫទ័យ ដល់​ព្រះ‌យេហូវ៉ា ជា​ជាង​ថ្វាយ​គោ​ឈ្មោល​១ គឺ​ជា​ជាង​គោ​ឈ្មោល​ដែល​ថ្វាយ​ទាំង​ស្នែងនឹង​ក្រចក​ផង ពួក​មនុស្ស​មាន​ចិត្ត​រាប​ទាប​បាន​ឃើញ ហើយ​ក៏​មាន​សេចក្ដី​អំណរ អ្នក​រាល់​គ្នា​ដែល​ស្វែង​រក​ព្រះ​អើយ ចូរ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​បាន​ភ្ងារ​ឡើង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ស្តាប់​មនុស្ស​កំសត់​ទុគ៌ត ហើយ​មិន​ដែល​មើល‌ងាយ​ដល់​ពួក​អ្នក​របស់​ទ្រង់ ដែល​ត្រូវ​គេ​ចាប់​ចង​ឡើយ។ ចូរ​ឲ្យ​ផ្ទៃ​មេឃ នឹង​ផែនដី ព្រម​ទាំង​សមុទ្រ ហើយ​សត្វ​ទាំង​ប៉ុន្មាន ដែល​រវើក​នៅ​ក្នុង​នោះ បាន​សរសើរ​ដល់​ទ្រង់​ចុះ ពី​ព្រោះ ព្រះ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ហើយ​នឹង​សង់​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា​ឡើង ដូច្នេះ គេ​នឹង​អាស្រ័យ​នៅ​ស្រុក​នោះ ហើយ​នឹង​បាន​ទុក​ជា​កេរ្តិ៍អាករ​របស់​គេ ពូជ‌ពង្ស​នៃ​ពួក​អ្នក​បំរើ​ទ្រង់ នឹង​គ្រង​បាន​ទុក​ជា​មរដក ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ព្រះ‌នាម​ទ្រង់ នឹង​បាន​អាស្រ័យ​នៅ​ក្នុង​ស្រុក​នោះ។