ទំនុកតម្កើង 68

68
បទ​តម្កើង​ព្រះ‌ជាម្ចាស់​ដ៏​មាន​ជ័យ‌ជម្នះ
បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។ ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។
1ពេល​ព្រះ‌ជាម្ចាស់​ក្រោក​ឡើង
ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​បាក់​ទ័ព
ហើយ​អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ
នឹង​នាំ​គ្នា​រត់​ចេញ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។
2ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ពួក​គេ
រលាយ​សូន្យ​ទៅ​ដូច​ជា​ផ្សែង
ហើយ​មនុស្ស​អាក្រក់​នឹង​រលាយ​សូន្យ
បាត់​ពី​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដូច​ក្រមួន​ត្រូវ​ថ្ងៃ ។
3រីឯ​មនុស្ស​សុចរិត​វិញ​នឹង​បាន​រីក‌រាយ
គេ​នឹង​អរ​សប្បាយ​ឥត​ឧបមា
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់
គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។
4ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់
ចូរ​ស្មូត្រ​ទំនុកតម្កើង ព្រះ‌នាម​ព្រះអង្គ!
ចូរ​ត្រួស‌ត្រាយ​ផ្លូវ​ថ្វាយ​ព្រះអង្គ
ដែល​ជិះ​សេះ​កាត់​អាកាស‌វេហាស៍!
ព្រះអង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់
ចូរ​នាំ​គ្នា​អរ​សប្បាយ​ឥត​ឧបមា
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ!
5ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​ក្នុង​ព្រះ‌ដំណាក់​ដ៏វិសុទ្ធ*
ព្រះអង្គ​ជា​ឪពុក​របស់​ក្មេង​កំព្រា
ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ​ស្ត្រី​មេម៉ាយ។
6ព្រះ‌ជាម្ចាស់​ប្រទាន​គ្រួសារ ឲ្យ​មនុស្ស​ឯកោ
ព្រះអង្គ​នាំ​អ្នក​ជាប់​ឃុំ‌ឃាំង
ឲ្យ​មាន​សេរី‌ភាព​ពេញ​ទី
រីឯ​ជន​បះ‌បោរ​វិញ
គេ​នឹង​ទៅ​រស់​នៅ​ក្នុង​ទី​ហួត‌ហែង។
7បពិត្រ​ព្រះ‌ជាម្ចាស់
ពេល​ព្រះអង្គ​នាំ​មុខ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ
ពេល​ព្រះអង្គ​យាង​នៅ​វាល​រហោ‌ស្ថាន
- សម្រាក
8 ផែនដី​រញ្ជួយ ផ្ទៃ​មេឃ​ក៏​បង្អុរ​ភ្លៀង
ចុះ​មក​យ៉ាង​ខ្លាំង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់
ជា​ព្រះ​របស់​អ៊ីស្រា‌អែល
ដូច​គ្រា​នៅ​ភ្នំ​ស៊ីណៃ​ដែរ។
9ឱ​ព្រះ‌ជាម្ចាស់​អើយ!
ព្រះអង្គ​បាន​ប្រោស​ប្រទាន​ភ្លៀង​ដ៏​ត្រជាក់‌ត្រជុំ
មក​លើ​ទឹក​ដី​ដ៏​ហួត‌ហែង​របស់​ព្រះអង្គ
ដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ
បាន​រស់​រាន​ឡើង​វិញ។
10ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​បាន​តាំង​ទី​លំ‌នៅ
លើ​ទឹក​ដី​នោះ
ដោយ​ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស
ចំពោះ​ពួក​គេ​ដែល​ជា​ជន​កម្សត់​ទុគ៌ត។
11ពេល​ព្រះ‌អម្ចាស់​ចេញ​បញ្ជា
ពួក​ស្ត្រី​ដែល​ប្រៀប​បាន​នឹង​កង‌ទ័ព​មួយ​យ៉ាង​ធំ
នាំ​គ្នា​ចេញ​ទៅ​ប្រកាស​ដំណឹង​ថា:
12ស្ដេច​នានា​បាក់​ទ័ព​រត់
ទៅ​ជា​មួយ​ពល​ទាហាន​របស់​ខ្លួន។
ស្ត្រីៗ​ដែល​នៅ​ក្នុង​ផ្ទះ​នាំ​គ្នា​ចែក​ជយ‌ភណ្ឌ។
13រីឯ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា
នៅ​សម្រាក​ក្នុង​ជំរំ​ដូច្នេះ​ទៅ​វិញ?
មើល៍! សូម្បី​តែ​សត្វ​ព្រាប​ក៏​មាន​ប្រាក់
ជាប់​ពេញ​ស្លាប​វា​ដែរ
ហើយ​រោម​វា​ចាំង​ចែង​ទៅ​ដោយ​មាស។
14នៅ​ពេល​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត
ធ្វើ​ឲ្យ​ស្ដេច​នានា​បាក់​ទ័ព
នោះ​ក៏​មាន​ព្រឹល​ធ្លាក់​មក​លើ​ភ្នំ​សាល‌ម៉ូន​ដែរ។
15ភ្នំ​បាសាន​ជា​ភ្នំ​ដ៏​សក្ការៈ​មួយ
ភ្នំ​បាសាន​ជា​ភ្នំ​ដែល​មាន​កំពូល​យ៉ាង​ច្រើន។
16ហេតុ​អ្វី​បាន​ជា​ភ្នំ​ដែល​មាន​កំពូល​ច្រើន
ច្រណែន​នឹង​ភ្នំ​ដែល​ព្រះ‌ជាម្ចាស់​ជ្រើស​រើស
សម្រាប់​គង់​នៅ?
ពិត​មែន​ហើយ
ព្រះ‌អម្ចាស់​នឹង​គង់​នៅ​លើ​ភ្នំ​នេះ​រហូត​ត​ទៅ។
17ទ័ព​សេះ​របស់​ព្រះ‌ជាម្ចាស់
មាន​ចំនួន​រាប់​លាន​រាប់​កោដិ
ព្រះអង្គ​គង់​ជា​មួយ​ពួក​គេ​នៅ​ភ្នំ​ស៊ីណៃ
ជា​ទីសក្ការៈ​របស់​ព្រះអង្គ។
18 ព្រះអង្គ​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់
ទាំង​នាំ​អ្នក​ទោស​ទៅ​ជា​មួយ
ព្រះអង្គ​បាន​ទទួល​តង្វាយ​ផ្សេងៗ​ពី​មនុស្ស​លោក
សូម្បី​តែ​មនុស្ស​ប្រឆាំង​នឹង​ព្រះអង្គ
ក៏​ព្រះអង្គ​ទទួល​ពី​គេ​ដែរ
ហើយ​ព្រះ‌ជា‌អម្ចាស់​គង់​នៅ​ទី​នោះ!។
19សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ
ដ្បិត​ព្រះអង្គ​តែងតែ​ជួយ​គាំទ្រ
និង​សង្គ្រោះ​យើង។
- សម្រាក
20ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​យើង
ព្រះ‌ជា‌អម្ចាស់​អាច​ជួយ​យើង
ឲ្យ​រួច​ផុត​ពី​សេចក្ដី​ស្លាប់។
21ខ្មាំង​សត្រូវ​ទុក​សក់​វែង ដើម្បី​ធ្វើ​ចម្បាំង​សាសនា
ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​កម្ទេច​ក្បាល
របស់​ជន​ទុច្ចរិត​ទាំង​នោះ។
22ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា
«យើង​នឹង​នាំ​ពួក​គេ​ពី​ភ្នំ​បាសាន
យើង​នឹង​នាំ​ពួក​គេ​ឡើង​ពី​បាត​សមុទ្រ​មក
23ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​លុយ​ក្នុង​ឈាម
របស់​ពួក​គេ ហើយ​ឆ្កែ​នឹង​នាំ​គ្នា​លិទ្ធ​ឈាម
របស់​ខ្មាំង​សត្រូវ​ទាំង​នោះ​ដែរ»។
24ឱ​ព្រះ‌ជាម្ចាស់​អើយ
មនុស្ស‌ម្នា​បាន​ឃើញ​ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះអង្គ
ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះ‌ជាម្ចាស់
ជា​ព្រះ‌មហា‌ក្សត្រ​របស់​ខ្ញុំ ចូល​ទៅ​ក្នុង​ទីសក្ការៈ
25មាន​អ្នក​ចម្រៀង​ដើរ​នៅ​ខាង​មុខ
និង​អ្នក​ភ្លេង​ដើរ​នៅ​ខាង​ក្រោយ
ហើយ​នៅ​កណ្ដាល​មាន​ពួក​យុវ‌នារី
នាំ​គ្នា​វាយ​ក្រាប់។
26ចូរ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​នៅ​ក្នុង​អង្គ​ប្រជុំ
សូម​ឲ្យ​អស់​អ្នក​ដែល​ជា​ពូជ‌ពង្ស
របស់​អ៊ីស្រា‌អែល​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ!
27គឺ​ចាប់​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ដែល​តូច​ជាង​គេ
បន្ទាប់​មក អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​យូដា
ដែល​មាន​សម្លៀក‌បំពាក់​យ៉ាង​ល្អ​ប្រណីត
រួច​ហើយ​អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន
និង​កុល‌សម្ព័ន្ធ​ណែប‌ថាលី។
28ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ
ឲ្យ​អ្នក​មាន​កម្លាំង​ខ្លាំង​ពូកែ។
ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ
ដូច​ព្រះអង្គ​តែងតែ​ជួយ​យើង​ខ្ញុំ
29ពី​ព្រះ‌ដំណាក់​របស់​ព្រះអង្គ
ដែល​ស្ថិត​នៅ​លើ​ក្រុង​យេរូ‌សាឡឹម
ជា​កន្លែង​ដែល​ស្ដេច​នានា
នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះអង្គ។
30សូម​ព្រះអង្គ​គំរាម​កំហែង​ស្រុក​អេស៊ីប
ពួក​គេ​ជា​សត្វ​ធាតុ​រស់​នៅ​តាម​ដើម​ត្រែង
ពួក​គេ​ជា​មេ​ដឹក​នាំ​លើ​ស្រុក​នានា
ដូច​ហ្វូង​គោ​ឡើង​ក និង​កូន​របស់​វា។
ពួក​គេ​នឹង​មក​ចុះ​ចូល​ព្រះអង្គ
ដោយ​យក​ប្រាក់​មក​ជា​តង្វាយ។
សូម​ធ្វើ​ឲ្យ​ជន‌ជាតិ​ទាំង​នោះ
ដែល​ចូល​ចិត្ត​ច្បាំង​វិនាស​ខ្ចាត់‌ខ្ចាយ​ទៅ។
31ជន‌ជាតិ​អេស៊ីប​នឹង​ចាត់​ទូត​មក ជន‌ជាតិ​អេត្យូ‌ពី
នឹង​លើក​ដៃ​ស្វែង​រក​ព្រះ‌ជាម្ចាស់។
32នគរ​នានា​នៅ​លើ​ផែនដី​អើយ
ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់
ចូរ​ប្រគំ​ភ្លេង​ថ្វាយ​ព្រះអង្គ។
- សម្រាក
33ព្រះអង្គ​គង់​លើ​ព្រះ‌រាជ‌រថ​ឡើង​ខ្ពស់​ជាង​ផ្ទៃ​មេឃ
ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ទៅ​ទៀត
ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​រន្ទឺ​ខ្ទរ‌ខ្ទារ។
34ចូរ​ប្រកាស​ថា​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ឫទ្ធា‌នុភាព
ព្រះអង្គ​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល
យ៉ាង​ថ្កុំ‌ថ្កើង​រុងរឿង
អាកាស‌វេហាស៍​សម្តែង
អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។
35នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះអង្គ
ឱ​ព្រះ‌ជាម្ចាស់​អើយ
ព្រះអង្គ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់
ព្រះអង្គ​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល
ព្រះអង្គ​ប្រទាន​ឲ្យ​ប្រជា‌រាស្ដ្រ
របស់​ព្រះអង្គ​មាន​កម្លាំង និង​អំណាច
សូម​សរសើរ​តម្កើង​ព្រះអង្គ!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 68: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល