ទំនុកតម្កើង 50
50
ការថ្វាយបង្គំដ៏ពិតប្រាកដ
ទំនុករបស់លោកអេសាភ។
1 ព្រះអម្ចាស់ជាព្រះលើអ្វីៗទាំងអស់
ទ្រង់មានព្រះបន្ទូលកោះហៅ
ផែនដីទាំងមូល ចាប់តាំងពីទិសខាងកើត
រហូតដល់ទិសខាងលិច
2ព្រះជាម្ចាស់ភ្លឺចាំងចែងពីក្រុងស៊ីយ៉ូន
ដែលជាក្រុងដ៏ល្អត្រចះត្រចង់។
3ព្រះនៃយើងទ្រង់យាងមកហើយ
ព្រះអង្គមិនសម្ងំនៅស្ងៀមឡើយ
មានភ្លើងសន្ធោសន្ធៅនៅពីមុខព្រះអង្គ
ហើយជុំវិញព្រះអង្គ
មានខ្យល់បក់បោកយ៉ាងខ្លាំង។
4ព្រះអង្គកោះហៅផ្ទៃមេឃ និងផែនដី
ឲ្យធ្វើជាសាក្សី
នៅពេលព្រះអង្គវិនិច្ឆ័យទោស
ប្រជារាស្ត្ររបស់ព្រះអង្គ
5ព្រះអង្គមានព្រះបន្ទូលថា៖
«ចូរប្រមូលពួកអ្នកជឿឲ្យមកជួបយើង
គឺអស់អ្នកដែលបានថ្វាយយញ្ញបូជា
ដើម្បីចងសម្ពន្ធមេត្រីជាមួយយើង!»។
6ផ្ទៃមេឃប្រកាសសេចក្ដីសុចរិតរបស់ព្រះអង្គ
ដ្បិតព្រះជាម្ចាស់ផ្ទាល់ទ្រង់ជាចៅក្រម។
- សម្រាក
7«អ្នករាល់គ្នាដែលជាប្រជារាស្ដ្ររបស់យើងអើយ
ចូរនាំគ្នាស្ដាប់ពាក្យយើងនិយាយ!
អ៊ីស្រាអែលអើយ យើងនឹងព្រមានអ្នករាល់គ្នា។
យើងជាព្រះជាម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
8យើងមិនបន្ទោសអ្នករាល់គ្នាអំពីយញ្ញបូជា
និងតង្វាយដុតដែលអ្នករាល់គ្នាតែងតែ
យកមកថ្វាយយើងជាប្រក្រតីនោះទេ។
9យើងមិនត្រូវការគោបាពីផ្ទះរបស់អ្នករាល់គ្នា
ឬក៏ពពែឈ្មោលពីក្រោលរបស់អ្នករាល់គ្នាឡើយ
10ដ្បិតសត្វទាំងប៉ុន្មានដែលនៅក្នុងព្រៃ
សុទ្ធតែជារបស់យើង
ហើយសត្វរាប់ម៉ឺនរាប់សែនក្បាល
ដែលរស់នៅតាមភ្នំ ក៏ជារបស់យើង។
11យើងស្គាល់បក្សាបក្សីទាំងប៉ុន្មាន
ដែលរស់នៅតាមភ្នំ
ហើយសត្វទាំងឡាយដែលរស់នៅតាមស្រែចម្ការ
ក៏ជារបស់យើងដែរ។
12ប្រសិនបើយើងឃ្លាន
យើងនឹងមិននិយាយប្រាប់អ្នករាល់គ្នាឡើយ
ដ្បិតពិភពលោក និងអ្វីៗទាំងអស់នៅក្នុង
ពិភពនេះ សុទ្ធតែជាកម្មសិទ្ធិរបស់យើង ។
13តើយើងដែលបរិភោគសាច់គោបាឬ?
តើយើងដែលផឹកឈាមពពែឈ្មោលឬ?
14តង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយព្រះជាម្ចាស់
គឺពាក្យអរព្រះគុណ
ហើយត្រូវធ្វើតាមពាក្យដែលអ្នកបានសន្យា
ចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុត។
15នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះ
យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើង
សិរីរុងរឿងរបស់យើង។
16ព្រះជាម្ចាស់មានព្រះបន្ទូល
ទៅកាន់មនុស្សអាក្រក់ថា៖
ហេតុដូចម្ដេចបានជាអ្នកចេះតែសូត្រ
ច្បាប់របស់យើង ហើយចេះតែទន្ទេញថា
បានចងសម្ពន្ធមេត្រីជាមួយយើងដូច្នេះ?
17ក៏ប៉ុន្តែ អ្នកពុំព្រមឲ្យយើងប្រដែប្រដៅសោះ
ហើយក៏មិនព្រមទទួលយកពាក្យយើងដែរ។
18ពេលណាអ្នកជួបចោរ អ្នកសេពគប់ជាមួយគេភ្លាម
ហើយអ្នកតែងតែចូលដៃ
ជាមួយជនផិតក្បត់ទៀតផង។
19មាត់របស់អ្នកតែងស្រដីចេញ
នូវពាក្យអាក្រក់អាក្រី
ហើយអណ្ដាតអ្នកតែងគ្រលាស់
ចេញនូវពាក្យបោកប្រាស់។
20អ្នកត្រៀមខ្លួនចោទប្រកាន់បងប្អូនជានិច្ច
ហើយអ្នកបរិហារកេរ្តិ៍បងប្អូនបង្កើតទៀតផង។
21អ្នកបានប្រព្រឹត្តអំពើទាំងនេះ
តើឲ្យយើងនៅស្ងៀមម្ដេចកើត?
អ្នកស្មានថាយើងដូចអ្នកដែរឬ?
ប៉ុន្តែ យើងថ្កោលទោស ហើយបង្ហាញ
ឲ្យអ្នកឃើញកំហុសទាំងនេះផ្ទាល់នឹងភ្នែក។
22អស់អ្នកដែលបំភ្លេចយើងអើយ
ចូររិះគិតឲ្យយល់សេចក្ដីនេះទៅ
ក្រែងលោយើងបំផ្លាញអ្នករាល់គ្នា
ហើយគ្មាននរណាអាចរំដោះ
អ្នករាល់គ្នាបានឡើយ។
23អ្នកលើកតម្កើងយើង គឺអ្នកដែលថ្វាយពាក្យ
អរព្រះគុណទុកជាតង្វាយ
ហើយយើងនឹងសង្គ្រោះអស់អ្នក
ដែលដើរតាមមាគ៌ារបស់យើង»។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 50: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.