ទំនុកតម្កើង 49

49
កុំ​ទុក​ចិត្ត​លើ​ទ្រព្យ‌សម្បត្តិ!
ទំនុក​ពី​សៀវភៅ​គ្រូ​ចម្រៀង។ ទំនុក​របស់​កូន​ចៅ​លោក​កូរេ។
1ប្រជា‌ជន​ទាំង‌ឡាយ​អើយ
ចូរ​នាំ​គ្នា​ត្រង‌ត្រាប់​ស្ដាប់!
មនុស្ស‌ម្នា​ដែល​រស់​នៅ​ផែនដី​ទាំង​មូល​អើយ
ចូរ​នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់
2គឺ​ទាំង​អ្នក​តូច ទាំង​អ្នក​ធំ
ទាំង​អ្នក​មាន ទាំង​អ្នក​ក្រ!
3ខ្ញុំ​នឹង​បរិយាយ​អំពី​គតិ‌បណ្ឌិត ខ្ញុំ​នឹង​សម្តែង
ចេញ​នូវ​គោល​គំនិត​ប្រកប​ដោយ​ប្រាជ្ញា។
4ខ្ញុំ​នឹង​ផ្ចង់​ចិត្ត​ស្ដាប់​ពាក្យ​ប្រៀន‌ប្រដៅ​របស់​អ្នក​ប្រាជ្ញ
ហើយ​ខ្ញុំ​នឹង​ដោះ​ស្រាយ​ប្រស្នា
ទាំង​លេង​ពិណ​កំដរ​ផង។
5នៅ​គ្រា​មាន​អាសន្ន
ឬ​ពេល​មាន​ខ្មាំង​សត្រូវ​មក​ឡោម‌ព័ទ្ធ
ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​សោះ​ឡើយ។
6មនុស្ស​អាក្រក់​តែងតែ​ទុក​ចិត្ត​លើ​ទ្រព្យ​របស់​ខ្លួន
គេ​អួត‌អាង ព្រោះ​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ។
7ពុំ​មាន​នរណា​ម្នាក់​អាច​លោះ​អ្នក​ដទៃ​បាន​ឡើយ
ហើយ​ក៏​ពុំ​អាច​បង់​ថ្លៃ​ថ្វាយ​ព្រះ‌ជាម្ចាស់
ដើម្បី​លោះ​ជីវិត​របស់​ខ្លួន​បាន​ដែរ
8ដ្បិត​តម្លៃ​លោះ​ជីវិត​របស់​មនុស្ស​ថ្លៃ​ណាស់
គឺ​ទោះ​បី​ជា​គេ​ខំ​បង់​ថ្លៃ​យ៉ាង​ណា​ក៏​ដោយ
ក៏​មិន​គ្រប់​ដែរ។
9តើ​មនុស្ស​អាច​រស់​រហូត
ហើយ​គេច​ផុត​ពី​រណ្ដៅ​មច្ចុរាជ​បាន​ឬ?
10យើង​នឹង​ឃើញ​ច្បាស់​ថា អ្នក​ប្រាជ្ញ
ក៏​ដូច​ជា​មនុស្ស​ឆោត​ល្ងង់​អាប់​ឥត​ប្រាជ្ញា​ដែរ
គេ​ត្រូវ​តែ​ស្លាប់​ទាំង​អស់​គ្នា
ហើយ​ទុក​ទ្រព្យ‌សម្បត្តិ​ខ្លួន​ឲ្យ​អ្នក​ដទៃ។
11គេ​នឹក​ក្នុង​ចិត្ត​ថា​គេហ‌ដ្ឋាន​របស់​គេ
នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ
លំ‌នៅ‌ដ្ឋាន​របស់​គេ​នៅ​គង់‌វង្ស
ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ
ហើយ​គេ​ដាក់​ឈ្មោះ​ដី‌ធ្លី​គេ
តាម​ឈ្មោះ​របស់​ខ្លួន​ថែម​ទៀត។
12ក៏​ប៉ុន្តែ មនុស្ស​ដែល​មាន​កិត្តិយស​រុងរឿង
ពុំ​អាច​គេច​ផុត​ពី​ស្លាប់​បាន​ទេ
គេ​មិន​យល់​ថា​គេ​នឹង​ត្រូវ​បាត់​បង់​ជីវិត​ទៅ
ដូច​សត្វ​តិរច្ឆាន​នោះ​ឡើយ។
13រីឯ​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ខ្លួន​ឯង
ហើយ​ស្កប់​ចិត្ត​នឹង​ពាក្យ​សម្ដី​របស់​ខ្លួន
អនាគត​របស់​គេ​នឹង​បាន​ដូច​ត​ទៅ​នេះ
- សម្រាក
14អ្នក​ទាំង​នោះ​ប្រៀប​ដូច​ជា​កូន​ចៀម
ដែល​យក​ទៅ​សម្លាប់។
គង្វាល​ឃ្វាល​ហ្វូង​ចៀម​យ៉ាង​ណា
មច្ចុរាជ​ក៏​នឹង​ឃ្វាល​ពួក​គេ​យ៉ាង​នោះ​ដែរ។
មនុស្ស​សុចរិត​នឹង​ជាន់​ឈ្លី​ពួក​គេ
រូប​កាយ​របស់​ពួក​គេ​នឹង​រលាយ​សូន្យ
ហើយ​ទៅ​រស់​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់។
15ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​រំដោះ​ជីវិត​ខ្ញុំ
ឲ្យ​រួច​ពី​អំណាច​នៃ​សេចក្ដី​ស្លាប់
ព្រះអង្គ​នឹង​យក​ខ្ញុំ​ទៅ។
- សម្រាក
16ពេល​ឃើញ​នរណា​ម្នាក់​ទៅ​ជា​អ្នក​មាន
ហើយ​ឃើញ​ទ្រព្យ‌សម្បត្តិ​ចេះ​តែ​រីក​ចម្រើន
កុំ​ភ័យ​ខ្លាច​អី
17ដ្បិត​ពេល​ស្លាប់​ទៅ
គេ​ពុំ​អាច​យក​អ្វី​ទៅ​ជា​មួយ​បាន​ទេ
គឺ​គេ​មិន​អាច​យក​ទ្រព្យ‌សម្បត្តិ
ចុះ​ទៅ​ក្នុង​រណ្ដៅ​ជា​មួយ​ឡើយ។
18ទោះ​បី​គេ​យល់​ថា ខ្លួន​មាន​សុភមង្គល​ក្នុង​ជីវិត​នេះ
ហើយ​ទោះ​បី​មាន​អ្នក​ដទៃ​កោត​សរសើរ
ដោយ​ឃើញ​គេ​បាន​ចម្រុង‌ចម្រើន​ក៏​ដោយ
19ក៏​គង់​តែ​គេ​ត្រូវ​ចុះ​ទៅ​ជួប‌ជុំ
នឹង​ដូនតា​របស់​ខ្លួន ចៀស​មិន​ផុត
នៅ​ក្នុង​កន្លែង​ដែល​គេ​ពុំ​អាច​មើល
ឃើញ​ពន្លឺ​ទៀត​ឡើយ។
20មនុស្ស​ដែល​មាន​កិត្តិយស​រុងរឿង
តែ​មិន​យល់​អ្វី​សោះ​នោះ
គេ​នឹង​បាត់​បង់​ទៅ​ដូច​សត្វ​តិរច្ឆាន​ដែរ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 49: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ