ទំនុកតម្កើង 45
45
ចម្រៀងនៅពេលព្រះរាជារៀបអភិសេក
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទផ្កាម្លិះ។ កំណាព្យរបស់កូនចៅលោកកូរេ។ ចម្រៀងស្នេហា។
1ចិត្តរបស់ខ្ញុំពោរពេញ
ទៅដោយពាក្យពេចន៍ដ៏សែនពីរោះ
ខ្ញុំតែងបទចម្រៀងនេះថ្វាយព្រះមហាក្សត្រ ។
សូមឲ្យសម្ដីខ្ញុំចាប់ចុងជួន
ដូចបទកំណាព្យរបស់កវីនិពន្ធមួយរូបដ៏ចំណាន។
2ក្នុងចំណោមបុរសទាំងអស់
មានតែព្រះអង្គទេដែលរូបសម្បត្តិល្អជាងគេ
ព្រះអង្គមានសំនួនវោហារដ៏ពូកែ
ហេតុនេះហើយបានជាព្រះជាម្ចាស់
ប្រទានពរដល់ព្រះអង្គរហូតតទៅ។
3ឱវីរបុរសដ៏មានឫទ្ធិអើយ
សូមពាក់ព្រះខ័នរាជ្យដ៏រុងរឿង
និងភ្លឺចិញ្ចែងចិញ្ចាចរបស់ព្រះអង្គទៅ។
4សូមព្រះអង្គយាងគង់លើព្រះរាជរថ
ប្រកបដោយសិរីរុងរឿង
ដើម្បីច្បាំងការពារសេចក្ដីពិត
និងសេចក្ដីសុចរិតទៀងត្រង់
សូមទ្រង់ទទួលមហាជោគជ័យ
ដោយព្រះបារមីរបស់ព្រះអង្គ។
5សូមឲ្យព្រួញដ៏មុតរបស់ព្រះអង្គ
បានបាញ់ទម្លុះដើមទ្រូងរបស់ពួកសត្រូវ
សូមឲ្យប្រជាជាតិទាំងឡាយ
នៅក្រោមព្រះបាទារបស់ព្រះរាជា។
6 បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ
ហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌
7ព្រះអង្គតែងតែសព្វព្រះហឫទ័យនឹងសេចក្ដីសុចរិត
ទ្រង់មិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ
ហេតុនេះហើយបានព្រះជាម្ចាស់
ជាព្រះរបស់ព្រះអង្គជ្រើសរើសព្រះអង្គ
ពីក្នុងចំណោមមិត្តភក្ដិរបស់ព្រះអង្គ
ហើយប្រទានឲ្យព្រះអង្គ
មានអំណរសប្បាយដ៏លើសលុប
ដោយចាក់ប្រេងអភិសេកព្រះអង្គ។
8ព្រះភូសារបស់ព្រះអង្គក្រអូបទៅដោយ
ក្លិនប្រេងទេព្វិរូ និងខ្លឹមចន្ទន៍ក្រស្នា
មានក្រុមតន្ត្រីប្រគំភ្លេងថ្វាយព្រះអង្គ
នៅក្នុងប្រាសាទដែលរចនាអំពីភ្លុកដំរី។
9ស្រីស្នំរបស់ព្រះអង្គសុទ្ធតែជាបុត្រី
របស់ស្ដេចនគរនានា
ហើយព្រះមហាក្សត្រិយានីទ្រង់គ្រឿងអលង្ការ
ធ្វើពីមាសដ៏ល្អប្រណីត គង់នៅខាងស្ដាំព្រះអង្គ។
10ព្រះអង្គម្ចាស់ក្សត្រិយ៍អើយ
សុំត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ ចូរកុំនឹកនាប្រជារាស្ត្រ
និងព្រះរាជវង្សរបស់ព្រះនាងទៀតអី!
11ដ្បិតព្រះមហាក្សត្រគាប់ព្រះហឫទ័យ
នឹងសម្ផស្សរបស់ព្រះនាងខ្លាំងណាស់
ចូរក្រាបថ្វាយបង្គំព្រះអង្គទៅ
ព្រះអង្គជាម្ចាស់របស់ព្រះនាងហើយ។
12ប្រជារាស្ត្រនៅក្រុងទីរ៉ុសនឹងនាំតង្វាយ
មកថ្វាយព្រះនាង អ្នកមានទាំងឡាយនឹងនាំគ្នា
មកផ្គាប់ផ្គុនព្រះនាង។
13ព្រះអង្គម្ចាស់ក្សត្រិយ៍គង់នៅក្នុងព្រះបរមរាជវាំង
ព្រះនាងមានរូបឆោមលោមពណ៌ស្អាតល្អណាស់
ព្រះភូសារបស់ព្រះនាងលំអទៅដោយមាស។
14គេដង្ហែព្រះនាងចូលទៅគាល់ព្រះមហាក្សត្រ
ទាំងគ្រងព្រះភូសាចម្រុះពណ៌
និងមានពួកភីលៀងហែហមពីក្រោយ
ចូលទៅគាល់ព្រះរាជាផង។
15ពួកនាងចូលទៅកាន់ព្រះដំណាក់របស់ព្រះរាជា
ដោយមានបណ្ដាជនបន្លឺសំឡេងអបអរសាទរ
យ៉ាងសប្បាយ។
16បពិត្រព្រះរាជា សូមឲ្យព្រះរាជបុត្រ
ព្រះអង្គបានឡើងគ្រងរាជ្យ
តពីព្រះអយ្យកោរបស់ព្រះអង្គ។
ព្រះអង្គនឹងតែងតាំងព្រះបុត្រា
របស់ព្រះអង្គឲ្យគ្រប់គ្រងទួទាំងនគរ។
17ទូលបង្គំនឹងថ្លាថ្លែងរំឭកពីព្រះនាម
របស់ព្រះអង្គរហូតតទៅ
ហើយប្រជារាស្ត្រនានាក៏នឹងនាំគ្នាលើកតម្កើង
ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅដែរ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 45: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.