ទំនុកតម្កើង 44

44
ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង!
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ កំណាព្យ​របស់​កូន​ចៅ​លោក​កូរេ។
1ឱ​ព្រះ‌ជាម្ចាស់​អើយ
ដូនតា​យើង​ខ្ញុំ​ធ្លាប់​រៀប​រាប់​ឲ្យ
យើង​ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក
នូវ​ស្នា​ព្រះ‌ហស្ដ​ទាំង​ប៉ុន្មាន
ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​ជំនាន់​របស់​លោក
គឺ​តាំង​ពី​យូរ​អង្វែង​ណាស់​មក​ហើយ។
2ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះអង្គ
ព្រះអង្គ​បាន​បណ្ដេញ​ប្រជា‌ជាតិ​នានា
ចេញ​ពី​ស្រុក​របស់​ខ្លួន
ហើយ​យក​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ
ឲ្យ​មក​នៅ​ជំនួស។
ព្រះអង្គ​បាន​ធ្វើ​ទោស​សាសន៍​ទាំង​នោះ
ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ពង្រីក​ទឹក​ដី។
3ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ពុំ​បាន​ចាប់​យក​ទឹក​ដី​នេះ
ដោយ‌សារ​អាវុធ​របស់​ខ្លួន​ឡើយ
ហើយ​គេ​ក៏​ពុំ​បាន​យក​ជ័យ‌ជម្នះ
ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ដែរ
គឺ​គេ​ទទួល​ជ័យ‌ជម្នះ​ដោយ‌សារ​ឫទ្ធា‌នុភាព
និង​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ
ព្រោះ​ព្រះអង្គ​ស្រឡាញ់
ហើយ​គាប់​ព្រះ‌ហឫទ័យ​នឹង​ពួក​គេ។
4ឱ​ព្រះ‌ជាម្ចាស់​អើយ
ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ​របស់​ទូលបង្គំ!
មាន​តែ​ព្រះអង្គ​ទេ​ដែល​ប្រទាន​ជ័យ‌ជម្នះ
ដល់​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ។
5ដោយ‌សារ​ព្រះអង្គ
យើង​ខ្ញុំ​បាន​យក​ជ័យ‌ជម្នះ​លើ​បច្ចា‌មិត្ត
ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះអង្គ
យើង​ខ្ញុំ​បាន​បង្ក្រាប​អស់​អ្នក
ដែល​ប្រឆាំង​នឹង​យើង​ខ្ញុំ
6ដ្បិត​ទូលបង្គំ​មិន​ពឹង​ផ្អែក​លើ​ធ្នូ​របស់​ទូលបង្គំ​ឡើយ
ហើយ​ដាវ​របស់​ទូលបង្គំ
ក៏​មិន​អាច​សង្គ្រោះ​ទូលបង្គំ​បាន​ដែរ។
7មាន​តែ​ព្រះអង្គ​ទេ​ដែល​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច
ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ហើយ​ធ្វើ​ឲ្យ
អស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​អាម៉ាស់។
8ឱ​ព្រះ‌ជាម្ចាស់​អើយ យើង​ខ្ញុំ​លើក​តម្កើង
សិរី‌រុងរឿង​របស់​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ
ហើយ​យើង​ខ្ញុំ​នឹង​សរសើរ​តម្កើង
ព្រះ‌នាម​របស់​ព្រះអង្គ​អស់‌កល្ប​ជានិច្ច។
- សម្រាក
9ក៏​ប៉ុន្តែ ឥឡូវ​នេះ ព្រះអង្គ​បាន​បោះ​បង់​ចោល
យើង​ខ្ញុំ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​មុខ
ព្រះអង្គ​មិន​យាង​ទៅ​ជា​មួយ​កង‌ទ័ព
របស់​យើង​ខ្ញុំ​ទៀត​ទេ។
10ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ដក​ទ័ព​ថយ
នៅ​មុខ​បច្ចា‌មិត្ត
ហើយ​ខ្មាំង​សត្រូវ​នាំ​គ្នា​ប្រមូល​ទ្រព្យ‌សម្បត្តិ
របស់​យើង​ខ្ញុំ​យក​ទៅ​ធ្វើ​ជា​ជយ‌ភណ្ឌ។
11ព្រះអង្គ​ប្រគល់​យើង​ខ្ញុំ​ទៅ​ឲ្យ
ខ្មាំង​សត្រូវ​ត្របាក់​លេប​ដូច​ហ្វូង​សត្វ
ព្រះអង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ខ្ចាត់‌ខ្ចាយ
ទៅ​តាម​ប្រទេស​នានា
12ព្រះអង្គ​បាន​លក់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ
យ៉ាង​ថោក​បំផុត
គឺ​ព្រះអង្គ​ពុំ​បាន​ចំណេញ​អ្វី​ឡើយ។
13ព្រះអង្គ​បាន​បណ្ដោយ​ឲ្យ​ប្រទេស
ជិត​ខាង​មើល‌ងាយ​យើង​ខ្ញុំ
ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ
នាំ​គ្នា​សើច​ចំអក​ឡក‌ឡឺយ​ដាក់​យើង​ខ្ញុំ។
14ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា
យក​រឿង​យើង​ខ្ញុំ​ទុក​ជា​ការ​លេង​សើច
ពួក​គេ​នាំ​គ្នា​ងក់​ក្បាល​ចំអក​ដាក់​យើង​ខ្ញុំ
15ទូលបង្គំ​តែងតែ​បាក់​មុខ​ជា​រៀង​រាល់​ថ្ងៃ
ហើយ​ទូលបង្គំ​អាម៉ាស់​មុខ​ណាស់
16នៅ​ពេល​ឮ​សូរ​ខ្មាំង​សត្រូវ​ដែល​ចង​គំនុំ​នឹង​យើង​ខ្ញុំ
នាំ​គ្នា​និយាយ​បន្តុះ‌បង្អាប់​បន្ទាប​បន្ថោក​យើង​ខ្ញុំ។
17ឱ​ព្រះ‌អម្ចាស់​អើយ
ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន​ចំពោះ​យើង​ខ្ញុំ
ទោះ​បី​យើង​ខ្ញុំ​ពុំ​បាន​បំភ្លេច​ព្រះអង្គ
ហើយ​ទោះ​បី​យើង​ខ្ញុំ​ពុំ​បាន​ផ្ដាច់​ចំណង
សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះអង្គ​ក៏​ដោយ។
18យើង​ខ្ញុំ​ពុំ​បាន​បែរ​ចិត្ត​ចេញ​ពី​ព្រះអង្គ​ទេ
ហើយ​យើង​ខ្ញុំ​ក៏​ពុំ​បាន​ឃ្លាត​ចាក
ពី​មាគ៌ា​របស់​ព្រះអង្គ​ដែរ
19មិន​គួរ​ណា​ព្រះអង្គ​បំបរ‌បង់​ចោល
យើង​ខ្ញុំ​នៅ​កន្លែង​ដែល​មាន​សត្វ​សាហាវ
ព្រម​ទាំង​ឲ្យ​យើង​ខ្ញុំ​ធ្លាក់​ទៅ
ក្នុង​កណ្ដាប់​ដៃ​របស់​មច្ចុរាជ​ឡើយ។
20ប្រសិន​បើ​យើង​ខ្ញុំ​បំភ្លេច​ព្រះ‌នាម​ព្រះ​នៃ​យើង​ខ្ញុំ
ប្រសិន​បើ​យើង​ខ្ញុំ​បែរ​ទៅ​ទូល‌អង្វរ
ព្រះ​ណា​មួយ​ផ្សេង​ទៀត​នោះ
21ព្រះ‌ជាម្ចាស់​មុខ​តែ​ជ្រាប​ជា​មិន​ខាន
ដ្បិត​ព្រះអង្គ​ឈ្វេង​យល់​អ្វីៗ
ដែល​លាក់​ទុក​នៅ​ក្នុង​ចិត្ត​មនុស្ស!។
22 ព្រោះ​តែ​ព្រះអង្គ
គេ​ប្រហារ​ជីវិត​យើង​ខ្ញុំ​គ្រប់​ពេល​វេលា
ហើយ​គេ​ចាត់​ទុក​យើង​ខ្ញុំ
ដូច​ជា​ចៀម​ដែល​ត្រូវ​យក​ទៅ​សម្លាប់ ។
23ព្រះ‌អម្ចាស់​អើយ
ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​នៅ​ផ្ទំ​លក់​ដូច្នេះ?
សូម​ក្រោក​ឡើង!
សូម​តើន​ឡើង!
កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​រហូត​ត​ទៅ​ឡើយ។
24ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ពួន
មិន​ទត​មើល​មក​យើង​ខ្ញុំ​ដូច្នេះ?
ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បំភ្លេច​យើង​ខ្ញុំ
ដែល​កំពុង​តែ​វេទនា និង​ត្រូវ​គេ​ជិះ‌ជាន់​ដូច្នេះ?
25ដ្បិត​គេ​ជាន់​ឈ្លី​យើង​ខ្ញុំ​ក្នុង​ធូលី​ដី
យើង​ខ្ញុំ​បរា‌ជ័យ​ផ្កាប់​មុខ​នៅ​នឹង​ដី ។
26សូម​ក្រោក​ឡើង សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង!
ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​យើង​ខ្ញុំ
សូម​រំដោះ​យើង​ខ្ញុំ​ផង។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 44: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល