ទំនុកតម្កើង 119:97-136

ទំនុកតម្កើង 119:97-136 គខប

ទូលបង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ខ្លាំង​ណាស់ ទូលបង្គំ​សញ្ជឹង​គិត​អំពី​ក្រឹត្យ‌វិន័យ​នេះ ជា​រៀង​រាល់​ថ្ងៃ។ បទ‌បញ្ជា​របស់​ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ មាន​ប្រាជ្ញា​វាង‌វៃ​ជាង​ខ្មាំង​សត្រូវ ដ្បិត​ទូលបង្គំ​រិះគិត​ពី​ក្រឹត្យ‌វិន័យ​នេះ​ជានិច្ច។ ទូលបង្គំ​ចេះ​ដឹង​ជាង​គ្រូៗ​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​ទៅ​ទៀត ដ្បិត​ទូលបង្គំ យក​ដំបូន្មាន​ទាំង​ប៉ុន្មាន មក​សញ្ជឹង​គិត។ ទូលបង្គំ​ដឹង​ខុស​ត្រូវ​ជាង​ចាស់ៗ​ទៅ​ទៀត ដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ ទូលបង្គំ​ចៀស​ចេញ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់​ទាំង​ប៉ុន្មាន ដើម្បី​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ទូលបង្គំ​មិន​ងាក​ចេញ​ពី​វិន័យ ដែល​ព្រះអង្គ​បង្គាប់​មក​ទូលបង្គំ​ឡើយ ដ្បិត​ព្រះអង្គ​ប្រៀន‌ប្រដៅ​ទូលបង្គំ​ដូច្នេះ។ ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​អាហារ ដ៏​ឆ្ងាញ់​ពិសេស សម្រាប់​ទូលបង្គំ ហើយ​ក៏​មាន​រស‌ជាតិ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត។ ព្រះ‌ឱវាទ​របស់​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ ដឹង​ខុស​ត្រូវ ហេតុ​នេះ​ហើយ​បាន​ជា ទូលបង្គំ​ស្អប់​ការ​វៀច‌វេរ។ ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ជា​ចង្កៀង​បំភ្លឺ​ជំហាន ទូលបង្គំ និង​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូលបង្គំ។ ទូលបង្គំ​សូម​សន្យា​ដោយ​ឥត​ងាក​រេ​ថា ទូលបង្គំ​នឹង​ប្រតិបត្តិ​តាម​វិន័យ ដ៏​សុចរិត​ដែល​ព្រះអង្គ​បង្គាប់​មក។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង! ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទទួល​យក​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ ទុក​ជា​តង្វាយ ហើយ​សូម​បង្រៀន​ឲ្យ​ទូលបង្គំ ស្គាល់​វិន័យ​របស់​ព្រះអង្គ! ជីវិត​ទូលបង្គំ​ប្រឈម​មុខ​ទល់​នឹង​អន្តរាយ​ជានិច្ច ប៉ុន្តែ ទូលបង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ទេ។ មនុស្ស​អាក្រក់​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់​ទូលបង្គំ តែ​ទូលបង្គំ​មិន​វង្វេង​ចេញ​ឆ្ងាយ ពី​ព្រះ‌ឱវាទ​របស់​ព្រះអង្គ​ឡើយ។ ដំបូន្មាន​របស់​ព្រះអង្គ​ជា​កេរ‌មត៌ក​របស់​ទូលបង្គំ ដ្បិត​ដំបូន្មាន​ទាំង​នេះ​ធ្វើ​ឲ្យ​ទូលបង្គំ មាន​អំណរ​នៅ​ក្នុង​ចិត្ត។ ទូលបង្គំ​ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​ច្បាប់ របស់​ព្រះអង្គ​រហូត​ដល់​ទី​បំផុត។ ទូលបង្គំ​ស្អប់​មនុស្ស​ដែល​មាន​ចិត្ត​ពីរ តែ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។ ព្រះអង្គ​ជា​ជម្រក និង​ជា​ខែល​ការពារ​ទូលបង្គំ ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល របស់​ព្រះអង្គ​ជានិច្ច។ មនុស្ស​អាក្រក់​អើយ ចូរ​នាំ​គ្នា​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ! ទុក​ឲ្យ​ខ្ញុំ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​នៃ​ព្រះ​របស់​ខ្ញុំ! សូម​ជួយ​គាំទ្រ​ទូលបង្គំ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត សូម​កុំ​ឲ្យ​សេចក្ដី​សង្ឃឹម របស់​ទូលបង្គំ​ប្រែ​ទៅ​ជា​ខក​ចិត្ត​ឡើយ។ សូម​ធ្វើ​ជា​បង្អែក​របស់​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​រួច​ជីវិត ហើយ​ផ្ចង់​ចិត្ត​ទៅ​រក​ច្បាប់​របស់​ព្រះអង្គ​ជានិច្ច។ ព្រះអង្គ​មិន​រាប់​រក​អស់​អ្នក​ដែល​វង្វេង ចេញ​ឆ្ងាយ​ពី​ច្បាប់​របស់​ព្រះអង្គ​ឡើយ ដ្បិត​អ្វីៗ​ដែល​ពួក​គេ​ធ្វើ​សុទ្ធ​តែ ជា​ការ​បោក​បញ្ឆោត។ ព្រះអង្គ​ផាត់​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​ចោល ដូច​កម្ទេច​សំរាម ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ស្រឡាញ់ ដំបូន្មាន​របស់​ព្រះអង្គ។ រូប​កាយ​ទូលបង្គំ​ភ័យ​ញាប់‌ញ័រ ដោយ​កោត​ខ្លាច​ព្រះអង្គ ទូលបង្គំ​ភ័យ​ខ្លាច​វិន័យ​របស់​ព្រះអង្គ។ ទូលបង្គំ​ប្រព្រឹត្ត​អំពើ​សុចរិត យុត្តិធម៌ សូម​កុំ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​សង្កត់‌សង្កិន​ទូលបង្គំ​ឡើយ។ សូម​ធានា​ឲ្យ​ទូលបង្គំ ដែល​ជា​អ្នក​បម្រើ​ព្រះអង្គ​បាន​សុខ‌សាន្ត​ផង សូម​កុំ​ទុក​ឲ្យ​មនុស្ស​អួត​បំប៉ោង សង្កត់‌សង្កិន​ទូលបង្គំ​ឡើយ។ ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​មើល​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​រង់‌ចាំ​ព្រះ‌បន្ទូល​សន្យា​ដ៏​សុចរិត របស់​ព្រះអង្គ។ សូម​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ របស់​ព្រះអង្គ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់ របស់​ព្រះអង្គ! ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ សូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំ​ស្គាល់​ដំបូន្មាន​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​អើយ ដល់​ពេល​ធ្វើ​អន្តរា‌គមន៍​ហើយ ដ្បិត​គេ​បាន​រំលោភ​លើ​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។ ទូលបង្គំ​ស្រឡាញ់​បទ‌បញ្ជា​របស់​ព្រះអង្គ លើស​អ្វីៗ​ទាំង​អស់ គឺ​លើស​មាស​សុទ្ធ​ទៅ​ទៀត។ ទូលបង្គំ​យល់​ឃើញ​ថា​ព្រះ‌ឱវាទ​ទាំង​ប៉ុន្មាន របស់​ព្រះអង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ទូលបង្គំ​ស្អប់​ការ​អាក្រក់​គ្រប់​យ៉ាង។ ដំបូន្មាន​របស់​ព្រះអង្គ​ល្អ​វិសេស​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ខំ​ប្រឹង​ធ្វើ​តាម។ ការ​ស្វែង​យល់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ធ្វើ​ឲ្យ​មនុស្ស​ភ្លឺ‌ស្វាង ហើយ​ធ្វើ​ឲ្យ​អ្នក​ទន់‌ទាប​មាន​ប្រាជ្ញា។ ទូលបង្គំ​ត្រង‌ត្រាប់​ស្ដាប់​ព្រះ‌បន្ទូល របស់​ព្រះអង្គ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដ្បិត​ទូលបង្គំ​ចង់​ស្គាល់​បទ‌បញ្ជា របស់​ព្រះអង្គ​ណាស់។ សូម​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មក​ទូលបង្គំ សូម​ប្រណី‌សន្ដោស​ទូលបង្គំ ដូច​ព្រះអង្គ​ធ្លាប់​ប្រណី​សន្ដោស អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​របស់​ព្រះអង្គ។ សូម​ពង្រឹង​ទូលបង្គំ​ឲ្យ​បាន​មាំ‌មួន តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ ហើយ​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុង អំណាច​របស់​អំពើ​ទុច្ចរិត​ណា​មួយ​ឡើយ!។ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​ការ ជិះ‌ជាន់​របស់​មនុស្ស ដើម្បី​ឲ្យ​ទូលបង្គំ ប្រតិបត្តិ​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ សូម​សម្តែង​ព្រះ‌ហឫទ័យ​អាណិត​មេត្តា ដល់​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ស្គាល់ ច្បាប់​របស់​ព្រះអង្គ​ផង!។ ទូលបង្គំ​បង្ហូរ​ទឹក​ភ្នែក​ឥត​ស្រាក‌ស្រាន្ត ដោយ​ឃើញ​គេ​មិន​គោរព តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។