ទំនុកតម្កើង 119:97-136
ទំនុកតម្កើង 119:97-136 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គខ្លាំងណាស់ ទូលបង្គំសញ្ជឹងគិតអំពីក្រឹត្យវិន័យនេះ ជារៀងរាល់ថ្ងៃ។ បទបញ្ជារបស់ព្រះអង្គធ្វើឲ្យទូលបង្គំ មានប្រាជ្ញាវាងវៃជាងខ្មាំងសត្រូវ ដ្បិតទូលបង្គំរិះគិតពីក្រឹត្យវិន័យនេះជានិច្ច។ ទូលបង្គំចេះដឹងជាងគ្រូៗទាំងប៉ុន្មាន របស់ទូលបង្គំទៅទៀត ដ្បិតទូលបង្គំ យកដំបូន្មានទាំងប៉ុន្មាន មកសញ្ជឹងគិត។ ទូលបង្គំដឹងខុសត្រូវជាងចាស់ៗទៅទៀត ដ្បិតទូលបង្គំប្រព្រឹត្តតាមព្រះឱវាទរបស់ព្រះអង្គ។ ទូលបង្គំចៀសចេញឆ្ងាយពីផ្លូវអាក្រក់ទាំងប៉ុន្មាន ដើម្បីប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ ទូលបង្គំមិនងាកចេញពីវិន័យ ដែលព្រះអង្គបង្គាប់មកទូលបង្គំឡើយ ដ្បិតព្រះអង្គប្រៀនប្រដៅទូលបង្គំដូច្នេះ។ ព្រះបន្ទូលរបស់ព្រះអង្គប្រៀបបាននឹងអាហារ ដ៏ឆ្ងាញ់ពិសេស សម្រាប់ទូលបង្គំ ហើយក៏មានរសជាតិផ្អែមជាងទឹកឃ្មុំទៅទៀត។ ព្រះឱវាទរបស់ព្រះអង្គបានធ្វើឲ្យទូលបង្គំ ដឹងខុសត្រូវ ហេតុនេះហើយបានជា ទូលបង្គំស្អប់ការវៀចវេរ។ ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងបំភ្លឺជំហាន ទូលបង្គំ និងជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។ ទូលបង្គំសូមសន្យាដោយឥតងាករេថា ទូលបង្គំនឹងប្រតិបត្តិតាមវិន័យ ដ៏សុចរិតដែលព្រះអង្គបង្គាប់មក។ ឱព្រះអម្ចាស់អើយ ទូលបង្គំរងទុក្ខវេទនាខ្លាំងណាស់ សូមប្រោសប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង! ឱព្រះអម្ចាស់អើយ សូមទទួលយកពាក្យទូលអង្វររបស់ទូលបង្គំ ទុកជាតង្វាយ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់វិន័យរបស់ព្រះអង្គ! ជីវិតទូលបង្គំប្រឈមមុខទល់នឹងអន្តរាយជានិច្ច ប៉ុន្តែ ទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។ មនុស្សអាក្រក់នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ តែទូលបង្គំមិនវង្វេងចេញឆ្ងាយ ពីព្រះឱវាទរបស់ព្រះអង្គឡើយ។ ដំបូន្មានរបស់ព្រះអង្គជាកេរមត៌ករបស់ទូលបង្គំ ដ្បិតដំបូន្មានទាំងនេះធ្វើឲ្យទូលបង្គំ មានអំណរនៅក្នុងចិត្ត។ ទូលបង្គំប្ដេជ្ញាចិត្តធ្វើតាមច្បាប់ របស់ព្រះអង្គរហូតដល់ទីបំផុត។ ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។ ព្រះអង្គជាជម្រក និងជាខែលការពារទូលបង្គំ ទូលបង្គំផ្ញើជីវិតលើព្រះបន្ទូល របស់ព្រះអង្គជានិច្ច។ មនុស្សអាក្រក់អើយ ចូរនាំគ្នាចេញឲ្យឆ្ងាយពីខ្ញុំទៅ! ទុកឲ្យខ្ញុំប្រតិបត្តិតាមបទបញ្ជានៃព្រះរបស់ខ្ញុំ! សូមជួយគាំទ្រទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំមានជីវិត សូមកុំឲ្យសេចក្ដីសង្ឃឹម របស់ទូលបង្គំប្រែទៅជាខកចិត្តឡើយ។ សូមធ្វើជាបង្អែករបស់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានរួចជីវិត ហើយផ្ចង់ចិត្តទៅរកច្បាប់របស់ព្រះអង្គជានិច្ច។ ព្រះអង្គមិនរាប់រកអស់អ្នកដែលវង្វេង ចេញឆ្ងាយពីច្បាប់របស់ព្រះអង្គឡើយ ដ្បិតអ្វីៗដែលពួកគេធ្វើសុទ្ធតែ ជាការបោកបញ្ឆោត។ ព្រះអង្គផាត់មនុស្សអាក្រក់ទាំងប៉ុន្មាន នៅលើផែនដីចោល ដូចកម្ទេចសំរាម ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់ ដំបូន្មានរបស់ព្រះអង្គ។ រូបកាយទូលបង្គំភ័យញាប់ញ័រ ដោយកោតខ្លាចព្រះអង្គ ទូលបង្គំភ័យខ្លាចវិន័យរបស់ព្រះអង្គ។ ទូលបង្គំប្រព្រឹត្តអំពើសុចរិត យុត្តិធម៌ សូមកុំឲ្យទូលបង្គំធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់អស់អ្នកដែលសង្កត់សង្កិនទូលបង្គំឡើយ។ សូមធានាឲ្យទូលបង្គំ ដែលជាអ្នកបម្រើព្រះអង្គបានសុខសាន្តផង សូមកុំទុកឲ្យមនុស្សអួតបំប៉ោង សង្កត់សង្កិនទូលបង្គំឡើយ។ ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំរង់ចាំព្រះបន្ទូលសន្យាដ៏សុចរិត របស់ព្រះអង្គ។ សូមប្រព្រឹត្តចំពោះទូលបង្គំដែលជាអ្នកបម្រើ របស់ព្រះអង្គ ដោយព្រះហឫទ័យមេត្តាករុណា សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គ! ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ សូមប្រទានប្រាជ្ញាមកទូលបង្គំផង ដើម្បីឲ្យទូលបង្គំស្គាល់ដំបូន្មានរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ ដល់ពេលធ្វើអន្តរាគមន៍ហើយ ដ្បិតគេបានរំលោភលើក្រឹត្យវិន័យរបស់ព្រះអង្គ។ ទូលបង្គំស្រឡាញ់បទបញ្ជារបស់ព្រះអង្គ លើសអ្វីៗទាំងអស់ គឺលើសមាសសុទ្ធទៅទៀត។ ទូលបង្គំយល់ឃើញថាព្រះឱវាទទាំងប៉ុន្មាន របស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងអស់ ទូលបង្គំស្អប់ការអាក្រក់គ្រប់យ៉ាង។ ដំបូន្មានរបស់ព្រះអង្គល្អវិសេសណាស់ ហេតុនេះហើយបានជាទូលបង្គំខំប្រឹងធ្វើតាម។ ការស្វែងយល់ព្រះបន្ទូលរបស់ព្រះអង្គ ធ្វើឲ្យមនុស្សភ្លឺស្វាង ហើយធ្វើឲ្យអ្នកទន់ទាបមានប្រាជ្ញា។ ទូលបង្គំត្រងត្រាប់ស្ដាប់ព្រះបន្ទូល របស់ព្រះអង្គដោយយកចិត្តទុកដាក់ ដ្បិតទូលបង្គំចង់ស្គាល់បទបញ្ជា របស់ព្រះអង្គណាស់។ សូមបែរព្រះភ័ក្ត្រទតមកទូលបង្គំ សូមប្រណីសន្ដោសទូលបង្គំ ដូចព្រះអង្គធ្លាប់ប្រណីសន្ដោស អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។ សូមពង្រឹងទូលបង្គំឲ្យបានមាំមួន តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយកុំបណ្តោយឲ្យទូលបង្គំធ្លាក់ទៅក្នុង អំណាចរបស់អំពើទុច្ចរិតណាមួយឡើយ!។ សូមរំដោះទូលបង្គំឲ្យរួចផុតពីការ ជិះជាន់របស់មនុស្ស ដើម្បីឲ្យទូលបង្គំ ប្រតិបត្តិតាមព្រះឱវាទរបស់ព្រះអង្គ។ សូមសម្តែងព្រះហឫទ័យអាណិតមេត្តា ដល់ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ហើយសូមបង្រៀនទូលបង្គំឲ្យស្គាល់ ច្បាប់របស់ព្រះអង្គផង!។ ទូលបង្គំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត ដោយឃើញគេមិនគោរព តាមក្រឹត្យវិន័យរបស់ព្រះអង្គ។
ទំនុកតម្កើង 119:97-136 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គណាស់ហ្ន៎! ទូលបង្គំរំពឹងគិតអំពីក្រឹត្យវិន័យ នោះដរាបរាល់ថ្ងៃ។ បទបញ្ជារបស់ព្រះអង្គ ធ្វើឲ្យទូលបង្គំមានប្រាជ្ញា លើសជាងខ្មាំងសត្រូវរបស់ទូលបង្គំ ដ្បិតបាននៅជាប់ជាមួយទូលបង្គំជានិច្ច។ ទូលបង្គំមានយោបល់ជាងគ្រូទាំងប៉ុន្មាន របស់ទូលបង្គំទៅទៀត ដ្បិតទូលបង្គំសញ្ជឹងគិតពីសេចក្ដីបន្ទាល់ របស់ព្រះអង្គ។ ទូលបង្គំយល់ដឹងជាងមនុស្សចាស់ ដ្បិតទូលបង្គំប្រតិបត្តិតាម ព្រះឱវាទរបស់ព្រះអង្គ។ ទូលបង្គំបានបង្ខាំងជើង ឲ្យវៀរចាកពីអស់ទាំងផ្លូវអាក្រក់ ដើម្បីនឹងប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ ទូលបង្គំមិនបានបែរចេញ ពីវិន័យរបស់ព្រះអង្គឡើយ ដ្បិតព្រះអង្គបានបង្រៀនទូលបង្គំ។ ព្រះបន្ទូលរបស់ព្រះអង្គ ផ្អែមដល់អណ្ដាតទូលបង្គំណាស់ហ្ន៎ គឺផ្អែមដល់មាត់ទូលបង្គំជាងទឹកឃ្មុំទៅទៀត! ទូលបង្គំមានយោបល់ដោយសារ ព្រះឱវាទរបស់ព្រះអង្គ ហេតុនេះហើយបានជាទូលបង្គំ ស្អប់ដល់អស់ទាំងផ្លូវភូតភរ។ ៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។ ទូលបង្គំបានស្បថ ហើយបានសម្រេចតាមថា ទូលបង្គំនឹងប្រតិបត្តិតាមវិន័យ ដ៏សុចរិតរបស់ព្រះអង្គ។ ទូលបង្គំមានទុក្ខព្រួយខ្លាំងណាស់ ឱព្រះយេហូវ៉ាអើយ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលរបស់ព្រះអង្គផង! ឱព្រះយេហូវ៉ាអើយ សូមទទួល តង្វាយស្ម័គ្រចិត្តរបស់ទូលបង្គំ ហើយសូមបង្រៀនទូលបង្គំ ឲ្យស្គាល់វិន័យរបស់ព្រះអង្គផង។ ជីវិតទូលបង្គំមានអន្តរាយឥតឈប់ឈរ តែទូលបង្គំមិនភ្លេចក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។ មនុស្សអាក្រក់បានដាក់អន្ទាក់ ចាំចាប់ទូលបង្គំ ប៉ុន្តែ ទូលបង្គំមិនបានវង្វេងចេញ ពីព្រះឱវាទរបស់ព្រះអង្គឡើយ។ សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាមត៌ករបស់ទូលបង្គំជាដរាប ដ្បិតសេចក្ដីទាំងនោះ ធ្វើឲ្យចិត្តទូលបង្គំមានអំណរ។ ទូលបង្គំដាក់ចិត្តដើម្បីធ្វើតាមច្បាប់ របស់ព្រះអង្គជាដរាប រហូតដល់ចុងបំផុត។ ៙ ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។ ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយ ចូរថយចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំបានប្រតិបត្តិតាម បទបញ្ជារបស់ព្រះនៃខ្ញុំ។ សូមទ្រទ្រង់ទូលបង្គំតាម ព្រះបន្ទូលរបស់ព្រះអង្គ ឲ្យទូលបង្គំបានរស់នៅ សូមកុំឲ្យទូលបង្គំត្រូវខ្មាស ដោយព្រោះសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ! សូមធ្វើជាបង្អែករបស់ទូលបង្គំ ឲ្យទូលបង្គំបានសេចក្ដីសុខ ហើយបានគោរពរាប់អានច្បាប់ របស់ព្រះអង្គជានិច្ច! ព្រះអង្គមិនរាប់រកអស់អ្នកដែលវង្វេងចេញ ពីច្បាប់របស់ព្រះអង្គ ដ្បិតឧបាយកលរបស់គេ ជាសេចក្ដីឥតប្រយោជន៍។ ព្រះអង្គផាត់មនុស្សអាក្រក់បាត់ចេញពីផែនដី ដូចគេផាត់សំរាម ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់ សេចក្ដីបន្ទាល់របស់ព្រះអង្គ។ រូបសាច់ទូលបង្គំញ័រញាក់ ដោយកោតខ្លាចព្រះអង្គ ហើយទូលបង្គំភ័យខ្លាចការជំនុំជម្រះ របស់ព្រះអង្គ។ ៙ ទូលបង្គំបានប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ សូមកុំប្រគល់ទូលបង្គំទៅឲ្យពួកអ្នក ដែលសង្កត់សង្កិនឡើយ។ សូមធានាឲ្យអ្នកបម្រើរបស់ព្រះអង្គ បានសេចក្ដីល្អ សូមកុំឲ្យមនុស្សព្រហើនសង្កត់សង្កិន ទូលបង្គំឡើយ។ ភ្នែកទូលបង្គំស្រវាំង ដោយរង់ចាំមើល ការសង្គ្រោះទូលបង្គំរបស់ព្រះអង្គ និងរង់ចាំមើលព្រះបន្ទូលសន្យាដ៏សុចរិត របស់ព្រះអង្គបានសម្រេច។ សូមប្រព្រឹត្តនឹងអ្នកបម្រើរបស់ព្រះអង្គ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានយោបល់ផង ដើម្បីឲ្យទូលបង្គំបានស្គាល់ សេចក្ដីបន្ទាល់របស់ព្រះអង្គ! នេះជាពេលដែលព្រះយេហូវ៉ា ចាត់វិធានការហើយ ដ្បិតគេបានប្រព្រឹត្តល្មើស នឹងក្រឹត្យវិន័យរបស់ព្រះអង្គ។ ហេតុនេះ ទូលបង្គំស្រឡាញ់ បទបញ្ជារបស់ព្រះអង្គលើសជាងមាស គឺលើសជាងមាសសុទ្ធទៅទៀត។ ហេតុនេះ ទូលបង្គំរាប់ថា ព្រះឱវាទទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ ទូលបង្គំស្អប់គ្រប់ទាំងផ្លូវភូតភរ។ ៙ សេចក្ដីបន្ទាល់របស់ព្រះអង្គសុទ្ធតែអស្ចារ្យ ហេតុនេះហើយបានជាព្រលឹងទូលបង្គំ ប្រតិបត្តិតាម។ ការបើកសម្ដែងព្រះបន្ទូលរបស់ព្រះអង្គ ប្រទានឲ្យមានពន្លឺ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់។ ទូលបង្គំហាមាត់ ដកដង្ហើមធំ ព្រោះទូលបង្គំចង់បានបទបញ្ជា របស់ព្រះអង្គណាស់។ សូមបែរមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំ ដូចព្រះអង្គធ្លាប់ធ្វើដល់អស់អ្នក ដែលស្រឡាញ់ព្រះនាមព្រះអង្គផង។ សូមរក្សាជំហានទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយសូមកុំឲ្យអំពើទុច្ចរិតមានអំណាច លើទូលបង្គំឡើយ។ សូមលោះទូលបង្គំឲ្យរួចពី ការសង្កត់សង្កិនរបស់មនុស្ស ដើម្បីឲ្យទូលបង្គំបានប្រតិបត្តិតាម ព្រះឱវាទរបស់ព្រះអង្គ។ សូមឲ្យព្រះភក្ត្រព្រះអង្គ ភ្លឺមកលើអ្នកបម្រើរបស់ព្រះអង្គ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គផង។ ទឹកភ្នែកទូលបង្គំហូររហាម ព្រោះគេមិនប្រតិបត្តិតាម ក្រឹត្យវិន័យរបស់ព្រះអង្គ។
ទំនុកតម្កើង 119:97-136 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឱទូលបង្គំស្រឡាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រិត្យវិន័យនោះជាដរាបរាល់ថ្ងៃ សេចក្ដីបង្គាប់របស់ទ្រង់ ក៏ធ្វើឲ្យទូលបង្គំមានប្រាជ្ញា លើសជាងខ្មាំងសត្រូវ ដ្បិតបាននៅជាប់ជាមួយនឹងទូលបង្គំជាដរាប ទូលបង្គំមានយោបល់ជាងអស់ទាំងគ្រូរបស់ទូលបង្គំទៅទៀត ដ្បិតសេចក្ដីបន្ទាល់ទ្រង់ជាទីនឹករំពឹងរបស់ទូលបង្គំ ទូលបង្គំយល់បានច្រើនជាងពួកចាស់ៗ ពីព្រោះទូលបង្គំបានរក្សាអស់ទាំងបញ្ញត្តរបស់ទ្រង់ ទូលបង្គំបានបង្ខាំងជើងឲ្យវៀរចាកពីផ្លូវអាក្រក់ ដើម្បីឲ្យទូលបង្គំបានកាន់តាមព្រះបន្ទូលនៃទ្រង់ ទូលបង្គំមិនបានបែរចេញពីច្បាប់ទ្រង់ឡើយ ដ្បិតទ្រង់បានបង្រៀនទូលបង្គំ ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត ទូលបង្គំបានមានយោបល់ដោយសារបញ្ញត្តទ្រង់ ហេតុនោះបានជាទូលបង្គំស្អប់ដល់អស់ទាំងផ្លូវកំភូត។ ៙ ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំផង ទូលបង្គំបានស្បថហើយ ក៏នឹងសំរេចតាមថា ទូលបង្គំនឹងកាន់តាមបញ្ញត្តដ៏សុចរិតរបស់ទ្រង់ ទូលបង្គំមានទុក្ខព្រួយជាច្រើនណាស់ ឱព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំមាន កំឡាំងឡើង តាមព្រះបន្ទូលទ្រង់ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរឲ្យទ្រង់ទទួល ដង្វាយនៃមាត់ទូលបង្គំ ដែលថ្វាយដោយស្ម័គ្រពីចិត្ត ហើយសូមបង្រៀនអស់ទាំងច្បាប់ទ្រង់ដល់ទូលបង្គំផង ជីវិតនៃទូលបង្គំមានអន្តរាយឥតឈប់ឈរ តែទូលបង្គំមិនភ្លេចក្រិត្យវិន័យរបស់ទ្រង់ឡើយ ពួកមនុស្សអាក្រក់បានដាក់អន្ទាក់ ចង់ចាប់ទូលបង្គំ ប៉ុន្តែទូលបង្គំមិនបានវង្វេងចេញពីបញ្ញត្តទ្រង់ទេ ទូលបង្គំបានទទួលយកសេចក្ដីបន្ទាល់ទ្រង់ ទុកជាមរដកនៅជាដរាប ដ្បិតសេចក្ដីទាំងនោះនាំឲ្យចិត្តទូលបង្គំបានរីករាយ ទូលបង្គំបានលំអៀងចិត្តទៅឲ្យសំរេចតាមបញ្ញត្តទ្រង់ នៅជាដរាប រហូតដល់ចុងបំផុត។ ៙ ទូលបង្គំស្អប់ចំពោះអស់អ្នកដែលមានចិត្ត២ តែទូលបង្គំស្រឡាញ់ដល់ក្រិត្យវិន័យទ្រង់វិញ ទ្រង់ជាទីពឹងជ្រក ហើយជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់ នែ អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយ ចូរថយពីអញចេញ ដើម្បីឲ្យអញបានរក្សាសេចក្ដីបង្គាប់របស់ព្រះនៃអញ សូមទប់ទល់ទូលបង្គំតាមព្រះបន្ទូលនៃទ្រង់ ឲ្យទូលបង្គំបានរស់នៅ សូមកុំឲ្យទូលបង្គំត្រូវខ្មាស ដោយព្រោះសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ សូមទ្រង់ធ្វើជាបង្អែកនៃទូលបង្គំ ឲ្យទូលបង្គំបានសេចក្ដីសុខ នោះទូលបង្គំនឹងគោរពរាប់អានចំពោះបញ្ញត្តទ្រង់ជានិច្ច ទ្រង់បានលើកថ្លឹងនូវអស់អ្នកដែលវង្វេងចេញ ពីបញ្ញត្តទ្រង់ ដ្បិតសេចក្ដីឆបោករបស់គេជាសេចក្ដីកំភូតទទេ ទ្រង់ធ្វើឲ្យពួកមនុស្សអាក្រក់បាត់ចេញពីផែនដី ដូចជាគេដួសពពុះចេញពីឆ្នាំង ហេតុនោះបានជាទូលបង្គំស្រឡាញ់ដល់សេចក្ដីបន្ទាល់ របស់ទ្រង់ រូបសាច់ទូលបង្គំញ័រញាក់ ដោយភ័យខ្លាចដល់ទ្រង់ ទូលបង្គំក៏ខ្លាចចំពោះសេចក្ដីវិនិច្ឆ័យរបស់ទ្រង់ដែរ។ ៙ ទូលបង្គំបានសំរេចតាមសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត សូមកុំបោះបង់ចោលទូលបង្គំ ទៅក្នុងអំណាចនៃពួកអ្នកដែលសង្កត់សង្កិនឡើយ សូមទ្រង់ធានាឲ្យអ្នកបំរើទ្រង់បានសេចក្ដីល្អ សូមកុំឲ្យពួកមនុស្សឆ្មើងឆ្មៃសង្កត់សង្កិនទូលបង្គំឡើយ ភ្នែកទូលបង្គំស្រវាំងទៅ ដោយទន្ទឹង ចាំឲ្យបានសេចក្ដីសង្គ្រោះ នឹងព្រះបន្ទូលដ៏សុចរិតរបស់ទ្រង់ សូមប្រព្រឹត្តនឹងអ្នកបំរើទ្រង់ តាមសេចក្ដីសប្បុរសរបស់ទ្រង់ ហើយបង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ ទូលបង្គំជាអ្នកបំរើទ្រង់ហើយ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យបានស្គាល់សេចក្ដីបន្ទាល់របស់ទ្រង់ នេះជាវេលាដែលគួរឲ្យព្រះយេហូវ៉ាសំរេចការហើយ ដ្បិតគេបានរំលងល្មើសចំពោះក្រិត្យវិន័យរបស់ទ្រង់ ហេតុនោះបានជាទូលបង្គំស្រឡាញ់ ដល់សេចក្ដីបង្គាប់របស់ទ្រង់ច្រើនជាងមាស អើ ក៏ស្រឡាញ់ច្រើនជាងមាសសុទ្ធផង ដូច្នេះ ទូលបង្គំរាប់អស់ទាំងបញ្ញត្តទ្រង់ថា ជាត្រឹមត្រូវគ្រប់ប្រការ តែទូលបង្គំស្អប់ដល់គ្រប់ទាំងផ្លូវកំភូតវិញ។ ៙ សេចក្ដីបន្ទាល់របស់ទ្រង់សុទ្ធតែអស្ចារ្យ ហេតុនោះបានជាព្រលឹងនៃទូលបង្គំគោរពកាន់តាម ការបើកសំដែងព្រះបន្ទូលទ្រង់ នោះផ្សាយពន្លឺចេញ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់ ទូលបង្គំបានហាមាត់ដកដង្ហើមធំ ដោយនឹករឭកដល់សេចក្ដីបង្គាប់របស់ទ្រង់ សូមទ្រង់បែរមកមានសេចក្ដីអាណិតមេត្តា ដល់ទូលបង្គំ ដូចជាទ្រង់តែងធ្លាប់ធ្វើដល់អស់អ្នក ដែលស្រឡាញ់ព្រះនាមទ្រង់ សូមតាំងជំហាននៃទូលបង្គំឲ្យដើរតាមព្រះបន្ទូលទ្រង់ សូមកុំឲ្យសេចក្ដីទុច្ចរិតណាមានអំណាច លើទូលបង្គំឡើយ សូមលោះទូលបង្គំឲ្យរួចពីការសង្កត់សង្កិន របស់មនុស្ស នោះទូលបង្គំនឹងកាន់តាមបញ្ញត្តទ្រង់ សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមកលើអ្នកបំរើទ្រង់ ហើយបង្រៀនអស់ទាំងបញ្ញត្តទ្រង់ដល់ទូលបង្គំផង ទឹកភ្នែកទូលបង្គំហូររហាម ពីព្រោះគេមិនកាន់តាមក្រិត្យវិន័យរបស់ទ្រង់។