ទំនុកតម្កើង 119:1-176

ទំនុកតម្កើង 119:1-176 គខប

អ្នក​ណា​មាន​កិរិយា​មារ‌យាទ ល្អ​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ហើយ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ អ្នក​នោះ​មាន​សុភមង្គល​ហើយ!។ អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ព្រះអង្គ ហើយ​ស្វែង​រក​ព្រះអង្គ​អស់​ពី​ចិត្ត អ្នក​នោះ​មាន​សុភមង្គល​ហើយ! អ្នក​ទាំង​នោះ​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទេ គេ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​ប្រទាន​ព្រះ‌ឱវាទ​មក ដើម្បី​ឲ្យ យើង​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម។ សូម​ជួយ​ទូលបង្គំ​ឲ្យ​ចេះ​ប្រព្រឹត្ត​ត្រឹម​ត្រូវ ដោយ​ប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះអង្គ។ ដូច្នេះ ពេល​ណា​ទូលបង្គំ​ពិនិត្យ​មើល បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ នោះ​ទូលបង្គំ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ។ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ ដោយ​ចិត្ត​ទៀង​ត្រង់ ហើយ​ពិចារណា​មើល​វិន័យ​ដ៏​សុចរិត ដែល​ព្រះអង្គ​បាន​បង្គាប់​មក។ ទូលបង្គំ​ចង់​ប្រតិបត្តិ​តាម ច្បាប់​របស់​ព្រះអង្គ សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​សោះ​ឡើយ! តើ​មនុស្ស​កំលោះ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​កិរិយា​មារ‌យាទ​របស់​ខ្លួន បាន​ល្អ​ត្រឹម​ត្រូវ? គឺ​ដោយ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ទូលបង្គំ​ស្វែង​រក​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត សូម​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ងាក​ចេញ ពី​បទ‌បញ្ជា​របស់​ព្រះអង្គ​ឡើយ! ទូលបង្គំ​រក្សា​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះអង្គ។ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ សូម​បង្រៀន​ឲ្យ​ទូលបង្គំ ស្គាល់​ច្បាប់​របស់​ព្រះអង្គ! ទូលបង្គំ​រៀប​រាប់​អំពី​វិន័យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្គាប់​មក។ ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​អនុវត្ត​តាម ដំបូន្មាន​របស់​ព្រះអង្គ ដូច​ជា​ទូលបង្គំ​សប្បាយ​ចិត្ត នឹង​មាន​សម្បត្តិ​ដ៏​ស្តុក‌ស្តម្ភ។ ទូលបង្គំ​នឹង​ពិចារណា​ពី​ព្រះ‌ឱវាទ​របស់​ព្រះអង្គ ទូលបង្គំ​សញ្ជឹង​គិត​អំពី​មាគ៌ា​របស់​ព្រះអង្គ​ជានិច្ច។ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ច្បាប់ របស់​ព្រះអង្គ​ខ្លាំង​ណាស់ ទូលបង្គំ​មិន​ភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ឡើយ។ សូម​ប្រណី​សន្ដោស​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត ហើយ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ សូម​បើក​ភ្នែក​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ មើល​ឃើញ​ភាព​ថ្លៃ‌ថ្នូរ ដ៏​អស្ចារ្យ​នៃ​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។ ទូលបង្គំ​គ្រាន់​តែ​ស្នាក់​នៅ​ជា​បណ្តោះ‌អាសន្ន លើ​ផែនដី​នេះ​ប៉ុណ្ណោះ សូម​កុំ​លាក់​បទ‌បញ្ជា​របស់​ព្រះអង្គ នឹង​ទូលបង្គំ​ឡើយ។ ចិត្ត​ទូលបង្គំ​តែងតែ​ផ្តោត​ទៅ​រក​វិន័យ​ផ្សេងៗ ដែល​ព្រះអង្គ​បង្គាប់​មក​ជានិច្ច។ ព្រះអង្គ​គំរាម​កំហែង​មនុស្ស​អួត‌បំប៉ោង ដែល​ជា​ជន​ត្រូវ​បណ្ដាសា វង្វេង​ចេញ​ឆ្ងាយ​ពី​បទ‌បញ្ជា​របស់​ព្រះអង្គ។ សូម​ដក​យក​ការ​អាម៉ាស់​ចេញ​ពី​ទូលបង្គំ កុំ​ឲ្យ​មាន​នរណា​មើល‌ងាយ​ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​កាន់​តាម​ដំបូន្មាន របស់​ព្រះអង្គ​ហើយ។ ទោះ​បី​ពួក​មេ​ដឹក​នាំ​ឃុប‌ឃិត​គ្នា ប្រឆាំង​នឹង​ទូលបង្គំ​ក៏​ដោយ ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ នៅ​តែ​សញ្ជឹង​គិត​ពី​ច្បាប់​របស់​ព្រះអង្គ​ជានិច្ច។ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះអង្គ​ណាស់ ដំបូន្មាន​ព្រះអង្គ​ជួយ​ជា​គំនិត​ដល់​ទូលបង្គំ។ ទូលបង្គំ​បាន​ធ្លាក់​ខ្លួន​ដុន‌ដាប​យ៉ាង​ខ្លាំង សូម​ប្រោស​ឲ្យ​ទូលបង្គំ​បាន​រស់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង។ ទូលបង្គំ​រៀប​រាប់​អំពី​ដំណើរ​ជីវិត​របស់​ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ទូលបង្គំ សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់ របស់​ព្រះអង្គ!។ សូម​ជួយ​ទូលបង្គំ​ឲ្យ​យល់​អំពី​អត្ថ‌ន័យ នៃ​ព្រះ‌ឱវាទ​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ទូលបង្គំ​អាច​សញ្ជឹង​គិត​ពី​ការ​អស្ចារ្យ ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​សម្តែង!។ ទូលបង្គំ​មាន​ទុក្ខ​សោក​សង្រេង សូម​លើក​ទឹក​ចិត្ត​ទូលបង្គំ​ឡើង​វិញ ដូច​ព្រះអង្គ​បាន​សន្យា។ សូម​នាំ​ទូលបង្គំ​ចេញ​ឆ្ងាយ​ពី​ផ្លូវ​ខុស​ឆ្គង ហើយ​ជួយ​ឲ្យ​ទូលបង្គំ​ប្រតិបត្តិ​តាម ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ! ទូលបង្គំ​ប្ដេជ្ញា​ចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះអង្គ ទូលបង្គំ​សុខ​ចិត្ត​ធ្វើ​តាម​វិន័យ ដែល​ព្រះអង្គ​បង្គាប់​មក។ ទូលបង្គំ​ជំពាក់​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះអង្គ ព្រះ‌អម្ចាស់​អើយ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ! ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​ដើរ តាម​បទ‌បញ្ជា​នៃ​បញ្ញត្តិ​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ភ្លឺ​ស្វាង។ ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ទូលបង្គំ​កាន់​តាម រហូត​ដល់​ទី​បញ្ចប់!។ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា ដើម្បី​រក្សា​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ហើយ​ប្រតិបត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត!។ សូម​នាំ​ទូលបង្គំ​ដើរ​តាម​មាគ៌ា នៃ​បទ‌បញ្ជា​របស់​ព្រះអង្គ ដ្បិត​ទូលបង្គំ​ពេញ​ចិត្ត​នឹង​បទ‌បញ្ជា ទាំង​នេះ​ណាស់។ សូម​ទាក់‌ទាញ​ចិត្ត​ទូលបង្គំ ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះអង្គ គឺ​មិន​មែន​ឲ្យ​រក​កម្រៃ​ឡើយ! សូម​ទាញ​អារម្មណ៍​ទូលបង្គំ ឲ្យ​បែរ​ចេញ​ពី​អ្វីៗ​ដែល​ឥត​ខ្លឹម‌សារ ហើយ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​រស់​នៅ តាម​មាគ៌ា​របស់​ព្រះអង្គ! សូម​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ គឺ​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ចំពោះ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ។ សូម​យក​សេចក្ដី​អាម៉ាស់​ដែល​ទូលបង្គំ ខ្លាច‌រអែង​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ដ្បិត​វិន័យ​របស់​ព្រះអង្គ​សុទ្ធ​តែ​ល្អ​ទាំង​អស់។ ទូលបង្គំ​ប្រាថ្នា​ចង់​ធ្វើ​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ! ព្រះ‌អម្ចាស់​អើយ សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​ទូលបង្គំ សូម​សង្គ្រោះ​ទូលបង្គំ​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ! សូម​ជួយ​ឲ្យ​ទូលបង្គំ​អាច​ឆ្លើយ​តប នឹង​អ្នក​ដែល​ជេរ​ប្រមាថ​ទូលបង្គំ ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ សូម​កុំ​ឲ្យ​ទូលបង្គំ​និយាយ​អ្វី​ប្រាស‌ចាក ពី​សេចក្ដី​ពិត​ឡើយ ដ្បិត​ទូលបង្គំ​សង្ឃឹម​លើ​វិន័យ​របស់​ព្រះអង្គ។ ទូលបង្គំ​នឹង​គោរព​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ជានិច្ច​និរន្តរ៍​រហូត​ត​រៀង​ទៅ។ ទូលបង្គំ​ចង់​រស់​នៅ​ដោយ​មាន​សេរី‌ភាព​ពេញ​ទី ដ្បិត​ទូលបង្គំ​ស្វែង​រក​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ ទូលបង្គំ​នឹង​ថ្លែង​អំពី​ដំបូន្មាន​របស់​ព្រះអង្គ ប្រាប់​ស្ដេច​នានា ទូលបង្គំ​នឹង​មិន​ខ្មាស​សោះ​ឡើយ។ ទូលបង្គំ​ពេញ​ចិត្ត​នឹង​បទ‌បញ្ជា​របស់​ព្រះអង្គ ទូលបង្គំ​ស្រឡាញ់​បទ‌បញ្ជា​នេះ​ណាស់។ ទូលបង្គំ​លើក​ដៃ​ប្រណម្យ​គោរព បទ‌បញ្ជា​របស់​ព្រះអង្គ ព្រោះ​ទូលបង្គំ​ស្រឡាញ់​បទ‌បញ្ជា​នេះ ទូលបង្គំ​ចង់​សញ្ជឹង​គិត​អំពី​ច្បាប់​របស់​ព្រះអង្គ។ សូម​នឹក​ដល់​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​ទូលបង្គំ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​សង្ឃឹម! នៅ​ពេល​ទូលបង្គំ​មាន​ទុក្ខ​វេទនា ព្រះ‌បន្ទូល​នេះ​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ធូរ​ស្បើយ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ បាន​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ។ មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​ចំអក​ឲ្យ​ទូលបង្គំ តែ​ទូលបង្គំ​មិន​ឃ្លាត​ចាក​ចេញ​ពី​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ឡើយ។ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹក​ដល់​វិន័យ​របស់​ព្រះអង្គ កាល​ពី​អតីតកាល ហើយ​ចិត្ត​ទូលបង្គំ​ក៏​បាន​ធូរ​ស្បើយ។ មនុស្ស​ពាល​បាន​ធ្វើ​ឲ្យ​ទូលបង្គំ ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ព្រោះ​ពួក​គេ​បោះ​បង់​ចោល​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ។ ពេល​ដែល​ទូលបង្គំ​ស្នាក់​អាស្រ័យ ជា​បណ្តោះ‌អាសន្ន​ក្នុង​លោក​នេះ ទូលបង្គំ​បាន​យក​ច្បាប់​របស់​ព្រះអង្គ មក​ធ្វើ​ជា​ទំនុកតម្កើង ។ ឱ​ព្រះ‌អម្ចាស់​អើយ នៅ​ពេល​យប់​ទូលបង្គំ​នឹក​ដល់ ព្រះ‌នាម​របស់​ព្រះអង្គ ហើយ​ទូលបង្គំ ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។ ទូលបង្គំ​រក​ឃើញ​សុភមង្គល ដោយ​អនុវត្ត​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ទូល​ព្រះអង្គ​ថា ការ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​ព្រះអង្គ ជា​ចំណែក​មត៌ក​របស់​ទូលបង្គំ។ ទូលបង្គំ​សូម​អង្វរ‌ករ​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត​ថា សូម​ប្រណី​សន្ដោស​ទូលបង្គំ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ​ផង! ទូលបង្គំ​រិះគិត​អំពី​កិរិយា​មារយាទ​របស់​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​បោះ​ជំហាន​មក​រក​ដំបូន្មាន របស់​ព្រះអង្គ​វិញ។ ទូលបង្គំ​ប្រញាប់‌ប្រញាល់​ប្រតិបត្តិ តាម​បទ‌បញ្ជា​របស់​ព្រះអង្គ ឥត​ធ្វេស‌ប្រហែស​សោះ​ឡើយ។ មនុស្ស​អាក្រក់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ ជាប់​អន្ទាក់​របស់​គេ តែ​ទូលបង្គំ​ឥត​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ទេ។ នៅ​ពាក់​កណ្ដាល​អធ្រាត្រ ទូលបង្គំ​ក្រោក​ឡើង ដើម្បី​លើក​តម្កើង​ព្រះអង្គ ព្រោះ​តែ​វិន័យ​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះអង្គ។ ទូលបង្គំ​ជា​មិត្ត​របស់​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ និង​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ ផែនដី​ពេញ​ទៅ​ដោយ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់ របស់​ព្រះអង្គ! ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង។ សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ដឹង​ខុស​ត្រូវ មាន​ប្រាជ្ញា ដ្បិត​ទូលបង្គំ​ទុក​ចិត្ត​លើ​បទ‌បញ្ជា​របស់​ព្រះអង្គ។ ពី​មុន​ទូលបង្គំ​បាន​វង្វេង ហើយ​រង​ទុក្ខ​វេទនា ឥឡូវ​នេះ ទូលបង្គំ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល របស់​ព្រះអង្គ​ហើយ។ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ល្អ​សប្បុរស សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់ របស់​ព្រះអង្គ! មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​បង្ខូច​កេរ្តិ៍​ឈ្មោះ​ទូលបង្គំ តែ​ទូលបង្គំ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម ព្រះ‌ឱវាទ​របស់​ព្រះអង្គ​ជានិច្ច។ អ្នក​ទាំង​នោះ​ជា​មនុស្ស​អត់​ចិត្ត រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ណាស់។ ទូលបង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ ក៏​ប្រពៃ​ម្យ៉ាង​ដែរ ព្រោះ​ទូលបង្គំ​អាច​រៀន​ច្បាប់​របស់​ព្រះអង្គ។ ចំពោះ​ទូលបង្គំ ទោះ​បី​មាស​ប្រាក់ ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​តម្លៃ​ស្មើ​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ដែរ។ ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ​មក ហើយ​ប្រទាន​ឲ្យ​ទូលបង្គំ​បាន​មាំ‌មួន​ឡើង ដូច្នេះ សូម​ប្រទាន​ឲ្យ​ទូលបង្គំ មាន​ប្រាជ្ញា​សិក្សា​បទ‌បញ្ជា​របស់​ព្រះអង្គ។ ពេល​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ ឃើញ​ទូលបង្គំ គេ​នឹង​មាន​អំណរ ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ដឹង​ថា​ការ​អ្វី ដែល​ព្រះអង្គ​សម្រេច សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ហើយ​ព្រះអង្គ​ដាក់​ទោស​ទូលបង្គំ​ក៏​ត្រឹម​ត្រូវ​ដែរ។ សូម​សម្រាល​ទុក្ខ​ទូលបង្គំ ដោយ‌សារ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​មក​លើ ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដ្បិត​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ណាស់។ សូម​ឲ្យ​មនុស្ស​អួត​បំប៉ោង​ត្រូវ​អាម៉ាស់ ដ្បិត​ពួក​គេ​និយាយ​កុហក​មួល​បង្កាច់​ទូលបង្គំ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​សញ្ជឹង​គិត​ពី​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ សូម​ឲ្យ​អស់​អ្នក​ដែល​គោរព​កោត ខ្លាច​ព្រះអង្គ នាំ​គ្នា​មក​រក​ទូលបង្គំ ដើម្បី​ឲ្យ​បាន​ស្គាល់​ដំបូន្មាន​របស់​ព្រះអង្គ។ សូម​ជួយ​ឲ្យ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ច្បាប់ របស់​ព្រះអង្គ​ឥត​ខ្ចោះ កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ។ ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​មើល​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​រង់‌ចាំ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល។ ទូលបង្គំ​ខំ​ប្រឹង​រង់‌ចាំ​មើល​ព្រះ‌បន្ទូល​សន្យា របស់​ព្រះអង្គ ទូលបង្គំ​ពោល​ថា «តើ​ដល់​ពេល​ណា ទើប​ព្រះអង្គ​សម្រាល​ទុក្ខ​ទូលបង្គំ?»។ ទូលបង្គំ​ជា​មនុស្ស​ដែល​គ្មាន​នរណា​រាប់​រក​ទៀត​ទេ តែ​ទូលបង្គំ​មិន​បំភ្លេច​ច្បាប់ របស់​ព្រះអង្គ​ឡើយ។ តើ​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ត្រូវ​រង់‌ចាំ​ដល់​ពេល​ណា​ទៀត ទើប​ព្រះអង្គ​វិនិច្ឆ័យ​ទោស​អស់​អ្នក ដែល​បៀត‌បៀន​ទូលបង្គំ? មនុស្ស​អួត​បំប៉ោង​មិន​គោរព​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ទេ គេ​នាំ​គ្នា​ជីក​រណ្ដៅ ដើម្បី​ឲ្យ​ទូលបង្គំ​ធ្លាក់។ បទ‌បញ្ជា​របស់​ព្រះអង្គ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ពិត​ទាំង​អស់ សូម​ជួយ​ទូលបង្គំ​ផង ដ្បិត​គេ​បៀត‌បៀន​ទូលបង្គំ​ដោយ​ឥត​ហេតុ​ផល។ នៅ​តែ​បន្តិច​ប៉ុណ្ណោះ គេ​នឹង​ប្រហារ​ទូលបង្គំ​ឲ្យ​វិនាស​សូន្យ ប៉ុន្តែ ទូលបង្គំ​មិន​បោះ​បង់​ចោល​ព្រះ‌ឱវាទ របស់​ព្រះអង្គ​ឡើយ។ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ទូលបង្គំ​នឹង​ប្រតិបត្តិ​តាម​ដំបូន្មាន ដែល​ព្រះអង្គ​បង្គាប់​មក។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌បន្ទូល​របស់​ព្រះអង្គ ស្ថិត‌ស្ថេរ​រហូត​ត​ទៅ នៅ​ក្នុង​ស្ថាន​បរម‌សុខ។ ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ផែនដី​រឹង‌មាំ ហើយ​ផែនដី​ក៏​នៅ​ស្ថិត‌ស្ថេរ​ដែរ។ អ្វីៗ​សព្វ​សារពើ​នៅ​ស្ថិត‌ស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ ដោយ‌សារ​វិន័យ​របស់​ព្រះអង្គ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោម អំណាច​របស់​ព្រះអង្គ។ ប្រសិន​បើ​ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ទេ ទូលបង្គំ​មុខ​ជា​រង​ទុក្ខ​វេទនា ហើយ​វិនាស​អន្តរាយ​ជា​មិន​ខាន។ ទូលបង្គំ​នឹង​មិន​ភ្លេច​ព្រះ‌ឱវាទ របស់​ព្រះអង្គ​សោះ​ឡើយ ដ្បិត​ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ‌សារ​ព្រះ‌ឱវាទ​ទាំង​នេះ។ ទូលបង្គំ​នៅ​ក្រោម​ឱវាទ​របស់​ព្រះអង្គ​ហើយ សូម​សង្គ្រោះ​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​យក​ចិត្ត​ទុក​ដាក់ នឹង​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ មនុស្ស​អាក្រក់​រង់‌ចាំ​ប្រហារ​ជីវិត​ទូលបង្គំ តែ​ទូលបង្គំ​ចាប់​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះអង្គ។ ទូលបង្គំ​ឃើញ​ថា សូម្បី​អ្វីៗ​ដ៏​ល្អ​ឥត​ខ្ចោះ​ក៏​នឹង​មាន​ទី​បញ្ចប់​ដែរ ប៉ុន្តែ បទ‌បញ្ជា​របស់​ព្រះអង្គ​ទូលំ‌ទូលាយ ឥត​មាន​ព្រំ‌ដែន​សោះ​ឡើយ។ ទូលបង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ខ្លាំង​ណាស់ ទូលបង្គំ​សញ្ជឹង​គិត​អំពី​ក្រឹត្យ‌វិន័យ​នេះ ជា​រៀង​រាល់​ថ្ងៃ។ បទ‌បញ្ជា​របស់​ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ មាន​ប្រាជ្ញា​វាង‌វៃ​ជាង​ខ្មាំង​សត្រូវ ដ្បិត​ទូលបង្គំ​រិះគិត​ពី​ក្រឹត្យ‌វិន័យ​នេះ​ជានិច្ច។ ទូលបង្គំ​ចេះ​ដឹង​ជាង​គ្រូៗ​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​ទៅ​ទៀត ដ្បិត​ទូលបង្គំ យក​ដំបូន្មាន​ទាំង​ប៉ុន្មាន មក​សញ្ជឹង​គិត។ ទូលបង្គំ​ដឹង​ខុស​ត្រូវ​ជាង​ចាស់ៗ​ទៅ​ទៀត ដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ ទូលបង្គំ​ចៀស​ចេញ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់​ទាំង​ប៉ុន្មាន ដើម្បី​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ទូលបង្គំ​មិន​ងាក​ចេញ​ពី​វិន័យ ដែល​ព្រះអង្គ​បង្គាប់​មក​ទូលបង្គំ​ឡើយ ដ្បិត​ព្រះអង្គ​ប្រៀន‌ប្រដៅ​ទូលបង្គំ​ដូច្នេះ។ ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​អាហារ ដ៏​ឆ្ងាញ់​ពិសេស សម្រាប់​ទូលបង្គំ ហើយ​ក៏​មាន​រស‌ជាតិ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត។ ព្រះ‌ឱវាទ​របស់​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ ដឹង​ខុស​ត្រូវ ហេតុ​នេះ​ហើយ​បាន​ជា ទូលបង្គំ​ស្អប់​ការ​វៀច‌វេរ។ ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ជា​ចង្កៀង​បំភ្លឺ​ជំហាន ទូលបង្គំ និង​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូលបង្គំ។ ទូលបង្គំ​សូម​សន្យា​ដោយ​ឥត​ងាក​រេ​ថា ទូលបង្គំ​នឹង​ប្រតិបត្តិ​តាម​វិន័យ ដ៏​សុចរិត​ដែល​ព្រះអង្គ​បង្គាប់​មក។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង! ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទទួល​យក​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ ទុក​ជា​តង្វាយ ហើយ​សូម​បង្រៀន​ឲ្យ​ទូលបង្គំ ស្គាល់​វិន័យ​របស់​ព្រះអង្គ! ជីវិត​ទូលបង្គំ​ប្រឈម​មុខ​ទល់​នឹង​អន្តរាយ​ជានិច្ច ប៉ុន្តែ ទូលបង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ទេ។ មនុស្ស​អាក្រក់​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់​ទូលបង្គំ តែ​ទូលបង្គំ​មិន​វង្វេង​ចេញ​ឆ្ងាយ ពី​ព្រះ‌ឱវាទ​របស់​ព្រះអង្គ​ឡើយ។ ដំបូន្មាន​របស់​ព្រះអង្គ​ជា​កេរ‌មត៌ក​របស់​ទូលបង្គំ ដ្បិត​ដំបូន្មាន​ទាំង​នេះ​ធ្វើ​ឲ្យ​ទូលបង្គំ មាន​អំណរ​នៅ​ក្នុង​ចិត្ត។ ទូលបង្គំ​ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​ច្បាប់ របស់​ព្រះអង្គ​រហូត​ដល់​ទី​បំផុត។ ទូលបង្គំ​ស្អប់​មនុស្ស​ដែល​មាន​ចិត្ត​ពីរ តែ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។ ព្រះអង្គ​ជា​ជម្រក និង​ជា​ខែល​ការពារ​ទូលបង្គំ ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល របស់​ព្រះអង្គ​ជានិច្ច។ មនុស្ស​អាក្រក់​អើយ ចូរ​នាំ​គ្នា​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ! ទុក​ឲ្យ​ខ្ញុំ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​នៃ​ព្រះ​របស់​ខ្ញុំ! សូម​ជួយ​គាំទ្រ​ទូលបង្គំ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត សូម​កុំ​ឲ្យ​សេចក្ដី​សង្ឃឹម របស់​ទូលបង្គំ​ប្រែ​ទៅ​ជា​ខក​ចិត្ត​ឡើយ។ សូម​ធ្វើ​ជា​បង្អែក​របស់​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​រួច​ជីវិត ហើយ​ផ្ចង់​ចិត្ត​ទៅ​រក​ច្បាប់​របស់​ព្រះអង្គ​ជានិច្ច។ ព្រះអង្គ​មិន​រាប់​រក​អស់​អ្នក​ដែល​វង្វេង ចេញ​ឆ្ងាយ​ពី​ច្បាប់​របស់​ព្រះអង្គ​ឡើយ ដ្បិត​អ្វីៗ​ដែល​ពួក​គេ​ធ្វើ​សុទ្ធ​តែ ជា​ការ​បោក​បញ្ឆោត។ ព្រះអង្គ​ផាត់​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​ចោល ដូច​កម្ទេច​សំរាម ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ស្រឡាញ់ ដំបូន្មាន​របស់​ព្រះអង្គ។ រូប​កាយ​ទូលបង្គំ​ភ័យ​ញាប់‌ញ័រ ដោយ​កោត​ខ្លាច​ព្រះអង្គ ទូលបង្គំ​ភ័យ​ខ្លាច​វិន័យ​របស់​ព្រះអង្គ។ ទូលបង្គំ​ប្រព្រឹត្ត​អំពើ​សុចរិត យុត្តិធម៌ សូម​កុំ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​សង្កត់‌សង្កិន​ទូលបង្គំ​ឡើយ។ សូម​ធានា​ឲ្យ​ទូលបង្គំ ដែល​ជា​អ្នក​បម្រើ​ព្រះអង្គ​បាន​សុខ‌សាន្ត​ផង សូម​កុំ​ទុក​ឲ្យ​មនុស្ស​អួត​បំប៉ោង សង្កត់‌សង្កិន​ទូលបង្គំ​ឡើយ។ ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​មើល​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​រង់‌ចាំ​ព្រះ‌បន្ទូល​សន្យា​ដ៏​សុចរិត របស់​ព្រះអង្គ។ សូម​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ របស់​ព្រះអង្គ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់ របស់​ព្រះអង្គ! ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ សូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំ​ស្គាល់​ដំបូន្មាន​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​អើយ ដល់​ពេល​ធ្វើ​អន្តរា‌គមន៍​ហើយ ដ្បិត​គេ​បាន​រំលោភ​លើ​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។ ទូលបង្គំ​ស្រឡាញ់​បទ‌បញ្ជា​របស់​ព្រះអង្គ លើស​អ្វីៗ​ទាំង​អស់ គឺ​លើស​មាស​សុទ្ធ​ទៅ​ទៀត។ ទូលបង្គំ​យល់​ឃើញ​ថា​ព្រះ‌ឱវាទ​ទាំង​ប៉ុន្មាន របស់​ព្រះអង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ទូលបង្គំ​ស្អប់​ការ​អាក្រក់​គ្រប់​យ៉ាង។ ដំបូន្មាន​របស់​ព្រះអង្គ​ល្អ​វិសេស​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ខំ​ប្រឹង​ធ្វើ​តាម។ ការ​ស្វែង​យល់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ធ្វើ​ឲ្យ​មនុស្ស​ភ្លឺ‌ស្វាង ហើយ​ធ្វើ​ឲ្យ​អ្នក​ទន់‌ទាប​មាន​ប្រាជ្ញា។ ទូលបង្គំ​ត្រង‌ត្រាប់​ស្ដាប់​ព្រះ‌បន្ទូល របស់​ព្រះអង្គ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដ្បិត​ទូលបង្គំ​ចង់​ស្គាល់​បទ‌បញ្ជា របស់​ព្រះអង្គ​ណាស់។ សូម​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មក​ទូលបង្គំ សូម​ប្រណី‌សន្ដោស​ទូលបង្គំ ដូច​ព្រះអង្គ​ធ្លាប់​ប្រណី​សន្ដោស អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​របស់​ព្រះអង្គ។ សូម​ពង្រឹង​ទូលបង្គំ​ឲ្យ​បាន​មាំ‌មួន តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ ហើយ​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុង អំណាច​របស់​អំពើ​ទុច្ចរិត​ណា​មួយ​ឡើយ!។ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​ការ ជិះ‌ជាន់​របស់​មនុស្ស ដើម្បី​ឲ្យ​ទូលបង្គំ ប្រតិបត្តិ​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ សូម​សម្តែង​ព្រះ‌ហឫទ័យ​អាណិត​មេត្តា ដល់​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ស្គាល់ ច្បាប់​របស់​ព្រះអង្គ​ផង!។ ទូលបង្គំ​បង្ហូរ​ទឹក​ភ្នែក​ឥត​ស្រាក‌ស្រាន្ត ដោយ​ឃើញ​គេ​មិន​គោរព តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​សុចរិត វិន័យ​របស់​ព្រះអង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ! ព្រះអង្គ​ប្រទាន​ដំបូន្មាន​មក​ដោយ​សុចរិត និង​ត្រឹម​ត្រូវ​បំផុត។ ទូលបង្គំ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ដោយ​ឃើញ​បច្ចា‌មិត្ត​របស់​ទូលបង្គំ បំភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ សម្រេច​ជាក់​ស្តែង​ហើយ ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ស្រឡាញ់​ព្រះ‌បន្ទូល​នេះ​ណាស់។ ទូលបង្គំ​ជា​មនុស្ស​តូច‌តាច ហើយ​ត្រូវ​គេ​មើល‌ងាយ​ទៀត​ផង តែ​ទូលបង្គំ​មិន​ភ្លេច​ព្រះ‌ឱវាទ​របស់​ព្រះអង្គ​ឡើយ។ សេចក្ដី​សុចរិត​របស់​ព្រះអង្គ​នៅ ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ជា​សេចក្ដី​ពិត។ ទូលបង្គំ​កើត​ទុក្ខ​អន្ទះ‌អន្ទែង​ជា​ខ្លាំង តែ​បទ‌បញ្ជា​របស់​ព្រះអង្គ ធ្វើ​ឲ្យ​ទូលបង្គំ​មាន​អំណរ។ ដំបូន្មាន​របស់​ព្រះអង្គ​សុចរិត​ជានិច្ច សូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត! ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​អង្វរ​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំ ប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះអង្គ! ទូលបង្គំ​អង្វរ​ព្រះអង្គ សូម​សង្គ្រោះ​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ដំបូន្មាន របស់​ព្រះអង្គ! ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ តាំង​ពី​មុន​ថ្ងៃ​រះ​ទៅ​ទៀត ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល។ ទូលបង្គំ​សញ្ជឹង​គិត​អំពី​ព្រះ‌បន្ទូល​សន្យា របស់​ព្រះអង្គ​មួយ​យប់​ទល់​ភ្លឺ។ សូម​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ទូលបង្គំ​ឲ្យ​រស់​នៅ តាម​វិន័យ​របស់​ព្រះអង្គ។ អស់​អ្នក​ដែល​តាម​ព្យាបាទ​ទូលបង្គំ នាំ​គ្នា​ចូល​មក​ជិត​ទូលបង្គំ អ្នក​ទាំង​នោះ​ឃ្លាត​ចេញ​ឆ្ងាយ ពី​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​នៅ​ជិត​ទូលបង្គំ បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ទូលបង្គំ​បាន​ដឹង​ថា ព្រះអង្គ​ប្រទាន​ដំបូន្មាន​របស់​ព្រះអង្គ​មក ដើម្បី​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។ សូម​ទត​មើល​ទុក្ខ​វេទនា​របស់​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ទេ។ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ហើយ​រំដោះ​ទូលបង្គំ​ឲ្យ​មាន​សេរី‌ភាព​ផង សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ! មនុស្ស​អាក្រក់​ពុំ​អាច​ទទួល​ការ​សង្គ្រោះ​ឡើយ ដ្បិត​ពួក​គេ​មិន​ស្វែង​រក​ច្បាប់​របស់​ព្រះអង្គ​ទេ។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​តែងតែ​មាន​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ជានិច្ច សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ តាម​វិន័យ​ដែល​ព្រះអង្គ​បាន​បង្គាប់​មក។ អស់​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ និង​បច្ចា‌មិត្ត​របស់​ទូលបង្គំ​មាន​គ្នា​ច្រើន​ណាស់ តែ​ទូលបង្គំ​មិន​ងាក​ចេញ​ពី​ដំបូន្មាន របស់​ព្រះអង្គ​ឡើយ។ ពេល​ទូលបង្គំ​ឃើញ​មនុស្ស​ក្បត់ ទូលបង្គំ​ទាស់​ចិត្ត​ខ្លាំង​ណាស់ ដ្បិត​ពួក​គេ​មិន​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល របស់​ព្រះអង្គ​ទេ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជ្រាប​ថា ទូលបង្គំ​ស្រឡាញ់​ព្រះ‌ឱវាទ​របស់​ព្រះអង្គ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ។ គោល‌ការណ៍​នៃ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ជា​សេចក្ដី​ពិត ហើយ​វិន័យ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​សម្រេច ដោយ​សុចរិត​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ ពួក​មេ​ដឹក​នាំ​បៀត‌បៀន​ទូលបង្គំ ដោយ​ឥត​មូល​ហេតុ ក៏​ប៉ុន្តែ មាន​តែ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ​ខ្លាច!។ ទូលបង្គំ​រីក‌រាយ​នឹង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ ដូច​ជា​គេ​រក​ឃើញ​កំណប់ ដ៏​មាន​តម្លៃ​លើស‌លុប​ដែរ។ ទូលបង្គំ​ស្អប់​ខ្ពើម​ការ​កុហក​ណាស់ តែ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។ ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ​មួយ​ថ្ងៃ​ប្រាំ‌ពីរ​ដង ព្រោះ​តែ​វិន័យ​ដ៏​សុចរិត​របស់​ព្រះអង្គ។ អស់​អ្នក​ដែល​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ នឹង​បាន​សុខ​ក្សេម‌ក្សាន្ត គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល​សោះ​ឡើយ។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សង្ឃឹម​រង់‌ចាំ​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ។ ទូលបង្គំ​ប្រព្រឹត្ត​តាម​ដំបូន្មាន​របស់​ព្រះអង្គ ហើយ​ទូលបង្គំ​ស្រឡាញ់​ដំបូន្មាន​នេះ​ណាស់។ ទូលបង្គំ​ប្រព្រឹត្ត​តាម​ព្រះ‌ឱវាទ និង​ដំបូន្មាន​របស់​ព្រះអង្គ ដ្បិត​អ្វីៗ​ដែល​ទូលបង្គំ​ធ្វើ ព្រះអង្គ​ជ្រាប​សព្វ​គ្រប់​ទាំង​អស់។ សូម​ឲ្យ​សម្រែក​របស់​ទូលបង្គំ​បាន​ឮ ទៅ​ដល់​ព្រះអង្គ សូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ។ សូម​ឲ្យ​ពាក្យ​ទទូច​អង្វរ​របស់​ទូលបង្គំ បាន​ឮ​ទៅ​ដល់​ព្រះអង្គ សូម​រំដោះ​ទូលបង្គំ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ​ផង!។ ទូលបង្គំ​នឹង​ពោល​ពាក្យ​សរសើរ​តម្កើង​ព្រះអង្គ ឥត​ឈប់​ឡើយ ដ្បិត​ព្រះអង្គ​បាន​បង្រៀន​ទូលបង្គំ ឲ្យ​ស្គាល់​ច្បាប់​របស់​ព្រះអង្គ។ ទូលបង្គំ​នឹង​បន្លឺ​សំឡេង​ច្រៀង​តម្កើង ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ ដ្បិត​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់ ព្រះអង្គ​សុទ្ធ​តែ​សុចរិត។ សូម​សម្តែង​ព្រះ‌បារមី​សង្គ្រោះ​ទូលបង្គំ ដ្បិត​ទូលបង្គំ​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​ព្រះ‌ឱវាទ របស់​ព្រះអង្គ​ហើយ។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ប្រាថ្នា​ចង់​ឃើញ​ព្រះអង្គ សង្គ្រោះ​ទូលបង្គំ​ណាស់ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ជា​ខ្លាំង។ សូម​ឲ្យ​ទូលបង្គំ​រស់‌រាន​មាន​ជីវិត ដើម្បី​សរសើរ​តម្កើង​ព្រះអង្គ! សូម​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ជួយ​លើក​ទឹក​ចិត្ត​ទូលបង្គំ។ ទូលបង្គំ​នៅ​វិល‌វល់​ប្រៀប​បាន​នឹង​ចៀម​វង្វេង សូម​យាង​មក​រក​ទូលបង្គំ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ផង! ដ្បិត​ទូលបង្គំ​មិន​ភ្លេច​បទ‌បញ្ជា របស់​ព្រះអង្គ​ឡើយ!

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 119:1-176