ទំនុកតម្កើង 118
118
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ
1 ចូរលើកតម្កើងព្រះអម្ចាស់
ដ្បិតព្រះអង្គសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
2សូមឲ្យជនជាតិអ៊ីស្រាអែលពោលឡើងថា៖
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
3សូមឲ្យកូនចៅរបស់លោកអើរ៉ុន
ពោលឡើងថា៖
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
4សូមឲ្យអស់អ្នកដែលគោរពកោតខ្លាច
ព្រះអម្ចាស់ពោលឡើងថា៖
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
5នៅពេលមានអាសន្ន ខ្ញុំបានអង្វរព្រះអម្ចាស់
ព្រះអម្ចាស់ក៏បានឆ្លើយតបមកខ្ញុំវិញ
ហើយប្រទានឲ្យខ្ញុំមានសេរីភាព។
6 ព្រះអម្ចាស់កាន់ខាងខ្ញុំ ខ្ញុំមិនភ័យខ្លាចឡើយ
តើមនុស្សលោកអាចធ្វើអ្វីខ្ញុំកើត?
7ដោយព្រះអម្ចាស់កាន់ខាងខ្ញុំ ហើយជួយខ្ញុំ
ខ្ញុំនឹងឃើញខ្មាំងសត្រូវបរាជ័យ។
8ផ្ញើជីវិតលើព្រះអម្ចាស់
នោះប្រសើរជាងទុកចិត្តលើមនុស្ស។
9ផ្ញើជីវិតលើព្រះអម្ចាស់
នោះប្រសើរជាងទុកចិត្តលើអ្នកធំ។
10ប្រជាជាតិទាំងប៉ុន្មាននាំគ្នាមកឡោមព័ទ្ធខ្ញុំ
តែខ្ញុំនឹងកម្ទេចពួកគេ
ដោយសារព្រះនាមរបស់ព្រះអម្ចាស់។
11ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំគ្រប់ទិសទី
តែខ្ញុំនឹងកម្ទេចពួកគេ
ដោយសារព្រះនាមរបស់ព្រះអម្ចាស់។
12ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំដូចហ្វូងឃ្មុំ
តែពួកគេនឹងឆេះអស់ទៅដូចភ្លើងឆេះបន្លា
ខ្ញុំនឹងកម្ទេចពួកគេ
ដោយសារព្រះនាមរបស់ព្រះអម្ចាស់។
13គេបានច្រានខ្ញុំយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំដួល
តែព្រះអម្ចាស់បានជួយសង្គ្រោះខ្ញុំ។
14 ព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ
ខ្ញុំច្រៀងថ្វាយព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំ។
15មនុស្សសុចរិតនឹងនាំគ្នាស្រែកហ៊ោ
នៅក្នុងជំរំរបស់ខ្លួន ព្រោះតែមានជ័យជម្នះ
ព្រះអម្ចាស់សម្តែងព្រះបារមីប្រកប
ដោយឫទ្ធានុភាព!
16 ព្រះអម្ចាស់សម្តែងព្រះបារមីដ៏ខ្ពង់ខ្ពស់បំផុត!
ព្រះអម្ចាស់សម្តែងព្រះបារមីប្រកប
ដោយឫទ្ធានុភាព។
17ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនស្លាប់ឡើយ
ហើយខ្ញុំនឹងរៀបរាប់អំពី
ស្នាព្រះហស្ដរបស់ព្រះអម្ចាស់។
18មែនហើយ ព្រះអម្ចាស់បានវាយប្រដៅខ្ញុំយ៉ាងខ្លាំង
តែព្រះអង្គមិនបណ្ដោយឲ្យខ្ញុំស្លាប់ឡើយ។
19ចូរនាំគ្នាបើកទ្វារនៃសេចក្ដីសុចរិត ឲ្យខ្ញុំ
ដើម្បីខ្ញុំចូលទៅលើកតម្កើងព្រះអម្ចាស់។
20នេះនែ៎ ទ្វារដែលនាំចូលទៅរកព្រះអម្ចាស់
មានតែមនុស្សសុចរិតទេ
ដែលចូលតាមទ្វារនេះបាន។
21ទូលបង្គំនឹងលើកតម្កើងព្រះអង្គ
ព្រោះព្រះអង្គបានឆ្លើយតបមកទូលបង្គំ
ព្រះអង្គបានសង្គ្រោះទូលបង្គំ។
22 ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល
បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។
23 ព្រះអម្ចាស់បានសម្រេចការអស្ចារ្យ
យើងក៏បានឃើញ ហើយស្ងើចសរសើរផង។
24ថ្ងៃនេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក
យើងនាំគ្នាត្រេកអរសប្បាយរីករាយនៅថ្ងៃនេះ!
25 ព្រះអម្ចាស់អើយ សូមសង្គ្រោះយើងខ្ញុំ!
ព្រះអម្ចាស់អើយ
សូមប្រទានឲ្យយើងខ្ញុំមានជោគជ័យ!
26 សូមលើកតម្កើងព្រះអង្គដែលយាងមក
ក្នុងព្រះនាមព្រះអម្ចាស់
យើងសូមឲ្យពរអ្នករាល់គ្នា
ពីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
27មានតែព្រះអម្ចាស់ទេដែលជាព្រះដ៏ពិត
តែមួយព្រះអង្គ ព្រះអង្គបំភ្លឺយើង
ចូរនាំគ្នាលើកធាងទន្សែឡើង
ហើយហែជាក្បួន
រហូតដល់ជ្រុងអាសនៈរបស់ព្រះអម្ចាស់!
28ព្រះអង្គជាព្រះនៃទូលបង្គំ
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ឱព្រះនៃទូលបង្គំអើយ
ទូលបង្គំសូមលើកតម្កើងព្រះអង្គ!
29ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 118: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.