ទំនុកតម្កើង 102
102
នៅពេលទូលបង្គំមានអាសន្ន សូមកុំលាក់ព្រះភ័ក្ត្រឡើយ!
ពាក្យអធិស្ឋានរបស់ជនទុគ៌ត នៅពេលអស់សង្ឃឹម គេចូលមកទូលអង្វរព្រះអម្ចាស់។
1ឱព្រះអម្ចាស់អើយ
សូមព្រះសណ្ដាប់ពាក្យ
ទូលអង្វររបស់ទូលបង្គំ
សូមមេត្តាទទួលពាក្យដែលទូលបង្គំ
ស្រែកអង្វរនេះផង!
2នៅពេលទូលបង្គំមានអាសន្ន
សូមកុំលាក់ព្រះភ័ក្ត្រឡើយ!
នៅថ្ងៃទូលបង្គំស្រែកអង្វរព្រះអង្គ
សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំផង!
សូមឆ្លើយតបមកទូលបង្គំជាប្រញាប់!
3ដ្បិតជីវិតទូលបង្គំនឹងត្រូវរសាត់បាត់ទៅ
ដូចជាផ្សែង
ហើយខ្លួនប្រាណទូលបង្គំក្ដៅដូចរងើកភ្លើង។
4ទូលបង្គំអស់ទឹកចិត្ត ប្រៀបដូចជាស្មៅក្រៀមស្ងួត
សូម្បីតែអាហារក៏ទូលបង្គំលែងនឹកនាទៀតដែរ។
5ទូលបង្គំចេះតែស្រែកថ្ងូរជានិច្ច
ទូលបង្គំនៅសល់តែស្បែក និងឆ្អឹង
6ទូលបង្គំប្រៀបដូចជាសត្វក្អែក
នៅវាលរហោស្ថាន
ឬដូចសត្វទីទុយនៅទីស្មសាន។
7ទូលបង្គំនៅទន្ទឹងរង់ចាំប្រៀបដូចជា
សត្វស្លាបឯកោទំនៅលើដំបូលផ្ទះ។
8រៀងរាល់ថ្ងៃ ខ្មាំងសត្រូវរបស់ទូលបង្គំ
នាំគ្នាប្រមាថមាក់ងាយទូលបង្គំ
ពួកគេចំអកឡកឡឺយឲ្យទូលបង្គំ
ហើយយកឈ្មោះទូលបង្គំទៅដាក់បណ្ដាសាគ្នា។
9ទូលបង្គំបរិភោគទាំងទុក្ខសោក
ទូលបង្គំបរិភោគលាយជាមួយទឹកភ្នែក
10ព្រោះព្រះអង្គទ្រង់ព្រះពិរោធ
នឹងទូលបង្គំយ៉ាងខ្លាំង
ព្រះអង្គលើកទូលបង្គំបោះទៅឆ្ងាយ។
11អាយុជីវិតទូលបង្គំប្រៀបដូចជាស្រមោល
នៅពេលល្ងាច
និងដូចស្មៅដែលក្រៀមស្ងួតដែរ។
12រីឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយ
ព្រះអង្គគ្រងរាជ្យអស់កល្បជានិច្ច
គេនឹងរំឭកពីព្រះអង្គអស់កល្ប
ជាអង្វែងតរៀងទៅ។
13ដោយព្រះអង្គអាណិតមេត្តាក្រុងស៊ីយ៉ូន
ព្រះអង្គមុខជាក្រោកឡើង
ព្រោះដល់ពេលកំណត់ដែលព្រះអង្គ
ត្រូវប្រណីសន្ដោសក្រុងនេះហើយ។
14យើងខ្ញុំដែលជាអ្នកបម្រើរបស់ព្រះអង្គ
យើងខ្ញុំស្រឡាញ់ថ្មរបស់ក្រុងនេះណាស់
សូម្បីតែសំណល់បាក់បែករបស់ក្រុងនេះ
ក៏យើងខ្ញុំជាប់ចិត្តដែរ។
15សូមឲ្យប្រជាជាតិនានាកោតខ្លាច
ព្រះនាមរបស់ព្រះអម្ចាស់
ហើយឲ្យស្ដេចទាំងប៉ុន្មាននៅលើផែនដី
កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!
16ពេលព្រះអម្ចាស់សង់ក្រុងស៊ីយ៉ូនឡើងវិញ
ព្រះអង្គនឹងសម្តែងសិរីរុងរឿងឲ្យគេឃើញ។
17ព្រះអង្គបែរព្រះភ័ក្ត្រទតទៅមនុស្សទុគ៌ត
ព្រះអង្គលែងព្រងើយកន្តើយ
នឹងពាក្យទូលអង្វររបស់គេទៀតហើយ។
18ចូរសរសេរសេចក្ដីទាំងនេះទុក
ឲ្យមនុស្សនៅជំនាន់ក្រោយបានដឹង
ដើម្បីឲ្យប្រជារាស្ត្រដែលនឹងកកើតឡើងវិញ
នាំគ្នាសរសើរតម្កើងព្រះអម្ចាស់!
19ដ្បិតព្រះអង្គទតមើលពីទីសក្ការៈរបស់ព្រះអង្គមក
ព្រះអម្ចាស់ទតពីស្ថានបរមសុខមើលមកផែនដី
20ដើម្បីស្ដាប់សម្រែកថ្ងូររបស់អ្នកដែលជាប់ឃុំឃាំង
និងដើម្បីរំដោះអស់អ្នក
ដែលគេកាត់ទោសប្រហារជីវិត។
21ពេលនោះ គេនឹងប្រកាសអំពីព្រះកិត្តិនាម
របស់ព្រះអម្ចាស់នៅក្រុងស៊ីយ៉ូន
គេនឹងសរសើរតម្កើងព្រះអង្គនៅក្រុងយេរូសាឡឹម
22គឺនៅពេលដែលប្រជាជាតិនានាមកជួបជុំគ្នា
ហើយប្រជាជនពីនគរទាំងឡាយ
នាំគ្នាគោរពបម្រើព្រះអម្ចាស់។
23ពេលខ្ញុំនៅពេញកម្លាំងនៅឡើយ
ព្រះអង្គធ្វើឲ្យខ្ញុំទន់ជង្គង់
ព្រះអង្គបង្រួញអាយុជីវិតរបស់ខ្ញុំ។
24ហេតុនេះហើយបានជាខ្ញុំអង្វរព្រះអង្គថា
«ឱព្រះនៃទូលបង្គំអើយ
ព្រះអង្គមានព្រះជន្មគង់នៅ
ពីជំនាន់មួយទៅជំនាន់មួយ
សូមកុំដកជីវិតទូលបង្គំក្នុងពេលដែល
ទូលបង្គំមិនទាន់ចាស់នៅឡើយ!»។
25 ព្រះអង្គបានបង្កើតផែនដី
តាំងពីយូរលង់ណាស់មកហើយ
ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដ
របស់ព្រះអង្គដែរ។
26ផ្ទៃមេឃ និងផែនដី នឹងវិនាសសូន្យទៅ
រីឯព្រះអង្គវិញ ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ
ផ្ទៃមេឃ និងផែនដី នឹងរិចរឹលទៅ
ដូចសម្លៀកបំពាក់
ព្រះអង្គនឹងផ្លាស់វាដូចផ្លាស់សម្លៀកបំពាក់
ហើយវានឹងបាត់សូន្យទៅ។
27ចំពោះព្រះអង្គវិញ ព្រះអង្គនៅតែដដែល
ព្រះជន្មាយុរបស់ព្រះអង្គគ្មានទីបញ្ចប់ទេ។
28កូនចៅយើងខ្ញុំដែលជាអ្នកបម្រើរបស់ព្រះអង្គ
នឹងរស់នៅដោយសុខសាន្ត
ហើយព្រះអង្គនឹងថែរក្សាកូនចៅរបស់គេ
រហូតតទៅ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 102: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.